×

តើខែ​មេសា​នេះ​ នឹង​មាន​អ្វីប្លែក​ក្នុង​ទស្សនា​វដ្តីសូវរីន?​

NEWS 2 months ago
 
 

          សួស្ដី​ឆ្នាំ​ថ្មី​!​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស២៥៦៣​ ​គ.ស២០១៩​ ​បុណ្យចូលឆ្នាំ​ខ្មែរ​ជា​បុណ្យប្រពៃណី​ជាតិ​ ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ​នៅក្នុង​ខែមេសា​ ​ព្រោះ​ជារ​ដូវ​កាលដែល​ប្រជាជន​ខ្មែរ​មាន​ពេលទំនេរ​ពី​ការ​ប្រមូល​ផល​ស្រូវ​ ​និង​ដំណាំ​កសិកម្ម​ផ្សេង​ៗ​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ដើម្បី​ជា​ការចូលរួម​ចំណែក​លើកស្ទួយ​វប្បធម៌​ប្រពៃណី​ដ៏​ស្រស់​ផូរផង់​របស់​ខ្មែរយើង​ ​ទស្សនាវដ្ដី​ ​សូ​វរីន​ ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រាសាទ​សម្បូរ​ព្រៃ​គុក​ ​នា​ឯ​ខេត្តកំពង់ធំ​ ​ដើម្បី​ផ្តិត​យក​នូវ​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​អម​ទៅ​ដោយ​ចម្លាក់​ប្រាសាទ​និង​ព្រៃឈើ​យ៉ាង​ត្រឈឹងត្រឈៃ​លាយឡំ​សំឡេង​បក្សាបក្សី​យ៉ាង​កងរំពង​។​ ​ជា​រៀងរាល់​ឆ្នាំ​ ​សូ​វរីន​ ​តែងតែ​បង្ហាញ​អ្វី​ដែល​ថ្មី​ហើយ​ប្លែក​ ​ប៉ុន្តែ​មិន​ភ្លេច​ផ្សារភ្ជាប់​ទៅ​នឹង​ទំនៀមទម្លាប់​នា​បុរាណកាល​មក​ ​ជាក់ស្ដែង​សម្រាប់​ឆ្នាំ​ថ្មីនេះ​ ​យើង​ក៏​នឹង​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​ស្ទីល​ថត​បែប​ហ្វេ​ហ្សិន​លាយឡំ​ជាមួយ​ហូល​ ​ដែល​ជា​អ​ត្ដ​សញ្ញាណ​មួយ​របស់​ខ្មែរ​ ​ព្រម​ជាមួយនឹង​ការ​បង្ហាញ​នូវ​គ្រឿងអលង្ការ‌លម្អ​តួអង្គ​របាំ​ព្រះរាជទ្រព្យ​ក្នុង​ឈុត​នី​មួយ​ៗ​ដែល​គ្រង​ដោយ​កញ្ញា​ ​ឯម​ ​គុន​ថង​។​ ​

​          ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ​អតីតកាល​និង​បច្ចុប្បន្ន​ត្រូវ​បាន​ក្លាយជា​ ​ប្រធានបទ​យ៉ាង​សំខាន់​មួយ​ ​ហេតុ​ដូចនេះ​ ​សូ​វរីន​ ​សូម​លើកយក​ប្រធានបទ​មួយ​ដែល​និយាយ​អំពី​គួរ​ធ្វើបែប​ណា​ដើម្បី​រក្សា​ប្រពៃណី​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៃ​បរិបទ​ទំនើប​នេះ​។ ​ក្នុង​នោះ​ ​សូវ​វីន​ ​ក៏បាន​នាំ​យក​នូវ​ប្រពៃណី​ធ្វើ​ស្លាធម៌​ ​និង​បាយសី​របស់​ប្រជាជន​ខ្មែរ​មក​បង្ហាញ​ជូន​ប្រិយមិត្ត​ផង​ដែរ​។​ ​ជា​ការពិត​ណាស់​នៅពេល​បុណ្យប្រពៃណី​ជាតិ​ចូល​មកដល់​គ្រប់​ក្រុម​គ្រួសារ​ប្រាកដជា​រៀបចំ​ដំណើរ​កម្សាន្ត​ទៅកាន់​ទី​រមណីយដ្ឋាន​ជិត​ឆ្ងាយ​ជាក់ជា​មិនខាន​ ​ហើយ​ប្រធានបទ​សំខាន់​សម្រាប់​លេខ​ថ្មីនេះ​ ​សូ​វរីន​ ​ក៏​នឹង​បង្ហាញ​ជូន​ថា​តើ​យើង​គួរ​រៀបចំ​សម្ភារ​អ្វីខ្លះ​សម្រាប់​ដំណើរ​កម្សាន្ត​មួយ​នេះ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ ​និង​ផាសុកភាព​ ​ព្រោះ​ខែ​នេះ​ជារ​ដូវ​ក្ដៅ​។​

​          ​ដូច​សព្វមួយដង​ទស្សនាវដ្តី​សូ​វរីន​ ​តែងតែ​គោរព​អញ្ជើញ​បុ​គ្គ​លល្បីៗ​ ​និង​ធនធានមនុស្ស​ជាច្រើន​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​សង្គម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ក៏ដូចជា​ឲ្យ​ប្រជាជន​ខ្មែរ​មានការ​យល់ដឹង​ខ្ពស់​មក​ចែករំលែក​បទពិសោធន៍​និង​ប្រវត្តិ​ការងារ​របស់​ខ្លួន​។​ ​តួរ​យ៉ាង​សម្រាប់​ខែមេសា​នេះ​យើង​បាន​អញ្ជើញ​កញ្ញា​ ​អាំង​ ​សិរី​រត​ន៍​ ដែល​ជា​យុវតី​ដ៏​ឆ្នើម​មួយ​រូប​ក្នុង​ការចូលរួម​ថែរក្សា​ធម្មជាតិ​មួយ​រូប​។​ ​សិរី​រត​ន៍​នឹង​ចូលខ្លួន​ចែករំលែក​បទពិសោធន៍​ការងារ​និង​អត្ថ​ប្រយោជន៍​នៃ​ធម្មជាតិ​នៅក្នុង​ទស្សនាវដ្តី​ សូ​វរីន ​ផង​ដែរ​។​ ​

កញ្ញា​ ​អាំង​ ​សិរី​រត​ន៍​

          ​តើ​ស្ត្រី​អាច​ធ្វើអ្វី​បាន​ខ្លះ​នៅក្នុង​សម័យ​បច្ចេកវិទ្យា​នា​សតវត្ស​ទី​ម្ភៃ​មួយ​នេះ​?​ ​សូវ​រី​នក៏​សូម​គោរព​អញ្ជើញ​កញ្ញា​ ​អាត​ សុធា​វី​ ​ដែល​ជា​អ្នកគ្រប់គ្រង​កម្មវិធី​ដែល​ជួយ​បង្កើន​ឱកាស​ដល់​ក្មេងស្រី​ឲ្យ​ហ៊ាន​ប្រឡូក​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​ផ្តល់​កិត្តិយស​ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​មួយ​ស្តីអំពី​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​ផង​ដែរ​។​ ​

កញ្ញា​ ​អាត​ សុធា​វី

​          វិស័យ​អំណាន​នៅ​កម្ពុជា​បាន​និង​កំពុង​មាន​ភាព​រីកចម្រើន​ជាលំដាប់​ដោយ​គេ​ឃើញ​អ្នកនិពន្ធ​ជាច្រើន​ក៏​កំពុងតែ​ដុតដៃដុតជើង​ដើម្បី​និពន្ធ​សៀវភៅ​ថ្មី​របស់​ខ្លួន​ទៀតផង​។​ ​ប៊ី​ន យ៉ាន​ ​គឺជា​បុរស​ជនជាតិ​គួយ​ដំបូង​គេ​បង្អស់​ដែល​អាច​និពន្ធ​សៀវភៅ​ជា​ភាសាអង់គ្លេស​ផង​ ​ជា​ខេមរភាសា​ផង​ក៏បាន​ផ្តល់​ឱកាស​ឲ្យ​សូវ​រី​នបាន​ជួប​ដោយ​ផ្ទាល់​ផង​ដែរ​។​ ​ចង់​ដឹង​ថា​តើ​សៀវភៅ​ដែល​ប៊ី​នយ៉ា​ននិ​ពន្ធ​បាន​រួមចំណែក​យ៉ាងណា​ខ្លះ​ក្នុង​កិច្ចការ​សង្គម​នោះ​ ​សូម​តាមដាន​ជាមួយនឹង​ប្រវត្តិ​និង​ស្នាដៃ​របស់​លោក​ក្នុង​ទស្សនាវដ្តី​ប្រចាំខែ​មេសា​នេះ​។​

លោក​ ប៊ី​ន យ៉ាន

​          ក្នុងអំឡុងពេល​សម្រាក​រយៈពេល៧២ម៉ោង​ ​ប្រិយមិត្ត​អាច​សាកល្បង​បទពិសោធន៍​ថ្មី​នៃ​ដំណើរ​កម្សាន្ត​ថ្មី​មួយ​ទៅកាន់​ក្រុង​ដូនកែវ​ដ៏​អស្ចារ្យ​ដែល​នឹង​ធ្វើ​ឱ្យ​លោកអ្នក​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​ចាយ​ឆ្ងាយ​ពី​ទុក្ខ​កង្វល់​នានា​។​ ​ខែ​ចែត្រ​ ​អាកាសធាតុ​ពិតជា​ក្ដៅ​ខ្លាំង​ ​ប៉ុន្តែ​បាន​ពាំនាំ​មក​នូវ​ភាព​រីករាយ​ជាមួយនឹង​បរិយាកាស​ស្រស់ស្រាយ​នៃ​ការ​ជួបជុំ​ ​ក៏ដូចជា​វិស្សមកាល​ដែល​ពោរពេញ​ទៅ​ដោយ​ក្តី​សោមនស្ស​ដែល​កំពុងតែ​ពង្វក់​អារម្មណ៍​របស់​យើង​រាល់គ្នា​៕​

​រក្សាសិទ្ធិ​ដោយ​ទស្សនាវដ្តី​ ​សូ​វរីន



SUGGESTIONS