«យើងនឹងរើសសំរាមរយៈពេលមួយឆ្នាំដើម្បីជាសារឲ្យកម្ពុជាចេះស្រលាញ់បរិស្ថាន»
NEWS 5 years agoអស់រយៈពេលជាងកន្លះខែមកហើយដែលយុវជនមួយក្រុមបានប្រមូលសំរាមនៅក្នុងប្រឡាយលូបឹងត្របែក ហើយរហូតមកដល់ពេលនេះសំរាមនៅតែមានបើទោះបីជាមានការចូលរួមនិងចាត់វិធានការផាកពិន័យពីអាជ្ញាធរក៏ដោយ។ ប្រភពបញ្ហានេះបណ្តាលមកពីកត្តាជាច្រើន ក៏ប៉ុន្តែអ្វីដែលគេសង្កេតឃើញខ្លាំងជាងគេនោះគឺមកពីប្រជាជនដែលនៅក្នុងមជ្ឈដ្ឋាននោះតែងតែទុកសំរាមក្បែរមាត់ប្រឡាយនិងខ្លះបានបោះចូលប្រឡាយជារៀងរាល់ថ្ងៃតែម្តង។ ដើមចមនៃការចាប់ផ្តើមប្រមូលសំរាមនេះគឺកើតចេញពី លោក សាន ដារ៉ាវីត ជាយុវជនស្ម័គ្រចិត្តមួយរូបដែលមានអាជីវកម្មនៅក្បែរនោះ ដោយសម្លឹងឃើញភាពមិនសមគួរនិងក្លិនដ៏អាក្រក់នៃសំរាម ហើយក៏ចាប់ផ្តើមប្រមូលសំរាមជាមួយនឹងមិត្តភក្តិនិងគ្នីគ្នាចំនួន៥នាក់។ «ពេលខ្ញុំជិះកាត់ទីនោះខ្ញុំតែងមានអារម្មណ៍ថា កន្លែងហ្នឹងមិនសមគួរបែបនេះសោះ វាធុំក្លិនអាក្រក់ ហើយខ្ញុំគិតថាវាគួរតែដល់ពេលហើយ» លោក សាន ដារ៉ាវីត បានបន្ថែម «ខ្ញុំចូលចិត្តធ្វើអ្វីដែលពិបាកមុន ដូច្នេះខ្ញុំស្វែងរកថាតើកន្លែងណាគួរតែចាប់ផ្តើមមុនគេ ហើយខ្ញុំនិងគ្នីគ្នាក៏ចាប់ផ្តើមប្រមូលសំរាមពីក្នុងប្រឡាយតែម្តង»។ ព្រឹកព្រលឹមម៉ោង ៧ ក្រុមយុវជនមួយក្រុមនេះក៏ចាប់ផ្តើមយកឈើ ដើម្បីកាយសំណល់អណ្តែតទឹកទាំងប៉ុន្មានច្រកថង់ រហូតដល់ម៉ោង ១០ព្រឹក លុះពេលល្ងាចឡើង មេឃស្រទំ ពួកគេក៏នាំគ្នាទៅប្រមែប្រមូលម្តងទៀត រួចក្រោយមក ក៏ចាប់ផ្តើមមានយុវជនច្រើនឡើងៗបានចូលខ្លួនស្ម័គ្រចិត្តជាមួយនឹងពូកគេ ក៏ប៉ុន្តែភាគច្រើនពួកគេតែងតែមកនៅពេលល្ងាច។ កញ្ញា លី ម៉ាវី ដែលជាយុវជនស្ម័គ្រចិត្តមួយរូបដែរនោះបានបញ្ជាក់ឲ្យដឹងថាយុវជនទាំងអស់ដែលមកប្រមូលសំរាមនៅទីនោះ មិនមែនជាសកម្មជនបរិស្ថាន ឬបម្រើការឲ្យអង្គការណាមួយទេ ក៏ប៉ុន្តែអ្នកស្ម័គ្រចិត្តទាំងអស់គឺមកពីគ្រប់មជ្ឈដ្ឋាន មានទាំងសិស្ស និស្សិត អ្នកធ្វើការ អាជីវករជាដើម។
បើទោះបីជាយ៉ាងនេះក្តី ក៏មានមតិមួយចំនួនបានរិះគន់ពីសកម្មភាពរបស់ពួកគេផងដែរ។ យុវជនស្ម័គ្រចិត្តមួយរូប គឺ លោក តេង វាសនា បានប្រាប់សូវរីនឲ្យដឹងថា «ច្បាស់ណាស់ថាយើងក៏បានទទួលរងការរិះគន់ជាច្រើន ទាំងអ្នករិះគន់អរូបិយ (រិះគន់ក្នុងបណ្តាញសង្គម) និងអ្នករិះគន់ រូបិយ (អ្នកផ្គើនសកម្មភាពលោក នៅកន្លែងប្រមូលសំរាម)»។ លោកបានរៀបរាប់ថា អ្នកនៅក្នុងបណ្តាញសង្គមមួយចំនួនបែរជាគិតថា ពួកគេ ចេះឈឺឆ្អាលរឿងរបស់សមត្ថកិច្ច ឬជាអ្នកដែលចេះតែបង្កបញ្ហានៅក្នុងសង្គមនាំឲ្យគេរវល់ ដើម្បីប្រជាប្រិយភាពខ្លួនឯងឬថាជារឿងឥតប្រយោជន៍ទៅវិញ។ លោក សាន ដារ៉ាវីត «មានពេលខ្លះពេលយើងកំពុងតែប្រមូលសំរាម ពួកគាត់មកបោះថែមក៏មាន»។ ឆ្លៀតក្នុងឱកាសនេះ លោកក៏បានសំណូមពរឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមសូមកុំប្រើប្រាស់ពាក្យអសុរស ដើម្បីកុំឲ្យមានការប៉ះពាល់ដល់យុវជនស្ម័គ្រចិត្តផ្សេងទៀត។
បច្ចុប្បន្ន ក្រុមយុវជនកំពុងតែដាក់ធុងសំរាមធ្វើពីធុងសាំងតាមបណ្តោយប្រឡាយលូនេះចំនួន ៣០ធុង ហើយគ្រោងនឹងដាក់បន្ថែមទៀតប្រសិនបើនៅតែមានអ្នកបោះសំរាមឬដាក់មិនគ្រប់។ យុទ្ធនាការណ៍នៃការរើសសំរាមក្នុងប្រឡាយលូនេះត្រូវបាន លោកដារ៉ាវីតបញ្ជាក់ថានឹងបន្តធ្វើរហូតរយៈពេលមួយឆ្នាំ ប្រសិនបើគ្មានប្រសិទ្ធភាព ឬនៅតែមានសំរាមច្រើននៅក្នុងប្រឡាយទៀត លោកនិងយុវជនដទៃទៀតនឹងស្វែងរកផ្លូវផ្សេងដើម្បីដោះស្រាយបញ្ហានេះឲ្យខានតែបាន។ យុទ្ធនាការនេះក៏ជាសារមួយសម្រាប់ដាស់តឿនដល់ប្រជាពលរដ្ឋកម្ពុជាឲ្យចេះស្រលាញ់បរិស្ថាននិងចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ លោក តេង វាសនា «យើងចង់ឃើញសំរាមនៅក្នុងធុងសំរាម យើងចង់ឃើញអ្នករើសសំរាមច្រើនជាងអ្នកបោះសំរាម ហើយយើងពិតជាចង់ឃើញក្រុងភ្នំពេញលែងមានសំរាមពាសវាលពាសកាលតទៅទៀតនោះឡើយ៕»
Article by KEO SONG