×

ស្នាដៃ​បិតា​ស្ថាបត្យកម្ម​ ​វណ្ណ​ ​មូលី​វណ្ណ​ ​ត្រូវ​បាន​បង្ហាញ​សារ​ជាថ្មី​នៅ​សណ្ឋាគារ​ ​Treeline​ ​

NEWS 5 years ago
 
 

          ​កូនខ្មែរ​គ្រប់រូប​សុទ្ធតែ​ដឹង​ហើយ​ថា​ ​លោកតា​វណ្ណ​ ​មូលី​វណ្ណ​ ​គឺជា​បិតា​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​រូប​ដែល​បាន​សាងសង់​នូវ​សំណង់​អគារ​អស្ចារ្យ​ជាច្រើន​នៅក្នុង​កំឡុង​ទសវត្សរ៍​ទី​៥០​ ​និង៦០​ ​ដែល​ធ្វើឲ្យ​វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​យ៉ាង​ខ្លាំង​។​ ​ហើយ​មកទល់​ពេល​បច្ចុប្បន្ន​ស្ថាបត្យកម្ម​របស់​លោក​ ​ខ្លះ​នៅ​រក្សា​រូបរាង​ដើម​ ​ខ្លះ​ត្រូវ​បាន​កែ​លម្អរូប​រាង​ថ្មី​ ​ហើយ​ខ្លះទៀត​ក៏​ត្រូវ​បាន​កម្ទេច​សាងសង់​ជា​អ​គារ​ទំនើប​ៗ​ជាដើម​។​ ​ដោយ​មើលឃើញ​ពី​សមិទ្ធផល​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​របស់​លោកតា​ ​វណ្ណ​ ​មូលី​វណ្ណ​ ​ក៏ដូចជា​ចង់​បង្ហាញ​កូនខ្មែរ​ជំនាន់​ថ្មី​គ្រប់រូប​ឲ្យដឹង​ថា​ ​ខ្មែរយើង​ក៏​មាន​ស្ថាបត្យកម្ម​ទំនើប​ផង​នោះ​ ​សណ្ឋាគារ​ ​Treeline​ ​Urban​ ​Resort​ ​លើទឹក​ដី​ខេត្តសៀមរាប​ ​សហការ​ជាមួយ​ ​គម្រោង​ ​វណ្ណ​ ​មូលី​វណ្ណ​ ​បាន​រៀបចំ​ការ​តាំងពិព័រណ៍​មួយ​ក្រោម​ប្រធានបទ​ ​Learning​ ​From​ ​the​ ​past​ ​ដែល​ជា​ការ​លើកយក​មក​បង្ហាញ​នូវ​ស្ថាបត្យកម្ម​សំ​ខាន់​ៗ​របស់​លោកតា​វណ្ណ​ ​មូលី​វណ្ណ​ ​ដើម្បីឲ្យ​សាធារណៈ​ជនជាតិ​ ​និង​អន្តរជាតិ​ ​បាន​ចូល​ទស្សនា​ ​និង​សិក្សា​ស្វែងយល់​ស្គាល់​កាន់តែ​ច្បាស់​។​

          ​​ស្ថិតនៅ​ចំ​កណ្តាល​សណ្ឋាគារ​ ​Treeline​ ​វិចិត្រសាល​រាងបួនជ្រុង​ឡោមព័ទ្ធ​ទៅ​ដោយ​រុក្ខជាតិ​ខៀវខ្ចី​ដែល​ជា​វិចិត្រសាល​របស់​សណ្ឋាគារ​ផ្ទាល់​ ​គំរូ​សំណង់​អគារ​សំ​ខាន់​ៗ​ ​(​ធ្វើឡើង​ពី​ម៉ា​កែត​)​ ​របស់​លោកតា​ ​វណ្ណ​ ​មូលី​វណ្ណ​ដូចជា​ ​ពហុកីឡាដ្ឋាន​ជាតិ​ ​គម្រោង​តំបន់​ទន្លេបាសាក់​ ​អគារ​ប្រផេះ​ ​សាល​ពិ​ព័រ​ណ៌​សង្គម​រាស្ត្រនិយម​ ​សាល​មហោស្រព​ជាតិ​ព្រះ​សុរា​ម្រឹត​ ​បុរី​ ​១០០ខ្នង​ ​សាលា​គរុកោសល្យ​ ​វិមានរដ្ឋ​ចំការមន​ ​និង​រោងចក្រ​ផលិត​ស្រា​បៀរ​ខ្មែរ​ ​បាន​ដាក់​តាំង​បង្ហាញ​យ៉ាង​ជាក់ស្តែង​ភ្ជាប់​មក​ជាមួយ​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ប្រវត្តិ​អគារ​នី​មួយ​ៗ​។​ ​នេះ​គឺជា​គម្រោង​ ​វណ្ណ​ ​មូលី​វណ្ណ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​រួមគ្នា​រវាង​និស្សិត​ ​ស្ថាបត្យករ​ ​នៅ​កម្ពុជា​និង​ប្រទេស​មួយចំនួន​ទៀត​ចាប់តាំងពី​ឆ្នាំ​ ​២០០៩មក​។​ ​ពិព័រណ៍​នេះ​បាន​ផ្តោត​បង្ហាញ​ពី​សោភណភាព​សំណង់​អគារ​ ​និង​ការរចនា​ការប្រើ​ប្រាស់​ ​ទឹក​ ​ពន្លឺ​ ​និង​ខ្យល់​ ​ដែល​ជាស​មាស​ធាតុ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ប្រកបដោយ​បរិស្ថាន​វិទ្យា​ពិ​តៗ​។​

          ​​លោក​ ​ប៉ែន​ ​សិរី​បញ្ញា​ ​ជា​កូនខ្មែរ​មួយ​រូប​ដែល​ចូលរួម​ក្នុង​គម្រោង​ ​វណ្ណ​ ​មូលី​វណ្ណ​ ​បាន​រៀបរាប់​ថា​ ​«​នេះ​គឺជា​ការ​តាំងពិព័រណ៍​លើក​ទី​ ​៧​ ​ហើយ​បន្ទាប់ពី​ដាក់​តាំង​បង្ហាញ​នៅកន្លែង​មួយចំនួន​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​ដូចជា​នៅ​ ​ក្រុង​តៃប៉ិ​ ​ប្រទេស​កូរ៉េ​ ​និង​ទីក្រុង​ភ្នំពេញ​ចំនួន​ ​៤ដង​ផង​ដែរ​។​ ​មុន​គំរូ​នេះ​លេចចេញ​ជារូបរាង​ ​យើង​បាន​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ទាំង​ការ​ចុះទៅ​វាស់វែង​ដល់កន្លែង​ផ្ទាល់​ ​ការពិភាក្សា​គូរ​ប្លង់​ឡើងវិញ​ ​និង​ជួប​ផលវិបាក​ដូចជា​ ​ការស្វែងរក​ឯកសារ​ ​និង​ការស្វែងរក​វិភាគទាន​ជួយ​ដល់​គម្រោង​ជាដើម​»​។​

​​លោក​ ​ប៉ែន​ ​សិរី​បញ្ញា និង លោកស្រី ​​Delphine Vann(កូនស្រី ​លោកតា​វណ្ណ​ ​មូលី​វណ្ណ)

          ​​ជាមួយគ្នា​នេះ​ ​លោក​ ​កាំង​ ​ហុក​ ​ស្ថាបនិកសណ្ឋាគារ ​Treeline​ ​ក៏បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ ​«​ខ្ញុំ​ចង់​រំឭក​ការងារ​ទាំងប៉ុន្មាន​របស់​បិតា​ស្ថាបត្យកម្ម​ខ្មែរ​ ​លោកតា​ ​វណ្ណ​ ​ម៉ូ​លីវ​ណ្ណ​ ​នៅ​ទីនេះ​ ​ហើយ​នេះ​គឺជា​ការ​ដឹងគុណ​មួយ​ដ៏​ធំធេង​ដែល​យើង​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការ​តាំងពិព័រណ៍​ក្រោម​ប្រធានបទ​ ​Learning​ ​from​ ​the​ ​past​ ​។​ ​តាមរយៈ​ការ​ចូល​ទស្សនា​ ​ភ្ញៀវ​ទាំងអស់​នឹង​បានឃើញ​នូវ​គំរូ​ម៉ា​កែត​ ​ប្លង់​គំនូរ​ ​រូបថត​ ​ព័ត៌មាន​ ​និង​ផែនទី​ទីតាំង​ជាក់ស្តែង​ ​ដែល​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា​សំណង់​កាលពី​សម័យ​សង្គម​រាស្ត្រនិយម​បាន​ត្រលប់​មក​រស់រាន​ឡើងវិញ​។​ ​ពិព័រណ៍​នេះ​គឺជា​ពេលវេលា​ចុងក្រោយ​ដែល​សាធារណៈ​ជន​អាច​ចូល​ទស្សនា​មុន​ពេល​យក​ទៅ​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​នៅ​ឯ​ទីក្រុង​ហុងកុង​»​។​

លោក​ ​កាំង​ ​ហុក

          ​គួរ​បញ្ជាក់​ដែរ​ថា​ ​ពិព័រណ៍​បង្ហាញ​ពី​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប​របស់​លោកតា​ ​វណ្ណ​ ​មូលី​វណ្ណ​ ​ទើបតែ​ធ្វើពិធី​ដាក់​តាំង​បង្ហាញ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​ ​០៦ខែមេសា​ ​និង​ចាប់ផ្តើម​ឲ្យ​សាធារណៈ​ជន​ចូល​ទស្សនា​ចាប់ពី​ថ្ងៃទី​ ​០៧​ ​ខែមេសា​រហូតដល់​ថ្ងៃទី​ ​៣០ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​៕​

​Article​ ​by​ ​HEM​ ​SOKKHIM​


SUGGESTIONS