×

Tus sakan​ ​ក្លាយជា​វិចិត្រករ​គំនូរ​ស្រមើស្រមៃ​ដ៏​មាន​ប្រជាប្រិយ​ភាព​ដោយ​មិនបាន​ឆ្លងកាត់​គ្រូបង្រៀន

NEWS 5 years ago
 
 

​            តួអង្គ​ល្ខោនខោល​ ​ទេព​អប្សរា​ ​និង​តួអង្គ​ល្បីល្បាញ​នានា​នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ ​ត្រូវ​បាន​គូរ​ជា​រូបគំនូរ​តុ​ក្ក​តា​ប្លែក​ៗ​បែប​ក្រមិចក្រមើម​គួរឲ្យ​ស្រឡាញ់​ ​កំពុងតែ​ទាក់ចិត្ត​ប្រិយមិត្ត​ជាច្រើន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​នោះ​គឺជា​គំនូរ​ក្រោម​ស្នាដៃ​យុវតី​វ័យក្មេង​លាក់មុខ​មួយ​រូប​ដែល​តែងតែ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​តាមរយៈ​គំនូរ​រូប​នារី​សក់​ខ្លី​កែវភ្នែក​មុ​ត​ថា្ល​ ​និង​ភ្ជាប់​មក​ជាមួយ​រហស្សនាម​ថា​ ​ទស​សក​ណ្ឋ​ ​(​Tus sakan​)​។​ ​ទស​សក​ណ្ឋ​គឺជា​វិចិត្រករ​គំនូរ​សេរី​ ​ឬ​យើង​ហៅថា​វិចិត្រករ​ចេះ​គូរ​ដោយ​គ្មាន​គ្រូបង្រៀន​ ​ដែល​បច្ចុប្បន្ន​កំពុងតែ​ច្បាម​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​តាមរយៈ​គំនូរ​បែប​ស្រមើស្រមៃ​ ​និង​ច្នៃ​ប្រតិដ្ឋ​ជា​គំនូរ​ប្លែក​ៗ​បែប​តុក្កតា​យក​មក​រំលេច​នៅ​លើ​សម្ភារ​ប្រើប្រាស់​មួយចំនួន​ដូចជា​ ​ស្រោម​ទូរសព្ទ​ ​សម្លៀកបំពាក់​ ​និង​កាបូបស្ពាយ​ជាដើម​។​ ​

ហេន​ ​វឌ្ឍនា​ស្ថាពរ

​            ខណៈ​ពេល​កំពុងតែ​លើក​គំនូរ​បង្ហាញ​ម្តង​មួយ​ ​ទស​សក​ណ្ឋ​ ​ឬ​មានឈ្មោះ​ពិត​ថា​ ​«​ហេន​ ​វឌ្ឍនា​ស្ថាពរ​»​ ​បាន​ឆ្លៀត​រៀបរាប់​រំឭក​អំពី​ជីវិត​ចាប់ផ្តើម​លើ​អាជីព​របស់​ខ្លួន​មកកាន់​សូវ​រី​នដែ​រថា​ ​«​ ​ខ្ញុំ​ហាក់​មាននិស្ស័យ​ ​និង​ចូលចិត្ត​គូរគំនូរ​តាំងពី​អាយុ​ ​៥ឆ្នាំ​មក​ម្ល៉េះ​ ​គ្រានោះ​ពេល​ដែល​ម៉ាក់​ឃើញ​ខ្ញុំ​ចូលចិត្ត​គូររូប​ ​គាត់​ ​និង​អ៊ុំ​របស់ខ្ញុំ​ម្នាក់ទៀត​នៅ​ឯក្រៅ​ប្រទេស​បាន​ទិញ​សម្ភារ​ទាក់ទង​នឹង​គំនូរ​ឲ្យ​ខ្ញុំ​រៀន​គូរ​រហូត​ចេះ​គូររូប​ដោយខ្លួនឯង​ ​ហើយ​លុះ​ខ្ញុំ​រៀន​ដល់​ថ្នាក់​ទី​ ​១០​ ​ទើប​ចាប់ផ្តើម​គូររូប​លក់​ ​និង​អាច​រក​ប្រាក់កម្រៃ​ពី​គំនូរ​បាន​រហូតមកដល់​បច្ចុប្បន្ន​»​។​ ​ជាមួយនឹង​ទេពកោសល្យ​ពី​កំណើត​ ​ទស​សក​ណ្ឋ​ ​អាច​គូរគំនូរ​ច្រើន​ប្រភេទ​ទាំង​គំនូរ​ប្រើ​គូ​ល័រ​ឈើ​ ​គូ​ល័រ​ទឹក​ ​Doodle​ ​,​ ​Sketch​ ​និង​ ​បែប​ឌីជីថល​គូរ​នៅ​លើ​ ​iPad​ ​ផង​ដែរ​។​ ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ ​ក៏ដូចជា​ការ​គំា​ទ្រ​ទៅលើ​ស្នាដៃ​គំនូរ​ដែល​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​ជាតិខ្មែរ​ ​វិចិត្រករ​គំនូរ​ពហុ​ជំនាញ​មាន​ស្រុកកំណើត​មក​ពី​ខេត្តកោះកុង​រូប​នេះ​បាន​បង្កើត​គំនិត​ច្នៃ​ប្រតិដ្ឋ​ថ្មី​ដោយ​ជ្រើសរើស​គូររូប​តួអង្គ​សំ​ខាន់​ៗ​ដូចជា​ ​យក្ស​ ​ទេព​អប្សរា​ ​និង​ក្បាច់​ខ្មែរ​ជាដើម​ ​ចេញ​ជា​រូប​បែប​តុ​ក្ក​តា​ឃ្យូ​តៗ​រំលេច​នៅ​លើ​អាវយឺត​ ​កាបូបស្ពាយ​ ​ស្រោម​ទូរសព្ទ​ ​និង​ធ្វើជា​ស្ទីក​គ័រ​បិត​ ​ដែល​ធ្វើឲ្យ​មានការ​ចាប់អារម្មណ៍​ ​និង​មានការ​បញ្ជាទិញ​ជាបន្តបន្ទាប់​ពីសំណាក់​ភ្ញៀវ​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​ ​ជាពិសេស​គឺ​យុវវ័យ​យើង​តែម្តង​។​ ​ខុសប្លែក​ពី​វិចិត្រករ​ដទៃ​ដែល​មាន​ទំនោរ​គូររូប​តួអង្គ​សំ​ខាន់​ៗ​ឬ​តួអង្គ​ឯក​ ​ទស​សក​ណ្ឋ​ ​បែរជា​មាន​ចំណូលចិត្ត​គូររូប​តួអង្គ​ចិត្តអាក្រក់​ទៅវិញ​។​ ​«​ខ្ញុំ​ចូលចិត្ត​គូរ​តួអង្គ​ចិត្តអាក្រក់​ច្រើនជាង​តួអង្គ​ចិត្តល្អ​ ​ព្រោះ​តួអង្គ​ចិត្តអាក្រក់​មិនសូវ​មាន​អ្នកឲ្យ​តម្លៃ​ប៉ុន្មាន​ទេ​ ​ម្យ៉ាង​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​ស្អប់​តួអង្គ​ទាំងនោះ​ងាក​មក​ស្រឡាញ់​ពួកគេ​វិញ​តាមរយៈ​ការ​គូររូប​ភាពជា​គំនិត​ច្នៃ​ប្រតិដ្ឋ​បែប​ថ្មី​ ​ឧទាហរណ៍​ដូចជា​តួយក្ស​ខ្ញុំ​គូរ​ចេញ​ជា​រូប​តុ​ក្ក​តា​ឃ្យូ​តៗ​ ​បែប​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​លាយឡំ​នឹង​កាយវិការ​ក្រមិចក្រមើម​ញញឹមញញែម​ធ្វើឲ្យ​តួអង្គ​ពី​កាច​សាហាវ​ក្លាយជា​តួអង្គ​គួរឲ្យ​ស្រឡាញ់​បំផុត​»​។​ ​នេះ​ជា​ការ​លើកឡើង​របស់​ ​ទស​សក​ណ្ឋ​។​ ថ្វី​ដ្បិត​ ​ទស​សក​ណ្ឋ​ ​អាយុ​ទើបតែ​ ​២០ឆ្នាំ​ ​និង​ជា​វិចិត្រករ​គ្មាន​គ្រូបង្រៀន​ក្តី​ ​ប៉ុន្តែ​បើ​និយាយ​ពី​បទពិសោធន៍​ ​និង​សមត្ថភាព​ ​វិចិត្រករ​កំពុង​រស់នៅ​លើទឹក​ដី​ខេត្តសៀមរាប​នេះ​ ​ហាក់​មិនចាញ់​ស្នាដៃ​វិចិត្រករ​ជើងចាស់​ប៉ុន្មាន​ឡើយ​ ​ជាក់ស្តែង​ ​បច្ចុប្បន្ន​ ​ទស​សក​ណ្ឋ​ ​មាន​ទីផ្សារ​គួរសម​ដោយ​ទទួល​បានការ​ងារ​ជាបន្តបន្ទាប់​ពី​បណ្តា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​ ​និង​ការ​បញ្ជាទិញ​គំនូរ​លើ​សម្ភារ​ប្រើ​ប្រាស់​ផ្សេង​ៗ​ដូច​បាន​រៀបរាប់​នៅ​ខាងលើ​ស្ទើរតែ​រក​ពេលសម្រាក​គ្មាន​។​ ​ដោយសារ​មាន​ទេពកោសល្យ​ខ្ពស់​យ៉ាងនេះ​ហើយ​ ​កន្លងមក​ ​ទស​សក​ណ្ឌ​ ​ក៏​ធ្លាប់​បាន​ប្រកួត​ឈ្នះ​ក្នុង​កម្មវិធី​គំនូរ​ច្នៃប្រឌិត​មួយចំនួន​ ​ជាអាទិ៍​ ​គំនូរ​ឆ្នាំរកា នៅក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ ​ការ​គូរគំនូរ​លើ​កែវ​កាហ្វេ​ឲ្យ​ម៉ាក​ល្បី​របស់​បារាំង​ ​ហើយ​ថ្មី​ៗ​នេះ​ក៏​ទើបតែ​ឈ្នះ​ក្នុង​កម្មវិធី​ប្រកួត​រចនា​រូប​លើ​សំបក​កំប៉ុងទឹក​ក្រូច​ ​Pepsi​ ​ដែល​ជា​ម៉ាក​ល្បីល្បាញ​ក្នុង​ពិភពលោក​ផង​ដែរ​។​ ​បើ​ទោះ​ចេះ​គូររូប​ច្រើនបែប​ច្រើន​ប្រភេទ​ដោយ​គ្មាន​គ្រូបង្រៀន​ក្តី​ ​រយៈពេល​ប្រាំមួយ​ឆ្នាំ​លើ​វិស័យ​គំនូរ​នេះ​ ​ទស​ក​កណ្ឋ​ ​ក៏​រមែង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ ​ក៏ដូចជា​សិក្សា​ស្វែងយល់​ទៅលើ​សិល្បៈគំនូរ​តាមរយៈ​ប្រមើល​មើល​ស្នាដៃ​របស់​វិចិត្រករ​គំនូរ​ល្បី​ៗ​នៅ​ក្រៅប្រទេស​តាម​បណ្តាញ​សង្គម​នានា​ ​ដើម្បី​យក​មក​បង្កើន​ចំណេះ​ជំនាញ​លើ​ការ​គូររូប​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត​។​ ​យ៉ាងណាមិញ​ ​ក្រៅពី​មមាញឹក​ជាមួយ​អាជីព​គំនូរ​ ​នា​ពេល​ឆាប់​ៗ​ខាងមុខ​វិចិត្រករ​គំនូរ​សេរី​រូប​នេះ​នឹង​មាន​គម្រោង​បង្កើត​ម៉ាក​ផលិតផល​សម្លៀកបំពាក់​ផ្ទាល់ខ្លួន​ទៀតផង​៕​ ​

​Article​ ​by​ ​HEM​ ​SOKKHIM​

   ​All​ ​Rights​ ​Reserved​ ​by​ ​SOVRIN​ ​Magazine​ ​-​ ​2019​ ​


SUGGESTIONS