សួស្ដីឆ្នាំថ្មី! ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស២០១៩ បុណ្យចូលឆ្នាំខ្មែរជាបុណ្យប្រពៃណីជាតិ ដែលប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅក្នុងខែមេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និងដំណាំកសិកម្មផ្សេងៗ។ ទន្ទឹមនឹងនេះផងដែរដើម្បីជាការចូលរួមចំណែកលើកស្ទួយវប្បធម៌ប្រពៃណីដ៏ស្រស់ផូរផង់របស់ខ្មែរយើង ទស្សនាវដ្ដី សូវរីន បានធ្វើដំណើរទៅកាន់ប្រាសាទសម្បូរព្រៃគុក នាឯខេត្តកំពង់ធំ ដើម្បីផ្តិតយកនូវទិដ្ឋភាពដ៏ស្រស់ត្រកាលអមទៅដោយចម្លាក់ប្រាសាទនិងព្រៃឈើយ៉ាងត្រឈឹងត្រឈៃលាយឡំសំឡេងបក្សាបក្សីយ៉ាងកងរំពង។ ជារៀងរាល់ឆ្នាំ សូវរីន តែងតែបង្ហាញអ្វីដែលថ្មីហើយប្លែក ប៉ុន្តែមិនភ្លេចផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់នាបុរាណកាលមក ជាក់ស្ដែងសម្រាប់ឆ្នាំថ្មីនេះ យើងក៏នឹងបង្ហាញជូនប្រិយមិត្តនូវស្ទីលថតបែបហ្វេហ្សិនលាយឡំជាមួយហូល ដែលជាអត្ដសញ្ញាណមួយរបស់ខ្មែរ ព្រមជាមួយនឹងការបង្ហាញនូវគ្រឿងអលង្ការលម្អតួអង្គរបាំព្រះរាជទ្រព្យក្នុងឈុតនីមួយៗដែលគ្រងដោយកញ្ញា ឯម គុនថង។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អតីតកាលនិងបច្ចុប្បន្នត្រូវបានក្លាយជា ប្រធានបទយ៉ាងសំខាន់មួយ ហេតុដូចនេះ សូវរីន សូមលើកយកប្រធានបទមួយដែលនិយាយអំពីគួរធ្វើបែបណាដើម្បីរក្សាប្រពៃណីក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៃបរិបទទំនើបនេះ។ ក្នុងនោះ សូវវីន ក៏បាននាំយកនូវប្រពៃណីធ្វើស្លាធម៌ និងបាយសីរបស់ប្រជាជនខ្មែរមកបង្ហាញជូនប្រិយមិត្តផងដែរ។ ជាការពិតណាស់នៅពេលបុណ្យប្រពៃណីជាតិចូលមកដល់គ្រប់ក្រុមគ្រួសារប្រាកដជារៀបចំដំណើរកម្សាន្តទៅកាន់ទីរមណីយដ្ឋានជិតឆ្ងាយជាក់ជាមិនខាន ហើយប្រធានបទសំខាន់សម្រាប់លេខថ្មីនេះ សូវរីន ក៏នឹងបង្ហាញជូនថាតើយើងគួររៀបចំសម្ភារអ្វីខ្លះសម្រាប់ដំណើរកម្សាន្តមួយនេះដើម្បីធានាបាននូវសុវត្ថិភាព និងផាសុកភាព ព្រោះខែនេះជារដូវក្ដៅ។
ដូចសព្វមួយដងទស្សនាវដ្តីសូវរីន តែងតែគោរពអញ្ជើញបុគ្គលល្បីៗ និងធនធានមនុស្សជាច្រើនដែលបានចូលរួមចំណែកក្នុងការជួយសង្គមកម្ពុជាឲ្យមានការរីកចម្រើនក៏ដូចជាឲ្យប្រជាជនខ្មែរមានការយល់ដឹងខ្ពស់មកចែករំលែកបទពិសោធន៍និងប្រវត្តិការងាររបស់ខ្លួន។ តួរយ៉ាងសម្រាប់ខែមេសានេះយើងបានអញ្ជើញកញ្ញា អាំង សិរីរតន៍ ដែលជាយុវតីដ៏ឆ្នើមមួយរូបក្នុងការចូលរួមថែរក្សាធម្មជាតិមួយរូប។ សិរីរតន៍នឹងចូលខ្លួនចែករំលែកបទពិសោធន៍ការងារនិងអត្ថប្រយោជន៍នៃធម្មជាតិនៅក្នុងទស្សនាវដ្តី សូវរីន ផងដែរ។
កញ្ញា អាំង សិរីរតន៍
តើស្ត្រីអាចធ្វើអ្វីបានខ្លះនៅក្នុងសម័យបច្ចេកវិទ្យានាសតវត្សទីម្ភៃមួយនេះ? សូវរីនក៏សូមគោរពអញ្ជើញកញ្ញា អាត សុធាវី ដែលជាអ្នកគ្រប់គ្រងកម្មវិធីដែលជួយបង្កើនឱកាសដល់ក្មេងស្រីឲ្យហ៊ានប្រឡូកក្នុងវិស័យបច្ចេកវិទ្យា ផ្តល់កិត្តិយសក្នុងកិច្ចសម្ភាសន៍ពិសេសមួយស្តីអំពីស្ត្រីក្នុងវិស័យបច្ចេកវិទ្យានេះផងដែរ។
កញ្ញា អាត សុធាវី
វិស័យអំណាននៅកម្ពុជាបាននិងកំពុងមានភាពរីកចម្រើនជាលំដាប់ដោយគេឃើញអ្នកនិពន្ធជាច្រើនក៏កំពុងតែដុតដៃដុតជើងដើម្បីនិពន្ធសៀវភៅថ្មីរបស់ខ្លួនទៀតផង។ ប៊ីន យ៉ាន គឺជាបុរសជនជាតិគួយដំបូងគេបង្អស់ដែលអាចនិពន្ធសៀវភៅជាភាសាអង់គ្លេសផង ជាខេមរភាសាផងក៏បានផ្តល់ឱកាសឲ្យសូវរីនបានជួបដោយផ្ទាល់ផងដែរ។ ចង់ដឹងថាតើសៀវភៅដែលប៊ីនយ៉ាននិពន្ធបានរួមចំណែកយ៉ាងណាខ្លះក្នុងកិច្ចការសង្គមនោះ សូមតាមដានជាមួយនឹងប្រវត្តិនិងស្នាដៃរបស់លោកក្នុងទស្សនាវដ្តីប្រចាំខែមេសានេះ។
លោក ប៊ីន យ៉ាន
ក្នុងអំឡុងពេលសម្រាករយៈពេល៧២ម៉ោង ប្រិយមិត្តអាចសាកល្បងបទពិសោធន៍ថ្មីនៃដំណើរកម្សាន្តថ្មីមួយទៅកាន់ក្រុងដូនកែវដ៏អស្ចារ្យដែលនឹងធ្វើឱ្យលោកអ្នកទទួលបានអារម្មណ៍ស្រស់ស្រាយចាយឆ្ងាយពីទុក្ខកង្វល់នានា។ ខែចែត្រ អាកាសធាតុពិតជាក្ដៅខ្លាំង ប៉ុន្តែបានពាំនាំមកនូវភាពរីករាយជាមួយនឹងបរិយាកាសស្រស់ស្រាយនៃការជួបជុំ ក៏ដូចជាវិស្សមកាលដែលពោរពេញទៅដោយក្តីសោមនស្សដែលកំពុងតែពង្វក់អារម្មណ៍របស់យើងរាល់គ្នា៕
រក្សាសិទ្ធិដោយទស្សនាវដ្តី សូវរីន