×

ក្រមា​នៅតែ​ពេញនិយម​ជាមួយ​ផ្នត់គំនិត​របស់​មនុស្ស​ទាន់សម័យ​ក្នុង​ពិ​ភព​ហ្វេ​ហ្សិន​

FASHION & BEAUTY 1 week ago
 
 

          ​ក្រមា​គឺជា​ ​សំពត់​ត្បាញ​ដោយ​អំបោះ​ ​មាន​ក្រឡា​ខ្វែង​ជា​ច្រើ​នព​ណ៍​ចម្រុះគ្នា​ ​ហើយ​វា​ជា​សម្ភារ​ប្រើប្រាស់​ដ៏​ពេញនិយម​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ហើយ​វា​ក៏​ជាវ​ប្ប​ធម៌​ដ៏​ ​សាមញ្ញ​ ​និង​យូរយារ​តាំងពីដើមមក​របស់​ខ្មែរ​។​ ​ក្រ​មាន​មាន​អត្ថ​ប្រយោជន៍​ច្រើន​ ​យ៉ាង​ណាស់​ក្នុង​ការ​ ​ប្រើប្រាស់​សម្រាប់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ជាពិសេស​អ្នក​ដែល​រស់នៅ​តាម​ស្រុក​ ​ស្រែចម្ការ​។​ ​ក្រមា​ជា​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។​

          ក្រមា​មាន​អត្ថ​ប្រយោជន៍​ច្រើនយ៉ាង​ក្នុង​ការប្រើ​ប្រាស់​ប្រចាំថ្ងៃ​ ​ដែលគេ​អាចយ​ក​វា​ទៅ​ទទូរ​នៅពេល​ដើរ​ហាលថ្ងៃ​ ​ជូត​ក្បាល​ ​ចោមពុង​ពេល​ងូតទឹក​(​សម្រាប់​ស្រ្ដី​)​ ​សម្រាប់​ពានា​ពេល​យាយ​ៗ​ទៅ​វត្ត​ ​ក្រ​វ៉ាត់​ចង្កេះ​ ​ជូត​ខ្លួន​ ​សម្រាប់​បក់​មួស​ ​រុយ​ ​និង​ធ្វើជា​ចំណង​ចង​អុស​ ​ស្មៅ​ ​កណ្ដាប់​ ​ថ្នក់​ដាក់​(​ដាក់​ស្លឹក​អំពិល​ ​ផ្លែឈើ​)​ ​ធ្វើជា​ស្បៃ​ច្រោះ​ម្សៅ​នំបញ្ចុក​ធ្វើជា​ខ្សែ​សណ្ដោង​ម្ដងម្កាល​ឮជា​ដើម​។​ ​ក្រៅពីនោះ​ ​គេ​ក៏អាច​យក​ក្រមា​ទៅ​ធ្វើជា​ល្បែង​ប្រជាប្រិយ​នៅពេល​មានបុណ្យ​ទាន​ម្ដង​ៗ​ ​ដូចជា​ ​ធ្វើ​ឈូង​ ​កន្សែង​ចងភ្នែក​ ​(​វាយក្អម​ ​អា​ខ្វាក់​អា​ខ្វិន​)​ ​និង​លេង​លាក់​កូនមាន់​ជាដើម​។​ ​ដូចដែល​មិត្ត​អ្នកអាន​បាន​ជ្រាប​ហើយ​ថា​ ​ក្រមា​ជា​ឧបករណ៍​មួយ​របស់​ខ្មែរយើង​ ​តាំងពី​បុរាណកាល​មក​ម្ល៉េះ​ ​ហើយ​ស្ទើរតែ​គ្មាន​មនុស្ស​ដែល​មិន​ស្គាល់​ឧបករណ៍​មួយ​នេះ​ទេ​នៅក្នុង​ស្រុកខ្មែរ​យើង​ ​។​ ​មាន​សំ​ណួរ​ខ្លះ​ៗ​បាន​ចោទសួរ​ថា​ ​“​ក្រមា​មានវត្តមានក្នុង​ប្រទេស​កម្ពុជា​ចាប់តាំង​យុគសម័យ​ណាម​ក​ ​?​ ​ហើយ​ក្រមា​មាន​ដើមកំណើត​ឡើង​ក្នុង​ប្រទេស​ណា​ដែរ​ ​?​”​ ​។​ ​ចំពោះ​ចម្ងល់​ទាំងនេះ​យើង​មិនទាន់​ ​មាន​ឯកសារ​ណាមួយ​មក​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​!​ ​

          ​នា​ពេល​បច្ចុប្បន្ន​ក្រមា​ខ្មែរ​ ​នៅតែ​ពេញនិយម​ពីសំណាក់​អ្នកប្រើ​ប្រាស់​មិនថា​ក្មេង​ ​ចាស់​ ​ប្រុស​ ​ស្រី​នោះ​ទេ​ ​ហើយ​គេ​ក៏បាន​ធ្វើ​កែច្នៃ​ក្រមា​ទៅជា​ម៉ូដ​សម្លៀកបំពាក់​ដ៏​ទាន់សម័យ​ ​បូរ​ចង់​សក់​ ​និង​ដង្កៀប​ជាដើម​។​ ​ជាក់ស្ដែង​តារា​សម្ដែង​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​បាន​ចាប់ផ្ដើម​ចលនា​ស្រឡាញ់​ក្រមា​ព្រមទាំង​បាន​ធ្វើការ​ផ្សព្វផ្សាយ​វីដេអូ​ឃ្លី​បរ​បស់​ខ្លួន​នៅក្នុង​យូ​ធូប​ ​ដែល​មានការ​ពិ​ពរ​ណ៍​នា​លម្អិត​អំពី​វិធី​កែច្នៃ​ក្រមា​ខ្មែរ​ទៅជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា​អាវ​ឬ​គ្រឿងលម្អ​ខ្លួន​ផ្សេង​ៗ​ជាដើម​ ​រហូតដល់​កញ្ញា​បើកហាង​ដែល​មាន​លក់​សម្លៀកបំពាក់​ពី​ក្រមា​យ៉ាង​ជោគជ័យ​។​ ​ពេលនេះ​សូ​វរីន​ ​សូម​លើកយក​អំពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​អភិរក្ស​ក្រមា​ខ្មែរ​ ​ដែល​ជា​កេរ្តិ៍មរតក​ពី​ដូនតា​មក​បង្ហាញ​ជូន​ប្រិយមិត្ត​ដូច​ខាងក្រោម​នេះ​។​ ​ក្នុងនាម​ជា​យុវវ័យ​ខ្មែរ​មួយ​រូប​ ​ដែល​រក្សា​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នៅ​ការ​តុបតែង​ដែល​មានការ​រំលេច​ជាមួយ​ ​ក្រមា​ខ្មែរ​ ​យើង​ ​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​បាន​ឲ្យដឹង​ថា​ ​“​កាលពីមុន​ ​បងប្អូន​យើង​ដឹង​តែ​ក្រមា​ប្រើ​សម្រាប់​ស្លៀក​មុជទឹក​ ​ឬ​ជូត​ខ្លួន​អី​ទេ​ ​តែ​តាមពិត​វា​អាច​ប្រើ​បាន​ច្រើនយ៉ាង​ ​ឲ្យតែ​យើង​ចេះ​ច្នៃ​”​។​ ​ជា​ការពិត​ណាស់​នាងខ្ញុំ​តែងតែ​ចំណាយពេល​វេលា​ក៏ដូចជា​គំនិត​ក្នុង​ការ​ច្នៃប្រឌិត​ក្រមា​ខ្មែរ​ ​ទៅជា​សម្ភារ​ប្រើ​ប្រាស់​ផ្សេង​ៗ​ដូចជា​៖​ ​នាងខ្ញុំ​បាន​ច្នៃ​ក្រមា​កាត់ចេញ​ជា​ម៉ូដ​អា​វរ​លុង​ៗ​ ​រ៉ូប​ ​ជាច្រើន​ម៉ូដ​ ​បូរ​សក់​ ​ប្រដាប់​បួងសក់​ ​ជា​ក្រមា​ពានា​ជាមួយ​អាវប៉ាក់​រំលេច​ចេញ​ជា​ម៉ូដ​ដែល​មើលទៅ​ប្លែកភ្នែក​ម្យ៉ាងដែរ​។​ ​មួយវិញទៀត​ខ្ញុំ​ក៏បាន​ច្នៃ​ក្រមា​ជា​បូរ​ធំៗ​ ​ដាក់​ជាប់​ជាមួយនឹង​មួក​ដែល​ធ្វើឲ្យ​មួក​កាន់តែ​មាន​សោភ័ណភាព​ស្រស់​ស្អាត​មួយ​កម្រិត​ថែមទៀត​”​។

          ដោយឡែក​យុវតី​ដែល​មានឈ្មោះ​ថា​ ​អាណា​ ​បច្ចុប្បន្ន​មាន​អាយុ២០ឆ្នាំ​ ​និង​ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ក្រុងភ្នំពេញ​ ​ក៏បាន​បញ្ចេញមតិ​យោបល់​ឲ្យដឹង​ថា​ ​“​ថ្វីត្បិតតែ​ខ្ញុំ​ចូលចិត្ត​ ​និង​និយម​ការ​តុបតែង​ខ្លួន​ទាន់សម័យ​បន្តិច​មែន​ ​ប៉ុន្តែ​ជានិច្ច​ជា​កាល​ខ្ញុំ​តែងតែ​ប្រើប្រាស់​ក្រមា​របស់​ខ្មែរយើង​ធ្វើជា​ម៉ូដ​អា​វរ​លុង​ៗ​ ​វែង​ៗ​ ​ពាក់​ជាមួយ​ខោ​ស្វិត​ ​កន្សែង​បង់​ករ​ ​និង​កន្សែង​ចង​ចង្កេះ​ជាដើម​”​។​ ​អាណា​ ​ក៏បាន​បន្ថែម​ទៀត​ថា​ ​“​រាល់ពេល​ដែល​ទៅលេង​ខេត្ត​សៀមរាម​ ​ដែល​ជា​ទឹកដី​នៃ​ដែន​អង្គរ​ ​ខ្ញុំ​មិនដែល​ភ្លេច​ជាមួយនឹង​ការទិញ​ជាមួយ​ផលិតផល​ក្រមា​ដែល​មាន​ដូចជា​ ​កន្សែង​បង់​ករ​ ​ឬ​អាវ​ដែល​ច្នៃ​ពី​ក្រមា​ជាដើម​”​។​ ​

          ប្រសិនបើ​យើង​ក្រឡេក​ទៅ​មើលតាម​កន្លែង​ដែល​លក់​វត្ថុ​អនុស្សាវរីយ៍​ ​ដែល​សុទ្ធសឹង​បង្កើត​ឡើង​ដោយ​ស្នាដៃ​ខ្មែរ​ផ្ទាល់​នោះ​ ​ជាពិសេស​នៅ​ផ្សារ​ទួលទំពូង​ ​ឬ​ផ្សារថ្មី​ជាដើម​ ​យើង​សង្កេតឃើញ​ថា​មាន​លក់​វត្ថុ​ដែល​កែច្នៃ​ពី​ក្រមា​ ​យ៉ាងច្រើន​ស្រស់​ស្អាត​ ​ដូចជា​ ​កាបូប​ ​អាវ​ ​ខ្សែ​ករ​ ​ខ្សែដៃ​ ​ជាដើម​។​ ​ក្រោយពី​មានការ​ពេញនិយម​នៃ​ការប្រើ​ប្រាស់​ ​និង​ការ​ច្នៃប្រឌិត​ក្រមា​ទៅជា​សម្ភារ​ប្រើ​ប្រាស់​ផ្សេង​ៗ​នោះ​ ​យើង​សង្កេតឃើញ​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរយើង​ដែល​ប្រកបរបរ​តម្បាញ​ក្រមា​ ​តាំងពី​ដូនតា​មក​ ​កាន់តែ​មានការ​ងារ​ធ្វើ​ច្រើន​ ​ហើយ​ពួកគាត់​ក៏អាច​រកចំណូល​ចូល​គ្រួសារ​ ​និង​បង្កើន​កម្រិតជីវភាព​បាន​មួយ​ផ្នែក​ផង​ដែរ​។​ ​គួរ​រំលឹក​ផង​ដែរ​ថា​ ​ដោយសារតែ​មានការ​អភិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ ​បងប្អូន​ដែល​ប្រកបរបរ​តម្បាញ​ដោយដៃ​ក៏បាន​ប្រែក្លាយ​ពី​ការ​ត្បាញ​ដោយដៃ​ទៅជា​ការ​ត្បាញ​ក្រមា​ដោយ​ម៉ាស៊ីន​វិញ​ម្ដង​ ​ព្រោះ​វា​អាច​ជួយ​ពន្លឿន​នៃ​ការ​ត្បាញ​បាន​ច្រើនជាង​ការ​ត្បាញ​ក្រមា​ដោយដៃ​។​ ​បើ​យើង​ធ្វើការ​ប្រៀបធៀប​ការ​ត្បាញ​ដោយដៃ​ ​និង​ដោយ​ម៉ាស៊ីន​វា​មិន​លើស​គ្នា​ប៉ុន្មាន​ទេ​ ​គ្រាន់តែ​ការ​ត្បាញ​ដោយ​ម៉ាស៊ីន​ចំណាយ​ថវិកា​ច្រើន​ ​ហើយ​ទទួលផល​បាន​ច្រើន​ ​ប៉ុន្តែ​ចំណេញ​តិច​ ​រី​ឯ​ការ​ត្បាញ​ដោយដៃ​វា​យឺត​ក៏​ពិតមែនតែ​អ្នក​ត្បាញ​គាត់​មិន​ចំណាយ​លើ​កម្រៃ​ផ្សេង​ដូចជា​ ​ភ្លើង​ ​ឬ​ជួល​អ្នក​ត្បាញ​បន្ថែម​ ​ប៉ុន្តែ​គាត់​ទទួល​បានផល​តិច​ ​ហើយ​លក់​មិនទាន់​តម្រូវការ​របស់​អតិថិជន​ដែល​ចង់បាន​ ​ព្រោះ​នា​ពេល​បច្ចុប្បន្ន​នេះ​កូន​កន្សែង​តូច​ៗ​ ​ត្រូវ​បាន​ក្លាយជា​កាដូ​ក្នុង​ថ្ងៃ​ពិធី​មង្គលការ​សម្រាប់​ជូន​ដល់​ភ្ញៀវ​ផង​ដែរ​។​

​          ប៉ុន្តែ​អ្វី​ដែល​ពិសេស​ថ្មី​នោះ​ ​ឥឡូវនេះ​ក្រមា​ខ្មែរ​បាន​ក្លាយជា​ម៉ូដ​ ​Fashion​ ​សម្រាប់​មនុស្ស​សម័យថ្មី​នៅ​ដែនដី​ទីក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​ទៀតផង​។​ ​គម្រោង​ ​“​មរតក​ក្រមា​ ​ឬ​ ​Krama​ ​Heritage​”​ ​កំពុង​ពាំនាំ​ក្រមា​ខ្មែរ​ ​ទៅ​ផ្សព្វផ្សាយ​និង​លក់​នៅ​ឯ​ដែនដី​ធ្លាក់ព្រិល​ ​សម្រាប់​អ្នក​និ​យម​ស្តាយ៍​ស៊ីវិល័យ​ ​ដោយ​ការ​រំលេច​ចេញ​ជាមួយ​មរតក​វប្បធម៌​ប្រជាជន​ខ្មែរ​។​ ​ឥឡូវនេះ​ ​ក្រមា​ធ្វើ​ពី​អំបោះ​កប្បាស​និង​ជា​ទឹកដៃ​របស់​ប្រជា​តម្បាញ​ខ្មែរ​ទាំងនេះ​ ​កំពុង​ដាក់​លក់​នៅ​ ​Galeries​ ​Lafayette​ ​បណ្ដោយ​វិថី​ ​Haussmann​ ​នៃ​ទីក្រុង​ ​ប្រទេស​ប៉ារីស​។​ ​Krama​ ​Heritage​ ​បាន​នាំ​កន្សែង​ ​ឬ​ក្រមា​ ​ខ្មែរ​ទៅកាន់​ភាព​ទាន់សម័យ​របស់​យុវវ័យ​អឺរ៉ុប​ ​ហើយ​នេះ​ជា​បេសកកម្ម​សម្រាប់​វប្បធម៌​កម្ពុជា​ផង​ដែរ​។​ ​វា​ជា​ការ​បង្ហាញថា​ក្រមា​ខ្មែរ​ ​មាន​ប្រើប្រាស់​នៅ​ក្រៅប្រទេស​ ​និង​ធ្វើឲ្យ​គេ​ដឹង​ច្បាស់​ថា​តើ​ក្រមា​មាន​ប្រភព​ពិត​មក​ពីណា​ ​និង​តំណាង​ឲ្យ​នរណា​។​ ​ក្រមា​ខ្មែរ​ដែល​កំពុង​ក្លាយជា​គ្រឿង​ ​Fashion​ ​សម្រាប់​យុវវ័យ​ប៉ារីស​ ​នឹង​ផ្សព្វ​ផ្សា​យស្តាយ៍​បង់ក​ក្រមា​ខ្មែរ​ ​តាម​ទីក្រុង​មួយចំនួន​ដូចជា​ទីក្រុង​ ​ញ៉ូ​វយ៉​ក​ ​សហរដ្ឋអាមេរិក​ ​ទីក្រុង​ ​ឡុងដុង​ ​ប្រទេស​អង់គ្លេស​ ​ទីក្រុង​ ​Saint​ ​Petersburg​ ​ប្រទេស​រុស្ស៊ី​ ​នៅ​ ​ប៉ារីស​ ​និង​នៅ​ភ្នំពេញ​ផង​ដែរ​។​

​          បើ​ទោះបីជា​ក្រមា​ជា​សម្ភារ​ប្រើប្រាស់​បែប​ប្រពៃណី​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​នៅតែ​ពេញនិយម​ពីសំណាក់​អ្នកប្រើ​ប្រាស់​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្ដា​ខេត្ត​ផង​ដែរ​ ​គ្រាន់តែ​របៀប​នៃ​ការប្រើ​ប្រាស់​មាន​លក្ខណៈ​ ​និង​សណ្ឋាន​ខុស​ៗ​គ្នា​តែប៉ុណ្ណោះ​៕​

Article ​by​ ​Makara



SUGGESTIONS