លាង ស៊ីកន វិចិត្រករគំនូរសហសម័យកម្ពុជាដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺដល់បរទេស
NEWS 5 years ago “ពិភពរបស់សិល្បករ” ជាឈ្មោះពិព័រណ៍សិល្បៈបែបសហសម័យដ៏ថ្មីសន្លាងមួយដែលត្រូវបានប្រារព្ធឡើងនៅ ទីតាំងវិចិត្រសាលនៃមជ្ឈមណ្ឌលវប្បធម៌បារាំង (CCF) រាជធានីភ្នំពេញ។ ពិព័រណ៍នេះជាពិព័រណ៍គំនូរធំបំផុតប្រចាំខែ ឧសភាកន្លងទៅថ្មីៗនេះរបស់វិចិត្រករ លាង ស៊ីកន ហើយដែលកម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលម្នាក់ៗតុបតែងលម្អកាយដោយម៉ូត សម្លៀកបំពាក់បុរាណខ្មែរ យ៉ាងល្អប្រណិតចម្លែកអស្ចារ្យជាងកម្មវិធីពិព័រណ៍គំនូរទូទៅដែលលោកអ្នកធ្លាប់បានដឹងពីមុនមក។ តើម្ចាស់គម្រោង ពិព័រណ៍ដ៏លេចធ្លោនេះមានប្រវត្តិការងារសិល្បៈយ៉ាងដូចម្តេចខ្លះ? ហើយតើលោកមានទស្សនៈវិស័យយ៉ាងណាខ្លះ ចំពោះអាជីពនេះ?
ក្រោមពន្លឺអគ្គិសនីយ៉ាងស្រាលស្រទន់នៅក្នុងបន្ទប់វិចិត្រសាល ផ្ទាំងគំនូរនីមួយៗដែលដាក់តាំងបានរំលេច សោភ័ណភាពរបស់ខ្លួនយ៉ាងស្រស់ប្លែកគួរជាទីទស្សនា ហើយថែមទាំងបានបង្កប់នូវអត្ថន័យឆ្លុះបញ្ចាំងអំពីទស្សន វិជ្ជាយ៉ាងជ្រាលជ្រៅរបស់ម្ចាស់ស្នាដៃដែលពិបាកនឹងនឹកស្មានដល់។ ក្រោយពីបានពន្យល់អំពីអត្ថន័យត្រួសៗនៃ ផ្ទាំងរូបភាពនីមួយៗ លោក លាង ស៊ីកន បានចាប់ផ្តើមរៀបរាប់រំឭកអំពីអតីតកាលរបស់លោកថា លោកបាន ចាប់កំណើតក្នុងគ្រួសារមួយដែលរស់នៅស្រុកពារាំង ខេត្តព្រៃវែង។ ដោយសារតែមានឪពុកជាជាងធ្វើតុទូរ និង ម្តាយជាជាងកាត់ដេរ ទើបធ្វើឲ្យរូបលោកមានឧបនិស្ស័យខាងការងារជំនាងសិល្បៈនេះតាំងពីតូចមកម្ល៉េះ។ លោកនៅចាំ បានថា កាលពីនៅវ័យកុមារ លោកចូលចិត្តសូនរូបសត្វធ្វើអំពីដីឥដ្ឋ និង ប្រមូលស្លឹកឈើមកដេរភ្ជាប់ជាអ្វីផ្សេងៗ គ្រាន់លេងកំសាន្តកែអផ្សុក។ ទាំងនេះហើយជានិស្ស័យសិល្បៈដំណាក់កាលដំបូងបំផុតដែលជំរុញចិត្តរបស់លោកឲ្យកាន់តែជក់ចិត្តដិតអារម្មណ៍នឹងការងារសិល្បៈរហូតដល់ពេលពេញវ័យ។
អតីតនិស្សិតជំនាញវិចិត្រកម្ម និង តុបតែងលម្អស្ថាបត្យកម្មនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរូបនេះ បានបន្តថា មុនដំបូងលោកបានសិក្សាខាងផ្នែកគំនូរ តែក្រោយមកលោកក៏បានបន្ថែមផ្នែកតុបតែងលម្អស្ថាបត្យកម្ម(ខាងដេគ័រ) ទៀត។ ទោះបីជាយ៉ាងណា លោកបានសម្រេចចិត្តត្រឡប់ទៅចាប់អាជីពខាងគំនូរវិញ ដោយសារ រូបលោកស្រឡាញ់ឯកទេសនេះជាង។ តាមការអះអាងរបស់លោក អាជីពជាជាងគំនូរក្នុងដំណាក់ កាលដំបូងពុំ ទទួលបានជោគជ័យដូចអ្វីដែលលោករំពឹងទុកឡើយ “យើងរៀនផង យើងបង្កើតស្នាដៃផង។ អ្វីដែលខ្ញុំគូរយកទៅដាក់តាំងលក់នោះគឺដូចអ្វីដែលធ្លាប់គូរពីមុនមកតាមផ្លូវសាលារចនាដែលរៀមច្បងគាត់លក់ហ្នឹង។ ពេលដែលគេ(អតិថិជន)យកទៅ គេថាគំនូរយើងមិនដូចគំនូររៀមច្បង។ គេលក់បាន១០ ដុល្លារ យើងលក់បានត្រឹម៥ដុល្លារ។ ”
ដោយសារតែការមិនសូវឲ្យតម្លៃចំពោះស្នាដៃគំនូររបស់លោកពីសំណាក់អតិថិជន សិល្បកររូបនេះបានបង្វែរ មកផ្តោតលើប្រភេទសិល្បៈគំនូរបែបផ្សេងវិញដើម្បីមានឱកាសបង្ហាញពីក្តីស្រមើស្រមៃរបស់ខ្លួននៅលើផ្ទាំងគំនូរក៏ដូច ជាដើម្បីបង្កើតអត្តសញ្ញាណសិល្បៈឲ្យមហាជនបានស្គាល់។ គាប់ជួនស្នាដៃមួយដែលលោកបានគូរត្រូវបានកាសែត ល្បីមួយចាប់អារម្មណ៍ ហើយគេក៏បានទាក់ទងលោកឲ្យគូររូបទៅតាមប្រធានបទផ្សេងៗដែលគេដាក់ឲ្យ តែវាមិនមែន ជាប្រភេទគំនូរមើលឃើញដែលត្រូវគូរតាមរូបពិតជាក់ស្តែងនោះទេ វាជារបត់ប្រវត្តិសាស្រ្តនៃអាជីពគំនូររបស់លោក ដោយសារនោះជាឱកាសដំបូងដែលលោកប្រើប្រាស់ការស្រមើស្រមៃច្រើនដើម្បីគូរតម្រូវតាមប្រធានបទទាំងនោះ។
លោក លាង ស៊ីកន
បន្ថែមលើនេះទៅទៀត វិចិត្រករសហសម័យ លាង ស៊ីកន បានឈានជើងចូលប្រឡងគំនូរលំដាប់ថ្នាក់ អន្តរជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ ដោយទទួលបានលទ្ធ ផលចំណាត់ថ្នាក់លេខ១ និង ប្រឡងគំនូរដែលរៀបចំឡើងដោយអង្គការយូនេស្កូ ប្រទេសកម្ពុជា ទទួលបានចំណាត់ ថ្នាក់លេខ២គួរជាទីមោទនភាពក្រៃលែងក្នុងជីវិតជាសិល្បករ។ ការសិក្សាពីរជំនាញ គួបផ្សំនឹងបទពិសោធន៍នៃការគូររូបឲ្យខាងសារព័ត៌មាន និងការចូលរួមប្រឡងបានជំរុញឲ្យសិល្បកររូបនេះកំណត់គោលដៅនៃវិថីសិល្បៈរបស់គាត់ បានច្បាស់ឈានទៅរកភាពល្បីល្បាញទ្វេដងទាំងនៅលើឆាកជាតិនិងអន្តរជាតិ “ខ្ញុំសម្រេចចិត្តថាដេរ បិត ផ្គុំ រូប ទាំងឡាយដែលកើតចេញពីសម្ភារៈដែលគេគ្រវាត់ចោលក្តី សម្រាមក្តី ឲ្យតែយើងមានគំនិតច្បាស់លាស់ចេះយក មកបញ្ចូលគ្នា វានឹងទៅជាសិល្បៈមួយដ៏ត្រចះត្រចង់។ ”
លោកបានបញ្ជាក់ដែរថា ស្នាដៃសិល្បៈគំនូររបស់លោកខុសពីស្នាដៃគំនូររបស់រៀមច្បងល្បីជំនាន់មុនៗ ព្រោះ ពួកគាត់សុទ្ធតែប្រើពណ៌ប្រេងក្នុងការគូរ រីឯរូបគំនូររបស់លោកកើតចេញពីការរួមផ្សំរវាងវត្ថុធាតុដើមជាច្រើន តួយ៉ាង ក្រដាសកាសែត ទស្សនាវដ្តី ផ្ទាំងឃោសនា (Poster) និង ប្លាស្ទិក ជាដើម។ លក្ខណៈពិសេសមួយទៀតនៃស្នាដៃរបស់ លោកគឺ ការរៀបរូបឲ្យចេញជាស្រទាប់ (layer) ផ្សេងៗ ដើម្បីរំលេចរវាងរូបខាងមុខ(Foreground) និង ផ្ទៃខាងក្រោយ (Background)។
ផ្ទាំងគំនូរដែលរំលេចឡើងដោយប្រើបច្ចេកទេសសិល្បៈថ្មីនេះគឺជាជោគជ័យការងារដ៏ធំមួយរបស់លោកតាំង ពីអំឡុងឆ្នាំ២០០១-២០០២ម្ល៉េះ ដែលកាលនោះសូម្បីតែសម្តេចចៅហ្វាវាំងគង់សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ក៏បានគាំទ្រយ៉ាងពេញទំហឹងនិងជួយជាវស្នាដៃសិល្បៈសហសម័យនេះពីក្នុងកម្មវិធីពិព័រណ៍ថែមទៀតផង។ ខណៈ នោះដែរ ផ្ទាំងគំនូររបស់លោកដែលដាក់តាំងក្នុងកម្មវិធីពិព័រណ៍ទាំងអស់ត្រូវបានលក់ដាច់គ្មានសល់ឡើយ ហើយត្រូវ បានសារព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាតអំពីជោគជ័យនៃគំនូរសហសម័យរបស់លោក ដែលលោកចាត់ទុកជាថ្ងៃ ប្រវត្តិសាស្រ្តសម្រាប់ការងារសិល្បៈមួយនេះ។ ក្រៅពីជោគជ័យក្នុងប្រទេស លោកក៏ធ្លាប់បានចេញពីតាំងពិព័រណ៍ បង្ហាញស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសជប៉ុន ប្រទេស ហុងកុង ប្រទេសថៃ ប្រទេសសឹង្ហបុរី និង ប្រទេសមីយ៉ាន់ម៉ា។
ដោយឡែក ចំពោះកម្មវិធីពិព័រណ៍“ពិភពរបស់សិល្បករ” ថ្មីនេះវិញ លោកបានសម្រិតសម្រាំងគំនូរចំនួនប្រមាណជាង២០ផ្ទាំងដែលសុទ្ធសឹងតែមានលក្ខណៈប្លែកៗ ដោយមានការបញ្ចូលកែច្នៃវត្ថុធាតុដើមដូចជា ក្រណាត់ សារុង និង ស្បែកគោដាប់ដោយពន្លាកច្នៃជាក្បាច់ក្បូររចនាឬនិមិត្តសញ្ញាបង្កប់ផ្សេងៗ ជាដើម ដែលទស្សនិកជន គ្រប់គ្នាប្រាកដជានឹកស្មានមិនដល់ អត់ទ្រាំមិនស្ញើចសរសើរមិនបាន។ ថ្វីត្បិតតែរូបលោកជាសិល្បករសហសម័យ និយមអ្វីដែលថ្មីប្លែក ប៉ុន្តែលោកពុំដែលបោះបង់ចោលការស្រាវជ្រាវផ្នែកសិល្បៈវប្បធម៌ជាតិនោះទេ ហើយថែមទាំង ព្យាយាមបញ្ចូលអត្តសញ្ញាណជាតិទៅក្នុងស្នាដៃសិល្បៈរបស់លោកជានិច្ច។ លោកបានពន្យល់ត្រង់ចំណុចនេះថា “យើងបានដកស្រង់(ពីវប្បធម៌ដើម) យើងបានគោរព រសជាតិយើងនៅតែជាខ្មែរ តែយើងដើរទៅមុខឲ្យទាន់ពិភព ខាងក្រៅ។”
ជាកិច្ចបញ្ចប់ លោកបានសុំសំណូមពរឲ្យប្រជាជាតិខ្មែរទាំងអស់ជួយគាំទ្រនិងលើកទឹកចិត្តសិល្បករ ចៀសវាង ការរិះគន់ជាន់ពន្លិច។ ប្រសិនបើយល់ថាមានការមិនយល់ត្រង់ចំណុចណាមួយ លោកអ្នកគប្បីសួរមកកាន់សិល្បករ ផ្ទាល់ដើម្បីទទួលបាននូវការពន្យល់បកស្រាយច្បាស់លាស់ ចៀសវាងការភ័ន្តច្រលំជាយថាហេតុ។ លោកជឿជាក់ យ៉ាងមុតមាំថា វិស័យសិល្បៈគំនូរសហសម័យនឹងរីកលូតលាស់ទៅមុខ ដោយហេតុថា វិស័យស្ថាបត្យកម្មក្នុងស្រុក សព្វថ្ងៃមានភាពរីកចម្រើន។ ដូចនេះ ប្រជាជនចាប់ផ្តើមចង់បានគំនូរយកទៅដាក់តាំងលម្អកាន់តែច្រើនឡើងៗ ហើយទំនោរនៃការប្រើប្រាស់គំនូរបែបសហសម័យក៏កាន់តែទទួលបាននូវការពេញនិយមខ្លាំងជាងមុន។ ម្យ៉ាងវិញ ទៀត គំនូរប្រភេទនេះមានតួនាទីឆ្លុះបញ្ចាំងអំពីតថភាពនៃព្រឹត្តិការណ៍សង្គមក្នុងពេលបច្ចុប្បន្នឲ្យកូនខ្មែរជំនាន់ក្រោយ បានយល់ដឹង៕
Article by SOVRIN