×

មុន​សម្រេចចិត្ត​កែសម្ផស្ស​ ​គួរ​ស្វែងយល់​ពីក​ត្តា​ជះ​ឥទ្ធិ​លពល​ចំពោះ​សុខភាព​ជាមុន​សិន

TRAVEL & LIVING 5 years ago
 
 

            ​បច្ចុប្បន្ន​ការ​កែសម្ផស្ស​គឺជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​ទូទៅ​ ​ដោយហេតុ​សម័យនេះ​គឺជា​សម័យ​ឡូយឆាយ​មនុស្ស​ស្ទើរតែ​គ្រប់រូប​ចូលចិត្ត​ចាយ​សម្រស់​ ​និង​ស្រឡាញ់​ភាព​ស្រស់​ស្អាត​ជាចម្បង​។​ ​ការ​កែកុន​បន្ថែម​សម្រស់​ពី​ធម្មជាតិ​ដូចជា​ ​ដាក់​ខ្ទង់ច្រមុះ​ ​ចាក់​ចង្កា​ ​និង​ដាក់​ស៊ី​លី​ខូន​បន្ថែម​ទំហំ​ដើមទ្រូង​ជាដើម​ ​សុទ្ធសឹង​ជា​ការវះកាត់​ដែល​កំពុងពេញនិយម​នា​ពេល​បច្ចុប្បន្ន​ ​ដែល​សំខាន់​ជឿជាក់​ថា​ប្រិយមិត្ត​ដែល​កំពុងតែ​អាន​អត្ថបទ​នេះ​ក៏​ធ្លាប់​មានបំណង​ចង់​កែកុន​បន្តិចបន្តួច​ទៅលើ​សម្រស់​របស់​ខ្លួន​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ការ​កែកុន​អាច​នឹង​ផ្តល់​នូវ​ទំនុកចិត្ត​ក៏ដូចជា​សម្រស់​ថ្មី​សម្រាប់​អ្នក​ ​ប៉ុន្តែ​គួរ​ចងចាំ​ថា​អ្វី​ដែល​ខុសពី​ធម្មជាតិ​វា​មិន​រមែង​ផ្តល់​ផល​ល្អ​ចំពោះ​រាងកាយ​ឡើយ​ ​ហេតុដូច្នេះ​មុន​ពេល​សម្រេចចិត្ត​កែសម្ផស្ស​ទៅលើ​ផ្នែក​ណាមួយ​ ​សុភាពបុរស​សុភាពនារី​ ​គួរតែ​ស្វែងយល់​ពីក​ត្តា​សំខាន់​ចំពោះ​សុខភាព​ដូច​ខាងក្រោម​៖​ ​

​1​.​ ប្រតិកម្ម​ស្បែក
            ​ការ​ប្រតិកម្ម​ស្បែក​គឺជា​ហេតុផល​ចម្បង​ដែល​បង្ក​បញ្ហា​ចំពោះ​ការវះកាត់​ ​ពេលខ្លះ​ការ​ប្រិត​កម្ម​នេះ​ហើយដែល​ងាយ​ប្រឈម​បង្ក​ទៅជា​មហារីក​ធ្ងន់ធ្ងរ​។​ ​វា​ពិតជា​ចាំបាច់ក្នុង​ការពិភាក្សា​ជាមួយ​អ្នកជំនាញ​ថា​តើ​ស្បែក​របស់​អ្នក​ងាយ​ប្រតិកម្ម​ទៅ​នឹង​អ្វីខ្លះ​ ​ជាពិសេស​ប្រតិកម្ម​ជាមួយ​សារធាតុ​យក​មក​កែសម្ផស្ស​ដូចជា​ ​ពពួក​ជ័រ​ស៊ី​លី​ខូន​ ​សារធាតុ​ ​acrylates​ ​និង​សារធាតុ​ ​Latex​ ​ឬ​ថ្នាំស​ណ្តំ​ជាដើម​។​ ​សូម្បីតែ​ការ​ប្រតិកម្ម​ជាមួយ​គ្រឿងអលង្ការ​ ​និង​ធា​តុ​ផ្សេង​ៗ​ដូចជា​ដែក​ ​ប្រាក់​ ​ផ្លា​ទីន​ ​និង​មាស​ ​ក៏​ត្រូវ​ប្រាប់​ដល់​អ្នកជំនាញ​ដើម្បី​មានការ​ប្រុងប្រយ័ត្ន​ផង​ដែរ​។​ ​ក្រោយ​ធ្វើការ​វះកាត់​ប្រសិនបើ​មាន​បញ្ហា​មិន​ប្រក្រតី​ ​គួរ​ប្រញាប់​ទៅ​ជួប​អ្នកជំនាញ​ជាបន្ទាន់​ ​ព្រោះ​បើសិន​ទុក​យូរ​អាច​បង្ក​ទៅជា​ឆ្លង​មេ​រោ​គ​ផ្សេង​ៗ​ឬ​កើតទៅជា​មហារីក​ធ្ងន់ធ្ងរ​។​ ​សរុប​មក​សម្រាប់​អ្នកមាន​បញ្ហា​ប្រតិកម្ម​ស្បែក​បើ​ជៀស​បាន​គួរ​កុំ​ធ្វើការ​កែសម្ផស្ស​ទើប​ប្រសើរ​។​

​2​.​ លើស​ទម្ងន់​
            ​​ចំពោះ​អ្នក​ធាត់​ឬ​លើស​ទម្ងន់​ដែល​កំពុង​មាន​គម្រោង​វះកាត់​កែសម្ផស្ស​គួរ​យល់ដឹង​ថា​ការ​លើស​ទម្ងន់​អាច​ធ្វើឲ្យ​រាងកាយ​ស្ថិត​ក្រោម​សម្ពាធ​ច្រើន​ ​និង​ប្រឈម​ហានិភ័យ​ប៉ះពាល់​មួយចំនួន​ចំពោះ​សុខភាព​ ​ជាពិសេស​គ្រោះថ្នាក់​ជាមួយនឹង​ថ្នាំសន្លប់​។​ ​ការ​លើស​ទម្ងន់​អាច​បង្កើន​ការ​ប្រឈម​ដង្ហើម​ឈប់​ដក​នៅ​កំឡុង​ពេល​វះកាត់​ ​ដោយសារតែ​ឥទ្ធិពល​ខ្លាំងក្លា​នៃ​ថ្នាំសន្លប់​។​ ​ដូចនេះ​ប្រសិនបើ​ដឹង​ថា​ខ្លួន​មាន​ទម្ងន់​លើស​ ​គួរ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ឲ្យបាន​ត្រឹមត្រូវ​មុន​ធ្វើការ​វះកាត់​ ​សំខាន់​ការ​ថែរក្សា​សុខភាព​ឲ្យ​រឹងមាំ​មុន​វះកាត់​ក៏​នឹង​ជួយ​ឲ្យ​ការវះកាត់​មាន​សុវត្ថិភាព​ ​និង​កាត់បន្ថយ​ហា​និ​ភ័យ​ផ្សេង​ៗ​រួម​ទាំង​ធ្វើឲ្យ​រាងកាយ​ឆាប់​ត្រឡប់​មក​រឹងមាំ​ដូចដើម​ផង​ដែរ​។​ ​

​3​.​ បញ្ឈប់​ការ​ជក់បារី​ ​និង​ផឹកស្រា​ ​
            ​​តាម​ការសិក្សា​ស្រាវជ្រាវ​ ​នៅពេល​វះកាត់​អ្នក​ជក់បារី​ត្រូវការ​ថ្នាំស្ពឹក​បន្ថែម​ ​២៣ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​មិនបាន​ជក់​។​ ​អ្នកជំនាញ​បាន​ផ្តល់​ដំបូន្មាន​ ​ដល់​អ្នក​ជក់បារី​ដែល​មាន​គម្រោង​ចង់​វះកាត់​កែសម្ផស្ស​ ​គួរ​បញ្ឈប់​ការ​ជក់​មុន​ថ្ងៃ​វះកាត់​រយៈពេល៦សប្តាហ៍​និង​ក្រោយ​ថ្ងៃ​វះកាត់៦សប្តាហ៍​។​ ​ជាមួយគ្នា​នេះ​ក៏​ត្រូវ​ផ្អាក​ការ​សេពសុរា​មុន​វះកាត់​មួយ​ទៅ​ពីរ​សប្តាហ៍​ផង​ដែរ​ ​ដើម្បី​ការពារ​ឥទ្ធិពល​ពី​ថ្នាំស​ណ្តំ​ ​និង​ហានិភ័យ​នៃ​ការ​ហូរឈាម​។​

​4​.​ ករណី​មាន​ជំងឺ​ប្រចាំ​កាយ​ ​
            ​​សម្រាប់​អ្នកមាន​ជំងឺហឺត​ ​ត្រូវ​ប្រាកដ​ថា​ខ្លួន​បាន​ត្រួតពិនិត្យ​សុខភាព​ត្រឹមត្រូវ​ជាមួយ​គ្រូពេទ្យ​យ៉ាងហោចណាស់​មួយ​សប្តាហ៍​មុន​ថ្ងៃ​វះកាត់​ ​ដើម្បី​ច្បាស់លាស់​ថា​ខ្លួន​មាន​សុខភាព​មាំទាំ​អាច​ទប់ទល់​នឹង​ថ្នាំស្ពឹក​ឬ​ថ្នាំស​ណ្តំ​ក៏ដូចជា​ការវះកាត់​ដោយ​សុវត្ថិភាព​។​ ​រី​ឯ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ ​ឬ​ឧស្សាហ៍​លើស​ជាតិ​ស្ករ​ ​និង​ខ្វះ​ជាតិ​ស្ករ​ ​អាច​បង្ក​ជា​បញ្ហា​មុខរបួស​មិន​ងាយ​ជា​ក្រោយពេល​ធ្វើការ​វះកាត់​ ​ដូចនេះ​ត្រូវ​រក្សា​តុល្យភាព​ជាតិ​ស្ករ​ឲ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​ពី​គ្រូពេទ្យ​ជំនាញ​មុន​ពេលធ្វើការ​វះកាត់​។​ ​ទោះ​យ៉ាងណា​ ​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ ​ត្រូវ​ទទួលទាន​អាហារ​សម្បូរទៅដោយ​ប្រូតេអ៊ីន​ឲ្យបាន​ច្រើន​ដើម្បី​ជួយ​ឲ្យ​មុខរបួស​ឆាប់​ជាសះស្បើយ​។​ ​ពិសេស​ព្យាយាម​បន្ធូរ​អារម្មណ៍​កាត់​បន្ថយ​ស្ត្​រេស​ ​ព្រោះ​ស្ត្​រេស​ក៏​ជា​ករណី​ធ្វើឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផង​ដែរ​។​ ​

​5​.​ ​អារម្មណ៍​ភ័យខ្លាច​
            ​ការវះកាត់​កែសម្ផស្ស​វា​មិន​ត្រឹមតែ​ផ្តោត​លើ​ផ្នែក​ណាមួយ​នៃ​រាងកាយ​ប៉ុណ្ណោះទេ​ ​តែ​វា​ដើរ​ទន្ទឹមគ្នា​ជាមួយនឹង​អារម្មណ៍​ផង​ដែរ​។​ ​តួយ៉ាង​អារម្មណ៍​ភ័យ​ព្រួយ​ ​ខ្លាច​ឈឺ​ ​អន្ទះអន្ទែង​ ​គេង​មិន​គ្រប់គ្រាន់​ ​ហត់នឿយ​អស់កម្លាំង​ ​និង​ការ​ហើម​រលាក​សុទ្ធតែ​ជា​កត្តា​ជះឥទ្ធិពល​ដល់​សុវត្ថិភាព​នៃ​ការវះកាត់​។​ ​នេះ​ជាហេតុ​ផល​សំខាន់​ដែល​អ្នកចាំ​បាច់​ធ្វើការ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​រហូត​មានទំនុក​ចិត្ត​ ​និង​ភាព​ជឿជាក់​គ្រប់គ្រាន់​ទើប​ចាប់ផ្តើម​ធ្វើការ​វះកាត់​។​ ​

​6​.​ ផ្តោត​ការថែទាំ​ក្រោយពេល​វះកាត់​
            ​អាច​និយាយ​បាន​ថា​ការ​ថែរក្សា​សុខភាព​មុន​ពេល​វះកាត់​គឺជា​រឿង​ដ៏​សំខាន់​ ​ប៉ុន្តែ​ក្រោយពេល​វះកាត់​វា​កាន់​សំខាន់​ជាង​នេះ​ទៅទៀត​ ​ចងចាំ​ថា​អ្នក​ត្រូវ​មើលថែ​ខ្លួន​ ​និង​សម្រាក​ឲ្យបាន​ច្រើនយ៉ាង​ហោចណាស់ក៏​ ​៤៨ម៉ោង​ដែរ​បន្ទាប់ពី​ការវះកាត់​។​ ​ប្រសិន​មាន​អារម្មណ៍​មិន​ប្រក្រតី​កើតឡើង​គួរ​ប្រញាប់​ត្រឡប់ទៅ​ជួប​អ្នកជំនាញ​វិញ​ជាបន្ទាន់​។​ ​

​7​.​  ជ្រើសរើស​កន្លែង​ដ៏​ត្រឹមត្រូវ​
            ​​ថ្វី​ដ្បិត​ការ​កែសម្ផស្ស​ល្អ​ចំពោះ​សម្រស់​តែ​មិនល្អ​ចំពោះ​សុខភាព​ ​ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ជ្រើសរើស​កន្លែង​កែសម្ផស្ស​ណាមួយ​ដែល​មាន​អ្នកជំនាញ​ត្រឹមត្រូវ​ ​មានការ​ទទួលស្គាល់​ពី​គុណភាព​ ​ស្តង់ដារ​ ​និង​សុវត្ថិភាព​ ​ដើម្បី​ជៀសវាង​បង្ក​បញ្ហា​ទៅ​ថ្ងៃក្រោយ​។​ ​លើស​ពីនេះ​ត្រូវ​ដឹងពី​សុពលភាព​នៃ​វត្ថុធាតុ​ដែល​យក​មក​កែសម្ផស្ស​ ​ហើយ​ធ្វើការ​ផ្លាស់​ប្តូរ​ទៅតាម​រយៈពេល​កំណត់​៕​ ​        ​

​Article​ ​by​ ​HEM​ ​SOKKHIM​


SUGGESTIONS