×

ប្រជាជន​ខ្មែរ​និយម​តុបតែង​លម្អ​គោម​ផ្កាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ដើម្បីអ្វី​?​

TRAVEL & LIVING 2 weeks ago
 
 

​            ​វា​មិន​មាន​អ្វី​ចម្លែក​ទេ​ប្រសិនបើ​អ្នក​ឃើញ​គោម​ផ្កាយ​ចម្រុះ​ពណ៌​តូច​ធំ​ដែលគេ​ចង​ដាក់​តាំង​លម្អ​នៅ​ ​តាម​គេហដ្ឋាន​ ​ឬ​ ​តាម​ដង​វិថី​ ​ឬ​ ​ក្នុង​កម្មវិធី​កម្សាន្ត​សប្បាយ​នៅ​តាម​សាលារៀន​ ​និង​ ​ស្ថាប័ន​ការងារ​នានា​ ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ​ព្រោះ​វា​បាន​ក្លាយជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្មែរ​តាំងពី​យូរយារណាស់មកហើយ​។​ ​ប្រជាជន​ខ្មែរ​មួយចំនួន​ធំ​ប្រហែលជា​ដឹង​ត្រឹម​ថា​គេ​ចង​ព្យួរ​គោម​ផ្កាយ​សម្រាប់​បង្កើន​ ​សោភ័ណភាព​ផ្ទះសម្បែង​ ​ឬ​ ​ទីតាំង​ប្រារព្ធ​កម្មវិធី​ឲ្យ​ស្រស់​ស្អាត​តាម​ការ​និ​យម​តៗ​គ្នា​តែប៉ុណ្ណោះ​ប៉ុន្តែ​ពួកគេ​ ​ទំនងជា​ពុំ​ទាន់​ដឹង​អំពី​មូលហេតុ​ចម្បង​នៃ​ការប្រើ​ប្រាស់​គ្រឿង​តុបតែង​លម្អ​ប្រភេទ​នេះ​ឡើយ​។​ ​

​            ​បើ​តាម​អត្ថន័យ​ទូទៅ​ ​យើង​សង្កេតឃើញ​ថា​ខ្មែរ​ជា​ជនជាតិ​ដែល​មាន​ជំនឿ​លើ​ពន្លឺ​ដែល​ស្តែង​ឡើង​ ​តាមរយៈ​ការ​សង់ផ្ទះ​បែរមុខ​ទៅ​ទិសខាងកើត​ឆ្ពោះទៅ​រក​ព្រះអាទិត្យ​ ​ការ​បើកទ្វារ​បើក​បង្អួច​ធំៗ​ឲ្យ​ស្រឡះ​ ​ឲ្យ​ផ្ទះ​ភ្លឺ​ ​ការប្រើ​ពាក្យ​តួយ៉ាង​ ​«​ភ្ញៀវពន្លឺ​»​ ​«​ពន្លឺ​ចំណេះវិជ្ជា​»​ ​ជាដើម​។​ ​ពន្លឺ​ជា​និមិត្តរូប​នៃ​សិរី​សួស្តី​ ​និង​ ​ភាព​រីក​ ​ចម្រើន​ ​ដែល​មនុស្ស​គ្រប់រូប​រមែងតែងតែ​ប្រាថ្នា​ចង់បាន​។​ ​ដូចនេះ​ ​ការ​តុបតែង​លម្អ​ផ្ទះសម្បែង​ ​និង​ភូមិដ្ឋាន​ ​ដោយ​ប្រើ​ចង្កៀងគោម​ដែល​មាន​ពន្លឺ​ជា​រឿង​ដែល​មានហេតុ​ផល​សមស្រប​ជាទីបំផុត​។​ ​ម្យ៉ាងវិញទៀត​ ​កាល​ ​ពី​សម័យ​ដើម​ ​ស្រុកទេស​យើង​ពុំ​ទាន់​ជឿនលឿន​ពុំ​ទាន់​មាន​ភ្លើងអគ្គិសនី​ប្រើ​ ​ពុំ​ទាន់​មាន​ភ្លើង​ពិល​និង​អំពូល​ ​ផ្សេង​ៗ​នៅឡើយ​ ​ដូចនេះ​ ​នៅពេល​ទៅលេង​កម្មវិធី​បុណ្យទាន​នៅក្នុង​ភូមិ​ឬ​តាម​វត្តអារាម​នៅពេល​យប់​ងងឹត​ ​ប្រជាជន​ចាំបាច់​ត្រូវការ​ពន្លឺភ្លើង​ចង្កៀងគោម​ដើម្បី​ងាយស្រួល​ជួបជុំគ្នា​រាំ​លេងកម្សាន្ត​និង​ធ្វើ​កម្ម​វិ​ធី​ផ្សេង​ៗ​។​

​            ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​ឯកឧត្តម​បណ្ឌិត​ ​លី​ ​រស្មី​ ​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការ​គណៈ​ស្ថាបត្យករ​កម្ពុជា​ធ្លាប់​មានប្រសាសន៍​ថា​ ​ក្នុង​ផ្នត់គំនិត​ខ្មែរ​បុរាណ​ ​មនុស្សសត្វ​ដែល​រស់នៅ​លើ​ផែនដី​ទាំងអស់​សុទ្ធតែ​ ​ទទួល​ឥទ្ធិពល​ពី​ផ្កាយ​នព្វគ្រោះ​ ​គឺ​ផ្កាយ​ទាំង​ប្រាំបួន​ដែល​ជាម​ង្គល​របស់​សត្វលោក​ ​ក្នុង​នោះ​រួមមាន​ ​ព្រះ​ ​អាទិត្យ​ ​ព្រះច័ន្ទ​ ​ផ្កាយអង្គារ​ ​ផ្កាយពុធ​ ​ផ្កាយ​ព្រ​ហស្ប​ត្តិ៍​ ​ផ្កាយសុក្រ​ ​ផ្កាយ​សៅរ៍​ ​រាហុ៍​ ​និង​ ​កេតុ​។​ ​ជំនឿ​ខាង​ ​លើ​នេះ​បាន​ជះឥទ្ធិពល​ដល់​សំណង់​ស្ថាបត្យកម្ម​លំនៅ​ស្ថាន​ខ្មែរ​ ​ដូចជា​ការប្រើ​ប្រាស់​គ្រឿងលម្អ​ស្ថាបត្យកម្ម​ម្យ៉ាង​ហៅថា​ ​នព្វ​ ​ឬ​ ​នប់​ ​សម្រាប់​ដាក់លើ​មេដំបូល​ដែល​ខ្ពស់​ជាងគេ​ដែល​តំណាង​ឲ្យ​ផ្កាយ​នព្វគ្រោះ​។​ ​

​            ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ឯកឧត្តម​ ​ការរចនា​ដោយ​ប្រើស​ណ្ឋាន​ជា​នព្វ​ឬ​ផ្កាយ​នព្វគ្រោះ​នេះ​មាន​ ​វត្តមាន​តាំងពី​សម័យ​លង្វែក​មក​ម្ល៉េះ​ ​ផ្ទុយពី​សម័យ​មុន​ៗ​ដែល​ការរចនា​ដំបូល​ប្រាសាទ​ច្រើន​មាន​សណ្ឋាន​ ​នាងច្រាល​។​ ​ទន្ទឹម​នឹង​ស្ថាបត្យកម្ម​ ​ការរចនា​ចង្កៀងគោម​ក៏​មាន​លេច​ជារូបរាង​ផ្កាយ​ទៅតាម​ដំណើរ​នោះ​ ​ដែរ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ចង្កៀងគោម​ខ្មែរ​មាន​ច្រើនបែប​ច្រើន​ទម្រង់​ណាស់​ ​ដូចជា​ ​ចង្កៀងគោម​មូល​ ​ចង្កៀងគោម​ជ្រុង​ ​ចង្កៀងគោម​មេអំបៅ​ ​ចង្កៀងគោម​កន្ទុយត្រី​ ​ប៉ុន្តែ​ម៉ូដ​ដែល​ខ្មែរ​និយម​ច្រើនជាង​គេ​នោះ​ ​គឺ​ ​ចង្កៀងគោម​នព្វ​ ​ឬ​ ​ចង្កៀងគោម​ផ្កាយ​ ​នេះឯង​។​ ​

​            ​ចំពោះ​របៀប​ធ្វើ​ចង្កៀងគោម​នព្វ​ ​ឬ​ ​គោម​ផ្កាយ​នេះ​ ​គឺ​គេ​ប្រើប្រាស់​ឈើ​ឫស្សី​មក​ច្រៀក​ឲ្យតូច​ល្មម​ ​ប៉ុន​ចង្កឹះ​ ​ហើយ​សម្រួចចុង​វា​ឲ្យ​ស្រួច​ ​ទើប​កាច់​ចេញ​ជា​រាង​ផ្កាយ​ឲ្យបាន​ពីរ​ផ្ទាំង​។​ ​បន្ទាប់មក​ ​គេ​ត្រូវ​យក​ផ្កាយ​ ​ទាំងពីរ​ផ្ទាំង​នោះ​មក​ផ្គុំគ្នា​ទល់​ដោយ​ឫស្សី​ប្រវែង​មួយ​ចំអាម​នៅត្រង់​ចំណុច​ពោះ​របស់​វា​។​ ​បន្ទាប់មក​ទៀត​ ​គេ​ត្រូវ​យក​ក្រដាស​កាសែត​ទៅ​គ្រប​សង្កត់​លើ​ឆ្អឹង​ឫស្សី​នោះ​ ​រួច​កាត់​វា​ជា​រាង​ផ្កាយ​ទុក​ធ្វើជា​ពុម្ព​កាត់​ក្រដាស​ ​ពណ៌​ភ្លឺ​ថ្លា​ៗ​បិត​ពាស​លើ​ឆ្អឹង​នោះ​ជាការស្រេច​។​ ​ពី​សម័យមុន​ ​គេ​ប្រើ​ខ្លាញ់ត្រី​ដើម្បី​អុជ​បំភ្លឺ​គោម​ផ្កាយ​នោះ​ ​ប៉ុន្តែ​ចំណេរ​កាល​ក្រោយមក​ ​គេ​និយម​ប្រើ​ទៀន​ឬ​អំពូល​អគ្គិសនី​ជំនួស​វិញ​៕​

​Article​ ​by​ ​SRIN​ ​SOKMEAN​ ​



SUGGESTIONS