×

តើ​ការ​បរិភោគ​សាច់​អាំង​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរ​ឬទេ​?​

TRAVEL & LIVING 3 months ago
 
 

          ​ជាទូទៅ​សាច់​អាំង​ត្រូវ​បាន​គេ​និយម​បរិភោគ​ក៏​ព្រោះតែ​វា​មាន​រសជាតិ​ឆ្ងាញ់​គ្រាម​ក្រៅ​និង​ទន់​ក្នុង​ជាពិសេស​គឺ​នៅពេល​ដែលគេ​មានកម្ម​វិធី​ជួបជុំ​ណាមួយ​ក៏​គេ​មិន​ភ្លេច​ឡើយ​នូវ​សាច់​អាំង​បា​ប៊ី​ឃ្យូ​រនេះ​។​ ​ការ​បរិភោគ​សាច់​អាំង​ក៏​ជា​វិធី​សាស្រ្ត​មួយ​ក្នុង​ការ​សម្រក​ទម្ងន់​ផង​ដែរ​ ​ពីព្រោះ​ជាតិ​ខ្លាញ់​នៅក្នុង​សាច់​មួយចំនួន​ត្រូវ​បាន​ហូរ​តក់​ចេញ​មក​ខាងក្រៅ​នៅពេល​ដែល​ត្រូវ​កម្តៅ​ត្រឹម​កម្រិត​ណាមួយ​។​ ​បើ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​ការសិក្សា​ជាច្រើន​បាន​រក​ឃើញថា​ការ​បរិភោគ​សាច់​អាំង​ច្រើន​អាច​នឹង​ប្រឈមមុខនឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជម្ងឺ​មហារីក​។​ ​វេជ្ជបណ្ឌិត​ជាច្រើន​បាន​ប្រាប់​ថា​ ​អ្នកចូលចិត្ត​ទទួលទាន​អាហារ​ដោយ​អាំងភ្លើង​បា​ប៊ី​ឃ្យូ​ ​អាច​នឹង​មាន​គ្រោះ​កើតជំងឺ​មហារីក​ ​ប្រូ​ស្តាត​ ​មាត់​ ​ក្រពះ​ ​និង​លំពែង​។​ ​នៅពេល​ដែល​សាច់​មួយ​បន្ទះ​ត្រូវ​បាន​គេដាក់​អាំង​ ​ជាតិ​ខ្លាញ់​ដែល​ហូរចេញ​ពី​សាច់​នោះ​បាន​តក់​លើ​រងើកភ្លើង​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​ឆុល​ឡើងជា​មួយ​នឹង​ផ្សែង​និង​កំទេច​ធូលី​ផេះ​ល្អិត​ឆ្មា​ហោះ​មក​ប៉ះ​ជាមួយនឹង​សាច់​ហើយ​សារធាតុ​ទាំងអស់​នេះ​ហើយដែល​ជា​ភ្នាក់ងារ​យ៉ាងសកម្ម​និង​ជា​សារធាតុពុល​ក្នុង​ការបង្កើត​ជា​ជម្ងឺ​មហារីក​នេះ​ឡើង​។​ ​សារធាតុពុល​ដំបូង​គេ​បង្អស់​នោះ​ ​គឺ​ ​បេន​ហ្សូ​ពៀរ៉ែ​ន​ ​(​Benzopyrene​ ​)​ ​ដែលគេ​សង្កេតឃើញ​មាននៅ​ក្នុង​ផ្សែង​បង្ហុយ​ចេញពី​បំពង់​ស៊ី​ម៉ាំង​ឡាន​ ​ឬ​ផ្សែង​បារី​ជាដើម​។​ ​ផ្សែង​បំពុល​នោះ​ហើយដែល​ធ្វើឲ្យ​សាច់​ខ្លោច​ប្រែ​ទៅជា​ពណ៌ខ្មៅ​ ​ដែល​យើង​មិនបាន​ចាប់អារម្មណ៍​ឬ​ខ្ចិល​នឹង​កាត់​សាច់​ដែល​ជា​ចំហេះ​ខ្លោច​នោះ​ចេញពី​សាច់​។​ ​យកល្អ​អ្នក​គួរតែ​កាត់​ឬ​ច្រឹប​សាច់​ខ្លោច​ពណ៌ខ្មៅ​នៅ​ខាងលើ​សាច់​អាំង​ចេញមុន​នឹង​បរិភោគ​ ​វា​អាច​នឹង​ជួយ​កាត់បន្ថយ​សារធាតុពុល​បាន​មួយ​ភាគ​តូច​ផង​ដែរ​។​ ​ដូច្នេះតើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​បរិភោគ​អាហារ​អាំង​ឲ្យ​មាន​សុវត្ថិភាព​សុខភាព​?​

          អ្នកជំនាញ​ជាច្រើន​បាន​ណែនាំ​ថា​ ​នៅពេល​ដែល​អ្នកមាន​បំណង​ចង់​ចម្អិន​អាហារ​អាំង​អ្នក​គួរតែ​ដាក់​ចង្អើរ​អាំង​ពីរ​ងើក​ភ្លើង​យ៉ាងតិច​ ​ដប់​សង់ទីម៉ែត្រ​ ​ព្រោះ​វា​អាច​កាត់បន្ថយ​សារធាតុពុល​ដែល​ចេញពី​រងើកភ្លើង​បាន​មួយ​ភាគ​ផង​ដែរ​។​ ​ប្រសិនបើ​អ្នក​ចង់​ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​បរិភោគ​សាច់​ល្អ​ ​អ្នក​គួរតែ​ចម្អិន​យ៉ាងណា​កុំ​ឲ្យ​មាន​អណ្តាត​ភ្លើង​ឆាបឆេះ​ឡើង​ខ្ពស់​ពេក​ ​ឬ​ត្រូវ​ចម្អិន​ឲ្យ​មាន​ផ្សែង​តិច​ជាទីបំផុត​។​ ​ប្រសិនបើ​សាច់​ត្រូវ​បា​នក្លេស្សេ​ទុកឲ្យ​កក់​ ​គួរតែ​យក​សាច់​នោះ​មក​សំដិល​ចោល​ឲ្យ​បាត់​ត្រជាក់​ជាមុន​សិន​មុននឹង​យក​មក​អាំង​ ​ព្រោះ​សាច់​ដែល​ត្រជាក់​ពេក​អាច​នឹង​ឆ្អិន​មិនបាន​ល្អ​នោះ​ឡើយ​។​ ​នៅពេល​ដែល​អាំង​ ​សូមកុំ​ទម្លាប់​ប្រើ​សីតុណ្ហភាព​ក្តៅ​ខ្លាំងពេក​ ​ព្រោះ​ភ្លើង​កាន់តែ​ក្តៅ​ ​វា​នឹង​ធ្វើឲ្យ​សាច់​បញ្ចេញ​ខ្លាំង​កាន់តែ​ខ្លាំង​ ​និង​តក់​លើ​រងើកភ្លើង​កាន់តែ​លឿន​ដែល​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​មិនព្រម​ឈប់​ឡើយ​ ​ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ប្រើ​ទឹក​ដើម្បី​ពន្លត់​ដែរ​ ​ព្រោះ​នៅពេល​ដែល​យើង​បាញ់​ទឹក​ចូល​ទៅ​វា​ក៏អាច​ឲ្យ​មាន​ផ្សែងហុយ​ឡើង​ខ្លាំង​ផង​ដែរ​។​ ​សរុប​មកវិញ​ ​ការ​បរិភោគ​សាច់​ឬ​អាហារ​អាំង​ញឹកញាប់​ពេក​ ​ពិតជា​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ដូចដែល​បាន​រៀបរាប់​ពី​ខាងលើ​រួច​ស្រាប់​។​ ​ដូចនេះ​ប្រសិនបើ​អ្នក​និយម​ចូលចិត្ត​បរិភោគ​សាច់​អាំង​ ​ជាពិសេស​អាហារ​ពេលព្រឹក​ដែល​ប្រជាជន​ខ្មែរយើង​និយម​ពិសារ​បាយ​ស្រូប​ ​ក៏​គួរតែ​កាត់បន្ថយ​ផង​ដែរ​។​ ​តែ​ប្រសិនបើ​ត្រូវ​បរិភោគ​ដោយ​ខាន​ពុំ​បាន​ក៏​គួរតែ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​ចម្អិន​ដោយ​មិន​ត្រូវឲ្យ​ផ្សែង​ប៉ះ​សាច់​អាំង​ច្រើន​ខ្លាំង​នោះ​ដែរ​៕​ ​

Article ​By​ KEO​SONG​



SUGGESTIONS