×

សក់​និង​ក្រចក​ត្រូវការ​សារធាតុ​ចិញ្ចឹម​បែប​ណាខ្លះ​ដើម្បី​ទ្រទ្រង់​ដល់​ការលូតលាស់​!​

TRAVEL & LIVING 5 months ago
 
 

         សក់​ជ្រុះ​ស្ងួត​បែក​ចុង​ ​ក្រចក​ផុយ​មាន​ពណ៌​មិន​ភ្លឺ​ថ្លា​ ​សុទ្ធតែ​ជា​កត្តា​កើត​ចេញពី​ការ​កង្វះ​វីតាមីន​ ​និង​សារធាតុ​ចិញ្ចឹម​នៅក្នុង​រាងកាយ​។​ ​ពេល​មាន​បញ្ហា​នេះ​កើតឡើង​ស្ត្រី​ភាគច្រើន​រមែង​ធ្វើការ​កែកុន​តាមរយៈ​ការ​តុបតែង​ជាមួយនឹង​ផលិតផល​មាន​សារធាតុគីមី​ ​និង​ការប្រើ​កម្ដៅ​ ​ដោយ​មិនសូវ​ខ្វាយខ្វល់​ពី​ការថែទាំ​ពី​ខាងក្នុង​ឡើយ​។​ ​ការ​តុបតែង​ពី​ផ្នែក​ខាងក្រៅ​វា​បាន​ផ្តល់​នូវ​ភាព​ស្រស់​ស្អាត​ត្រឹមតែ​រយៈពេល​ខ្លី​ ​ហើយ​ពេលខ្លះ​វា​ក៏​ធ្វើឲ្យខូច​ខាត​ដល់​សម្រស់​ធម្មជាតិ​ ​និង​ប៉ះពាល់​សុខភាព​ផ្នែក​ខាងក្នុង​ផង​ដែរ​ ​ដូចនេះ​ដើម្បី​ទទួល​បាន​ទាំង​សម្រស់​សក់​ ​និង​ក្រចក​ស្រស់​ស្អាត​ចេញពី​ខាងក្នុង​ ​សុភាពនារី​គ្រប់រូប​គួរគប្បី​ប្រកាន់​ខ្ជាប់​នូវ​ការ​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ក៏ដូចជា​វីតាមីន​ចម្រុះ​ដូច​ខាងក្រោម​។​ ​

​1​.​    ​បាយ​អូ​ទិ​ក​ ​

         សារធាតុ​បាយ​អូ​ទិ​ក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វីតាមីនH​ ​ដែល​ល្អ​បំផុត​ចំពោះ​សុខភាព​សក់​ ​និង​ក្រចក​ ​ដែល​មិន​ត្រឹមតែ​ធ្វើឲ្យ​សក់​រឹងមាំ​ ​និង​ជួសជុល​សក់​បែក​ចុង​ពី​ការ​លាប​ពណ៌​ប៉ុណ្ណោះទេ​ ​ថែមទាំង​ជំរុញ​ក្រចក​ដែល​ងាយ​ឆាប់​ផុយ​ឲ្យ​រឹងមាំ​ឡើងវិញ​ផង​ដែរ​។​ ​លើស​ពីនេះ​ ​កង្វះ​ជាតិ​បាយ​អូ​ទិ​កជា​កត្តា​ចម្បង​ដែល​បណ្តាល​ឲ្យ​ជ្រុះសក់​។​ ​យើង​អាច​ទទួលយក​សារធាតុ​បាយ​អូ​ទិ​ក​តាមរយៈ​ការ​ទទួលទាន​អាហារ​ដូចជា​ ​ចេក​ ​ស៊ុត​ ​ខា​ត់​ណាស​ ​សណ្តែក​ដី​ ​និង​គ្រាប់ធញ្ញជាតិ​ជាដើម​។​

​2​.​    ​វីតាមីន​ ​C​ ​

         វីតាមីន​ ​C​ ​ដើរតួ​យ៉ាង​សំខាន់​ជា​ខូ​លេ​ជិន​មាន​ថាមពល​ខ្លាំងក្លា​ជួយ​ដល់​សុខភាព​ ​ស្បែក​ ​សក់​ ​និង​ក្រចក​។​ ​ជា​ការពិត​ ​សារជាតិ​ខូ​ឡេ​ជិន​គឺ​កើតឡើង​ពី​ធម្មជាតិ​នៅក្នុង​ខ្លួន​របស់​មនុស្សយើង​ ​ប៉ុន្តែ​វា​នឹង​ថមថយ​ទៅវិញ​នៅពេល​ដែល​យើង​មាន​អាយុ​កាន់តែ​ច្រើន​ ​ដូចនេះ​ការ​ទទួលយក​វីតាមីន​ ​C​ ​ជាប្រចាំ​នឹង​ជួយ​ដល់​ការលូតលាស់​របស់​ខូ​លេ​ជិន​ ​ហើយក៏​រក្សា​សម្រស់​ស្បែក​ ​សក់​ ​និង​ក្រចក​ឲ្យ​នៅតែ​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​។​ ​វីតាមីន​ ​C​ ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​តួនាទី​ប្រឆាំង​នឹង​រ៉ា​ឌីកា​ល​សេរី​ដែល​បង្ហាញ​សញ្ញា​ភាព​ចាស់​នៅ​លើ​ស្បែក​។​ ​ពពួក​អាហារ​សម្បូរទៅដោយ​វីតាមីន​ ​C​ ​យ៉ាងច្រើន​លើសលុប​មាន​ដូចជា​ ​ក្រូច​ ​គី​វី​ ​ម្ទេសប្លោក​ ​(​លឿង​ ​និង​ក្រហម​)​ ​ខ្ទឹមស​ ​ខាត់ណា​ខៀវ​ ​ស្ពៃ​ក្តោប​ ​ស្រ្តូ​បូរី​ ​ប៉ោម​ ​ល្ហុង​ ​និង​ប៉េង​បោះ​ជាដើម​។​ ​

3​.​    ​វីតាមីន​ ​A​ ​

         Sebum​ ​គឺជា​សារធាតុ​ប្រេង​ធម្មជាតិ​នៅ​លើ​ស្បែក​ក្បាល​ដែល​ជួយ​ឲ្យ​សក់​ភ្លឺរលោង​ ​និង​មាន​សំណើម​ ​ហើយ​ប្រសិនបើ​គ្មាន​ជាតិ​ប្រេង​ធម្មជាតិ​នេះ​ទេ​ ​វា​នឹង​បង្ក​ស្បែក​ក្បាល​រមាស់​ ​និង​ឡើង​អង្គែ​ជាដើម​។​ ​វីតាមីន​ ​A​ ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការផលិត​សារធាតុ​ ​Sebum​ ​យើង​អាច​ទទួលយក​វីតាមីន​ ​A​ ​តាមរយៈ​អាហារ​ដូចជា​ ​ស្វាយ​ ​ម្សៅ​អូត​ ​ដំឡូងជ្វា​ ​ការ៉ុត​ ​និង​ត្រសក់ស្រូវ​ ​។​

4​.​    ​ប្រូតេអ៊ីន​ ​

         ប្រូតេអ៊ីន​មាន​សារៈសំខាន់​យ៉ាងច្រើន​ចំពោះ​សុខភាព​រាងកាយ​ ​ក្នុង​នោះ​សូម្បី​ក្រចក​ ​និង​សក់​ក៏​ត្រូវ​បាន​រួមបញ្ចូល​ផង​ដែរ​។​ ​ការ​ទទួលយក​ប្រូតេអ៊ីន​គ្រប់គ្រាន់​នឹង​ជួយ​ដល់​សក់​ ​និង​ក្រចក​រឹងមាំ​មាន​សុខភាព​ល្អ​ ​ជាពិសេស​ជំនួយ​ឲ្យ​លូតលាស់​ឆាប់រហ័ស​។​ ​អាហារ​សម្បូរទៅដោយ​ប្រូតេអ៊ីន​មាន​ដូចជា​ ​សាច់​មាន់​ ​ស៊ុត​ ​សណ្តែក​ ​គ្រាប់ធញ្ញជាតិ​ ​សាច់​សុទ្ធ​ ​និង​ពពួក​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​បំផុត​។​

​5​.​    ​ជាតិ​ស័ង្កសី​ ​

​         គ្រប់គ្នា​ប្រហែលជា​ធ្លាប់​ដឹង​មក​ហើយ​ថា​ជាតិ​ស័ង្កសី​គឺ​មាន​សារៈសំខាន់​ចំពោះ​ប្រព័ន្ធ​ភាព​សាំ​នៅក្នុង​រាងកាយ​ ​ដែល​នេះ​ជាហេតុ​អ្នក​ត្រូវការ​ជា​តិ​ស័ង្កី​សី​ជាចាំបាច់​នៅពេល​មាន​ជំងឺ​។​ ​មិន​តែប៉ុណ្ណោះ​ ​ជាតិ​ស័ង្កសី​ដើរតួ​ជា​ជាលិកា​ ​និង​អង់ស៊ីម​ដែល​អនុញ្ញាត​ឲ្យ​ប្រូតេអ៊ីន​ធ្វើការ​បាន​ល្អ​ ​ហើយ​ក្នុង​នោះ​ក៏​រួមបញ្ចូល​ជួយ​រក្សា​សក់​ ​និង​ក្រចក​មាន​សុខភាព​ល្អ​ផង​ដែរ​។​ ​ករណី​ជ្រុះសក់​ក៏​ចោត​ជា​បញ្ហា​មក​ពី​កង្វះ​ជាតិ​ស័ង្កសី​ដូច​ទៅ​នឹងជា​តិ​បាយ​អូ​ទិ​ក​ដែរ​ ​ដូច្នេះ​ដើម្បី​ទទួលយក​ជាតិ​ស័ង្កសី​គ្រប់គ្រាន់​អ្នក​គ្រាន់តែ​បញ្ចូល​អាហារ​ធម្មជាតិ​សំ​ខាន់​ៗ​ទៅ​ក្នុង​អាហារ​ប្រចាំថ្ងៃ​ដូចជា​ ​សណ្តែក​ខៀវ​ ​អ៊​យស្ទ័រ​ ​បង្កង​ ​គ្រាប់ស្វាយ​ចន្ទី​ ​និង​សាច់គោ​(​សាច់​សុទ្ធ​)​ ​ជាការស្រេច​៕​

Article by​ ​HEM SOKKHIM



SUGGESTIONS