×

«​យើង​នឹង​រើស​សំរាម​រយៈពេល​មួយឆ្នាំ​ដើម្បី​ជា​សារ​ឲ្យ​កម្ពុជា​ចេះ​ស្រលាញ់​បរិស្ថាន​»​

NEWS 5 years ago
 
 

            អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយដែល​យុវជន​មួយ​ក្រុម​បាន​ប្រមូល​សំរាម​នៅក្នុង​ប្រឡាយ​លូ​បឹងត្របែក​ ​ហើយ​រហូតមកដល់​ពេលនេះ​សំរាម​នៅតែ​មានបើ​ទោះបីជា​មានការ​ចូលរួម​និង​ចាត់វិធានការ​ផាកពិន័យ​ពី​អាជ្ញាធរ​ក៏ដោយ​។​ ​ប្រភព​បញ្ហា​នេះ​បណ្តាល​មក​ពីក​ត្តា​ជាច្រើន​ ​ក៏ប៉ុន្តែ​អ្វី​ដែលគេ​សង្កេតឃើញ​ខ្លាំង​ជាងគេ​នោះ​គឺ​មក​ពី​ប្រជាជន​ដែល​នៅក្នុង​មជ្ឈដ្ឋាន​នោះ​តែងតែ​ទុក​សំរាម​ក្បែរ​មាត់​ប្រឡាយ​និង​ខ្លះ​បាន​បោះ​ចូល​ប្រឡាយ​ជា​រៀងរាល់ថ្ងៃ​តែម្តង​។​ ​ដើមចម​នៃ​ការ​ចាប់ផ្តើម​ប្រមូល​សំរាម​នេះ​គឺ​កើត​ចេញពី​ ​លោក​ ​សាន​ ​ដារ៉ា​វីត​ ​ជា​យុវជន​ស្ម័គ្រចិត្ត​មួយ​រូប​ដែល​មាន​អាជីវកម្ម​នៅ​ក្បែរ​នោះ​ ​ដោយ​សម្លឹងឃើញ​ភាព​មិន​សមគួរ​និង​ក្លិន​ដ៏​អាក្រក់​នៃ​សំរាម​ ​ហើយក៏​ចាប់ផ្តើម​ប្រមូល​សំរាម​ជាមួយនឹង​មិត្តភក្តិ​និង​គ្នីគ្នា​ចំនួន៥នាក់​។​ ​«​ពេល​ខ្ញុំ​ជិះ​កាត់​ទីនោះ​ខ្ញុំ​តែង​មាន​អារម្មណ៍​ថា​ ​កន្លែង​ហ្នឹង​មិន​សមគួរ​បែបនេះ​សោះ​ ​វា​ធុំក្លិន​អាក្រក់​ ​ហើយ​ខ្ញុំ​គិតថា​វា​គួរតែ​ដល់ពេលហើយ​»​ ​លោក​ ​សាន​ ​ដារ៉ា​វីត​ ​បាន​បន្ថែម​ ​«​ខ្ញុំ​ចូលចិត្ត​ធ្វើអ្វី​ដែល​ពិបាក​មុន​ ​ដូច្នេះ​ខ្ញុំ​ស្វែងរក​ថា​តើ​កន្លែងណា​គួរតែ​ចាប់ផ្តើម​មុនគេ​ ​ហើយ​ខ្ញុំ​និង​គ្នីគ្នា​ក៏​ចាប់ផ្តើម​ប្រមូល​សំរាម​ពី​ក្នុង​ប្រឡាយ​តែម្តង​»​។​ ​ព្រឹកព្រលឹម​ម៉ោង​ ​៧​ ​ក្រុម​យុវជន​មួយ​ក្រុម​នេះ​ក៏​ចាប់ផ្តើម​យក​ឈើ​ ​ដើម្បី​កាយ​សំណល់​អណ្តែត​ទឹក​ទាំងប៉ុន្មាន​ច្រក​ថង់​ ​រហូតដល់​ម៉ោង​ ​១០ព្រឹក​ ​លុះ​ពេលល្ងាច​ឡើង​ ​មេឃស្រទំ​ ​ពួកគេ​ក៏​នាំគ្នា​ទៅ​ប្រមែប្រមូល​ម្តង​ទៀត​ ​រួច​ក្រោយមក​ ​ក៏​ចាប់ផ្តើម​មាន​យុវជន​ច្រើន​ឡើង​ៗ​បាន​ចូលខ្លួន​ស្ម័គ្រចិត្ត​ជាមួយនឹង​ពូក​គេ​ ​ក៏ប៉ុន្តែ​ភាគច្រើន​ពួកគេ​តែងតែ​មក​នៅពេល​ល្ងាច​។​ ​កញ្ញា​ ​លី​ ​ម៉ា​វី​ ​ដែល​ជា​យុវជន​ស្ម័គ្រចិត្ត​មួយ​រូប​ដែរ​នោះ​បាន​បញ្ជាក់ឲ្យដឹង​ថា​យុវជនទាំងអស់​ដែល​មក​ប្រមូល​សំរាម​នៅ​ទីនោះ​ ​មិនមែន​ជាសកម្ម​ជន​បរិស្ថាន​ ​ឬ​បម្រើការ​ឲ្យ​អង្គការ​ណាមួយ​ទេ​ ​ក៏ប៉ុន្តែ​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​គឺ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ ​មាន​ទាំង​សិស្ស​ ​និស្សិត​ ​អ្នកធ្វើការ​ ​អាជីវករ​ជាដើម​។​ ​

            បើ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​ក៏​មាន​មតិ​មួយចំនួន​បាន​រិះគន់​ពី​សកម្មភាព​របស់​ពួកគេ​ផង​ដែរ​។​ ​យុវជន​ស្ម័គ្រចិត្ត​មួយ​រូប​ ​គឺ​ ​លោក​ ​តេង​ ​វាសនា​ ​បាន​ប្រាប់​សូ​វរីន​ឲ្យដឹង​ថា​ ​«​ច្បាស់​ណាស់​ថា​យើង​ក៏បាន​ទទួលរង​ការរិះគន់​ជាច្រើន​ ​ទាំង​អ្នករិះគន់​អ​រូបិយ​ ​(​រិះគន់​ក្នុង​បណ្តាញ​សង្គម​)​ ​និង​អ្នករិះគន់​ ​រូបិយ​ ​(​អ្នក​ផ្គើន​សកម្មភាព​លោក​ ​នៅកន្លែង​ប្រមូល​សំរាម​)​»​។​ ​លោក​បាន​រៀបរាប់​ថា​ ​អ្នក​នៅក្នុង​បណ្តាញ​សង្គម​មួយចំនួន​បែរជា​គិតថា​ ​ពួកគេ​ ​ចេះ​ឈឺឆ្អាល​រឿង​របស់​សមត្ថកិច្ច​ ​ឬ​ជា​អ្នក​ដែល​ចេះតែ​បង្ក​បញ្ហា​នៅក្នុង​សង្គម​នាំឲ្យ​គេ​រវល់​ ​ដើម្បី​ប្រជាប្រិយ​ភាព​ខ្លួនឯង​ឬថា​ជា​រឿង​ឥតប្រយោជន៍​ទៅវិញ​។​ ​លោក​ ​សាន​ ​ដារ៉ា​វីត​ ​«​មាន​ពេលខ្លះ​ពេល​យើង​កំពុងតែ​ប្រមូល​សំរាម​ ​ពួកគាត់​មក​បោះ​ថែម​ក៏​មាន​»​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​លោក​ក៏បាន​សំណូមពរ​ឲ្យ​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​សូមកុំ​ប្រើប្រាស់​ពាក្យអសុរស​ ​ដើម្បីកុំឲ្យ​មានការ​ប៉ះពាល់​ដល់​យុវជន​ស្ម័គ្រចិត្ត​ផ្សេងទៀត​។​

​            បច្ចុប្បន្ន​ ​ក្រុម​យុវជន​កំពុងតែ​ដាក់​ធុងសំរាម​ធ្វើ​ពី​ធុងសាំង​តាម​បណ្តោយ​ប្រឡាយ​លូ​នេះ​ចំនួន​ ​៣០ធុង​ ​ហើយ​គ្រោង​នឹង​ដាក់​បន្ថែម​ទៀត​ប្រសិនបើ​នៅតែ​មាន​អ្នក​បោះ​សំរាម​ឬ​ដាក់​មិន​គ្រប់​។​ ​យុទ្ធនា​ការណ៍​នៃ​ការ​រើស​សំរាម​ក្នុង​ប្រឡាយ​លូ​នេះ​ត្រូវ​បាន​ ​លោក​ដារ៉ា​វីត​បញ្ជាក់​ថា​នឹង​បន្ត​ធ្វើ​រហូត​រយៈពេល​មួយឆ្នាំ​ ​ប្រសិនបើ​គ្មាន​ប្រសិទ្ធភាព​ ​ឬនៅ​តែ​មាន​សំរាម​ច្រើន​នៅក្នុង​ប្រឡាយ​ទៀត​ ​លោក​និង​យុវជន​ដទៃទៀត​នឹង​ស្វែងរក​ផ្លូវ​ផ្សេង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ខាន​តែ​បាន​។​ ​យុទ្ធនាការ​នេះ​ក៏​ជា​សារ​មួយ​សម្រាប់​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ចេះ​ស្រលាញ់​បរិស្ថាន​និង​ចេះ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​។​ ​លោក​ ​តេង​ ​វាសនា​ ​«​យើង​ចង់​ឃើញ​សំរាម​នៅក្នុង​ធុងសំរាម​ ​យើង​ចង់​ឃើញ​អ្នក​រើស​សំរាម​ច្រើនជាង​អ្នក​បោះ​សំរាម​ ​ហើយ​យើង​ពិតជា​ចង់​ឃើញ​ក្រុងភ្នំពេញ​លែង​មាន​សំរាម​ពាសវាលពាសកាល​តទៅទៀត​នោះ​ឡើយ​៕​»

Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS