×

តើ​ព្រឹទ្ធា​ចារ្យ​សិល្បៈ​ ​ផ្លុង​ ​មឿក​ ​ដែល​ទើប​ទទួល​មរណ​ភាព​ថ្មី​ៗ​នេះ​ ​មាន​ទេពកោសល្យ​ផ្នែក​អ្វីខ្លះ​?​ ​

NEWS 1 month ago
 
 

​          ​មិត្ត​យុវវ័យ​ជំនាន់​ក្រោយ​មួយចំនួន​អាច​នឹង​មិន​ស្គាល់​ព្រឹទ្ធា​ចារ្យ​រូប​នេះ​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុសស្រី​ ​ដែល​មាន​វ័យ​ចាប់ពី៤០ឆ្នាំ​ឡើង​ទៅ​សុទ្ធតែ​ស្គាល់​កិត្តិនាម​របស់​លោក​ជាតា​រា​ចម្រៀង​អាយ៉ៃ​ចាស់ទុំ​ម្នាក់​ ​ដែល​ល្បីល្បាញ​ខ្លាំង​ក្រោយ​ឆ្នាំ១៩៧៩​ ​រួម​ជំនាន់​ជាមួយ​តា​សាឡាត់​ ​តា​សង់​ស៊ី​ស​ ​ស្មៀន​ ​ឈិន​ ​ឈាង​ ​អ្នកស្រី​ ​នេត​ ​ផល្លី​ ​ហៅ​យាយ​ខ្លី​ ​អ្នកស្រី​ ​ណយ​ ​សំណាង​ ​ហៅ​យាយ​ណាង​ ​និង​ ​អ្នកស្រី​ ​ព្រំ​ ​ផល្លា​ ​ជាដើម​ ​ដែល​សុទ្ធសឹងតែ​ជា​សិល្បករ​ ​សិល្ប​ការិនី​ ​មានភ័ព្វ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ ​ប៉ុល​ ​ពត​ ​ហើយ​ ​ប្រមូល​ផ្តុំគ្នា​ជា​ក្រុម​សិល្បៈ​មួយ​ឈ្មោះថា​ ​“​នាយកដ្ឋាន​សិល្បៈ​ស្រែអំបិល​”​។​ ​អតីត​តួអង្គ​រឿង​ ​“​ប្រាក់​ក៏​បង់​ ​ថង់​ក៏​ដាច់​”​ ​និង​ ​រឿង​ ​“​តា​ភោគ​”​ ​រូប​នេះ​ ​បាន​ធ្លាក់ខ្លួន​ជរា​ឈឺ​ដុនដាប​រហូត​ទទួលអនិច្ចកម្ម​កាលពី​ព្រឹក​ថ្ងៃទី១៥​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ដោយ​ជរាពាធ​ ​ក្នុង​ជន្មាយុ​ ​៨៣​វស្សា​ ​គួរឲ្យ​សោក​ស្តាយ​ជា​ពន់ពេក​ ​សម្រាប់​សង្គមជាតិ​ខ្មែរ​ទាំងមូល​។​ ​

​          ​មុន​ពេល​ធ្លាក់ខ្លួន​មាន​ជំងឺ​ចាស់ជរា​វង្វេង​ ​លោក​ព្រឹទ្ធា​ចារ្យ​ ​ផ្លុង​ ​មឿក​ ​ត្រូវ​បាន​សិល្បករ​រួម​ជំនាន់​ ​និង​ ​មហាជន​ជាច្រើន​ស្គាល់​ថា​ជា​ ​មនុស្ស​ពហុ​ជំនាញ​ ​ដោយសារ​ក្នុង​មួយ​ជីវិត​នេះ​ ​លោក​ចេះ​ជំនាញ​ជាច្រើន​ ​យ៉ាង​ទាំង​ក្នុង​វិថី​សិល្បៈ​ ​និង​ ​ក្រៅ​សង្វៀន​សិល្បៈ​ ​ជា​យូរយារណាស់មកហើយ​។​ ​កាលពី​កុមារភាព​ ​លោក​ ​ធ្លាប់​បួស​រៀន​ធម៌អាថ៌​នៅក្នុង​វត្តអារាម​មួយ​នៅ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​ដែល​ជា​ស្រុកកំណើត​។​ ​ក្រោយមក​ ​លោក​បាន​បួស​ជា​សាមណេរ​បាន​រយៈពេល៥ឆ្នាំ​នៅ​វត្ត​នោះ​ ​ហើយ​នៅពេល​នោះ​ដែរ​ ​លោក​មាន​ ​សំឡេង​ស្មូត​ពីរោះ​ធ្វើឲ្យ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​និយម​និមន្ត​លោក​ឲ្យ​ទៅ​ស្មូត​នៅ​តាមកម្ម​វិធី​បុ​ណ្យ​ផ្សេង​ៗ​។​ ​៥ឆ្នាំក្រោយ​មក​ ​លោក​បាន​សឹក​ពី​បព្វជិត​មក​ជា​គ្រហស្ថ​ភេទ​សាមញ្ញ​វិញ​ ​ហើយ​ចូល​ហាត់​ជំនាញ​ជាងទង​ ​(​ជាងមាស​)​ ​តាម​ការ​ចង្អុលបង្ហាញ​របស់​ម្តាយមីង​របស់​លោក​។​ ​ក្រោយមក​ទៀត​ ​ដោយសារ​លោក​មាន​ ​និស្ស័យ​ខាង​ផ្នែក​អាយ៉ៃ​និង​ភ្លេង​ប្រពៃណី​ ​(​ភ្លេងការ​)​ ​លោក​ក៏បាន​សម្រេចចិត្ត​ចូល​ហាត់រៀន​ជំនាញ​ច្រៀង​ ​អាយ៉ៃ​ ​និង​ច្រៀង​ភ្លេងការ​ ​ពី​ស្មៀន​ឈិន​ ​(​អតីត​តារាចម្រៀង​អាយ៉ៃ​ល្បី​មុន​ឆ្នាំ១៩៧៥​)​ ​ដែល​ជា​ឪពុកបង្កើត​ ​របស់​ស្មៀន​ ​ឈិន​ ​ឈាង​ ​តារា​អាយ៉ៃ​ជើងចាស់​សព្វថ្ងៃ​ ​(​ស្វាមី​លោកស្រី​ ​អ៊ុ​ក​ ​សុ​ផា​)​។​ ​លោក​ក៏បាន​ចេញ​ ​ច្រៀង​ភ្លេងការ​ ​និង​ ​អាយ៉ៃ​ ​ជាមួយ​ស្មៀន​ឈិន​ ​និង​ ​អ្នកចម្រៀង​អាយ៉ៃ​ដទៃទៀត​នៅ​ជំនាន់​នោះ​រហូតដល់​ ​សម័យ​លន់​ ​នល់​។​ ​

​          ​នៅ​សម័យ​ ​លន់​ ​នល់​ ​(​១៩៧០​-​១៩៧៥​)​ ​លោក​បាន​ចូល​បម្រើការ​ផ្នែក​សិល្បៈ​យោធា​ ​ហើយ​បាន​ ​ចេញ​សម្តែង​ជូន​យុទ្ធជន​នៅ​ម្តុំ​ព្រែកតាទែន​ ​ស្រុក​ពញាឮ​ ​ខេត្តកណ្តាល​ ​រួម​ជាមួយ​អធិរាជ​សំឡេង​មាស​ ​ខាង​ខ្មែរឥស្លាម​ជំនាន់​នោះ​ ​គឺ​ ​លោក​ ​សុះ​ ​ម៉ាត់​ ​(​បិតា​បង្កើត​លោក​ ​សុះ​ ​ម៉ា​ច​ ​អតីតប្រធាន​សមាគម​ ​សិល្បករ​ខ្មែរ​)​​។​ ​ក្នុង​របប​វាល​ពិឃាដ​ ​លោក​ ​ផ្លុង​ ​មឿក​ ​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​រស់នៅ​ឃុំ​ព្រែកក្របៅ​ ​ស្រុក​ ​ខ្សាច់​កណ្តាល​ ​ខេត្តកណ្តាល​។​ ​នៅ​ទីនោះ​ ​លោក​មានភ័ព្វ​វាសនា​រស់នៅ​ស្រួល​ជាង​ប្រជាជន១៧មេសា​ ​ដទៃទៀត​ ​ហើយក៏​បន្ត​ប្រើប្រាស់​សមត្ថភាព​ចំណេះ​ជំនាញ​ផ្ទាល់ខ្លួន​ដើម្បី​គេច​ផុត​ក្រញាំ​មច្ចុរាជ​នោះ​។​ ​អ្នកស្រី​ ​ផ្លុង​ ​សុ​ខុន​ ​វ័យ៥៥ឆ្នាំ​ ​និង​ ​អ្នកស្រី​ ​ផ្លុង​ ​ស៊ី​ណា​ ​វ័យ​ ​៥២ឆ្នាំ​ ​ជា​បុត្រី​ច្បង​និង​បុត្រី​ទី២​ ​នៃ​ភរិយា​ដើម​ ​(​ភរិយា​ទី១​ ​បាន​ស្លាប់​ក្នុង​របប​ប៉ុ​លព​ត​)​ ​របស់​សព​លោក​ព្រឹទ្ធា​ចារ្យ​ ​ផ្លុង​ ​មឿក​ ​បា​នរំព្ញ​ក​ពីអ​តី​ត​កាល​ថា​ ​កាលពី​ជំនាន់​ប៉ុ​លព​ត​ ​លោ​ក​តាមឿ​ក​បាន​រស់រាន​មានជីវិត​ដោយសារ​លោក​ចេះ​ជំនាញ​កាត់សក់​និង​កូតទ្រ​ ​ឲ្យ​ពួក​កម្មាភិបាល​ខ្មែរក្រហម​ ​ធ្វើឲ្យ​ពួក​នោះ​ស្រលាញ់​ចូលចិត្ត​រហូត​ហៅ​គាត់​ថា​ ​“​ពុក​”​ ​ថែមទៀត​ផង​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​លោក​ត្រូវ​បាន​ខ្មែរក្រហម​រៀប​អាពាហ៍​ពិពាហ៍​ឲ្យ​មាន​ប្រពន្ធ​ម្នាក់ទៀត​ក្នុង​របប​នោះ​យ៉ាង​ ​សប្បាយរីករាយ​ ​ខុសពី​ប្រជាជន​ខ្មែរ​ទូទៅ​ដែល​អង្គការ​ពុំ​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធី​ជាដុំកំភួន​ដូចនេះ​ទេ​។​ ​នេះ​ជា​សំណាង​របស់​លោក​ ​ដោយសារ​លោក​ចេះ​ជំនាញ​សិល្បៈ​ច្រើនយ៉ាង​អាច​ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ​ ​ធ្វើឲ្យ​លោក​មាន​ហូបចុក​គ្រប់គ្រាន់​ ​មិន​លំបាក​វេទនា​ទោះ​ស្ថិត​ក្នុង​របប​ប៉ុ​លព​ត​ក៏ដោយ​។​ ​

​          ​ក្រោយ​ឆ្នាំ១៩៧៩​ ​លោក​បាន​វិល​ត្រលប់​មក​ទីក្រុង​ភ្នំពេញ​ ​ហើយ​នៅតែ​បន្តការងារ​ជំនាញ​សិល្បៈ​ ​របស់​លោក​ ​ជាពិសេស​ផ្នែក​កាត់សក់​ការ​ ​និង​ ​ចម្រៀង​អាយ៉ៃ​ ​នៅ​តាម​ទីកន្លែង​នានា​។​ ​នៅពេល​ស្ថានីយ៍​ ​ទូរទស្សន៍​ជាតិ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើងវិញ​ ​លោក​ក៏​មានឱកាស​បង្ហាញ​សមត្ថភាព​ជាហូរហែ​នៅ​លើ​ ​កញ្ចក់​ទូរទស្សន៍​ ​នៅក្នុង​កម្មវិធី​ចម្រៀង​អាយ៉ៃ​ ​អាយ៉ៃរឿង​ ​ឈុត​កំប្លែង​ ​និង​ ​ឈុត​អប់​រំ​ខ្លី​ៗ​នានា​។​ ​ទន្ទឹម​នឹង​ ​នេះ​ ​លោក​ក៏​ធ្លាប់​ចូលរួម​សម្តែង​រឿង​កំប្លែង​ ​និង​ ​ខ្សែភាពយន្ត​ ​(​ឧទា​ ​រឿង​ទុំ​ទាវ​ ​ផលិត​ឆ្នាំ២០០៣​ ​ដើរតួ​ជា​គ្រូ​ ​របស់​នេន​ទុំ​)​ ​តាម​បណ្តា​ផលិតកម្ម​ក្នុង​ស្រុក​ជាច្រើន​ផង​ដែរ​។​ ​រឿង​ដែល​មហាជន​ស្គាល់​លោក​ច្រើន​ ​ហើយ​ ​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​លោក​ល្បីល្បាញ​ខ្លាំង​មែនទែន​នោះ​ ​មាន​ជាអាទិ៍​ ​ដូចជា​ ​រឿង​ ​“​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់​”​ ​រឿង​ ​“​តា​ភោគ​”​ ​និង​ ​រឿង​ ​“​ចាស់​ព្រើល​មិន​មើល​ប្រាណ​”​ ​ជាដើម​។​ ​

​          ​តាមរយៈ​ស្នាដៃ​យ៉ាងច្រើន​អនេក​កប្ប​ការ​របស់​លោក​ក្នុង​វិថី​សិល្បៈ​មុន​និង​ក្រោយ​របប​ខ្មែរក្រហម​ ​លោក​ធ្លាប់​ទទួល​បាន​វិញ្ញាបនបត្រ​ព្រឹទ្ធា​ចារ្យ​វប្បធម៌​សិល្បៈ​ខ្មែរ​ពី​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ​ប័ណ្ណសរសើរ​ ​និង​ ​គ្រឿងឥស្សរិយយស​ជាច្រើន​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេល​ន្លង​មក​ ​និង​ ​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​វរ​ ​សេនីយ៍​ឯក​ ​(​ស័ក្តិ៥​)​ ​ថែមទៀត​ផង​។​ ​ក្រៅពី​ការងារ​សិល្បៈ​ ​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គ្រូថ្នាំ​បុរាណ​ ​(​ស្រា​ ​ថ្នាំ​)​ ​ដ៏​ចំណាន​ម្នាក់​ផង​ដែរ​ ​ដែល​ជាហេតុ​ធ្វើឲ្យ​លោក​មាន​អាយុវែង​រហូត​ជាង៨០ឆ្នាំ​។​ ​កូនស្រី​របស់​លោក​ ​អះអាង​ថា​ ​កាល​លោក​នៅ​រស់​ ​លោក​មិន​មាន​ជំ​ងឺ​ធ្ងន់​ៗ​ដូចជា​ ​ជំងឺលើសឈាម​ ​និង​ ​ជំងឺ​ទឹកនោមផ្អែម​ ​អ្វី​នោះ​ទេ​ ​ពោល​គឺ​ ​លោក​ទទួលមរណភាព​នេះ​ដោយសារតែ​ជរាពាធ​ ​“​ចាស់ទុំ​ជ្រុះ​”​ ​តែម្តង​៕​ ​

​Article​ ​by​​ ​SRIN SOKMEAN



SUGGESTIONS