នៅថ្ងៃទី០៦ ខែមេសា នេះ ក្រុមយុវជនដែលនាំគ្នារើសសម្រាមនៅឯប្រឡាយលូបឹងត្របែកនឹងបង្កើតកម្មវិធីមួយដែលមានឈ្មោះថា «សង្រ្កាន្តយុវ័ន» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ និងដើម្បីរឹតចំណងមិត្តភាពក៏ដូចជាបង្កើនភាពរួសរាយរាក់ទាក់ និងសាមគ្គីភាពរវាងអ្នករើសសំរាមទាំងអស់គ្នាដែលបានលះបង់ពេលវេលាដើម្បីរើសសំរាម។ បើតាមលោក តេង វាសនាដែលជាសមាជិកក្រុមមួយរូបបានឲ្យដឹងថា កម្មវិធីនេះនឹងចាប់ផ្តើម ពីម៉ោង ៧កន្លះព្រឹកដោយមានការចូលរួមពីអជ្ញាធរដើម្បីដាក់បម្រាម «ហាមចោលសំរាម» តាមមាត់លូ រហូតដល់ម៉ោង៣រសៀលនឹងមានកម្មវិធីជាច្រើនដូចជាការលេងល្បែងប្រជាប្រិយ រាំច្រៀង រហូតដល់ម៉ោង ៨យប់ នៅលើក្បូនដែលក្រុមយុវជនបានរៀបចំ និងនៅតាមមាត់លូផងដែរ។ គួរជម្រាបផងដែរថា អ្នកចូលរួមគួរតែមានសៀវភៅពីរក្បាល ប៊ិចពីរដើម និងសម្ភារៈសិក្សាផ្សេងៗទៀតដើម្បីបរិច្ចាកដល់កុមារក្រីក្រដែលកំពុងតែខ្វះខាតផងដែរ។ ការបង្កើតកម្មវិធីនេះក៏ជាសារមួយ ដែលក្រុមយុវជនចង់ឲ្យមានអ្នករើសសំរាមច្រើនជាងអ្នកចោលសម្រាម និងបង្កើនសោភ័ណភាពនៅតំបន់លូទឹកស្អុយពីការចោលសំរាមពាសវាលពាសកាលប្រែក្លាយជាកន្លែងប្រារព្ធសង្ក្រាន្តយុវ័នពោរពេញដោយក្ដីរីករាយ។ គួរបញ្ជាក់ផងដែរថា ក្រុមយុវជនសំរាមនឹងបន្តរើសសំរាមរយៈពេលមួយឆ្នាំប្រសិនបើនៅតែមានការបោះចោលសំរាមពីប្រជាជនដែលនៅក្បែរប្រឡាយលូបឹងត្របែកនេះ។ ការបង្កើតសកម្មភាពនេះឡើងគឺដើម្បីជាសារមួយ ឲ្យប្រជាជនកម្ពុជាចេះស្រលាញ់បរិស្ថាននិងឈប់ចោលសំរាមពាសវាលពាសកាលផងដែរ៕
Article by KEO SONG