ដំណើរវិវឌ្ឍអូប៉េរ៉ានិងលោកញ៉ឹង កាណុល គ្រូបង្រៀន Opera ក្មេងជាងគេនៅកម្ពុជា
NEWS 5 years ago អូប៉េរ៉ា (Opera) ដែលប្រជាជនកម្ពុជាទូទៅបានសម្លឹងមើលឃើញតែមួយជ្រុងថាគ្រាន់តែជាការស្រែកច្រៀងនៅលើឆាកតែប៉ុណ្ណោះ ក៏ប៉ុន្តែ Opera ក៏ជាមូលដ្ឋានគ្រឹះមួយដើម្បីឲ្យការស្រែកច្រៀងត្រូវនឹង មេឡូឌី (Melody) បានត្រឹមត្រូវ និងមិនឆ្គាំឆ្គង។ ឧទាហរណ៏ នៅពេលគេស្រែកច្រៀងបទគោរពទង់ជាតិ សម្រាប់មនុស្សទូទៅគេនឹងស្រែកច្រៀងនូវសម្លេងរាបស្មើរធម្មតា ក៏ប៉ុន្តែសម្រាប់អ្នកដែលចេះ អូប៉េរ៉ា គេនឹងស្រែកច្រៀងតាមចង្វាក់នៃសាច់ភ្លេង និងមេឡូឌី បានត្រឹមត្រូវនិងមានសម្លេងពិរោះរណ្តំនៅពេលដែលគេស្រែកដំណាលគ្នា។ នេះបើតាម លោក ញ៉ឹង កាណុល ដែលជាលោកគ្រូបង្រៀនអូប៉េរ៉ាវ័យក្មេងមួយរូបក្នុងចំណោមគ្រូដែលនៅសេសសល់ភាគតិចបំផុតនៅកម្ពុជា។ លោក ញ៉ឹងកាណុល បានប្រាប់ឲ្យដឹងថា អូប៉េរ៉ាខុសប្លែកនិងមានលក្ខណៈមួយដែលធ្វើឲ្យមនុស្សទូទៅស្ងើចសរសើរនិងព្រឺសម្បុរនៅពេលដែលបានស្តាប់ឮ គឺថានៅពេលដែលគេច្រៀងអូប៉េរ៉ា សម្លេងរបស់ពួកគេបានលឺខ្ទរនិងលាន់រំពងដោយមិនចាំបាច់ប្រើប្រាស់ក្បាលមេក្រូនោះឡើយ។ «នៅអ៊ឺរ៉ុបគេឲ្យតម្លៃលើ Opera ខ្លាំងណាស់ឲ្យតែមានការសម្តែងម្តងៗ សំបុត្រមិនដែលសល់ទេ ហើយសំបុត្រក៏ថ្លៃដែរ ដោយសំបុត្រ VIP មួយមានតម្លៃរហូតដល់ ៥០០ ទៅ ៦០០ ដុល្លារ សំបុត្រធម្មតា តម្លៃ ៣០០ ទៅ ៤០០ ដុលា្លរឯណោះ» លោកបានបន្ថែមទៀតថា ថ្វីដ្បិតតែខ្មែរមិនសូវឲ្យតម្លៃអូប៉េរ៉ាក៏ពិតមែន ក៏ប៉ុន្តែឲ្យតែមានការប្រកួតអូប៉េរ៉ាខ្នាតអន្តរជាតិម្តងៗ អ្នកចម្រៀងអូប៉េរ៉ាខ្មែរតែងតែបានចំណាត់ថ្នាក់លេខ ២ និង ៣ ជាញឹកញាប់។ លោក ញ៉ឹង កាណុល គឺជាអតីតគ្រូរបស់ បុស្បាប៉ាន ដែលជាអ្នកចម្រៀងអូប៉េរ៉ាជនជាតិខ្មែរវ័យក្មេងមួយរូបដែលកំពុងតែល្បីឈ្មោះនៅក្រៅប្រទេស ហើយបច្ចុប្បន្នលោកកំពុងតែបណ្តុះបណ្តាលវិស័យចម្រៀងដល់ កុមារី នរោត្តម ចេនណា ជាអ្នកចម្រៀងវ័យ ៦ ឆ្នាំ ដែលកំពុងតែល្បីល្បាញនិងបានលេចមុខជាបន្តបន្ទាប់នៅតាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ កើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៨៧ ក្នុងទឹកដីខេត្តក្រចេះ លោកជាអ្នកចម្រៀងអូប៉េរ៉ាវ័យក្មេងសម្លេងតេន័រ (Tenor) ដែលជាប្រភេទសម្លេងខ្ពស់របស់បុរស លោកមានឧបនិស្ស័យផ្នែកចម្រៀងតាំងពីកុមារភាព ហើយសព្វថ្ងៃនេះលោកជាសាស្រ្តាចារ្យបង្រៀនផ្នែកចម្រៀងបស្ចឹមប្រទេសនៅ ក្នុងមហាវិទ្យាល័យតូរ្យតន្រ្តី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដោយសារតែចម្រៀងអូប៉េរ៉ានេះហើយដែលផ្តល់ឱកាសឲ្យលោកបានធ្វើដំណើរទៅជាច្រើនប្រទេស ជាពិសេសគឺប្រទេសនៅខាងប៉ែកអ៊ឺរ៉ុប ហើយថែមទាំងបង្រៀនលោកឲ្យចេះនិយាយបានដល់ទៅ ៦ភាសា យ៉ាងស្ទាត់ជំនាញទៀតផង។ ក្នុងឆ្នាំ២០០៦ លោកត្រូវបានសម្តេច ព្រះបរមរតនៈកោដ សព្វព្រះរាជហឫទ័យជ្រើសឲ្យចូលច្រៀងក្នុងក្រុមតន្រ្តីសម្លេងស្រាល ដើម្បីច្រៀងក្នុងកម្មវិធីលៀងសាយភោជន៍ ក្នុងព្រះបរមរាជវាំងសម្រាប់ច្រៀងថ្វាយ និងច្រៀងទទួលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិរហូតដល់បច្ចុប្បន្ន។ ក្នុងឆ្នាំ២០១៧ លោកបានជ្រើសចូលច្រៀងក្នុងល្ខោន អូប៉េរ៉ា ដែលមានចំណងជើងថា (Magic flute) ដើរតួរជាបុព្វជិក រហូតមកដល់ឆ្នាំ២០១៨ លោកបានជ្រើសចូលសម្តែងក្នុងលោ្ខនអូប៉េរ៉ាដែលមានចំណងជើងថា ( CAVALLERIA RUSTICANA ) ។ ជាពិសេសចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្នលោកបានចែករំលែកចំណេះដឹងរបស់លោកដល់កូនខ្មែរ ក៏ដូចជា ការចែករំលែកទៅដល់ជនពិការ ក្មេងកំព្រា យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរឹទ្ធហើយនឹងបានបង្រៀនដល់និស្សិតតាមបណ្តាសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញបានចំនួនជាង៣០០០នាក់ រួចមកហើយ។
ចម្រៀង អូប៉េរ៉ា ថ្វីដ្បិតតែមិនមែនជាអត្តសញ្ញាណជាតិខ្មែរក៏ពិតមែន ក៏ប៉ុន្តែវាបានធ្វើឲ្យកម្ពុជាបានស្គាល់នូវសកលភាពដែលពិភពលោកកំពុងតែឲ្យតម្លៃ ហើយអូប៉េរ៉ាអាចធ្វើឲ្យពិភពលោកដឹងថា កម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យដែលមានវប្បធម៌ចម្រុះជាតិសាសន៍ផងដែរ។ លោក ញ៉ឹង កាណុល បានមើលឃើញថា បច្ចុប្បន្ន យុវជនកម្ពុជាកំពុងតែចាប់ផ្តើមនិងមានការចាប់អារម្មណ៍បន្តិចម្តងៗពីវិស័យចម្រៀងអូប៉េរ៉ានេះ ខណៈដែលអូប៉េរ៉ាបានសម្តែងនៅកម្ពុជាបានចំនួនបីដងរួចមក ហើយលោកក៏សង្ឃឹមថា កូនខ្មែរនឹងយល់ក៏ដូចជាស្គាល់អូប៉េរ៉ាឲ្យកាន់តែច្រើនតាមរយៈការបង្ហាញអូប៉េរ៉ានៅស្រុកខ្មែរយើងនេះ៕
Article by KEO SONG