×

ញុំា​ម្ហូប​បែប​ជនបទ​ជាមួយនឹង​បរិយាកាស​ដ៏​មនោរម្យ​មាននៅAngkor​ ​Borei​ ​Homestay​

TRAVEL & LIVING 2 months ago
 
 

            ​បើ​និយាយ​ពី​អង្គរបុរី​ ​ប្រិយមិត្ត​ប្រហែលជា​នឹកភ្នក​ដល់​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​មួយ​កន្លែង​ដែល​មាន​ប្រាសាទភ្នំ​ដារ​រចនាបថ​ប្រាសាទ​ដំបូង​គេ​បំផុត​របស់​ខ្មែរ​ក៏ប៉ុន្តែ​ ​ហួស​ភ្នំ​ដារ​ប្រមាណ​ជា៥គីឡូម៉ែត្រ​តាមផ្លូវ​ដីក្រហម​ ​រហូតដល់​ភ្នំ​មួយ​ ​គេ​នឹង​ប្រទះឃើញ​កន្លែង​សម្រាកកាយ​ថ្មី​មួយ​កន្លែង​រៀបចំ​ជា​លក្ខណៈ​ធម្មជាតិ​ ​រំលេច​ទៅ​ដោយ​បុប្ផា​ចម្រុះ​ពណ៌​ដុះ​តាម​ជើងភ្នំ​ ​«​បុរី​»​ ​ក្រោម​នោះ​គឺ​ ​«​Angkor​ ​Borei​ ​Homestay​»​។​ ​ក្យុ​សស​ម្រាប់​ស្រស់ស្រូប​អាហារ​ប្រមាណ​ជាង​ដប់​ត្រូវ​បាន​ម្ចាស់​កន្លែង​សាងសង់​ឡើង​អាច​អនុញ្ញាត​ឲ្យ​ភ្ញៀវ​បាន​ទស្សនា​នូវ​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង​នៃ​វាលស្រែ​ខៀវខ្ចី​នៅ​រដូវ​ភ្ជួរ​រាស់​ ​និង​ ​ទិដ្ឋភាព​ស្រូវ​ទុំ​ ​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​ទាំង​នៅ​លើ​ភ្នំ​និង​ខាងក្រោម​។​ ​

            ​គំនិត​នៃ​ការបង្កើត​កន្លែង​សម្រាក​លម្ហែ​កាយ​នៅ​លើ​ដី​ផ្ទាល់ខ្លួន​នេះ​ជា​ការ​ផ្តួចផ្តើម​របស់​លោក​ ​វុធ​ ​បូរិ​ន​ ​និង​មានការ​ជួយ​ជ្រោមជ្រែង​ពីសំណាក់​អ្នកម្តាយ​ ​ញ៉ែម​ ​គឹ​មលី​ ​ដែល​ជា​អ្នក​រៀបចំ​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ​។​ ​ធ្លាប់​ចំណាកស្រុក​ដើម្បី​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ​និង​កូរ៉េ​ ​លោក​ ​វុធ​ ​បូរិ​ន​ ​បាន​ប្រាប់​ ​សូ​វរីន​ ​ថា​៖​ ​«​ខ្ញុំ​ឃើញ​នៅ​ស្រុក​គេ​ ​គេ​ចេះកែ​ច្នៃ​កន្លែង​ដី​ទំនេរ​ក្លាយជា​រមណីយដ្ឋាន​ធម្មជាតិ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​ ​ដូច្នេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​គិត​និង​យក​គម្រូ​ពី​ប្រទេស​ថៃ​ខ្លះ​និង​កូរ៉េ​ ​ដើម្បី​បង្កើត​ជា​កន្លែង​ខ្លួនឯង​មួយ​នៅ​ឯ​ស្រុកកំណើត​នេះ​»​។​ ​បង្កើត​ឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​ ​ក៏ប៉ុន្តែ​កន្លែង​លម្ហែ​កាយ​នេះ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ច្រើន​គួរសម​។​ ​

            ​មិន​ត្រឹមតែ​មាន​ទិដ្ឋភាព​ល្អ​ប៉ុណ្ណោះទេ​ ​សូម្បីតែ​ម្ហួប​អាហារ​សម្ល​ដែល​បម្រើ​ជា​លក្ខណៈ​ម្ហូប​ប្រពៃណី​ខ្មែរ​ក៏​មានឱជារស​ឆ្ងាញ់​ពិសា​ជាមួយនឹង​ការរៀបចំ​ដែល​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​តាម​បែប​ស្រុកស្រែ​ ​រី​ឯ​តម្លៃ​ក៏​សមរម្យ​ផង​ដែរ​។​ ​លើស​ពី​ការដែល​គ្រាន់តែ​មក​ទទួលទានបាយ​ធម្មតា​ ​Angkor​ ​Borei​ ​Homestay​ ​ក៏​មានការ​រៀបចំ​ដើម្បីឲ្យ​ភ្ញៀវ​ស្នាក់នៅ​នា​ពេល​រាត្រី​នៅ​ក្យុ​សលើ​ភ្នំ​ដោយមាន​ការ​ផ្តល់​ជូន​នូវ​មុង​សម្រាប់​ការពារ​សត្វល្អិត​ដោយ​ឥតគិតថ្លៃ​ផង​ដែរ​។​ ​ព្រឹកព្រលឹម​ ​ភ្ញៀវ​ក៏អាច​ទទួលទាន​អាហារ​តាម​បែប​អ្នកស្រុក​ស្រែ​ ​ជាមួយនឹង​បបរ​សរ​ត្រីងៀត​ថែមទៀត​ផង​។​

            ​អ្នកស្រី​ ​ញ៉ែម​ ​គឹ​មលី​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​៖​ ​«​កន្លងមក​ធ្លាប់​មាន​ក្រុម​និស្សិត​ខ្លះ​ដែល​គាត់​ចង់​រក​ទីកន្លែង​បែប​ធម្មជាតិ​ ​ស្ងប់ស្ងាត់​និង​មាន​ទេសភាព​ល្អ​ក៏បាន​មក​សម្រាក​ទីនេះ​មួយ​យប់​ ​ពីរ​យប់​ផង​ដែរ​។​ ​ហើយ​ ​ក៏​មាន​បរទេស​ខ្លះ​គាត់​ខំ​ជិះកង់​មក​ដើម្បី​សម្រាក​លម្ហែ​នៅ​ទីនេះ​ក៏មានដែរ​។​»​ ​ការសម្រាក​នៅ​ទីនេះ​ ​អ្នកស្រី​ ​ញ៉ែម​គឹ​មលី​ ​បាន​បន្ថែម​ថា​ ​អ្នកស្រី​មិន​គិតថ្លៃ​ស្នាក់នៅ​នោះ​ទេ​ ​អ្នកស្រី​គិតតែ​ថ្លៃ​មុខ​ម្ហួប​ដែល​ភ្ញៀវ​កុម្ម៉ង់​តែប៉ុណ្ណោះ​ ​ចំណែក​ឯកា​រថ​ត​រូប​ជាមួយ​ទិដ្ឋភាព​សួនផ្កា​ចម្រុះ​ពណ៌​នេះ​ ​អ្នកស្រី​យក​ថ្លៃ​ក្នុង​ម្នាក់​ចំនួន​មួយ​ដុល្លារ​។​ ​

            ​អ្នកស្រី​ ​ញ៉ែម​ ​គឹ​មលី​ ​និង​កូនប្រុស​ក៏បាន​បង្ហើប​ប្រាប់​ពី​គម្រោង​ពង្រីក​ទី​សម្រាក​លម្ហែ​កាយ​នេះ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​។​ ​ដោយ​ការ​សម្លឹងឃើញ​ភាព​ទាក់ទាញ​នៃ​ផ្កា​ ​និង​បរិយាកាស​នៅ​ជុំវិញ​នោះ​ ​អ្នកស្រី​ ​ចង់​ដាំ​បន្ថែម​នូវ​ផ្កា​ជាច្រើន​ទៀត​រៀប​ជា​រូប​ផ្សេង​ៗ​និង​ក្យុ​សមួយ​ចំនួន​ទៀតផង​ដែរ​៕​

​Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS