×

វិធីថែរក្សា​សម្ផស្ស​សាមញ្ញៗ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ ពេល​អាកាសធាតុ​ក្តៅខ្លាំង​

TRAVEL & LIVING 5 years ago
 
 

          ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​អាកាសធាតុ​តែង​ប្រែប្រួល​មិន​ទៀងទាត់​ ​ឈាន​ដល់​ឆ្នាំ២០១៩នេះ​ ​អាកាសធាតុ​នៅ​កម្ពុជា​អាច​កើនឡើង​រហូតដល់​ ​៤២អង្សា​រ​ ​ដែល​នេះ​អាច​ធ្វើឲ្យ​មនុស្ស​ប្រឈមមុខ​យ៉ាង​ខ្លាំង​ទៅ​នឹង​បញ្ហា​ផ្សេង​។​ ​ជាពិសេស​ក្នុង​ខែមេសា​និង​ខែឧសភា​ ​ដែល​អាកាសធាតុ​មាន​សភាព​ក្តៅ​ហួតហែង​ ​ស្ថានភាព​បែបនេះ​ ​គឺ​ងាយ​នឹង​បង្ក​ឲ្យ​មាន​ ​ផល​ប៉ះពាល់​ដល់​សម្រស់​យ៉ាង​ខ្លាំង​ប្រសិនបើ​គ្មាន​ការ​ការពារ​និង​ថែទាំ​ទេ​នោះ​។​ខាងក្រោម​នេះ​គឺជា​វិ​ធី​ងាយ​ៗ​មួយចំនួន​ដែល​អាច​ជួយ​ថែរក្សា​សម្រស់​របស់​អ្នកឲ្យ​នៅ​ស្រស់ថ្លា​ដូចដើម​៖​

1​.​ ​បំពេញ​ជាតិទឹក​ក្នុង​រាងកាយ​ឲ្យបាន​គ្រប់គ្រាន់
​ទឹក​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​រាងកាយ​មនុស្ស​ ​យ៉ាងហោចណាស់​អ្នក​គួរ​ទទួលទានទឹក៨កែវ​ក្នុង​មួយថ្ងៃ​ ​បើ​អាច​ធ្វើ​បាន​ចូរ​យក​ដប​ទឹក​តាម​ខ្លួន​ ​ហើយ​ផឹក​យ៉ាងតិច​ណាស់​ម្តង​រៀងរាល់៣០នាទី​។​ ​ទឹក​មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​ប៉ុណ្ណោះទេ​ប៉ុន្តែ​វា​ក៏​ជួយ​ទប់ស្កាត់​ការបាត់បង់​ជាតិទឹក​ពី​ក្នុង​ស្បែក​និង​ជួយ​លាង​សម្អាត​ជាតិពុល​ជាច្រើន​ផង​ដែរ​។​ដាច់ខាត​កុំ​មើល​រំលង​អំពី​សំណើម​ដែល​ស្បែក​អ្នកមាន​ ​ព្រោះ​ពេល​ដែល​អ្នក​បែកញើស​ដោយ​ក​ត្តា​ផ្សេង​ៗ​ ​នោះ​នឹង​ធ្វើឲ្យ​ស្បែក​របស់​អ្នក​កាន់តែ​ស្ងួត​ប្រសិនបើ​មិន​បំពេញ​ជាតិទឹក​ឲ្យបាន​គ្រប់គ្រាន់​ដល់​រាងកាយ​បូករួម​នឹង​ពន្លឺ​ព្រះអាទិត្យ​ផង​ ​ស្បែក​របស់​អ្នក​នឹង​ឆាប់​ស្ងួត​បាត់​ភាព​ភ្លឺ​ថ្លា​ជាក់ជា​មិនខាន​។​ ​មិន​គួរ​ចាំ​ដល់​ស្រេកទឹក​ទើប​ទទួលទាន​នោះ​ឡើយ​ ​ព្រោះ​ខ្លួនប្រាណ​របស់​អ្នក​បាន​បាត់បង់​ជាតិទឹក​អស់​ ​១ទៅ២ភាគរយ​នៃ​រាងកាយ​រួច​ទៅ​ហើយ​ ​ការ​រង់ចាំ​ដល់ពេល​អ្នក​ស្រេកទឹក​ទើប​ផឹក​ ​មិនមែន​ជាការល្អ​ទេ​។​

2​.​ ​ឡេ​ការពារ​កម្តៅថ្ងៃ​គឺ​ចាំបាច់​ជាទីបំផុត​
​មិនថា​អ្នកមាន​ទម្លាប់​លាប​យ៉ាងណា​នោះ​ទេ​ ​ក៏ប៉ុន្តែ​ស្ថិត​ក្នុង​រដូវ​ក្តៅ​បែបនេះ​ត្រូវតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ឲ្យបាន​ទៀងទាត់​ ​ព្រោះ​កម្តៅ​ខ្លាំង​បែបនេះ​អាច​បង្ក​ជា​ផលវិបាក​ដល់​ស្បែក​ ​ហើយ​បើ​ធ្ងន់ធ្ងរ​អាច​បង្ក​ទៅជា​មហារីក​ស្បែក​ថែមទៀត​ផង​។​ ​រាល់​ផលិតផល​ការពារ​កម្តៅ​ព្រះអាទិត្យ​អាច​ការពារ​ប្រឆាំង​នឹង​កាំរស្មី​ ​UVB​ ​ដែល​ធ្វើឲ្យ​ស្បែក​អ្នក​ខូច​។​ ​រី​ឯ​កាំរស្មី​ ​UVA​ ​ក៏​រួមចំណែក​ផង​ដែរ​នៃ​ជំងឺមហារីក​ស្បែក​និង​ភាព​វ័យ​ចំណាស់​មុន​អាយុ​។​អ្នក​គួរ​ជ្រើស​រើស​ឡេ​ការពារ​កម្តៅថ្ងៃ​ដែល​មាន​(​SPF​)​ ​ចាប់ពី​ ​30​ ​ឡើង​ទៅ​។​ ​ចំនួន​ ​SPF​ ​គឺជា​កម្រិត​នៃ​ការ​ការពារ​និង​ប្រឆាំង​ស្បែក​ពី​កាំរស្មី​ ​UVB​។​ ​អ្នក​គួរ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​នៅ​លើ​ស្បែក​មុននឹង​ចេញទៅ​ក្រៅ​យ៉ាងហោចណាស់20នាទី​ដើម្បីឲ្យ​ជា​តិ​ឡេ​ជ្រាបចូល​ទៅ​ក្នុង​ស្បែក​បាន​សព្វ​ល្អ​។​រាល់​ផលិតផល​ថែរក្សា​សម្រស់​គួរតែ​រក្សាទុក​នៅកន្លែង​ត្រជាក់​ល្មម​ដើម្បី​រក្សា​គុណភាព​នៃ​ផលិតផល​ទាំងនោះ​បាន​យូរ​។

3​.​ ​រក្សា​អនាម័យ​ឲ្យបាន​ស្អាត​ល្អ​
រដូវ​ក្តៅ​នឹង​ធ្វើឲ្យ​រាងកាយ​របស់​អ្នក​ងាយ​នឹង​បែកញើស​ ​រី​ឯ​ជាតិ​ខ្លាញ់​លើ​ស្បែក​ក៏​កើនឡើង​ច្រើនជាង​ធម្មតា​ជាពិសេស​គឺ​នៅ​លើ​ស្បែក​មុខតែ​ម្តង​។​ ​ប្រសិនជា​អាច​ ​អ្នក​គួរគប្បី​លាងមុខ​និង​ងូតទឹក​យ៉ាងហោចណាស់​ឲ្យបាន២ដង​ក្នុង​មួយថ្ងៃ​ ​ព្រោះ​មិន​ត្រឹមតែ​ធ្វើឲ្យ​ស្បែក​មាន​សភាព​ត្រជាក់​ ​ស្រស់ថ្លា​នោះ​ទេ​ ​តែ​ក៏​ជា​ការ​លាង​ជម្រះ​មេ​រោ​គ​ផ្សេង​ៗ​ដែល​បាន​បញ្ចេញ​មក​តាម​ញើស​និង​ការពារ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​មក​ពី​បរិយាកាស​ដ៏​ក្តៅ​អាប់អួរ​ផង​ដែរ​។​

4​. កាត់បន្ថយ​ការ​ផាត់មុខ​
​ក្នុង​រដូវក្ដៅ​បែបនេះ​ ​បើសិនជា​អាច​អ្នក​គួរ​កាត់បន្ថយ​ការ​តុបតែង​មុខ​ឲ្យ​នៅ​តិចតួច​បំផុត​។​ស្ថិតនៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ដ៏​ក្តៅ​ហួតហែង​ ​ការ​ផាត់មុខ​បែប​ធម្ម​ជា​តិៗ​គឺ​ល្អ​បំផុត​។​ ​ប្រសិនបើ​អ្នកចាំ​បាច់​ប្រើប្រាស់​ ​foundation​ ​អ្នក​គួរតែ​ប្រើប្រាស់​រួម​ជាមួយ​ ​powder​ ​ដែល​មាន​ផ្ទុក​ ​SPF​ ​ដើម្បី​ចៀសវាង​ស្បែក​ដែល​មិន​ធ្វើ​ឱ្យ​រលាក​។​ ​មិន​ត្រូវ​ភ្លេច​ក្នុង​ការ​ការពារ​បបូរមាត់​របស់​អ្នក​ពី​កម្តៅ​ព្រះអាទិត្យ​នោះ​ឡើយ​ ​គប្បី​ប្រើប្រាស់​គ្រែ​មរ​លោង​ ​ឬ​ក្រែម​លាប​បបូរមាត់​ប្រភេទ​ណាមួយ​ដែល​មាន​ផ្ទុក​ ​SPF​ ​យ៉ាងហោចណាស់15ឡើង​ ​ដើម្បី​ធ្វើឲ្យ​បបូរមាត់​របស់​អ្នក​ស្រស់ថ្លា​។​

​5​. ​ប្រើប្រាស់​ផលិតផល​ដែល​មាន​ផ្ទុក​សារធាតុ​ ​antioxidants​
​ជាការល្អ​ប្រសើរ​ប្រសិនបើ​អ្នកប្រើ​ប្រាស់​ ​serums​,​ ​moisturizers​,​ ​និង​ ​sunscreens​ ​ដែល​មាន​ផ្ទុក​សារធាតុ​ ​antioxidants​ ​។​ ​វីតាមីន​ ​C​ ​ដែល​មាន​ក្នុង​ ​antioxidants​ ​អាច​ការពារ​ស្បែក​របស់​អ្នក​ពី​ការខូចខាត​ដែល​ទទួលរង​ពី​បរិស្ថាន​និង​បង្កើន​សារធាតុcollagenនៃ​ស្បែក​ថែមទៀត​ផង​។​ ​Creams​ ​និង​ ​serums​ ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ដែល​ចម្រាញ់​ពី​ធម្មជាតិ​ជាច្រើន​ប្រភេទ​ដែល​អាច​កាត់បន្ថយ​ការ​រលាក​នៃ​ស្បែក​ ​(​ដែល​ជា​រឿង​ធម្មតា​នៅក្នុង​រដូវ​ក្តៅ​)​ ​និង​ជួយ​ជួសជុល​បញ្ហា​នៃ​ស្បែក​ថែមទៀត​ផង​៕​

Article​ ​by​ TAING KIMLY


SUGGESTIONS