×

រដូវ​កាល​​ចូលឆ្នាំ​​ខ្មែរ​​តើ​សម្បូរ​ផ្លែឈើ​អ្វីខ្លះ​?​

TRAVEL & LIVING 5 months ago
 
 

          ​ប្រភេទ​ផ្លែឈើ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​មួយចំនួន​ផ្ដល់​ផល​ជា​ផ្លែផ្កា​ទៅតាម​រដូវ​កាល​នី​មួយ​ៗ​ ​ប៉ុន្តែ​ដោយឡែក​ផ្លែឈើ​មួយចំនួន​ទៀត​ផ្ដល់​ផល​គ្រប់​រដូវ​មិនថា​ប្រាំង​ឬ​វស្សា​ទេ​។​ ​ភាគច្រើន​ផ្លែឈើ​វា​ចាប់ផ្ដើម​ឱ្យ​ផល​ ​និង​សម្បូរ​ផ្លែផ្កា​ចាប់ពី​ខែមីនា​រហូត​ខែសីហា​ឬ​ខែកញ្ញា​។​ ​ជា​ការពិត​ណាស់​ការ​ទទួលទាន​ផ្លែឈើ​កាន់តែ​ច្រើន​ ​កាន់តែ​ធ្វើឲ្យ​យើង​មាន​សុខភាព​បរិបូណ៌​ ​មានកម្លាំងពលំ​រឹងមាំ​ ​និង​ ​ប្រាជ្ញា​ស្មារតី​វៀងវៃ​ហើយ​មាន​ថាមពល​ក្នុង​ខ្លួន​ ​ព្រោះ​នៅក្នុង​ផ្លែឈើ​ ​ផ្ទុក​នូវ​វីតាមីន​និង​ប្រូតេអ៊ីន​ជាច្រើន​ប្រភេទ​ជា​ជំនួយ​ដល់​ស្បែក​ ​ភ្នែក​ ​បេះដូង​ ​ឆ្អឹង​ ​និង​ផ្នែក​ផ្សេង​ៗ​នៃ​សារពាង្គកាយ​មិន​អាច​ខ្វះ​បាន​។​ ​សម្រាប់​ប្រិយមិត្ត​អ្នកអាន​មួយចំនួន​តូច​ប្រហែលជា​មិនទាន់​ជ្រាប​ទេ​ថា​ ​សម្រាប់​រដូវ​កាល​ចូលឆ្នាំ​ខ្មែរ​នា​ដើមខែ​មេសា​ឬហៅ​ថា​ខែ​ចែត្រ​ហៅ​ ​តាម​សុរិយា​គតិ​នេះ​មាន​ផ្លែឈើ​ប្រភេទ​អ្វីខ្លះ​ដែល​សម្បូរ​!​ ​

​          ​ផ្លែ​អំពិលទឹក​ ​បាន​ក្លាយជា​មុខរបរ​ដ៏​ពេញនិយម​របស់​ពលរដ្ឋ​នៅ​សង្កាត់​ព្រែកព្នៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ ​ដែល​បាន​នាំគ្នា​លក់​ព្រោង​ព្រៀ​ត​នៅ​តាម​ដងផ្លូវ​ ​ពី​ផ្សារ​ព្រែកព្នៅ​ឆ្ពោះទៅ​កាន់​ភ្នំ​បាសិត​។​ ​អំពិលទឹក​មួយ​កញ្ច្រែង​តម្លៃ១ម៉ឺន​រៀល​គឺជា​តម្លៃ​ថ្លៃ​គួរសម​។​ ​ប៉ុន្តែ​ ​អំពិលទឹក​ទាំងនេះ​ ​មិនមែន​ពួកគាត់​ដាំ​ដោយខ្លួនឯង​នោះ​ទេ​គឺ​ពួកគាត់​បាន​ទៅ​ប្រមូល​ទិញ​ពី​ពលរដ្ឋ​ដទៃទៀត​នៅ​ភូមិ​ក្បែរ​គ្នា​។​ ​ពួកគាត់​លក់ដូរ​បន្តិចបន្តួច​ទៅតាម​រដូវ​កាល​ដូចជា​រដូវ​មាន​ផ្លែ​ឈូក​ ​លក់​ផ្លែ​ឈូក​និង​ផ្កាឈូក​។​ ​តែបើ​រដូវប្រាំង​ពួកគាត់​លក់​ផ្លែ​អំពិលទឹក​ ​និង​ផ្កែ​ឈូក​តិចតួច​ ​ដើម្បី​បំពេញ​តម្រូវការ​ពលរដ្ឋ​នៅ​ទីនេះ​ ​និង​ ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ភ្នំ​បាសិត​។​

          ​បើ​អ្នកធ្វើ​ដំណើរ​តាមរយៈ​ផ្លូវជាតិ​លេខ៦អា​ ​អ្នក​នឹង​ប្រទះឃើញ​មាន​ភោគផល​ផ្លែឈើ​ធម្មជាតិ​ដែល​អ្នកស្រុក​តាម​ភូមិ​នី​មួយ​ៗ​បាន​ដាក់​ដង្ហែ​លក់​តាម​នៅមុខ​ផ្ទះ​មូរ​មី​ដេរដាស​ដូចជា​នៅ​ម្ដុំ​ព្រែកអញ្ចាញ​សម្បូរទៅដោយ​ ​ពោតដំណើប​ ​ឆៅ​ឆ្អិន​បាន​ដាក់​តាំង​បង្ហាញខ្លួន​បង្អួត​សម្រស់​ទាក់ទាញ​ក្រសែភ្នែក​អ្នកដំណើរ​ឱ្យ​ឈប់​ទិញ​ខាន​តែ​បាន​។​ ​ក្រៅពីនោះ​យើង​សង្កេតឃើញ​មាន​ត្រសក់ស្រូវ​ទុំ​ ​ផ្លែ​គុយ​ ​ផ្លែ​ពុទ្រា​ ​ជាដើម​។​ ​បើ​យើង​បន្តដំណើរ​ឆ្ពោះទៅ​មុខ​បន្តិច​ត្រង់​ស្រុក​ផ្អាវ​ ​ខេត្ត​កំពង់ចាម​ ​យើង​ប្រាកដជា​ពើប​ភ្នែក​នឹង​ការ​ចង​ផ្លែ​ត្នោត​ខ្ចី​ ​កំពីងត្នោត​ ​យ៉ាង​មាន​របៀប​ទៅតាម​ទម្លាប់​របស់​អ្នកស្រុក​នៅ​ទីនោះ​។​ ​មកដល់​ស្រុក​ស្គន់​ ​គឺ​សម្បូរទៅដោយ​ម្នាស់​ទឹកឃ្មុំ​តម្រៀប​លក់​ត្រៀបត្រា​ ​ចោល​ក្លិនក្រអូប​ប្រហើរ​ផ្អែម​យ៉ាង​ត្រជាក់ចិត្ត​ ​បើ​តាម​ប្រសាសន៍​បងស្រី​ ​ចិន្ដា​ ​ដែល​ប្រកប​អាជីព​លក់​ផ្លែឈើ​ជា​យូរឆ្នាំមកហើយ​នោះ​បាន​បរិយាយ​ក្នុងទឹក​មុខ​រួសរាយ​មកកាន់​ ​សូ​វរីន​ថា​ ​“​ខែមេសា​នេះ​ ​សម្បូរ​ផ្លែ​ម្នាស់​ណាស់​ ​ម្នាស់​ទាំងអស់​នេះ​ខ្ញុំ​បាន​ម៉ៅ​ពី​ស្រុក​ចម្ការលើ​ ​មក​មិនមែន​ជា​ម្នាស់​មក​ពីក្រៅ​ស្រុក​ឡើយ​ ​ហើយ​ខ្ញុំ​លក់​ផ្លែឈើ​ទៅតាម​រដូវ​កាលដែល​វា​មានតែ​ប៉ុណ្ណោះ​”​។​ ​បើ​យើង​ក្រឡេកមក​មើលតាម​ដង​រុក្ខវិថី​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ឯណេះ​វិញ​ ​យើង​សង្កេតឃើញ​មាន​ប្រជាកសិករ​បាន​ប្រមូល​ផល​ផ្លែឈើ​ពី​ភូមិស្រុក​របស់​ខ្លួន​ ​ទៅតាម​រដូវ​កាល​នី​មួយ​ៗ​យក​មក​លក់​យ៉ាង​ហូរហែរ​ប្រប​តាម​ដងផ្លូវ​ ​ជាក់ស្ដែង​ក្នុង​ខែ​ចែត្រ​នេះ​ពួកគាត់​បាន​នាំ​យក​ផ្លែ​គុយ​ខ្លះ​ទុំ​ពណ៌លឿង​ឆ្អិនឆ្អៅ​ ​ផ្លែ​ខ្លះ​ពណ៌បៃតង​លាយ​លឿង​ដាក់​លក់​លើ​ម៉ូតូ​ដែល​មាន​ដែក​រាង៤ជ្រុង​ដាក់ពីលើ​កែបម៉ូតូ​ផ្នែក​ខាងក្រោយ​យ៉ាង​មាន​របៀប​ ​ទោះបី​រង​កម្ដៅ​ព្រះអាទិត្យ​បន្តិច​មែន​ ​ប៉ុន្តែ​ពួកគាត់​ហាក់​មាន​ទឹកមុខ​ញញឹម​រីករាយ​ជាមួយនឹង​មុខរបរ​របស់​គាត់​ ​ព្រោះ​វា​អាច​ផ្ដល់​ប្រាក់កម្រៃ​ប្រចាំថ្ងៃ​ ​ក្រោយ​ទំនេរ​ពី​ការងារ​ប្រមូល​ផល​ស្រូវ​។​

​          ថ្វីត្បិតតែ​ ​សូ​វរីន​ ​មិនបាន​ធ្វើដំណើរ​ជុំវិញ២៥ខេត្ត​ក្រុង​ក៏​ពិតមែន​ ​ប៉ុន្តែ​យើង​អាច​ធ្វើជា​មគ្គុទ្ទេសក៍​បង្ហាញ​ជូន​មិត្ត​អ្នកអាន​បាន​ជ្រាប​ថា​ ​សម្រាប់​ខែ​ចែត្រ​នេះ​ក្នុង​ប្រទេស​កម្ពុជា​យើង​សម្បូរ​ដោយ​ភោគផល​ផ្លែឈើ​ធម្មជាតិ​យ៉ាងច្រើន​មាន​ដូចជា​៖​ ​ឃ្វិ​ត​ទុំ​ ​ស្វាយទុំ​ ​ចេក​ ​ដូង​ ​ខ្នុរ​ ​ត្របែក​ ​សេដា​ ​ល្ហុង​ ​កន្ទួត​ ​ទទឹម​ ​ម្កាក់​ ​អំពៅ​ ​ល្មុត​ ​ផ្លែ​ម៉ាក់​ប្រេង​ម៉ាក់​ប្រាង​ ​ធុរ៉េ​ន​ ​ឪឡឹក​ ​សិរមាន់​ ​ផ្លែ​មៀន​(​តាងែ​ន​)​ ​ជាដើម​។​

           អ្វី​ដែល​យើង​បាន​រៀបរាប់​ខាងលើ​នេះ​សុទ្ធសឹង​ជា​ផ្លែឈើ​ខ្មែរ​សុទ្ធសាធ​ ​ព្រោះ​វា​ផ្ដល់​ផ្លែផ្កា​ក្នុង​រដូវ​កាល​នេះ​តែម្ដង​។​ ​ប៉ុន្តែ​ជ្រុង​តូច​មួយ​នៅ​លើ​ទីផ្សារ​ផ្លែឈើ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​យើង​សង្កេតឃើញ​មាន​លក់​យ៉ាង​ហូរហែរ​នៅ​ប្រភេទ​ផ្លែឈើ​ជាច្រើន​ប្រភេទ​ ​ដែល​នាំចូល​ពីក្រៅ​ប្រទេស​។​ ​ហេតុដូច្នេះ​អាច​ធ្វើ​ឱ្យ​មិត្ត​អ្នកអាន​មួយចំនួន​តូច​មានការ​ភ័ន្តច្រឡំ​ថា​ ​នឹង​មិនបាន​ដឹង​ច្បាស់​ថា​ខែ​ណា​សម្បូរ​ផ្លែឈើ​ប្រភេទ​ណា​នោះ​ទេ​ ​ដោយហេតុនេះ​បាន​ជា​ ​សូ​វរីន​ ​លើក​បង្ហាញ​តែ​ប្រភេទ​ផ្លែឈើ​ដែល​មាន​ដាំដុះ​ស្រាប់​នៅក្នុង​ប្រទេស​យើង​តែប៉ុណ្ណោះ​ទេ​៕​ ​

Article by SOVRIN



SUGGESTIONS