ពាក្យថា «មាតាឬម្តាយ» គឺជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ និងត្រូវរ៉ាប់រងកិច្ចការជាច្រើននៅក្នុងគ្រួសារ ដែលសំខាន់ធ្វើជាម្តាយត្រូវប្រើទាំងកម្លាំងកាយចិត្តចិញ្ចឹមបីបាច់ថែរក្សាកូនៗរាប់ចាប់តាំងពីពេលពរពោះហួសរហូតដល់ធំដឹងក្តី លុះឈានដល់ជីវិតគូស្វាមីភរិយាក៏នៅតែរមែងខ្វាយខ្វល់គ្រប់ពេលគ្រប់វេលា។ ប៉ុន្មានឃ្លាខាងលើអាចសបញ្ជាក់ឲ្យឃើញថាទំហំនៃក្ដីស្រឡាញ់របស់មាតាចំពោះកូនៗគឺមានតាំងពីពួកគេបានចាប់កំណើតនៅក្នុងផ្ទៃមកម្ល៉េះ ហេតុដូច្នេះហើយបានជាទិវាមាតា ឬ ហៅជាភាសាបរទេសថា Mother’s Day គឺជាថ្ងៃដែលគេប្រារព្ធឡើងដើម្បីរំលឹកពីគុណរបស់អ្នកម្ដាយដែលបានពពោះ បង្កើត នឹងចិញ្ចឹមថែរក្សាកូនតាំងពីតូចរហូតដល់ធំពេញវ័យ និងដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់កូនៗចំពោះអ្នកម្ដាយផងដែរ។ ជាការពិតណាស់យើងតែងតែមានការយល់ច្រឡំអំពីថ្ងៃពិតប្រាកដនៃការប្រារព្ធទិវានេះឡើង។ ហេតុអ្វីទិវាមាតានេះមិនកំណត់ថ្ងៃពិតប្រាកដ?
បន្ទាប់ពីការប្រារព្ធទិវាមាតាលើកដំបូងរួចរាល់នាង Jevis (ជាបុគ្គលម្នាក់ដែលបានបង្កើតទិវាមាតានេះឡើង) មានបំណងចង់ឲ្យទិវានេះក្លាយទៅជាទិវាជាតិតែម្ដង។ បន្ទាប់ពីការបញ្ចុះបញ្ចូលនិងបង្ហាញហេតុផលជាច្រើនទៅកាន់សាធារណជនអស់ជាច្រើនឆ្នាំនាងក៏បានការទទួលស្គាល់ពីប្រធានាធិបតីអាមេរិក Woodrow Wilson នៅឆ្នាំ១៩១៤។ ក្រោយមកប្រធានាធិបតីរូបនេះក៏បានប្រកាសថាពិធីបុណ្យម្ដាយនេះនឹងត្រូវធ្វើឡើងនៅរាល់ថ្ងៃអាទិត្យសប្ដាហ៍ទីពីរខែឧសភា (ដោយមិនកំណត់ថ្ងៃឡើយ)។ ថ្វីបើទិវាមាតា (Mother’s Day) មិនមែនជាទិវាជាតិខ្មែរក្តី ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាបានយកឱកាសនៃថ្ងៃដ៏ពិសេសនេះ រៀបចំជាពិធីសុំខមាទោសអ្នកមានគុណ ដោយការសំពះ ក្រាបក្បាលដល់បាតជើងអ្នកដឹងគុណទាំងពីរ(ឪពុកម្ដាយ) ដើម្បីសុំការអធ្យាស្រ័យលើរាល់កំហុសឆ្គងដែលខ្លួនបានធ្វើកន្លងមកព្រមជាមួយការបង្ហាញក្ដីស្រឡាញ់របស់ខ្លួនចំពោះអ្នកម្ដាយតាមរយៈការឱបម្តាយដោយក្តីស្រឡាញ់និងពោរពេញដោយភាពសប្បាយរីករាយព្រមជាមួយកាជូនជាកាដូវត្ថុអនុស្សាវរីយ៍ដល់គាត់ផងដែរ។
តើក្នុងទិវាដែលជាការបង្ហាញការដឹងគុណរបស់អ្នកចំពោះអ្នកម្ដាយ អ្នកបានត្រៀមរៀបចំអ្វីជាពិសេសជូនដល់គាត់ហើយឬនៅ! តើអ្នកនឹងមានគម្រោងក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ទីរមណីយដ្ឋាននានា ឬមានសកម្មភាពអ្វីពិសេសក្នុងឱកាសនេះដើម្បីជាការឆ្លើយតបនូវគុណូបការៈដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានមួយនេះបាន។
ជាទូទៅភាគច្រើនកូនៗ តែងតែរៀបចំជាអំណោយជូនអ្នកម្ដាយជាទីស្រឡាញ់ដូចជាការទិញគ្រឿងអលង្ការ គ្រឿងសម្អាង សម្ភារប្រើប្រាស់ប្រចាំថ្ងៃដែលអ្នកម្ដាយចូលចិត្ត រីឯអ្នកខ្លះទៀតរៀបចំទិញជាបាច់ផ្កាយ៉ាងស្រស់ស្អាតជូនអ្នកម្ដាយជាដើម។ បើអ្នកពិបាកមិនដឹងថានិងត្រូវទិញអ្វីជូនអ្នកម្ដាយជាទីស្រឡាញ់របស់អ្នក! សូវរីន នឹងបង្ហាញអំពីគំរូនៃកញ្ចប់កាដូយ៉ាងពិសេសប្រកបទៅដោយប្រណីតភាពចំនួន៣ ដែលសុទ្ធសឹងជាកាដូដែលបង្កប់ទៅដោយក្ដីស្រឡាញ់តាមរយៈការជូននៅសម្ភារទាំងនេះជូនដល់អ្នកម្ដាយជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នា! ឈប់មានកង្វល់ទៀតទៅ ខាងក្រោមនេះជាការបង្ហាញនូវប្រភេទកាដូដែលមានការរៀបចំ៣របៀបផ្សេងៗ គ្នាដែលអ្នកអាចជ្រើសរើសជូនអ្នកម៉ាក់ជាទីស្រឡាញ់របស់អ្នកបានបើទោះបីគាត់ស្ថិតក្នុងវ័យណាមួយក៏ដោយ។ អ៊ីចឹង!តោះតាមដានទាំងអស់គ្នាថា សូវរីន នឹងរៀបចំកាដូបែបណាខ្លះសម្រាប់អ្នកម៉ាក់ជាទីស្រឡាញ់របស់អ្នក ហើយអ្នកអាចជ្រើសរើសឈុតណាមួយសម្រាប់ជាគំរូក្នុងការទិញកាដូផងដែរ។
1. ការរៀបចំកាដូជាសម្លៀកបំពាក់យ៉ាងប្រណីតនិងបង្កប់ដោយក្ដីស្រឡាញ់ចេញពីក្រអៅបេះដូង។ ក្នុងឈុតនេះអ្នកអាចរៀបចំជារ៉ូប សំពត់ អាវ ឬខោ ទៅតាមចំណូលចិត្តអ្នកម៉ាក់របស់អ្នករៀងៗខ្លួនបាន។ ក្នុងនោះផងដែរអ្នកអាចលាយបញ្ចូលជាមួយគ្រឿងលម្អតុបតែងកាយដែលមានដូចជា នាឡិកា ខ្សែដៃ ខ្សែករ ចិញ្ចៀន ជាដើមជូនគាត់។
2. កាដូជាគ្រឿងសម្អាងនិងឈុតតុបតែងកាយ បង្ហាញអំពីការយកចិត្តទុកដាក់លើភាពស្រស់ស្អាតជូនដល់អ្នកម្ដាយ។ ក្នុងឈុតនេះអ្នកអាចរៀបចំដូចជា ផលិតផលថែរក្សាសម្ផស្សណាមួយដែលសក្តិសមនឹងសភាពស្បែករបស់អ្នកម្ដាយរបស់អ្នក។ ទឹកអប់ក៏ជាគ្រឿងបន្ទាប់បន្សំមួយដែលអ្នកមិនគួររំលងផងដែរ។
3. កាដូជាឈុតកាបូបនិងស្បែកជើង បង្ហាញអំពីភាពស្រស់ឆើតឆាយនិងបង្កប់ទៅដោយការយកចិត្តទុកដាក់ចំពោះអ្នកម្ដាយ។ ក្នុងឈុតនេះអ្នកអាចជ្រើសរើសប្រភេទកាបូបឬស្បែកជើងណាដែលមានពណ៌មិនស្រស់ឆើតឆាយពេកនោះទេ អ្នកអាចរើសពណ៌បែបស្រគត់ស្រគុំប៉ុន្តែបង្កប់ទៅដោយភាពថ្លៃថ្នូរនឹងឆ្លុះបញ្ចាំងពីភាពទាន់សម័យនៃទំនើបនិយមនេះដើម្បីជូនដល់អ្នកម្ដាយជាទីស្រឡាញ់របស់អ្នក។
សរុបជារួមវាមិនមែនត្រឹមតែ១ថ្ងៃនេះទេ ដែលអ្នកទាំងអស់គ្នាត្រូវបង្ហាញក្ដីស្រឡាញ់ ការគោរព ដឹងគុណចំពោះអ្នកម្ដាយ ប៉ុន្តែក្នុងនាមយើងជាកុលបុត្រកុលធីតាគួរធ្វើយ៉ាងណាឱ្យលោកទាំងពីរសប្បាយចិត្តនិងមិនប្រព្រឹត្តអំពើណាមួយដែលនាំឱ្យលោកទាំងពីរពិបាកចិត្តឡើយ។ គុណដ៏ធំរបស់អ្នកមានគុណទាំងពីរគឺមានតម្លៃមហាសាលមិនអាចនឹងកាត់ថ្លៃបាននោះទេ។ ទិវាមាតាជាថ្ងៃមួយដែលអ្នកអាចបញ្ចេញក្ដីស្រឡាញ់ និងអាចរៀបចំជាកាដូទៅតាមលទ្ធភាពដែលអ្នកមាន ហើយមិនថាកាដូនោះមានតម្លៃថ្លៃឬធូរថ្លៃយ៉ាងណាទេ តែជឿជាក់ថាអ្វីដែលអ្នកបានរៀបចំនោះអ្នកម្ដាយរបស់អ្នកប្រាកដជាមានអារម្មណ៍រំភើបអមដោយស្នាមញញឹមជាក់ជាមិនខាន៕
Article by HENG CHANMAKARA