×

​«​ឈូក​ក្រៀម​ដាក់​ក្នុង​ផ្កាឈូក​ស្រស់​»​ ​ជា​វិធី​ធ្វើ​តែ​ឈូក​ប្លែក​មិនធ្លាប់​មាននៅ​កម្ពុជា​

TRAVEL & LIVING 5 years ago
 
 

​            ​នៅពេល​ឮ​ថា​មានតែ​ឈូក​ ​ប្រិយមិត្ត​ច្បាស់ជា​ឆ្ងល់​ហើយ​ថា​តើ​គេ​យក​ផ្នែក​ណាមួយ​នៃ​ឈូក​មក​ធ្វើ​តែ​ ​ហើយ​វា​មាន​លក្ខណៈ​ពិសេស​យ៉ាងណា​នោះ​ ​ដោយហេតុ​កន្លងមក​ប្រជាជន​ខ្មែរយើង​បាន​ត្រឹមតែ​យក​ឈូក​មក​ធ្វើជា​ប្រយោជន៍​ផ្សេង​ៗ​ដូចជា​ ​ក្រអៅឈូក​ធ្វើជា​បន្លែ​ចម្អិន​ឈ្ងុយឆ្ងាញ់​ ​ផ្កាយ​ក​ទៅ​ថ្វាយព្រះ​ឬ​គ្រឿងលម្អ​ ​ស្លឹក​ខ្ចប់​ចំណី​ ​ផ្លែ​ខ្ចី​ហូប​ឆៅ​ ​និង​ផ្លែ​ទុំ​យក​ទៅ​ធ្វើ​ក្រ​លីង​ឈូក​ ​ដំណាប់​គ្រាប់ឈូក​ ​បង្អែម​ឬ​ម្សៅឈូក​ជាដើម​។​ ​

​            ជា​ការពិត​ណាស់​ ​ផ្កា​ ​ស្លឹក​ ​និង​ដើម​ ​នៃ​ឈូក​ត្រូវ​បាន​គេ​យក​មក​ច្នៃ​ធ្វើជា​តែ​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​ ​ដែល​នេះ​គឺជា​សមិទ្ធផល​ផលិតផល​ធម្មជាតិ​ថ្មីសន្លាង​ ​និង​ដំបូង​គេ​នៅ​កម្ពុជា​ ​ក្រោម​សង្វាក់​ផលិតកម្ម​របស់​សហគមន៍​ ​SAMATOA​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​វិថី​ ​៦៣​ ​ក្នុង​ភូមិ​ក្រាញ់​ ​ស្រុក​សៀមរាប​ ​ខេត្តសៀមរាប​ដែនដី​អង្គរ​នៃ​យើង​។​ ​លោក​ ​អា​វិន​ ​ដេ​ឡា​វ៉ាល​ ​(​Awen​ ​Delaval​)​ ​ស្ថាបនិក​ផលិត​តែ​ឈូក​បាន​ឲ្យដឹង​ថា​ ​រយៈពេល​ប្រាំ​ឆ្នាំនេះ​យើង​មិន​ត្រឹមតែ​យក​ឈូក​មក​ធ្វើជា​តែ​ដ៏​ឈ្ងុយឆ្ងាញ់​ប៉ុណ្ណោះទេ​ ​តែ​ឈូក​ក៏​ប្រៀប​បីដូច​ជា​ឱសថ​ធម្មជាតិ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​ ​និង​សម្រស់​ផង​ដែរ​ ​តួយ៉ាង​ភេសជ្ជៈ​តែ​ដែល​ពិសា​ភ្លាម​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់ស្រាយ​នេះ​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ​សារធាតុ​ប្រឆាំង​ការ​ហើម​រលាក​នៅក្នុង​រាងកាយ​ ​និង​ក្រុម​វីតាមីន​ ​B​ ​និង​ ​C​ ​ដែល​ជួយ​ដល់​ ​ការ​បញ្ចុះទម្ងន់​ ​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម​ ​បន្ថយ​សម្ពាធ​ឈាម​ ​កាត់​បន្ថយ​ស្ត្​រេស​ ​បន្ថយ​អាការ​ឈឺក្បាល​ ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយអាហារ​ ​និង​ប្រព័ន្ធ​ការពារ​ជាដើម​។​ ​

​            ឈានជើង​មកដល់​សហគមន៍​ផ្ទាល់​ ​យើង​ចាប់អារម្មណ៍​បំផុត​ចំពោះ​សង្វាក់​ផលិតកម្ម​ធ្វើ​តែ​ឈូក​ដែល​ខុសប្លែក​ពី​ការ​ធ្វើ​តែ​ទូទៅ​ដាច់ដោយឡែក​។​ ​ដៃ​បើក​បង្ហាញ​កម្ទេច​ឈូក​ដាក់​ក្នុង​ប្រអប់​សូ​ឡា​បណ្តើរ​ ​កញ្ញា​ ​ឡុង​ ​ស្រី​ណា​ ​ជំនួយការ​ផ្ទាល់​របស់​ម្ចាស់​សហគមន៍​បាន​បង្ហើប​អំពី​ដំណាក់កាល​នៃ​ការ​ធ្វើ​តែ​ឈូក​យ៉ាង​ក្បោះក្បាយ​ថា​ ​ដំបូង​គេ​ត្រូវ​កាត់​ឈូក​ឲ្យ​ល្អិត​ៗ​ ​និង​ដាក់​ហាល​ក្រោម​កំ​ដៅ​ថ្ងៃ​ក្នុង​ប្រអប់​សូ​ឡា​ដោយ​បែងចែក​ស្លឹក​ដោយ​ស្លឹក​ ​ផ្កា​ដោយ​ផ្កា​ ​និង​ដើម​ដោយ​ដើម​ ​ការ​ហាល​ក្នុង​ប្រអប់​សូ​ឡា​នេះ​គឺ​ដើម្បីឲ្យ​កំ​ដៅ​ក្តៅ​ងំ​ល្អ​ ​ម្យ៉ាង​ការពារ​ពី​កម្ទេចធូលី​ហុយ​ចូល​។​ ​រយៈពេល​ហាល​ទម្រាំ​ស្ងួត​ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​មួយ​អាទិត្យ​ ​លុះ​ស្ងួត​កាលណា​គេ​ចាប់ផ្តើម​ប្រមែប្រមូល​តែ​ទាំងប៉ុន្មាន​ធ្វើដំណើរ​យក​ទៅ​ដាក់​ក្នុង​ផ្កាឈូក​នៅ​ឯ​បឹង​។​ ​គេ​ត្រូវ​ជិះទូក​ស្វែងរក​ផ្កាឈូក​ណា​ដែល​ក្រពុំ​ឬចាប់​ផ្តើម​រីក​ ​ហើយ​ដាក់​កម្ទេច​ផ្កាឈូក​ក្រៀម​ចូល​បរិមាណ​តិច​ឬ​ច្រើន​ទៅតាម​ទំហំ​ផ្កា​ ​បន្ទាប់មក​ក្រសោប​ត្របកផ្កា​ចូលគ្នា​ហើយ​យក​ខ្សែចង​ឲ្យ​ជាប់​។​ ​ការ​រក្សា​កម្ទេច​ឈូក​ក្រៀម​ក្នុង​ឈូក​ស្រស់​ត្រូវ​ចំណាយពេល​បី​ថ្ងៃ​ ​ដោយ​ក្នុង​មួយថ្ងៃ​ត្រូវ​ផ្លាស់​ប្តូរ​ផ្កាឈូក​មួយ​ ​មានន័យថា​ក្រោយពេល​ទុក​ក្នុង​ផ្កាឈូក​ថ្ងៃទី​មួយ​បាន​មួយថ្ងៃ​ ​នា​ព្រឹក​បន្ទាប់​គេ​ត្រូវ​យក​កម្ទេច​ឈូក​នោះ​ទៅ​ដាក់​ក្នុង​ផ្កា​ថ្មី​មួយទៀត​ហើយ​ថ្ងៃទី​បី​ក៏​អនុវត្ត​ដូចគ្នា​ផង​ដែរ​។​ ​គម្រប់​បី​ថ្ងៃ​បី​ផ្កា​ទើប​គេ​យក​មក​វេច​ខ្ចប់​ ​និង​ឆុង​ពិសា​បាន​។​ ​តាម​ការ​ឲ្យដឹង​បន្ថែម​ពី​ ​កញ្ញា​ ​ឡុង​ ​ស្រី​ណា​ ​វិធី​យក​ឈូក​ក្រៀម​ដាក់​ក្នុង​ផ្កាឈូក​ស្រស់​នេះ​ ​គឺ​ដើម្បី​អប់​យក​ក្លិន​បរិសុទ្ធ​នៃ​ផ្កា​ធម្មជាតិ​ ​ក៏ដូចជា​ដើម្បី​បង្កើន​រសជាតិ​ឈ្ងុយឆ្ងាញ់​ផង​ដែរ​។​ ​

​            តែ​ឈូក​មាន​ជា​ប្រភេទ​ ​ស្លឹក​សុទ្ធ​ ​ផ្កា​សុទ្ធ​ ​និង​លាយ​ចម្រុះគ្នា​ផ្កា​ស្លឹក​និង​ដើម​ ​ហើយ​ជាមួយគ្នា​នេះ​យើង​ក៏បាន​ភ្លក់​រសជាតិ​ផង​ដែរ​ ​ឃើញថា​មិនទាន់​ដាក់​មាត់​ដល់​កែវ​ផង​ចំហាយ​ផ្សែង​តែ​ហុយ​ៗ​បាន​សាយ​ក្លិនក្រអូប​ឈ្ងុយ​ដល់​ច្រមុះ​ធ្វើឲ្យ​អារម្មណ៍​កាន់តែ​ទោរទន់​ ​បើ​មិនបាន​សាក​មិនបាន​ដឹង​រសជាតិ​គឺ​ពិតជា​មិនអស់ចិត្ត​ឡើយ​។​ ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ពណ៌​រាង​ទឹកក្រូច​ស្រាល​គ្រាន់តែ​ក្រេប​ភ្លាម​ ​រសជាតិ​ចត់​តិច​ៗ​លាយឡំ​ក្លិន​ដ៏​ប្រហើរ​ឈ្ងុយ​ឆួល​ពេញ​ច្រមុះ​ហាក់​ធ្វើឲ្យ​អារម្មណ៍​តានតឹង​ទាំងអម្បាល​ម៉ាន​ប្រែជា​ស្រស់ស្រាយ​ភ្លាម​មួយរំពេច​ប្រៀប​បាន​កំពុងតែ​អង្គុយ​ស្រង់​ក្លិន​ផ្កា​ធម្មជាតិ​ពិ​តៗ​នៅ​ឯ​បឹង​ឈូក​ផ្ទាល់​។​ ​

​            សម្រាប់​តម្លៃ​តែ​ឈូក​នេះ​ ​ចំពោះ​ផ្កា​សុទ្ធ​ ​និង​ស្លឹក​សុទ្ធ​ ​ក្នុង​មួយ​កញ្ចប់​បរិមាណ​ ​៦០ក្រាម​តម្លៃ​ ​៧ដុល្លារ​ ​ចំណែក​តែ​លាយ​ចូលគ្នា​បី​មុខ​គឺ​ស្លឹក​ផ្កា​និង​ដើមមាន​តម្លៃ​ ​៩ដុល្លារ​។​ ​តែ​ឈូក​មាន​លក់​តែ​នៅ​សហគមន៍​ ​SAMATOA​ ​ប៉ុណ្ណោះ​ ​ដូចនេះ​សម្រាប់​អ្នកមាន​បំណង​ចង់​ជាវ​អាច​ធ្វើដំណើរ​ទៅដល់​សហគមន៍​ផ្ទាល់​ឬ​ចូល​ទៅ​បញ្ជាទិញ​នៅ​លើ​គេហទំព័រ​ហ្វេ​ប៊ុ​ក​របស់​សហគមន៍​ ​SAMATOA​ ​LOTUS​ ​TEXTILES​៕​ ​

​Article​ ​by​ ​HEM​ ​SOKKHIM​

 


SUGGESTIONS