×

គំនិត​ច្នៃ​ប្រតិដ្ឋ​នៃ​ហាង​កាហ្វេ​ទាំង៥​ ​ដែល​មាន​រចនាប័ទ្ម​តុបតែង​ប្លែក​ដាច់គេ​បំផុត​នៅ​ទីក្រុង​ភ្នំពេញ​

NEWS 2 months ago
 
 

              អាជីវកម្ម​ហាង​កាហ្វេ​នា​ពេល​បច្ចុប្បន្ន​ ​យើង​សម្គាល់​ឃើញថា​មានការ​កើនឡើង​យ៉ាង​គគ្រឹកគគ្រេង​ ​ក្នុង​នោះ​មាន​ទាំង​ហ្វ្រេន​ឆាយ​មក​ពី​បរទេស​ ​និង​ខ្លះទៀត​បង្កើត​ឡើង​ដោយ​សហគ្រិន​វ័យក្មេង​ក្នុង​ស្រុក​ជាច្រើន​ដែល​កំពុងតែ​រីក​ស្គុសស្គាយ​ដូចជា​ផ្សិត​ជាពិសេស​គឺ​នៅ​រាជធានី​ភ្នំពេញ​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​តែម្តង​។​ ​ដោយហេតុ​ហាង​កាហ្វេ​ជា​កន្លែង​សម្រាប់​ធ្វើ​សង្គម​នី​យក​ម្ម​ដ៏​ពេញនិយម​ ​ពោល​ជា​កន្លែង​ពិសេស​មួយ​ដែល​មនុស្ស​ក្នុង​សម័យ​ទំនើប​ចូលចិត្ត​មក​ជួបជុំ​ជជែក​កម្សាន្ត​ ​បង្កើត​មិត្ត​ភាព​ថ្មី​ៗ​ ​ហើយក៏​ជា​កន្លែង​បំពេញការងារ​ក្រៅ​ម៉ោង​ ​កិច្ចការ​សាលា​ ​អាន​សៀវភៅ​ ​និង​ធ្វើជំនួញ​ក្រៅផ្លូវការ​ទៀត​នោះ​ ​ហេតុនេះ​ហើយ​ទើប​សហគ្រិន​បើក​អាជីវកម្ម​ហាង​កា​ហ្វេ​ក្រោយ​ៗ​ ​បាន​រិះរក​គំ​និ​ត​ថ្មី​ៗ​ជាមួយនឹង​ការរចនា​ហាង​ជាមួយ​នឹង​ការ​ដេ​គ័រ​ឲ្យ​មាន​លក្ខណៈ​ពិសេស​ស្រស់​ស្អាត​ប្លែក​ ​ដើម្បី​ជា​ភាព​ទាក់ទាញ​ក៏​ដូច​ជាញុំា​ង​បរិយាកាស​អង្គុយ​ក្រេប​ឱជារស​កាហ្វេ​កាន់តែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ ​និង​ស្រស់ស្រាយ​ឡើង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ខណៈ​ហាង​កាហ្វេ​បង្កើត​ថ្មី​បាន​បង្ហាញខ្លួន​ជាបន្តបន្ទាប់​ ​សូ​វរីន​ ​សូម​នាំ​ប្រិយមិត្ត​មក​ស្គាល់​ហាង​កាហ្វេ​ទើប​បើក​ថ្មី​ចំនួន​ប្រាំ​ដែល​មាន​រចនាប័ទ្ម​តុបតែង​ប្លែក​សុទ្ធសឹង​ស្ថាបនា​ឡើង​ក្រោម​ស្នាដៃ​កូនខ្មែរ​ដែល​កំពុង​ច្បាម​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។​

1​.​ផ្ទះ​បុរាណ​ ​១៩៣១​ ​

          ​វីឡា​បុរាណ​ស្កឹមស្កៃ​ក្នុង​រចនាប័ទ្ម​បី​សាសន៍​ ​បារាំង​ ​ចិន​ ​ខ្មែរ​ ​សាងសង់​តាំងពី​ឆ្នាំ​ ​១៩៣១​ ​ដែល​តាំងខ្លួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​នៅ​ចម្ងាយ​ប្រមាណ​ប្រាំ​គីឡូម៉ែត្រ​ពីទី​ក្រុងភ្នំពេញ​ ​ត្រូវ​បាន​ស្ថាបនិក​ខ្មែរ​វ័យក្មេង​មួយ​រូប​ធ្វើការ​កែ​លម្អ​បង្កើត​ជា​ហាង​កាហ្វេ​ដ៏​ប្រណីត​ ​ដោយ​ភ្ជាប់​មក​ជាមួយ​ពហុ​បំណង​ផ្សព្វផ្សាយ​ពី​វប្បធម៌​ ​និង​អរិយធម៌​ខ្មែរ​ផង​ ​ក៏ដូចជា​ឲ្យ​កូនខ្មែរ​ស្គាល់​នូវ​អ្វី​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ខ្លួនឯង​ផង​ដែរ​។​ ​បង្អួត​សម្រស់​ខាងក្រៅ​ជាមួយនឹង​វីឡា​ពណ៌លឿង​លេចធ្លោ​ ​ហាក់​អន្ទង​រាល់​ភ្នែក​ភ្ញៀវ​ធ្វើដំណើរ​ឆ្លងកាត់​ឲ្យ​អត់ទ្រាំ​នឹង​ចោល​ក្រសែភ្នែក​មក​ពុំ​បាន​ ​ឬ​បាន​ឈានជើង​ចូល​មក​ម្តង​ក៏​អស់ចិត្ត​ដែរ​។​ ​ផ្នែក​ខាងក្នុង​ត្រូវ​បាន​រចនា​តុបតែង​ថ្មី​ផ្ទុយ​ស្រឡះ​ពី​ផ្នែក​ខាងក្រៅ​ ​ពោល​ជា​ហាង​កាហ្វេ​ក្នុង​ទម្រង់​បែប​បុរាណ​បន្តិច​លាយស​ម័យ​បន្តិច​ ​សំខាន់​រូប​ភាព​ចាស់​ៗ​បង្ហាញ​ពី​ ​ប្រាសាទ​អង្គរ​ ​របាំ​ល្ខោនខោល​ ​និង​រូប​បង្ហាញ​ពី​ទិដ្ឋភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ពី​ជំ​នាន់​មុន​ៗ​ជាច្រើន​សរុប​ប្រមាណ​ ​៣០០ផ្ទាំង​ ​បាន​មក​តម្រៀប​តាំង​បង្ហាញ​ជាជួរ​ដែល​បង្ក​ឲ្យ​បរិយាកាស​ពិសា​កាហ្វេ​កាន់តែ​ទោរទន់​ប្រៀប​បីដូច​កំពុង​សុបិន​ទៅកាន់​អតីតកាល​។​ ​ផ្ទះ​បុរាណ​ ​១៩៣១​ ​មិន​ត្រឹមតែ​ផ្តល់​នូវ​បទពិសោធន៍​រសជាតិ​កាហ្វេ​មក​ពី​អ៊ីតាលី​ប៉ុណ្ណោះទេ​ ​តែ​ថែមទាំង​មាន​បម្រើ​អាហារ​បី​ពេល​យ៉ាង​ឈ្ងុយឆ្ងាញ់​ផង​ដែរ​។​

​2​.​​Book​ ​Café​

​          សៀវភៅ​ប្រមាណ​ជាង​ ​៨០០០ក្បាល​ ​បាន​កំពុង​រង់ចាំ​ស្វាគមន៍​អ្នក​ស្រឡាញ់​ការ​អាន​ ​ឲ្យ​ចូល​មក​អង្គុយ​ក្រេបរសជាតិ​កាហ្វេ​ឈ្ងុយឆ្ងាញ់​អម​នឹង​ការ​អាន​សៀវភៅ​ច្រើន​ប្រភេទ​ដើម្បី​បង្កើន​ចំណេះដឹង​នៅ​ឯ​ ​Book​ ​Café​។​ ​ទីនេះ​ប្រៀប​បីដូច​ជា​បណ្តាល័​យ​អាន​សៀវភៅ​ដូច្នោះ​ដែរ​ ​ដែល​ប្រជុំ​ទៅ​ដោយ​សៀវភៅ​ច្រើន​ប្រភេទ​ទាក់ទង​ទៅ​នឹង​ ​នយោបាយ​ ​សេដ្ឋកិច្ច​ ​ច្បាប់​ ​សុខភាព​ ​កីឡា​ ​និង​ប្រលោមលោក​នានា​ ​ដែល​ផ្តល់​ជូន​អាន​សេរី​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់​ល្អ​លាយឡំ​គយគន់​នឹង​ការរៀបចំ​តាំង​លម្អ​នូវ​វត្ថុ​ចាស់​ៗ​យ៉ាង​ប្រណីត​សល់​តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​រហូតដល់​ទសវត្សរ៍​ទី​ ​៩០​ ​ដូចជា​ ​ម៉ូតូ​ ​ឧបករណ៍​ចាក់​តន្ត្រី​ ​ចង្កៀង​ ​ទូរសព្ទ​ ​និង​កា​សែ​ត​ចាស់​ៗ​ជាង​ ​១០០ប្រភេទ​ ​សុទ្ធសឹង​គួរឲ្យ​ចង់​ដឹង​គួរឲ្យ​ចង់​ស្វែងយល់​ជាទីបំផុត​។​ ​ហាង​កាហ្វេ​ដែល​មាន​ទីតាំងនៅ​ក្នុង​បុរី​មហាសែន​សុខ​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​នេះ​ដែរ​ ​ក៏​មាន​ផ្តល់​ជូន​នូវ​បន្ទប់​ប្រជុំ​សម្រាប់​ការ​ជួបជុំ​ចែករំលែក​បទពិសោធន៍​ក៏ដូចជា​ចំណេះដឹង​គ្នា​ទៅវិញទៅមក​ផង​ដែរ​។​ ​ក្រេបរសជាតិ​កាហ្វេ​ឈ្ងុយឆ្ងាញ់​បណ្តើរ​ ​អាន​សៀវភៅ​បណ្តើរ​ពិតជា​ធ្វើឲ្យ​ពេលវេលា​អង្គុយ​លម្ហែ​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ថែមទាំង​ចំណេញ​បាន​ទាំង​ចំណេះ​តាមរយៈ​ការ​អាន​ដូចដែល​គេ​ពោល​ថា​ ​អាច​ច្រើន​កើន​ចំណេះ​។​

3​.​Plants​ ​Café​ ​

          ​សាងសង់​លើ​ទំហំផ្ទៃ​ដី​ ​៦០០ម៉ែត្រការ៉េ​ ​ស្ថិត​លើ​ផ្លូវ​បឹង​តា​ម៉ាត​ក្នុង​សង្កាត់​ចំការ​ដូង​ ​សំណង់​រាង​ចតុកោណ​មើលឃើញ​ឆ្លុះ​ដល់​ខាងក្នុង​តាមរយៈ​ជញ្ជាំង​កញ្ចក់​ទាំងស្រុង​ ​ពិសេស​លម្អ​សម្រស់​បំព្រង​ដោយ​រុក្ខជាតិ​ពណ៌ខៀវខ្ចី​រាប់​រយ​ដើម​ ​នោះ​គឺ​ហាង​កាហ្វេ​ ​Plants​ ​Café​ ​។​ ​គ្រាន់តែ​បោះជំហាន​ដល់​ក្នុង​ហាង​ភ្លាម​ ​កូន​រុក្ខជាតិ​តូច​ធំ​ហាក់​បញ្ចេញ​សម្រស់​ស្វាគមន៍​យ៉ាង​ត្រជាក់​ភ្នែក​លាយឡំ​នឹង​ការ​ដេ​គ័រ​បែប​សម័យ​ទំនើប​ដែល​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​មួយរំពេច​។​ ​គ្រប់​ជ្រុង​នៃ​ហាង​កាហ្វេ​ ​និង​លើ​តុ​នី​មួយ​ៗ​សុទ្ធតែ​មាន​ដាក់​តាំង​ដើម​រុក្ខជាតិ​តូច​ធំ​ប្រដេញ​គ្នា​ជា​ក្រុម​ ​បើ​សម្គាល់​ឲ្យ​ជាក់លាក់​ទៅ​មាន​ទាំង​ដើម​ ​ប៉​ប្រក់​ ​ប្រង់​ ​ដំបងយក្ស​ ​ចន្ទន៍​ភ្នំ​ ​ចេកមាស​ ​និង​ដើម​រុក្ខជាតិ​ជាច្រើន​ទៀត​សរុបទៅ​មិន​តិច​ជាង៦០ប្រភេទ​នោះ​ទេ​។​ ​កាហ្វេ​បួន​សាសន៍​ ​ខ្មែរ​ ​ចិន​ ​ថៃ​ ​ឡាវ​ ​រួមបញ្ចូល​គ្នា​បង្កើត​រសជាតិ​តែមួយ​គឺជា​បទពិសោធន៍​រសជាតិ​ថ្មី​ដែល​មិន​គួរ​រំលង​ពេល​ឆ្ពោះទៅ​ដល់​ហាង​កាហ្វេ​នេះ​។​ ​ការពិត​ណាស់​ ​រុក្ខជាតិ​មិន​ត្រឹមតែ​បង្កើត​សោភ័ណភាព​នោះ​ទេ​ ​តែ​វា​ក៏​ជួយ​កម្ចាត់​ជាតិពុល​ក៏ដូចជា​បន្សុទ្ធ​ខ្យល់អាកាស​ស្រស់ថ្លា​ផង​ដែរ​។​ ​ក្រេប​ឱជារស​កាហ្វេ​បណ្តើរ​ ​ធ្វើការ​ជាមួយ​កុំព្យូទ័រ​បណ្តើរ​ ​ហើយ​ថែមទាំង​បាន​គន់​សម្រស់​ធម្មជាតិ​ខៀវខ្ចី​ទៀត​នោះ​ ​ពិតជា​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​លាយឡំ​នឹង​ខ្យល់​ដង្ហើម​បរិសុទ្ធ​ស្រស់ថ្លា​គ្មាន​ពីរ​។​ ​អូ​!​ ​រុក្ខជាតិ​ស្រស់​ស្អាត​ទាំងនេះ​បើ​ស្រឡាញ់​មួយ​ណា​ ​យើង​ក៏អាច​បញ្ជាទិញ​ផ្ទាល់​បាន​ផង​ដែរ​។​

4​.Zoo​ ​Café​ ​

          ​ពិតជា​គួរឲ្យ​ប្លែក​និង​មិនធ្លាប់​មាន​ពីមុន​ ​ដែល​សំខាន់​ត្រូវចិត្ត​បំផុត​សម្រាប់​អ្នក​ស្រឡាញ់​សត្វ​ ​ដោយសារតែ​សត្វ​ប្លែក​ៗ​ជាច្រើន​ប្រភេទ​ដូចជា​ ​ស្វា​តូច​ម៉ា​មូសេ​ត​ ​កណ្តុរ​ជើង​ពីរ​ ​Gerbao​ ​កំប្រុក​ ​Prairi​ ​Dog​ ​បង្កួយ​ ​Chameleo​ ​កញ្ជ្រោង​ ​ឆ្កែ​មុខ​ជ្រួញ​ ​Pug​ ​និង​ឆ្កែ​ ​Pomeranian​ ​ដែល​មាន​រោម​ទន់​ជាងគេ​ជាដើម​ ​បាន​មក​ផ្តុំគ្នា​ដូចជា​សួនសត្វ​នៅ​ឯ​ ​Zoo​ ​Café​ ​ដែល​អនុញ្ញាត​ឲ្យ​យើង​ប្រឡែង​លេង​ឱប​ថើប​ ​និង​ថតរូប​ជាមួយ​ប្រកបដោយ​ក្តី​ស្រឡាញ់​។​ ​ក្រៅពី​ប្រលោម​ថ្នាក់ថ្នម​សត្វ​ដ៏​គួរឲ្យ​ក្នាញ់​ហើយ​នោះ​ ​ទីនេះ​ក៏​មាន​បម្រើ​នូវ​ភេសជ្ជៈ​កាហ្វេ​រសជាតិ​ឈ្ងុយ​ឆ្ងា​ញប្លែ​ក​មាត់​ ​ក្នុង​បរិយាកាស​ដេ​គ័រ​បែប​សិល្បៈ​និយម​ជាមួយនឹង​រូប​សត្វនៅ​លើ​ជញ្ជាំង​ ​និង​កន្លែង​អង្គុយ​ ​ធ្វើឲ្យ​អារម្មណ៍​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ឡើង​។​ ​Zoo​ ​Café​ ​មាន​ទីតាំងនៅ​ក្រោយ​វិទ្យាល័យ​ទួលទំពូង​ ​បើក​ទទួលស្វាគមន៍​អ្នក​ស្រឡាញ់​សត្វ​ទាំងអស់​ចាប់ពី​ម៉ោង​ ​៧ព្រឹក​រហូតដល់​ម៉ោង​ ​៨យប់​រៀងរាល់ថ្ងៃ​។​

5​.​Museum​ ​Café​ ​

          ​វត្ថុបុរាណ​ជាច្រើន​ដែល​ផលិត​តាំងពី​សម័យ​សង្គម​រាស្រ្តនិយម​ ​ត្រូវ​បាន​តាំង​យ៉ាង​ព្រោងព្រាត​ហើយ​គេ​ឃើញ​សឹងតែ​មាននៅ​គ្រប់​ទីកន្លែង​នៅក្នុង​ហាង​កាហ្វេ​លាក់កំបាំង​មួយ​នៅ​ខាងក្រោយ​វត្ត​មង្គល​វ័ន​ ​ហៅ​ស្វាយដង្គំ​ ​ដែល​មានឈ្មោះ​ថា​ ​ពិព័រណ៍​កាហ្វេ​។​ ​នាឡិកាព្យួរ​ជញ្ជាំង​ជាច្រើន​ត្រូវ​បាន​គេដាក់​តាំងនៅ​ពាសពេញ​ពិ​ដាន​នៃ​ហាង​កាហ្វេ​ ​ទូរសព្ទ​ដៃ​ចាស់​ៗ​តាំងពី​ជំនាន់​អាណានិគម​បារាំង​ក៏​មាន​វត្តមាន​នៅ​ទីនេះ​ ​ចំណែក​ឯកា​មេ​រ៉ា​ដែល​មាន​អាយុ​តាំងពី​ ​៣០​ ​ទៅ​ ​៤០​ ​ឆ្នាំមុន​ជាច្រើន​គ្រឿង​ក៏​ត្រូវ​បាន​គេ​រៀបចំ​តាំង​លម្អ​ក្នុង​ទូរ​កញ្ចក់​យ៉ាង​មាន​របៀបរៀបរយ​ ​ហើយ​មើលទៅ​ហាក់ដូចជា​សារមន្ទីរ​គ្រឿង​អេ​ឡិច​ត្រូ​និច​កាលពី​សម័យ​បុរាណ​មួយ​ដូច្នោះ​ដែរ​។​ ​ដោយសារតែ​ការ​ស្រលាញ់​និង​មាន​ឧបនិស្ស័យ​ជាមួយនឹង​គ្រឿង​វត្ថុបុរាណ​ទាំងអស់​នេះ​ហើយ​ ​ទើប​ធ្វើឲ្យ​ម្ចាស់ហាង​ខំ​ដើរ​ប្រមែប្រមូល​គ្រឿង​ទាំងអស់​នេះ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ខ្លះ​ក៏បាន​បញ្ជាទិញ​និង​ដេញថ្លៃ​មក​ពីក្រៅ​ប្រទេស​ដើម្បី​បង្កើត​ជា​ផ្ទាំង​ទស្សនីយភាព​សម្រាប់​កំដរ​ចំណី​ចក្ខុ​របស់​ភ្ញៀវ​ដែល​បាន​មក​ពិសា​កាហ្វេ​នៅ​ហាង​ពិព័រណ៍​កាហ្វេ​នេះ​ផង​ដែរ​។​ ​ចាប់​បើកទ្វារ​ទទួលស្វាគមន៍​ភ្ញៀវ​ទាំងឡាយ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​ ​៨ព្រឹក​ ​ដល់​ ​ម៉ោង​ ​៨យប់​ជាមួយនឹង​រសជាតិ​កាហ្វេ​ដែល​មានឱជារស​ឆ្ងាញ់​ពិសា​ទៀតផង​៕​

​Article​ ​by HEM​ ​SOKKHIM​

 

​ ​



SUGGESTIONS