×

“​តន្រ្តី​ជីវិត​”​ ​ភាពយន្ត​លំដាប់​អន្តរជាតិ​ថត​នៅ​ស្រុកខ្មែរ​ដែល​ទើប​ជាប់​ពាន​រង្វាន់​ថ្មី​ៗ​មិនធម្មតា​

ENTERTAINMENT 5 years ago
 
 

​          «​តន្រ្តី​ជីវិត​»​ ​ជាស​មិទ្ធ​ផល​ខ្សែភាពយន្ត​ថ្មី​នឹង​លេច​រូបរាង​លើ​ផ្ទាំងសំពត់ស​ក្នុង​ប្រទេស​កម្ពុជា​នៅដើម​ ​ឆ្នាំ២០១៩នេះ​របស់​ផលិតករ​ខ្មែរ​-​បរទេស​ដែល​ឆ្លុះបញ្ចាំង​អំពី​ឥទ្ធិពល​នៃ​មរតក​ចម្រៀង​ ​«​ចំប៉ា​បាត់ដំបង​»​ ​ដ៏​ល្បី​រន្ទឺ​របស់​អធិរាជ​សម្លេង​មាស​ ​ស៊ីន​ ​ស៊ីសាមុត​ទៅលើ​ជីវិត​បី​ជំ​នាន់​ផ្សេង​ៗ​គ្នា​។​ ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ ​លោក​ ​អាន​ ​ចន​ផន​ ​ស្ថាបនិក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ​(​Cambodian​ ​Living​ ​Arts​)​ ​ដ៏​មាន​ ​ឈ្មោះ​បោះ​សម្លេង​មួយ​ក្នុង​ក្រុងភ្នំពេញ​ ​និង​ ​នៅ​លើឆាកអន្តរជាតិ​ផង​ដែរ​នោះ​ ​ត្រូវ​បាន​ជ្រើសរើស​ក្លាយជា​ ​តួអង្គ​សម្តែង​សំខាន់​មួយ​រូប​ក្នុង​ភាពយន្ត​នោះ​។​ ​ក្រៅពីនោះ​ ​ក៏​មាន​វត្តមាន​តួអង្គ​សំ​ខាន់​ៗ​ផ្សេងទៀត​ដែល​ ​មាន​ជំ​នាញ​ខុស​ៗ​គ្នា​ចូលរួម​សម្តែង​ផង​ដែរ​ ​ដូចជា​ ​កញ្ញា​ ​គួយ​ ​ច័ន្ទ​ដា​និច​ ​(​តារា​ម៉ូដែល​)​ ​និង​ ​ក្រុម​តន្រ្តី​ ​Small​ ​World​ ​Small​ ​Band​ ​ដ៏​មាន​ប្រជាប្រិយ​ភាព​ក្នុង​ពិភព​យុវវ័យ​ផង​ដែរ​។​ ​រឿង​នេះ​ជា​ស្នាដៃ​ដឹកនាំ​រឿង​ដោយ​ ​សហ​អ្នកដឹកនាំ​រឿង​ពីរ​រូប​គឺ​ ​លោក​ ​សុខ​ ​វិសាល​ ​អ្នកដឹកនាំ​រឿង​ ​«​គ្រាប់ពេជ្រ​»​ ​និង​ ​កញ្ញា​ ​ខាយ​លី​ ​សូ​ ​កូនខ្មែរ​ ​កើត​នៅ​ជំរំ​ជនភៀសខ្លួន​នៅក្នុង​ទឹកដី​ថៃ​ធំធាត់​នៅ​សហរដ្ឋ​អាម​រិក​។​ ​

សុខ​ ​វិសាល

​          កញ្ញា​ ​ខាយ​លី​ ​សូ​ ​អ្នកដឹកនាំ​រឿង​នេះ​បាន​ផ្តល់​បទសម្ភាសន៍​ផ្ទាល់​ដល់​គេហទំព័រ​ទស្សនាវដ្តី​សូ​វរីន​ថា​ ​ភាពយន្ត​រឿង​ ​«​តន្រ្តី​ជីវិត​»​ត្រូវ​បាន​ថត​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ត្រឹមតែ២៨ថ្ងៃ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ក្នុង​អំឡុង​ ​ពេល​ថត​នោះ​ ​គឺ​មាន​ពេលសម្រាក​ចំនួន​ពីរ​សប្តាហ៍​រវាង​វគ្គទី១​ ​ស្តី​ពី​ជីវិត​តន្រ្តី​ក្នុង​ឆ្នាំ១៩៦៨​ ​និង​ ​វគ្គទី២​ ​ស្តី​ពី​ជីវិត​តន្រ្តី​ក្នុង​សម័យ​ខ្មែរក្រហម​ឆ្នាំ១៩៧៦​។​ ​ទីតាំង​ថត​សំ​ខាន់​ៗ​រួមមាន​ដូចជា​ ​ភូមិ​តាំង​គ្រួស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ទីក្រុង​ភ្នំពេញ​ ​និង​ ​នៅ​សណ្ឋាគារ​មិត្ត​តូ​ ​ជាដើម​។​ ​រី​ឯ​ក្រុមការងារ​ផលិត​ខ្សែភាពយន្ត​នេះ​មាន​ចំនួន​ ​៣០នាក់​ ​(​ក្រុមការងារ​ក្រោយ​ឆាក​)​ ​និង​​តួអង្គ​សម្តែង​ចំនួន​ជាង១០០នាក់​ផ្សេងទៀត​។​ ​

ខាយ​លី​ ​សូ

​          ចំពោះ​ការផលិត​រឿង​ខ្នាត​ធំ​នេះ​គឺ​ពិតជា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​ព្រោះ​រយៈពេល​ថត​មាន​ ​ត្រឹមតែ២៨ថ្ងៃ​ ​រី​ឯ​ទីតាំង​ថត​មាន​ច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​ ​ដូចនេះ​ការ​ធ្វើដំណើរ​និង​ការ​ដឹកជញ្ជូន​ ​សម្ភារៈ​ផលិតកម្ម​ ​ព្រមទាំង​ការរៀបចំ​តុបតែង​ឆាក​ពិតជា​បញ្ហា​ប្រឈម​ធំ​បំផុត​ក្នុង​សង្វាក់​ផលិតកម្ម​នេះ​។​ ​ម្យ៉ាងវិញទៀត​ ​ក្នុង​ជំហាន​ដំបូង​នៃ​ការ​ថត​ ​ការ​ជ្រើសរើស​តួអង្គ​សម្តែង​ក៏បាន​ក្លាយជា​ឧបសគ្គ​ចំបង​ផង​ដែរ​ ​«​ពួក​យើង​មិនទាន់​រើស​បាន​តួអង្គ​សំ​ខាន់​ៗ​ដែល​ត្រូវ​សម្តែង​ទេ​ ​ទាល់តែដល់​មួយ​សប្តាហ៍​មុន​ពេល​ថត​!​ ​ខ្ញុំ​បែក​ញើស​តិច​ៗ​ដែរ​ហ្នឹង​ណា​!​ ​អរគុណ​ដល់​ពិភពលោក​នេះ​ដែល​នាំ​ពួកគេ​(​តួ​សម្តែង​ទាំងអស់​)​ ​មក​ ​ជុំគ្នា​បានសម្រេច​ ​ហើយ​ពួកគេ​សម្តែង​ចូលគ្នា​បាន​ល្អ​!​»​

​          ​ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​លើឆាកអន្តរជាតិ​ជាច្រើន​ប្រទេស​ទូទាំង​ពិភពលោក​ ​ក្នុង​នោះ​រួមមាន​ ​ប្រទេស​ជប៉ុន​ ​ប្រទេស​អ៊ីតាលី​ ​ប្រទេស​ថៃ​ ​ប្រទេស​ប៉ូឡូញ​ ​ប្រទេស​តៃវ៉ាន់​ ​ប្រទេស​ឥណ្ឌា​ ​និង​ ​តាម​បណ្តា​រដ្ឋ​នានា​ជុំវិញ​សហរដ្ឋអាមេរិក​ ​ហើយ​ត្រូវ​បាន​ជាប់​ជ័យលាភី​ពានរង្វាន់​ផ្នែក​រូបភាព​ភាពយន្ត​ ​និង​ ​ផ្នែក​ដឹកនាំ​រឿង​ល្អ​ផ្តាច់​ ​នៅក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​គួរ​ជាទី​មោទកភាព​ក្រៃលែង​ ​ដែល​សូម្បី​ ​តែ​អ្នកដឹកនាំ​រឿង​ផ្ទាល់​ក៏​មិន​នឹកស្មាន​ថា​ទទួល​បាន​លទ្ធផល​អស្ចារ្យ​បែបនេះ​ផង​។​ ​

​          អ្នកដឹកនាំ​រឿង​ ​ខាយ​លី​ ​មានបំណង​ចង់​ឲ្យ​ទស្សនិកជន​ទាំងអស់​ដែល​បាន​ទស្សនា​ភាពយន្ត​នេះ​ ​ហើយ​ ​ដើរចេញ​ដោយ​ទៅជាមួយ​នឹង​អារម្មណ៍​មួយ​ ​ដោយហេតុថា​រឿង​នេះ​ជា​ចម្រៀង​អំពី​សេចក្តី​ស្រលាញ់​ ​ដែល​ផ្តល់​ជូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់​នៅ​គ្រប់ទិសទី​លើ​ពិភពលោក​ ​«​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ ​បងប្អូន​ខ្មែរ​ ​យើង​បាន​ជិះ​យន្តហោះ​ពី​ ​Bermuda​ ​និង​ ​Chicago​ ​ទៅ​មើលកុន​របស់​ពួក​យើង​នៅ​រដ្ឋ​ញូ​វយ៉​ក​។​ ​នៅពេល​ ​កុន​ចប់​ពួកគាត់​បាន​អញ្ជើញ​គ្នា​ទៅ​ញ៉ាំបាយ​ថ្ងៃត្រង់​ជាមួយគ្នា​ ​ហើយ​ពួកគាត់​ក៏បាន​ដឹង​ថា​ ​ពួកគាត់​ត្រូវជា​ ​សាច់ឈាម​នឹងគ្នា​។​ ​វា​ជា​រឿង​ចាក់ដោត​បេះដូង​ណាស់​ ​[​.​.​.​]​ ​វា​ជា​រឿង​ជំរុញ​ទឹកចិត្ត​នៅពេល​ដែល​កុន​យើង​ ​អាច​ផ្សារភ្ជាប់​ក្រុម​គ្រួសារ​នេះ​ដែល​សុទ្ធតែ​អ្នក​មក​ពី​ខេត្តបាត់ដំបង​។​»​ ​

​          កញ្ញា​គិតថា​ ​ខ្សែភាពយន្ត​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​ខ្មែរយើង​ព្រោះ​ ​ពួក​យើង​បន្សល់ទុក​រឿងរ៉ាវ​នានា​តាមរយៈ​បទចម្រៀង​ដែល​យើង​ចងចាំ​ ​ច្រៀង​ ​និង​ ​ចែករំលែក​ឲ្យ​គ្នា​ទៅវិញទៅមក​។​ទំនុកច្រៀង​នៃ​បទចម្រៀង​ទាំងនោះ​បង្កប់​នូវ​អនុស្សាវរីយ៍​ ​សេចក្តី​សុខ​ ​ទុក្ខសោក​ ​និង​ ​អារម្មណ៍​សះស្បើយ​។​ ​ទន្ទឹម​នឹង​នេះ​ ​បទចម្រៀង​មរតក​របស់​អធិរាជ​សម្លេង​មាស​ ​ស៊ីន​ ​ស៊ីសាមុត​ ​នៅតែ​រស់រវើក​ដល់​សព្វថ្ងៃ​ដូច​អ្វី​ ​ដែល​កើតមាន​ក្នុង​ទសវត្សរ៍​ទី៦០ដដែល​។​ ​នេះ​ជា​សក្ខីភាព​យ៉ាង​ច្បាស់​ដែ​លល​ត្រូវ​បាន​លាតត្រដាង​ក្នុង​ ​ខ្សែភាពយន្ត​មួយ​នេះ​។​

​          ជាចុងក្រោយ​ ​កញ្ញា​បាន​លើកឡើង​ថា​ ​នៅ​មានរឿង​រ៉ាវ​ជាច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ដែល​ ​មិនទាន់​ត្រូវ​បាន​លាតត្រដាង​តាមរយៈ​ខ្សែភាពយន្ត​ ​ដូចនេះ​ផលិតករ​ភាពយន្ត​គប្បី​បន្ត​ផលិត​និង​បកស្រាយ​ ​រឿ​ងរ៉់ាវ​ទាំងអស់​នោះ​ ​ហើយ​ត្រូវតែ​មាន​ចំណាប់​អារម្មណ៍​ ​និង​ ​ការ​គាំទ្រ​ពីសំណាក់​ទស្សនិកជន​។​ ​កញ្ញា​សូម​ ​ជំរុញ​ទឹកចិត្ត​កូនខ្មែរ​ទាំងអស់​ឲ្យ​នាំគ្នា​ទៅ​ទស្សនា​កុន​ខ្មែរ​មិនថា​កុន​របស់​ដែល​កញ្ញា​ផលិត​ ​ឬ​ ​របស់​ផលិតករ​ដទៃ​ឡើយ​។​ ​ដោយឡែក​ ​សម្រាប់​កុន​របស់​កញ្ញា​ ​កញ្ញា​បាន​បន្ថែម​ថា​ ​«​ខ្ញុំ​គិតថា​ ​វា​ជា​សាច់រឿង​ល្អ​អម​ ​ដោយបទ​ចម្រៀង​ល្បី​ប្រចាំ​ប្រទេស​ ​ព្រមទាំង​មាន​តួ​សម្តែង​អស្ចារ្យ​ជាច្រើន​រូប​ ​អម​ដោយ​ទេសភាព​យ៉ាង​ ​សំបូរ​បែប​ស្រស់​ត្រកាល​។​»​

​          កញ្ញា​បាន​បង្ហើប​ថា​ ​ក្រុមការងារ​ផលិតកម្ម​នេះ​នឹង​បញ្ចាំង​ភាពយន្ត​នេះ​ ​ឬ​ ​បង្កើត​ជាម​ហោ​ស្រព​ ​ភាពយន្ត​ជា​បន្ត​ទៀត​ជុំវិញ​ពិភពលោក​ ​ហើយ​បន្ទាប់មក​នឹង​មានការ​ចេញផ្សាយ​លក្ខណៈ​ឌីជីថល​នៅក្នុង​ ​ឆ្នាំ២០២០ខាងមុខនេះ​ ​សម្រាប់​អ្នក​ដែល​នឹង​មិនទាន់​មានឱកាស​បាន​ទស្សនា​ឯ​រោងភាពយន្ត​។​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS