×

​តើ​ទឹកខ្មេះ​អាច​មានប្រយោជន៍​ដល់​សុខភាព​ដែរ​ឬទេ​?​

TRAVEL & LIVING 5 years ago
 
 

          ជាទូទៅ​ទឹកខ្មេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​បន្ថែម​នូវ​រសជាតិ​មុខម្ហូប​ឲ្យ​មាន​ជាតិ​ជូរ​និង​ធ្វើឲ្យ​មុខម្ហូប​មានឱជារស​ឈ្ងុយឆ្ងាញ់​ថែម​មួយ​កម្រិត​ទៀត​។​ ​ប៉ុន្តែ​ទឹកខ្មេះ​ក៏​ត្រូវ​បាន​គេ​និ​យា​យតៗ​គ្នា​ថា​មិនល្អ​សម្រាប់​សុខភាព​ ​ដោយសារ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ជូរ​ ​ដែល​សម្បូរ​ទៅជា​តិ​អាស៊ីដ​ច្រើនពេក​ ​ឬ​ការប្រើ​ប្រាស់​សារជាតិ​គីមី​ដែលគេ​និយម​ហៅថា​ ​ដាក់​មេ​ជាដើម​ដែល​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​។​ ​យ៉ាងណាមិញ​ ​ទឹកខ្មេះ​គឺ​ពិតជា​មាន​សារៈ​ប្រយោជន៍​ជាច្រើន​ដែល​អាច​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​។​ ​អ្នក​ប្រហែលជា​ធ្លាប់​បាន​លឺ​ចាស់​បុរាណ​រំឭក​អំពី​ទឹកខ្មេះ​ដែល​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មក​ហើយពី​ការ​ជួយ​ព្យាបាល​ ​ជម្ងឺ​ផ្សេង​ៗ​ជាច្រើន​មុខ​។​ ​ទឹកខ្មេះ​មាន​ផ្ទុក​នូវ​វីតាមីន​និង​សារធាតុ​រ៉ែ​ផ្សេង​ៗ​ ​ព្រមទាំង​អាស៊ីដ​អា​មី​ណូ​ជាច្រើន​ ​ហើយ​ត្រូវ​បាន​ធ្វើឡើង​ពី​ប្រភេទ​ផ្លែ​ឈើ​ខុស​ៗ​គ្នា​តួរ​យ៉ាង​ ​អង្ករ​និង​អាហារ​ដទៃទៀត​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​។​ ​ខាងក្រោម​នេះ​យើង​សូម​លើកយក​អត្ថ​ប្រយោជន៍​ទាំង៦នៃ​ទឹកខ្មេះ​ចំពោះ​សុខភាព​៖​

1​.​ជួយ​ទប់ស្កាត់​ភាពធាត់​៖ ​អាស៊ីដ​អា​សេ​ទិ​ក​ដែល​មាន​ក្នុងទឹក​ខ្មេះ​មានប្រសិទ្ធភាព​ផង​ដែរ​ក្នុង​ការបញ្ឈប់​ការ​ប្រមូល​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​និង​ថ្លើម​តាមរយៈ​ការ​បង្កើន​នូវ​កា​រប​ញ្ចេញហ្សែន​មួយ​ប្រភេទ​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ការកាត់បន្ថយ​អាស៊ីដ​ខ្លាញ់​។​ ​ហើយ​នេះ​គឺជា​អត្ថ​ប្រយោជន៍​មួយ​ដែល​បាន​បង្ហាញថា​យើង​អាច​ផ្លាស់​ប្តូរ​ការ​ឆ្លើយតប​របស់​រាងកាយ​ទៅ​នឹង​ដំណើរការ​នៃជា​តិ​ខ្លាញ់​បាន​តាមរយៈ​ទឹកខ្មេះ​។​


2​.​ជួយ​សម្លាប់​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ជាច្រើន​ប្រភេទ​៖ ទឹកខ្មេះ​អាច​ជួយ​សម្លាប់​ភ្នាក់ងារ​បង្ក​ជម្ងឺ​ជាច្រើន​ប្រភេទ​រួម​ទាំង​បាក់តេរី​ផង​ដែរ​។​ ​វា​ត្រូវ​បាន​ប្រើជា​ទូទៅ​សម្រាប់​ការ​លាង​សំអាត​ ​កុំ​ឲ្យ​ឆ្លង​មេរោគ​ទៅលើ​មុខរបួស​និង​ព្យាបាល​ក្រចក​ដែល​ដុះផ្សិត​ក៏ដូចជា​ការ​ឆ្លង​មេរោគ​នៃ​ត្រចៀក​ ​ដោយ​យើង​គ្រាន់តែ​ចាក់ទឹក​ខ្មេះ​នៅ​លើ​មុខរបួស​ជាការស្រេច​។​


 

​3​.​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​និង​ប្រឆាំង​នឹង​ជម្ងឺ​ទឹកនោមផ្អែម​៖ លទ្ធផល​នៃ​ការ​ធ្វើតេស្ត​មួយ​បាន​បង្ហាញថា​ទឹកខ្មេះ​អាច​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ដែល​នេះ​អាច​ជា​ដំណឹងល្អ​មួយ​សម្រាប់​អ្នកមាន​ជម្ងឺ​ទឹកនោមផ្អែម​ ​ជាពិសេស​អ្នក​កើត​ជម្ងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ ​2​ ​ដែល​មានកម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ខ្ពស់​ដោយសារតែ​មាន​បញ្ហា​ចំពោះ​ការផលិត​អាំង​ស៊ុយ​លីន​។​ ​ទឹកខ្មេះ​ត្រូវ​បាន​រក​ឃើញថា​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​ចំពោះ​ដំណើរការ​នៃជា​តិ​ស្ករ​នៅក្នុង​ឈាម​និង​អាំង​ស៊ុយ​លី​នប​ន្ទាប់​ពី​ការ​បរិភោគ​អាហារ​រួច​។​


 

​4​.​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​៖ ​អ្នក​ធ្លាប់​បានដឹង​មក​ហើយ​ថា​កូ​ឡេ​ស្តេ​រ៉ុល​គឺជា​សារជាតិ​ខ្លាញ់​ដែល​អាចប​ង្កើត​ឡើង​នៅក្នុង​សរសៃឈាម​ហើយ​អាច​បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សុខភាព​។​ ​ទឹកខ្មេះ​អាច​ជួយ​ពង្រឹង​សុខភាព​បេះដូង​ដោយ​ជួយ​រក្សា​កំរិត​កូ​ឡេ​ស្តេ​រ៉ុល​ឲ្យ​នៅ​ទាប​បាន​ដោយ​អ្នក​គ្រាន់តែ​បន្ថែម​ទឹកខ្មេះ​ចំនួន២ស្លាបព្រា​នៅក្នុង​របប​អាហារ​របស់​អ្នក​រាល់ថ្ងៃ​។​


5​.​ជួយ​ព្យាបាល​រោគ​ផ្តាសាយ​៖
​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​មិន​ស្រួលខ្លួន​នឹង​មុខសញ្ញា​នៃ​ជម្ងឺ​ផ្តាសាយ​លេចឡើង​ ​ទឹកខ្មេះ​អាច​ដើរតួ​នាទី​ដើម្បី​កាត់បន្ថយ​រោគសញ្ញា​ឲ្យ​ធូរស្រាល​បាន​ឆាប់រហ័ស​។​នេះ​គឺ​ដោយសារតែ​ទឹកខ្មេះ​ប្រភេទ​នេះ​មាន​ផ្ទុក​បាក់តេរី​ដែល​មានប្រយោជន៍​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកដំណើរ​ការបាន​រហ័ស​។​



6​.​កាត់បន្ថយ​សម្ពាធ​ឈាម​៖ សម្ពាធ​ឈាម​ខ្ពស់​គឺជា​កត្តា​ហានិភ័យ​ចម្បង​ដែល​បង្ក​ឲ្យ​មាន​ជម្ងឺ​បេះដូង​កើតឡើង​។​ ​វា​បង្ខំឲ្យ​បេះដូង​ធ្វើការ​យ៉ាង​ខ្លាំង​ដែល​បណ្តាល​ឲ្យ​សាច់ដុំ​បេះដូង​កាន់តែ​ចុះ​ខ្សោយ​ទៅតាម​ពេលវេលា​។​ទឹកខ្មេះ​ផ្តល់​អត្ថ​ប្រយោជន៍​ចំពោះ​កម្រិត​នៃ​សម្ពាធ​ឈាម​របស់​អ្នក​និង​ជួយ​រក្សា​បេះដូង​ឲ្យ​មាន​សភាព​រឹងមាំ​។​ ​ការពិសោធន៍​មួយ​ទៅលើ​សត្វ​ ​នៅក្នុង​ប្រទេស​ជប៉ុន​បាន​បង្ហាញថា​ការ​ផ្តល់​ឲ្យ​អាស៊ីដ​អា​សេ​ទិ​ក​ដែល​ជាស​មាស​ធាតុ​ចម្បង​នៃ​ទឹកខ្មេះ​នេះ​ទៅដល់​សត្វ​ទាំងនោះ​ ​បាន​នាំឲ្យមាន​ការ​ថយ​ចុះ​នូវ​កម្រិត​សម្ពាធ​ឈាម​និង​រារាំង​សកម្មភាព​របស់​អង់​ហ្ស៊ីម​មួយ​ប្រភេទ​ដែល​បង្កើន​ជាតិ​ស្ករ​នៅក្នុង​ឈាម​។​
​បើ​ទោះបីជា​ទឹកខ្មេះ​មាន​សារៈ​ប្រយោជន៍​ជាច្រើន​ដូច្នេះ​ក្តី​ ​ក៏ប៉ុន្តែ​វេជ្ជបណ្ឌិត​ជាច្រើន​បាន​ណែនាំ​ឲ្យ​មានការ​ប្រើប្រាស់​ទឹកខ្មេះ​នេះ​ឲ្យបាន​ត្រឹមត្រូវ​និង​សមស្រប​ទៅតាម​កាលៈទេសៈ​ ​ជៀសវាង​ការប្រើ​ប្រាស់​ទឹកខ្មេះ​ច្រើនពេក​ ​ឬ​ហួស​កម្រិត​ដែល​វា​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ​និង​បង្ក​ឲ្យ​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជម្ងឺ​ផ្សេង​ៗ​ទៀតផង​ដែរ​។​ ​

Article by​ ​TAING KIMLY



SUGGESTIONS