×

ចាប់ផ្ដើម​ដំណើរ​កម្សាន្ត​ជាមួយ​សូ​វរីន​ ​ទៅកាន់​តំបន់​ដែល​ពេញនិយម​បំផុត​ទាំង​ក្នុង​និង​ក្រៅប្រទេស​

TRAVEL & LIVING 5 years ago
 
 

​          សម្រាប់​ថ្ងៃចូលឆ្នាំ​ថ្មី​ដែល​នឹង​កៀក​ជិត​មកដល់​នា​ថ្ងៃខាងមុខ​នេះ​ ​សូ​វរីន​ ​សូម​ធ្វើ​ជា​មគ្គុ​ទេស​ទេសចរណ៍​ម្ដងទៀត​ ​បង្ហាញ​ពី​តំបន់​ទេសចរណ៍​ដែល​កំពុងតែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ហើយ​ជា​តំបន់​សម្រាក​លម្ហែ​កម្សាន្ត​យ៉ាង​មនោរម្យ​ ​និង​ពោរពេញ​ដោយ​ប្រណីតភាព​ផង​ដែរ​។​

SONG​ ​SAA​ ​private​ ​island​ : ​“​ជាមួយនឹង​សម្រស់​ដែន​កោះ​ដ៏​ស្រស់បំព្រង​អម​ដោយ​ ​អាកាសធាតុ​ត្រូពិច​ ​និង​ឡោមព័ទ្ធ​ដោយ​វីឡា​ស្បូវ​ប្រណី​តៗ​ធ្វើ​ឱ្យ​កោះ​សង្សារ​ក្លាយជា​កោះ​ ​លម្ហែ​កាយ​ដ៏​សុខសាន្ត​”​។​

​កោះ​ម៉ាល់ឌីវ:​ ​“​ដំណើរ​កម្សាន្ត​ទៅកាន់​ដែន​កោះ​ឋានសួគ៌​បែប​ប្រណីត​ស្ថិត​លើ​មហាសមុទ្រ​ឥណ្ឌា​ដ៏​ធំ​ល្វឹងល្វើយ​ ​និង​ជាទី​កន្លែង​ឋានសួគ៌​ល្អ​ផ្តាច់​សម្រាប់​ភ្ញៀវ​អភិជន​ទាំងឡាយ​ដែល​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ ​ការ​ស្នាក់នៅ​ប្រកបដោយ​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ ​និង​មានការ​បម្រើ​លក្ខណៈ​ផ្ទាល់ខ្លួន​យ៉ាង​យកចិត្ត​ទុកដាក់​មិន​ឱ្យ​ខកបំណង​ឡើយ​”​។​

​ទឹកដី​ព្រះ​និមិត្ត​ស្ទឹងត្រែង​ ​ក្រចេះ​ ​“​ឈ្លក់​វង្វេង​ជាមួយ​ទឹកដី​ដែល​មាន​សម្រស់​ស្រស់​ស្អាត​គ្មាន​ពីរ​ ​ហាក់បីដូចជា​ឋាន​ទេវលោក​ ​នា​ភូមិ​ភា​គ​ឦសាន្​ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​ទីក្រុង​ហ្លួងព្រះបាង​ ​“​ដំណើរ​កម្សាន្ត​ទៅកាន់​អតីត​រាជធានី​បុរាណ​របស់​ទឹកដី​ខ្ពង់រាប​នៃ​ប្រទេស​ឡាវ​ ​ដែល​មាន​សម្រស់​ដ៏​ល្អឯក​ ​និង​ប្រពៃណី​យ៉ាង​ល្អ​ផូរផង់​របស់​ប្រជាជន​នៃ​ទីក្រុង​ហ្លួងព្រះបាង​។​ ​ក្នុង​នោះ​ផង​ដែរ​ហ្លួងព្រះបាង​ពិតជា​សម្បូរទៅដោយ​វត្តអារាម​ដែល​មាន​រចនា​បទ​យ៉ាង​ល្អ​ប្រណីត​តែមួយ​គ្មាន​ពីរ​ពិតជា​ធ្វើ​ឱ្យ​ដក់ជាប់​ក្នុង​ក្រអៅបេះដូង​អ្នកទេសចរ​មិន​អាច​បំភ្លេច​បាន​ឡើយ​”​។​

ខេត្ត​ ​ឈៀង​ម៉ៃ​ ​ឈៀ​ងរ៉ៃ​ ​និង​ឡាំ​បាង​ ​“​ដំណើរ​កម្សាន្ត​លើទឹក​ដី​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ​នឹង​បង្កប់​នូវ​មន្ត​ស្នេហ៍​មួយ​បែប​ផ្សេងទៀត​ ​ដែល​អាច​អន្ទង​ដួងចិត្ត​អ្នកទេសចរ​ឱ្យ​ត្រេកត្រអាល​ជក់ចិត្ត​នឹង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​យ៉ាង​មនោរម្យ​នឹង​ប្រមូលផ្ដុំ​ដោយ​ទី​អា​រាម​ចាស់​ៗ​ ​ដែល​សុទ្ធសឹង​ជា​កន្លែង​ប្រវត្តិ​សាស្រ្ត​ ​បង្កប់​ដោយ​រឿងរ៉ាវ​កាលពី​បុរាណ​”​។​

ប្រាសាទ​សម្បូរ​ព្រៃគុហ៍​ ​“​ជា​អតីត​រាជធានី​ខ្មែរ​ដ៏​ល្បីល្បាញ​នា​សម័យ​ចេនឡា​ ​និង​ជាទី​កន្លែង​យ៉ាង​ពិសេស​អស្ចារ្យ​សម្រាប់​អ្នកទេសចរ​រូប​ណា​ប្រាថ្នា​ស្វែងរក​ភាព​ស្ងប់ស្ងាត់​។​ ​ខ្យល់បក់​ត្រ​សៀ​កៗ​ប៉ះ​នឹង​មែកឈើ​រណ្ដំ​ជាមួយ​សម្លេង​បក្សី​ព្រៃ​បំពេ​រអា​រម្ម​ណ៍​ ​អ្នកទេសចរ​គ្រប់គ្នា​ឱ្យ​លង់លក់​ក្នុង​សុបិន​ដែល​នឹង​នាំ​យើង​ទៅកាន់​អតីតកាល​មួយ​ដ៏​អស្ចារ្យ​ ​ក្នុងទឹក​ដី​ខេត្តកំពង់ធំ​”​។

​ឧទ្យានជាតិ​ព្រះសីហនុ​រាម​ ​និង​ ​កោះ​រាជ្យ​បុត្រ​ ​“​ជាស​សៃ​ឈាម​ទាក់ទាញ​ទេស​ចរ​ណ៌​ ​លម្អ​ដោយ​ធម្មជាតិ​សមុទ្រ​ប្រៀប​ឋាន​កិន្នរ​ ​បង្ក​ជា​ឆ្នេរខ្សាច់​ស្អាត​ល្អ​បន្ត​រក្សា​អេកូ​ធម្មជាតិ​ប្រៀបផ្ទឹម​ពុំ​បាន​បីដូច​កល្យាណ​ក្នុង​ព្រៃ​ព្រឹក្សា​ ​ឆ្នេរ​រាម​សែន​ស្អាត​ចង់ទៅ​ទស្សនា​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​នឹង​អន្តរជាតិ​មិន​គួរ​រំលង​”​។​

ប្រាសាទបន្ទាយ​ឆ្មារ​ ​ស្ថិតនៅ​ក្នុង​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​ ​“​ថ្វីត្បិតតែ​ប្រាសាទបន្ទាយ​ឆ្មារ​មាន​សភាព​ទ្រុ​ធ​ទ្រោម​បន្តិច​មែន​ ​ប៉ុន្តែ​សម្រស់​ប្រាសាទ​នៅតែ​អាច​អន្ទង​ដួងចិត្ត​ភ្ញៀវ​ទេសចរ​ឱ្យទៅ​កម្សាន្ត​ទស្សនា​នៅ​ប្រាង្គ​ប្រាសាទ​មួយ​នេះ​មិនចេះដាច់​ ​ព្រោះតែ​ចម្លាក់​ដ៏​ល្អ​វិចិត្រ​នេះ​បាន​ទាញចិត្ត​អ្នកទស្សនា​ឱ្យ​ឈ្លក់​វង្វេង​ជាមួយ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រង​អម​ផ្កាស្មៅ​ដុះ​មីរ​ដេ​ដាស​ ​ប្រៀប​ដូចជា​កម្រាលព្រំ​ពណ៌ស​រលាយ​ពណ៌បៃតង​ ​កំពុងតែ​ក្រាល​រង​ចាំ​ភ្ញៀវ​ទេសចរ​ដែល​នឹង​ទៅ​កម្សាន្ត​នៅ​តំបន់​ប្រាសាទ​នោះ​យ៉ាង​ដូច្នោះ​ដែរ​”​។​

​បាត់ដំបង​បេះដូង​នៃ​ទីក្រុង​អាណានិគម​ប្រមូល​ផ្តុំ​ដោយ​រឿងរ៉ាវ​កាលពី​អតីតកាល​រុញច្រាន​ដួងចិត្ត​ភ្ញៀវ​ទេសចរ​ ​“​ចាប់ផ្ដើម​ដំណើរ​កម្សាន្ត​ថ្មី​មួយ​ទៅកាន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ ​ខេត្ត​ក្រុង​បាត់ដំបង​ដែល​បន្សល់​នូវ​មរតក​ដ៏​សម្បូរ​បែប​ផ្នែក​បេតិកភណ្ឌ​ក្រុង​ប្រវត្តិ​សាស្រ្ត​ ​ដែល​អ្នកទេសចរ​ទាំងឡាយ​ច្រើនតែ​រំលង​នឹង​នឹក​មិនឃើញ​ដល់​ការ​ធ្វើដំណើរ​កម្សាន្ត​នៅ​ខេត្ត​មួយ​នេះ​ ​ដែល​ប្រមូលផ្ដុំ​ដោយ​តំបន់​ទេសចរណ៍​យ៉ាង​សម្បូរ​បែប​”​។​ ​

កោះ​បាលី​ ​“​ដំណើរ​កម្សាន្ត​ទៅកាន់​ ​Bali​ ​ជា​ឋានសួគ៌​មួយ​លើ​លោកីយ៍​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​អ្នកទេសចរ​ទាំងឡាយ​គួរ​មក​ទស្សនា​កម្សាន្ត​ទទួលយក​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន​ជាមួយ​សម្រស់​ធម្មជាតិ​ដ៏​ល្អ​ត្រកាល​ ​រី​ឯ​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ថ្លាឈ្វេង​ដូច​កញ្ចក់​ពោរពេញ​ដោយ​ពពួក​ផ្កាថ្ម​ប៉ប្រះ​ទឹក​គួរ​ជាទី​មនោរម្យ​ក្រៃលែង​”​។​

​Magical​ ​Island​ ​KOH​ ​RONG​ ​“​កោះ​រ៉ុង​គឺជា​កោះ​ឋានសួគ៌​ធម្មជាតិ​ ​ដែល​មានផ្ទៃ​ទឹកសមុទ្រ​ខៀវស្រងាត់​ដ៏​ស្រស់​អស្ចារ្យ​ ​ក្នុងចំណោម​កោះ​មួយចំនួន​នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ដែល​ជាប់នឹង​មាត់សមុទ្រ​នា​ភាគ​និរតី​នោះ​ ​ហើយក៏​ត្រូវ​បាន​ចាត់ទុកថា​ជា​ឆ្នេរខ្សាច់​ស្រស់​ស្អាត​បំផុត​នៅ​ឥណ្ឌូចិន​ថែមទៀត​ផង​”​។​

​ក្រោយពី​ការ​អត្ថា​ធិប្បាយ​ខ្លី​ៗ​ពី​តំបន់​ទេស​ចរ​ណ៍​ល្បី​ៗ​ ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ហើយ​នោះ​ ​សូ​វរីន​ ​សង្ឃឹម​នឹង​ជឿជាក់​ថា​នឹងអាច​ជា​ជម្រើស​ថ្មី​មួយ​សម្រាប់​ប្រិយមិត្ត​មួយចំនួន​តូច​ក្នុង​ការរៀបចំ​ដំណើរ​កម្សាន្ត​របស់​ខ្លួន​នា​ថ្ងៃសម្រាក​លម្ហែ​ចុងឆ្នាំ​ខាងមុខនេះ​៕​ ​

Artical by SOVRIN


SUGGESTIONS