×

តើ​នឹង​មាន​អ្វី​ពិសេស​សម្រាប់​ទស្សនាវដ្តី​សូ​វរីន​សម្រាប់​ខែមីនា​នេះ​?​

NEWS 2 weeks ago
 
 

            ​ជាថ្មី​ម្តង​ទៀត​កញ្ញាឯក​ចក្រវាឡ​កម្ពុជា​ឆ្នាំ​ ​២០១៨​ ​រឿន​ ​ណាត​ ​បាន​ក្លាយជា​តារា​ក្រប​មុខ​នៃ​ទស្សនាវដ្តី​សូ​វរីន​ ​ជាមួយនឹង​ឈុត​ប៊ី​គី​នី​ដ៏​ស្រស់​ស្អាត​នា​ឯ​ឆ្នេរសមុទ្រ​កោះ​រ៉ុង​ដ៏​ស្រស់​ផូ​ផង់​។​ ​ដូច​រៀងរាល់​ខែ​សូ​វរីន​តែងតែ​ពាំនាំ​នូវ​អ្វី​ដែល​ថ្មី​និង​ប្លែក​ដើម្បី​កំដរ​អារម្មណ៍​ប្រិយមិត្ត​អ្នកអាន​នៅពេល​សម្រាក​ពី​ការងារ​និង​ការសិក្សា​រៀនសូត្រ​ក៏ដូចជា​ការ​ប្រកបមុខរបរ​រកស៊ី​ជាដើម​។​ ​សម្រាប់​ទស្សនាវដ្តី​ខែមីនា​នេះ​យើង​សូម​ពាំនាំ​ចំណី​អារម្មណ៍​ប្រិយមិត្ត​អ្នកអាន​ឲ្យបាន​ស្គាល់​នូវ​ការកែច្នៃ​សរសៃឈូក​ជា​ក្រណាត់​សម្រាប់​កាត់​សម្លៀកបំពាក់​យ៉ាង​ស្រស់​ស្អាត​ហើយ​ថែមទាំង​កំពុងតែ​មានតម្លៃ​ខ្ពស់​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ថែមទៀត​ផង​។​ ​សហគមន៍​ ​Samatoa​ ​បាន​ធ្វើការ​នេះ​ជាមួយនឹង​ស្រ្តី​ខ្មែរ​ជាច្រើន​រូប​ ​ដែល​នេះ​ក៏​ជា​ការចូលរួម​ចំណែក​ជួយ​លើកកម្ពស់​ស្រ្តី​កម្ពុជា​ឲ្យ​មានការ​ងារ​ដែល​ប្រកបដោយ​វិជ្ជាជីវៈ​បាន​ផ្នែក​ផង​ដែរ​។​ ​

            ​ងាក​មក​ទំព័រ​ ​SOVRIN​ ​Talk​ ​វិញ​សម្រាប់​ខែមីនា​នេះ​វិញ​ ​សូ​វរីន​ ​បាន​គោរព​អញ្ជើញ​ ​លោក​ ​អាន ​ចន​ផន​ ​ស្ថាបនិក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ចូល​មក​ផ្តល់​ជា​បទសម្ភាសន៍​ពិសេស​មួយ​ស្តីអំពី​ប្រវត្តិ​ ​និង​បទពិសោធន៍​នៃ​ការ​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​អភិរក្ស​សិល្បៈ​ខ្មែរ​ជាមួយនឹង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។​ ​ចង់​ដឹង​ថា​ ​តើ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​និង​លោក​អាន​ចន​ផ​នបាន​ធ្វើអ្វី​ខ្លះ​ដើម្បី​អភិរក្ស​សិល្បៈ​ខ្មែរ​នោះ​ ​សូម​តាមដាន​ទាំងអស់គ្នា​ក្នុង​ទស្សនាវដ្តី​សូ​វរីន​ខែមីនា​នេះ​។​ ​

លោក​ ​អាន ​ចន​ផន​

            ​ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​៨​ ​មីនា​ ​សូ​វរីន​ ​ក៏បាន​អញ្ជើញ​បុ​គ្គ​ល​ឆ្នើម​ៗ​ពីរ​រូប​មក​បង្ហាញ​វត្តមាន​នៅក្នុង​ខែ​ពិសេស​នេះ​តួយ៉ាងដូចជា​អ្នកស្រី​ ​លឹម​ ​វី​រី​យ៉ា​ ​ដែល​ជា​ស្រ្តី​ខ្លាំង​មួយ​រូប​ក្នុងចំណោម​ ​ស្រ្តី​ពូកែ​ជាច្រើន​រូប​ទៀត​នៅ​កម្ពុជា​។​ ​អ្នកស្រី​ ​លឹម​ ​វី​រី​យ៉ា​ ​គឺជា​សហគ្រិន​ស្រ្តី​កម្ពុជា​ ​ជា​អ្នកនិពន្ធ​កំណាព្យ​ ​ជា​អ្នក​សរសេរ​ប្លុក​ ​និង​ជា​សាស្រ្តា​ចារ្យ​ជំនាញ​ធុរកិច្ច​សម្រាប់​ថ្នាក់អនុបណ្ឌិត​មួយ​រូប​ថែមទៀត​ផង​។​ ​ជា​ស្រ្តី​ដ៏​រឹងមាំ​ ​លោកស្រី​បាន​ជួយ​កិច្ចការ​ជាច្រើន​ក្នុង​ការ​ជួយ​កសាង​សង្គម​កម្ពុជា​តាមរយៈ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​និង​ការងារ​ជាច្រើន​ទៀតផង​។​ ​សូ​វរីន​ ​ក៏​សូម​ណែនាំ​ផង​ដែរ​នូវ​កុមារី​ដ៏​មាន​ទេពកោសល្យ​ពហុ​ជំនាញ​ ​និង​សម្រស់​ស្រស់​ស្អាត​ផង​នោះ​ ​គឺ​កុមារី​ ​នរោត្តម​ចេ​នណា​។​ ​ទើបតែ​អាយុ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ​ ​ក៏ប៉ុន្តែ​ចេ​នណា​មាន​ជំនាញ​សិល្បៈ​ជាច្រើន​និង​ចេះនិយាយ​ច្រើន​ភាសា​ដែល​កម្រ​នឹង​មាន​កុមា​ណា​ម្នាក់​អាច​ធ្វើ​បាន​នោះ​ណាស់​។​ ​

អ្នកស្រី​ ​លឹម​ ​វី​រី​យ៉ា

កុមារី​ ​នរោត្តម​ចេ​នណា​

            ​យើង​សូម​ឃ្លាតឆ្ងាយ​ពី​ការ​សម្ភាសន៍​ ​មក​ក្រឡេក​មើល​ហាង​កាហ្វេ​ជាច្រើន​ដែល​កំពុងតែ​រីក​ស្គុសស្គាយ​សឹងតែ​គ្រប់​ទីកន្លែង​ពាសពេញ​ទីក្រុង​ភ្នំពេញ​ ​ក៏ប៉ុន្តែ​សូវ​រី​នបាន​សម្រិតសម្រាំង​ហាង​កាហ្វេ​ដែល​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ទាំង​ប្រាំ​ ​ដែល​មានការ​រៀបចំ​ប្លែក​ខុសពី​ហាង​កាហ្វេ​ធម្មតា​។​ ​ចង់​ដឹង​ថា​ហាង​កាហ្វេ​ដែល​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ទាំង​ប្រាំ​នោះ​មាន​អ្វីខ្លះ​?​ ​ដូច្នេះ​សូម​ប្រិយមិត្ត​រីករាយ​នូវ​ទំព័រ​ ​SOVRIN​ ​Preview​ ​ទាំងអស់គ្នា​។​ ​

            ខុសប្លែក​ពី​ខែ​មុន​ៗ​ ​ទំព័រ​ទេសចរណ៍​ខែ​នេះ​ ​សូ​វរីន​ ​សូម​ពាំនាំ​ចំណី​អារម្មណ៍​ប្រិយមិត្ត​មក​សម្រាក​កំសាន្ត​លំហែកាយ​នៅ​ឯ​រី​ហ្ស​ត​មួយ​កន្លែង​ដែល​ទើបតែ​សម្ពោធ​កាលពី​ចុងឆ្នាំ​ ​២០១៨នេះ​ប៉ុណ្ណោះ​។​ ​រី​ហ្ស​ត​ដ៏​ប្រណិត​ដែល​ប្រៀប​បាន​ដូចជា​ឋាន​សួរ​នេះ​ស្ថិតនៅ​លើ​ដែន​កោះ​មួយ​នា​ទិសនិរតី​នៃ​ខេត្ត​ព្រះសីហនុ​ ​។​ ​ក្រុមការងារ​របស់​យើង​ក៏បាន​ទៅ​ដកស្រង់​បទពិសោធន៍​ ​ការសម្រាក​លម្ហែ​កាយ​នៅ​ទីនោះ​ ​ហើយ​យើង​ក៏​សូម​ពាំនាំ​នូវ​អារម្មណ៍​ដ៏​ស្រស់ស្រាយ​នេះ​ដើម្បី​ចែក​ជូន​ប្រិយមិត្ត​អ្នកអាន​របស់​ ​សូ​វរីន​ ​ទុកជា​ព័ត៌មាន​មុននឹង​ ​រៀបចំ​គម្រោង​នៃ​ថ្ងៃ​វិស្សមកាល​ ​និង​រាត្រី​ទឹកឃ្មុំ​ដ៏​ផ្អែមល្ហែម​។​ ​ជាង​នេះ​ទៅទៀត​យើង​ក៏​នៅ​មាន​អត្ថបទ​គន្លឹះ​ដើម្បី​ថែទាំ​សុខភាព​ឬ​សម្រស់​ ​ក៏ដូចជា​មុខ​ម្ហូប​ប្លែក​ៗ​ជាច្រើន​ទៀត​ដែល​ប្រិយមិត្ត​ប្រហែលជា​មិនធ្លាប់​បានដឹង​ពីមុន​មក​ឡើយ​។​ ​បន្ថែម​ពីនេះ​ទៅទៀត​ ​សូ​វរីន​ ​ក៏​សូម​ខ្លួន​ដើម្បី​ធ្វើជា​មគ្គទេសក៍​ណែនាំ​ប្រិយមិត្ត​ឲ្យ​មក​ស្គាល់​ហាង​ ​ភោជនីយដ្ឋាន​ ​ជាច្រើន​ទៀតផង​ដែរ​៕​

​រក្សាសិទ្ធិ​ដោយ​ទស្សនាវដ្តី​ ​សូ​វរីន​



SUGGESTIONS