×

ជំនាញ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​គឺជា​ពហុ​ជំនាញ​ដែល​យុវជន​កម្ពុជា​គួរតែ​ស្វែងយល់​បន្ថែម​

FASHION & BEAUTY 4 months ago
 
 

​            ប្រាកដ​ណាស់​ក្នុង​ការសម្រេច​ចិត្ត​ធ្វើអ្វី​មួយ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ​។​ ​មិន​ខុស​អ្វី​ពី​ការ​ជ្រើសរើស​ជំនាញ​ក្នុង​ការសិក្សា​នោះ​ឡើយ​ ​ការសម្រេច​ចិត្ត​ខុស​អាច​នឹង​ធ្វើឲ្យ​អ្នកមាន​វិប្បដិសារី​ទៅ​ថ្ងៃមុខ​។​ ​ជំនាញ​ខាង​ច្នៃ​ម៉ូដ​ ​(​Fashion​ ​Designer​)​ ​កំពុងតែ​ក្លាយជា​មុខជំនាញ​មួយ​ដែល​ទទួលការ​ចាប់​អា​រម្ម​ណ៏​ខ្លាំង​ពី​សិស្សានុសិស្ស​ទាំងឡាយ​ ​បន្ទាប់ពី​មុខជំនាញ​ជាច្រើន​ទៀត​ដូចជា​ ​ជំនាញ​ស្ថាបត្យកម្ម​ ​រចនា​ផ្ទៃ​ខាងក្នុង​អាគារ​ ​ក្រា​ហ្វិ​ក​ឌីហ្សាញ​ ​បង្កើត​វេ​ប​សាយ​នោះ​ឡើយ​ ​ដោយសារតែ​ទីផ្សារ​ប្រទេស​កម្ពុជា​កំពុងតែ​ត្រូវការ​ជំនាញ​ទាំងអស់​នេះ​យ៉ាង​ខ្លាំង​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។​ ​យ៉ាងណាមិញ​ ​ប្រជាជន​កម្ពុជា​មួយចំនួន​ ​តែង​យល់​ច្រលំ​ថា​ ​ជំនាញ​មួយ​នេះ​គឺ​គ្រាន់តែ​ជា​ជំនាញ​កាត់ដេរ​ធម្មតា​ ​នេះ​ក៏ដោយសារតែ​ជំនាញ​ច្នៃ​ម៉ូដ​ ​(​Fashion​ ​Design​)​ ​និង​ជំនាញ​កាត់ដេរ​សម្លៀកបំពាក់​ ​ត្រូវ​បាន​ប្រើប្រាស់​ឧបករណ៍​ស្រដៀងគ្នា​ ​និង​លទ្ធផល​ចុងក្រោយ​គឺ​ផលិត​ចេញ​ជា​សម្លៀកបំពាក់​ដូចគ្នា​។​ ​ទោះ​យ៉ាងណាក៏ដោយ​ក៏​មុខជំនាញ​ទាំងពីរ​នេះ​មាន​ភាព​ខុសប្លែក​គ្នា​ជាច្រើន​ទៅលើ​របៀប​ដែល​ពួកគេ​ទាំង២ធ្វើការ​។​ ​បើ​និយាយ​ពី​ការ​ឌីហ្សាញ​ ​មិនថា​ក្នុង​វិស័យ​ណាមួយ​នោះ​ឡើយ​ក្រៅពី​ទេពកោសល្យ​ពី​កំណើត​ហើយ​នោះ​ ​គឺ​តម្រូវឲ្យ​អ្នក​ឆ្លងកាត់​ការ​ហ្វឹកហាត់​ជាច្រើន​ថែមទៀត​ដើម្បី​បណ្តុះ​គំ​និ​ត​ថ្មី​ៗ​ឲ្យ​ផុស​ឡើង​ ​និង​ទទួល​បាន​ជំនាញ​មួយ​ដ៏​ពិតប្រាកដ​ ​ដោយសារ​ជំនាញ​មួយ​នេះ​មាន​ក្បួនច្បាប់​ ​និង​ដំណើរការ​នៃ​ការផលិត​ច្បាស់​លាស់​បំផុត​។​ ​រី​ឯកា​រកា​ត់​ដេរ​វិញ​ ​ពេល​ធ្វើ​សំលៀកបំពាក់​ភាគច្រើន​គឺ​តម្រូវ​ទៅតាម​ម៉ូដ​ដែល​ភ្ញៀវ​ពេញចិត្ត​ ​ដោយមាន​កា​រវាស់វែង​ផ្ទាល់​ទៅ​នឹង​ខ្លួន​អតិថិជន​ ​និង​កាត់ដេរ​នៅ​លើ​ក្រណាត់​ផ្ទាល់​ដោយ​ប្រើ​ឧបករណ៍​ដូចជា​កន្ត្រៃ​ ​ម៉ាស៊ីនដេរ​ ​និង​ឧបករណ៍​ដទៃទៀត​។​ ​អាច​ចាត់ទុក​បាន​ថា​នេះ​ជា​ជំនាញ​មួយ​ដែល​បាន​រួមបញ្ចូល​ទៅ​ក្នុង​មុខវិជ្ជា​ច្នៃ​ម៉ូដ​សំលៀកបំពាក់​ ​ដែល​តម្រូវឲ្យ​អ្នក​ដែល​ជ្រើសរើស​យក​ជំនាញ​មួយ​នេះ​គឺ​ត្រូវតែ​យល់ដឹង​ពី​ការ​កាត់ដេរ​ជាមុន​សិន​។​ ​អ្នក​រចនា​ម៉ូដ​មាន​តួនាទី​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ៗ​ ​ចេញពី​គំនិត​របស់​ពួកគេ​ផ្ទាល់​អំពី​ប្រធានបទ​ណាមួយ​ហើយ​ច្នៃ​ចេញ​ជា​គំនិត​មួយផ្សេងទៀត​ ​ដោយ​មិន​ចម្លង​ពី​អ្នកដទៃ​។​ ​ដើម្បី​ក្លាយជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ ​អ្នក​ត្រូវ​ចេះ​ជំនាញ​មួយចំនួន​ដូចជា​ការ​ធ្វើ​ពុម្ព​សម្លៀកបំពាក់​ ​កាត់ដេរ​ ​ការ​ស្វែងយល់​ពី​ទំនោរ​ម៉ូដ​ ​(​trends​)​ ​ដែល​កំពុងតែ​ពេញនិយម​ ​ការ​គូររូប​ ​ជំ​នា​ញកំព្យូទ័រ​ ​ការ​ថតរូប​ ​និង​ជំ​នាញ​ផ្សេង​ៗ​ជាច្រើន​ទៀត​។​ ​មុខជំនាញ​ទាំងអស់​នេះ​ទាក់ទងគ្នា​យ៉ាង​សំខាន់​ដែល​មិន​អាច​ខ្វះមួយ​ណា​បាន​ឡើយ​។​ ​អ្នក​ត្រូវ​ដឹង​ថា​នៅពេល​ដែល​អ្នក​ជ្រើសរើស​យក​ជំនាញ​ច្នៃ​ម៉ូដ​មួយ​នេះ​ ​មិន​ប្រាកដ​ឡើយ​ថា​អ្នក​នឹង​ក្លាយជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​នា​ពេល​អនាគត​ ​ព្រោះ​មានការ​ងារ​រាប់​រយ​មុខតំណែង​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​អាជីព​មួយ​នេះ​។​ ​ក្រៅពី​ការ​ងារ​ឌីហ្សាញ​ម៉ូដ​អ្នក​ដែល​រៀន​ជំនាញ​នេះ​ក៏អាច​ ​បើកហាង​សម្លៀកបំពាក់​ឬ​បង្កើត​ជា​ស្លាក​សញ្ញា​ ​(​Brand​)​ ​ខ្លួនឯង​ ​អាច​ក្លាយជា​ ​STYLIST​ ​បង្កើត​ម៉ូដ​ក្រ​ណា​ត់​ថ្មី​ៗ​ដើម្បី​លក់​ក្នុង​ទីផ្សារ​ ​ជា​អ្នក​ច្នៃ​ម៉ូដ​គ្រឿងអលង្ការ​ ​កាបូប​ ​ស្បែកជើង​ ​ជា​អ្នកទិញ​ឥវ៉ាន់​ផ្ទាល់ខ្លួន​ ​(​PERSONAL​ ​SHOPPER​)​ ​ឲ្យ​អតិថិជន​ដោយសារ​អ្នក​យល់​ច្បាស់​ពី​ផ្នែក​នេះ​ ​អ្នកជំនាញ​ខាង​ផាត់មុខ​ ​បង្តើ​ត​ប្លុក​ដោយខ្លួនឯង​ ​ឬ​បម្រើការ​នៅ​ទស្សនា​វដ្ដី​ហ្វេ​ហ្សិន​ ​ចាប់​អាជីព​ជា​ម៉ូ​ឌែល​ ​អ្នកថតរូប​ ​និង​ការងារ​ជាច្រើន​ទៀត​នៅក្នុង​ពិ​ភព​ហ្វេ​ហ្សិ​នដ៏​ធំធេង​មួយ​នេះ​។​ ​ដូច្នេះហើយ​អ្នក​មិន​ចាំបាច់​បា​រម្ម​ណ៏​ ​ឬ​ខ្លាច​ក្នុង​ការ​ជ្រើសរើស​យក​ជំនាញ​មួយ​នេះ​ ​និង​លែង​មានការ​យល់​ច្រលំ​ថា​គ្រាន់តែ​ការ​កាត់ដេរ​ធម្មតា​នោះ​ឡើយ​ ​ព្រោះ​ប្រទេស​កម្ពុជា​កំពុងតែ​ត្រូវការ​អ្នកមាន​ទេពកោសល្យ​ជាច្រើន​ដើម្បី​អភិវឌ្ឍ​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិ​នក្នុង​ស្រុក​ឲ្យ​រីក​ចម្រើន៕​

​Article​ ​by​ ​TAING​ ​KIMLY​



SUGGESTIONS