×

​«​សំឡេង​ខ្សឹប​»​ ​កម្រង​អត្ថបទ​និង​រឿង​ខ្លី​ណែនាំ​ពី​កម្លាំង​នៃ​ការ​គិត​បែប​វិជ្ជមាន​

NEWS 1 week ago
 
 

​          «​សំឡេង​ខ្សឹប​»​ ​ជា​ចំណងជើង​សៀវភៅ​លើកទឹកចិត្ត​យុវជន​ថ្មីសន្លាង​មួយ​ក្បាល​ដែល​និយាយ​អំពី​ការ​គិត​វិជ្ជមាន​។​ ​ចំណាយពេល១ឆ្នាំ​ក្នុង​ការផលិត​ ​អ្នកនិពន្ធ​នៃ​សៀវភៅ​ ​«​សំឡេង​ខ្សឹប​»​ ​លោក​ ​កែវ​ ​សេង​រដ្ឋា​ ​បាន​ប្រដូច​ខ្លឹមសារ​នៃ​សៀវភៅ​នេះ​ទៅ​នឹង​សំឡេង​ខ្សឹប​ ​ដែល​មក​ជួយ​ធ្វើឲ្យ​ចិត្ត​របស់​មិត្ត​អ្នកអាន​បាន​ស្ងប់​ ​ហាក់ដូចជា​កំពុង​មាន​អ្នកណា​ម្នាក់​មក​ខ្សឹប​ប្រាប់​ពី​ដំណោះស្រាយ​អ្វី​នោះ​យ៉ាង​ដូច្នេះ​ឯង​។​ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​លោក​រដ្ឋា​ ​ដែល​ទើបតែ​មាន​វ័យ២៨ឆ្នាំ​ ​និង​ជា​និស្សិត​ត្រៀម​បញ្ចប់​ការសិក្សា​ជំនាញ​វះកាត់​ប្រព័ន្ធ​រំលាយ​អា​ហារ​ទៀត​នោះ​បាន​និយាយ​ថា​៖​ ​«​នៅក្នុង​សៀវភៅ​នេះ​មាន​អត្ថបទ​ច្រើន​ ​ដែល​និយាយ​ពី​បញ្ហា​យុវជន​ ​ដូចជា​ការ​បែកបាក់​ស្នេហា​ ​បញ្ហា​ការងារ​ ​ការសិក្សា​ ​រឿងរ៉ាវ​ក្នុង​គ្រួសារ​ ​ឬ​បញ្ហា​ដែល​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​ជាដើម​។​ ​ប៉ុន្តែ​ទោះ​ពួកគាត់​មាន​បញ្ហា​អ្វីក៏ដោយ​ ​អត្ថបទ​នេះ​ជ​ម្រុ​ញ​ឲ្យ​ពួកគាត់​គិត​បែប​វិជ្ជមាន​ ​ហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​បែប​ណា​ ​ឬ​បើ​មិន​អាច​ដោះស្រាយ​បាន​ ​តើ​យើង​ត្រូវ​រស់នៅ​ក្នុង​បញ្ហា​នេះ​របៀប​ម៉េច​»​។​ ​

​          គ្រាន់តែ​ក្រ​លេ​ក​ឃើញ​ក្របសៀវភៅ​ពណ៌ខ្មៅ​នៃ​ ​«​សំឡេង​ខ្សឹប​»​ ​ភ្លាម​ ​យើង​ប្រហែលជា​នឹកភ្នក​ដល់​ខ្លឹមសារ​ខាងក្នុង​ថា​តើ​នេះ​ជា​ប្រភេទ​រឿង​អាថ៌កំបាំង​អ្វី​ឬ​យ៉ាងណា​។​ ​លោក​រដ្ឋា​ ​បរិយាយ​ថា​ ​«​ពេល​ងងឹត​ទើប​យើង​អាច​ស្វែងរក​ឃើញ​ពន្លឺ​»​ ​ពេលខ្លះ​ជីវិត​មនុស្ស​នឹង​ប្រែជា​ងងឹត​ពេល​ដែល​ប្រឈម​នឹង​បញ្ហា​អ្វីមួយ​ដូច្នេះហើយ​ទើប​ក្របសៀវភៅ​នេះ​មាន​ពណ៌ខ្មៅ​ ​ហើយដោយ​សារ​សង្កេតឃើញ​ថា​នា​រីៗ​មាន​សុខភាព​ផ្លូវចិត្ត​ទន់ជ្រាយ​ជាង​បុរស​ ​ដូច្នេះ​ទើប​រូបលោក​សម្រេចចិត្ត​ជ្រើស​យក​រូប​ស្រ្តី​មក​ច្នៃ​ជា​រូប​ក្រប​មុខ​នៃ​សៀវភៅ​ ​ប៉ុន្តែ​ក៏បាន​ដាក់​រូបតំណាង​បុរស​ម្នាក់​កំពុង​ឈរ​នៅក្នុង​ចំណុច​ត្រចៀក​របស់​នាង​ ​ដែល​វា​ប្រៀប​បាន​ដូចជា​ ​សំឡេង​ខ្សឹប​កំពុងតែ​នៅក្នុង​ត្រចៀក​របស់​នាង​នោះ​ឯង​។

          ​លោក​រដ្ឋា​ ​បាន​ចែង​នៅក្នុង​សៀវភៅ​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​ ​«​ជីវិត​គឺជា​ការ​ជម្នះ​ឧបសគ្គ​ ​ឬ​អារម្មណ៍​ឈឺចាប់​ ​ហើយ​ខ្ញុំ​យល់ថា​ ​ការដែល​ខ្ញុំ​បាន​រស់នៅ​បន្ត​នោះ​ហើយ​ ​ជា​ការ​ឈ្នះ​ ​ទោះជា​ពេលខ្លះ​ខ្ញុំ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ក៏ដោយ​។​ ​ជីវិត​ដែល​ផុយ​ស្រួយ​នេះ​ ​មិន​អាច​ឱ្យ​ខ្ញុំ​បណ្ដោយ​ខ្លួន​ស្ថិត​ក្នុង​ទុក្ខសោក​យូរ​ពេក​ទេ​។​ ​នៅពេល​ជួប​បញ្ហា​ ​ខ្ញុំ​ក៏​ត្រូវ​រក​វិធី​ដោះស្រាយ​។​ ​នៅពេល​ពិបាកចិត្ត​ ​ខ្ញុំ​ក៏​ត្រូវ​ស្វែងរក​ការ​លើកទឹកចិត្ត​។​ ​បញ្ហា​ហ្នឹង​ចេះតែ​កើតមាន​បន្ត​មិនឈប់​ ​ប៉ុន្តែ​ឆ្លងកាត់​បទ​ពិសោធ​ជីវិត​នេះ​កាន់តែ​ច្រើន​ ​នោះ​យើង​នឹង​កាន់តែ​រឹងមាំ​។​»​

          ​ពិត​ណាស់​ ​ការ​គិត​វិជ្ជមាន​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ឲ្យ​យុវជន​អភិវឌ្ឍ​ខ្លួន​ទៅមុខ​ ​ឆ្ពោះទៅ​រក​គោលដៅ​អនាគត​។​ ​យ៉ាងណាមិញ​ ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​ក្នុង​ការ​ព្យាយាម​ប្រាប់​ខ្លួនឯង​ឲ្យ​ចាកចេញ​ពី​អារម្មណ៍​ស្មុគស្មាញ​ហើយ​ផ្តោត​តែ​លើ​ការ​គិត​វិជ្ជមាន​។​ ​«​សៀវភៅ​នេះ​មិនមែន​ជា​សៀវភៅ​ដែល​ណែនាំ​ពី​វិធី​ដោះស្រាយ​បញ្ហា​ដ៏​ល្អឥតខ្ចោះ​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​សៀវភៅ​ដែល​មនុស្សសាមញ្ញ​ម្នាក់​ជាមួយ​អារម្មណ៍​ដែល​កប់​ជ្រៅ​ក្នុង​អតីតកាល​ ​ផ្សា​ភ្ជាប់​ជាមួយ​វិធី​ប្រឈម​នឹង​បញ្ហា​ទាំងឡាយ​ដែល​ធ្លាប់​ជួបប្រទះ​កន្លងមក​។​ ​ចូរ​សាកល្បង​ស្វែងរក​ចម្លើយ​ឲ្យ​បញ្ហា​តាមរយៈ​សំឡេង​ដ៏​ស្ងប់ស្ងាត់​នៅក្នុង​សៀវភៅ​មួយ​ក្បាល​នេះ​»​ ​នេះ​ជា​អ្វី​ដែល​លោក​រដ្ឋា​បាន​រៀបរាប់​កន្លងមក​ ​អំពី​សៀវភៅ​របស់​ខ្លួន​។​ ​

          ​អត្ថបទ​នៅក្នុង​រឿង​នេះ​មាន២ប្រភេទ​ ​គឺ​អត្ថបទ​ដែល​ដកស្រង់​ចេញពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ ​និង​អត្ថបទ​ដែល​ដកស្រង់​ចេញពី​បទពិសោធន៍​របស់​អ្នក​នៅ​ជុំវិញ​ខ្លួន​។​ ​លោក​ ​រដ្ឋា​ ​បាន​ឲ្យដឹង​ថា​ ​សៀវភៅ​ ​«​សំឡេង​ខ្សឹប​»​ ​គឺជា​កម្រង​អត្ថបទ​និង​រឿង​ខ្លី​ជាច្រើន​ចង​បញ្ចូល​គ្នា​ជា​សៀវភៅ​មួយ​ក្បាល​ ​ដើម្បី​ជំនួយស្មារតី​ដល់​យុវជន​ឲ្យមានកម្លាំង​ចិត្ត​ក្រោកឈរ​គិត​លើ​ផ្លូវ​វិជ្ជមាន​ឡើងវិញ​។​ ​សៀវភៅ​នេះ​មាន​កម្រាស់​ជាង​ ​៣០០​ ​ទំព័រ​ ​ដែល​មាន​អត្ថបទ​ចំនួន​ ​៧០​ ​និង​និង​រឿង​ខ្លី​ចំនួន​ ​៧​។​ ​អ្នកនិពន្ធ​រូប​នេះ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​វា​សាក​សម​សម្រាប់​មិត្ត​អ្នកអាន​ដែល​មាន​វ័យ​ពី​ ​១៨​ ​ដល់​ ​៣០ឆ្នាំ​ ​ដ្បិតអី​អ្នកនិពន្ធ​បាន​ព្យាយាម​ច្បិច​យក​បញ្ហា​ភាគច្រើន​របស់​យុវជន​ ​ផ្គួប​នឹង​បទពិសោធន៍​និង​ទស្សនៈ​ផ្ទាល់ខ្លួន​ដើម្បី​ជា​គន្លឹះ​ជួយ​ឲ្យ​អ្នកអាន​បាន​ឆ្លុះបញ្ចាំង​ពី​ជីវិត​។​ ​

          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សៀវភៅ​ ​«​សំឡេង​ខ្សឹប​»​ ​គឺ​ស្នាដៃ​ទោល​ដំបូង​ដែល​លោក​រដ្ឋា​ ​យក​មក​បោះពុម្ព​លក់​នៅ​លើ​ទីផ្សារ​បន្ទាប់ពី​ប្រឡូក​ក្នុង​អាជីព​ជា​អ្នកនិពន្ធ​ប្រមាណ២ឆ្នាំ​មកនេះ​។​ ​ស្នាដៃ​ដទៃទៀត​របស់​លោក​រដ្ឋា​ ​មាន​ដាក់​ផ្សាយ​នៅក្នុង​សៀវភៅ​មន្ត​ទឹកខ្មៅ​ ​និង​ ​សៀវភៅ​ ​ព្រៃរំដួល​។​ ​បន្ទាប់ពី​មានឱកាស​បង្ហាញ​សមត្ថភាព​នៅក្នុង​សៀវភៅ​ទាំងពីរ​ខាងលើ​ហើយ​ ​លោក​រដ្ឋា​ក៏​ចាប់​ឱកាស​ពង្រឹង​សមត្ថភាព​ជា​អ្នកនិពន្ធ​ ​ដោយ​ការ​ព្យាយាម​សរសេរ​អត្ថបទ​ជាប្រចាំ​ ​ទាំង​រឿង​ខ្លី​ ​កំណាព្យ​ ​និង​អត្ថបទ​លើកទឹកចិត្ត​ ​ដែល​អាច​អាន​កំសាន្ត​បាន​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ផង​ដែរ​៕​

​Article​ ​by​ ​VA​ ​SONYKA​



SUGGESTIONS