ស្នាដៃបិតាស្ថាបត្យកម្ម វណ្ណ មូលីវណ្ណ ត្រូវបានបង្ហាញសារជាថ្មីនៅសណ្ឋាគារ Treeline
NEWS 5 years agoកូនខ្មែរគ្រប់រូបសុទ្ធតែដឹងហើយថា លោកតាវណ្ណ មូលីវណ្ណ គឺជាបិតាស្ថាបត្យកម្មខ្មែរដ៏ល្បីល្បាញមួយរូបដែលបានសាងសង់នូវសំណង់អគារអស្ចារ្យជាច្រើននៅក្នុងកំឡុងទសវត្សរ៍ទី៥០ និង៦០ ដែលធ្វើឲ្យវិស័យស្ថាបត្យកម្មនៅកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំង។ ហើយមកទល់ពេលបច្ចុប្បន្នស្ថាបត្យកម្មរបស់លោក ខ្លះនៅរក្សារូបរាងដើម ខ្លះត្រូវបានកែលម្អរូបរាងថ្មី ហើយខ្លះទៀតក៏ត្រូវបានកម្ទេចសាងសង់ជាអគារទំនើបៗជាដើម។ ដោយមើលឃើញពីសមិទ្ធផលស្ថាបត្យកម្មដ៏អស្ចារ្យរបស់លោកតា វណ្ណ មូលីវណ្ណ ក៏ដូចជាចង់បង្ហាញកូនខ្មែរជំនាន់ថ្មីគ្រប់រូបឲ្យដឹងថា ខ្មែរយើងក៏មានស្ថាបត្យកម្មទំនើបផងនោះ សណ្ឋាគារ Treeline Urban Resort លើទឹកដីខេត្តសៀមរាប សហការជាមួយ គម្រោង វណ្ណ មូលីវណ្ណ បានរៀបចំការតាំងពិព័រណ៍មួយក្រោមប្រធានបទ Learning From the past ដែលជាការលើកយកមកបង្ហាញនូវស្ថាបត្យកម្មសំខាន់ៗរបស់លោកតាវណ្ណ មូលីវណ្ណ ដើម្បីឲ្យសាធារណៈជនជាតិ និងអន្តរជាតិ បានចូលទស្សនា និងសិក្សាស្វែងយល់ស្គាល់កាន់តែច្បាស់។
ស្ថិតនៅចំកណ្តាលសណ្ឋាគារ Treeline វិចិត្រសាលរាងបួនជ្រុងឡោមព័ទ្ធទៅដោយរុក្ខជាតិខៀវខ្ចីដែលជាវិចិត្រសាលរបស់សណ្ឋាគារផ្ទាល់ គំរូសំណង់អគារសំខាន់ៗ (ធ្វើឡើងពីម៉ាកែត) របស់លោកតា វណ្ណ មូលីវណ្ណដូចជា ពហុកីឡាដ្ឋានជាតិ គម្រោងតំបន់ទន្លេបាសាក់ អគារប្រផេះ សាលពិព័រណ៌សង្គមរាស្ត្រនិយម សាលមហោស្រពជាតិព្រះសុរាម្រឹត បុរី ១០០ខ្នង សាលាគរុកោសល្យ វិមានរដ្ឋចំការមន និងរោងចក្រផលិតស្រាបៀរខ្មែរ បានដាក់តាំងបង្ហាញយ៉ាងជាក់ស្តែងភ្ជាប់មកជាមួយព័ត៌មានលម្អិតទាក់ទិននឹងប្រវត្តិអគារនីមួយៗ។ នេះគឺជាគម្រោង វណ្ណ មូលីវណ្ណ ដែលត្រូវបានបង្កើតឡើងរួមគ្នារវាងនិស្សិត ស្ថាបត្យករ នៅកម្ពុជានិងប្រទេសមួយចំនួនទៀតចាប់តាំងពីឆ្នាំ ២០០៩មក។ ពិព័រណ៍នេះបានផ្តោតបង្ហាញពីសោភណភាពសំណង់អគារ និងការរចនាការប្រើប្រាស់ ទឹក ពន្លឺ និងខ្យល់ ដែលជាសមាសធាតុនៃស្ថាបត្យកម្មខ្មែរប្រកបដោយបរិស្ថានវិទ្យាពិតៗ។
លោក ប៉ែន សិរីបញ្ញា ជាកូនខ្មែរមួយរូបដែលចូលរួមក្នុងគម្រោង វណ្ណ មូលីវណ្ណ បានរៀបរាប់ថា «នេះគឺជាការតាំងពិព័រណ៍លើកទី ៧ ហើយបន្ទាប់ពីដាក់តាំងបង្ហាញនៅកន្លែងមួយចំនួនទាំងក្នុង និងក្រៅប្រទេសដូចជានៅ ក្រុងតៃប៉ិ ប្រទេសកូរ៉េ និងទីក្រុងភ្នំពេញចំនួន ៤ដងផងដែរ។ មុនគំរូនេះលេចចេញជារូបរាង យើងបានឆ្លងកាត់ច្រើនដំណាក់កាលទាំងការចុះទៅវាស់វែងដល់កន្លែងផ្ទាល់ ការពិភាក្សាគូរប្លង់ឡើងវិញ និងជួបផលវិបាកដូចជា ការស្វែងរកឯកសារ និងការស្វែងរកវិភាគទានជួយដល់គម្រោងជាដើម»។
លោក ប៉ែន សិរីបញ្ញា និង លោកស្រី Delphine Vann(កូនស្រី លោកតាវណ្ណ មូលីវណ្ណ)
ជាមួយគ្នានេះ លោក កាំង ហុក ស្ថាបនិកសណ្ឋាគារ Treeline ក៏បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំចង់រំឭកការងារទាំងប៉ុន្មានរបស់បិតាស្ថាបត្យកម្មខ្មែរ លោកតា វណ្ណ ម៉ូលីវណ្ណ នៅទីនេះ ហើយនេះគឺជាការដឹងគុណមួយដ៏ធំធេងដែលយើងបានធ្វើជាម្ចាស់ផ្ទះនៃការតាំងពិព័រណ៍ក្រោមប្រធានបទ Learning from the past ។ តាមរយៈការចូលទស្សនា ភ្ញៀវទាំងអស់នឹងបានឃើញនូវគំរូម៉ាកែត ប្លង់គំនូរ រូបថត ព័ត៌មាន និងផែនទីទីតាំងជាក់ស្តែង ដែលធ្វើឲ្យយើងមានអារម្មណ៍ថាសំណង់កាលពីសម័យសង្គមរាស្ត្រនិយមបានត្រលប់មករស់រានឡើងវិញ។ ពិព័រណ៍នេះគឺជាពេលវេលាចុងក្រោយដែលសាធារណៈជនអាចចូលទស្សនាមុនពេលយកទៅដាក់តាំងបង្ហាញនៅសារមន្ទីរនៅឯទីក្រុងហុងកុង»។
លោក កាំង ហុក
គួរបញ្ជាក់ដែរថា ពិព័រណ៍បង្ហាញពីស្ថាបត្យកម្មខ្មែរសម័យទំនើបរបស់លោកតា វណ្ណ មូលីវណ្ណ ទើបតែធ្វើពិធីដាក់តាំងបង្ហាញជាផ្លូវការកាលពីល្ងាចថ្ងៃទី ០៦ខែមេសា និងចាប់ផ្តើមឲ្យសាធារណៈជនចូលទស្សនាចាប់ពីថ្ងៃទី ០៧ ខែមេសារហូតដល់ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០១៩៕
Article by HEM SOKKHIM