×

«​កូនចាប​មាស​»​ ​ប្រែ​ពី​សិស្ស​ព័ត៌មាន​វិទ្យា​ ​ក្លាយជា​អ្នកនិពន្ធ​សៀវភៅ​ដ៏​ពេញនិយម​បំផុត​ពី​មិត្ត​ៗ​យុវវ័យ​

NEWS 3 months ago
 
 

​            ​​យុវជន​ ​ក៏ដូចជា​មនុស្ស​វ័យ​កណ្តាល​ភាគច្រើន​តែង​ជួបប្រទះ​នូវ​វិបត្តិ​ ​ជំងឺ​បាក់ទឹកចិត្ត​ ​ឬ​ការ​ទទួលរង​សម្ពាធ​ផ្សេង​ៗ​ឥត​ឈប់ឈរ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ ​ហើយ​នេះ​ធ្វើឲ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ផ្លូវចិត្ត​។​ ​ដោយ​ផ្អែកលើ​មូលហេតុ​ចម្បង​នេះ​ហើយ​ ​បាន​ជំរុញ​ទឹកចិត្ត​ដល់​ ​អ្នកនិពន្ធ​ជាច្រើន​រូប​ខិតខំ​ស្វែងរក​វិធីសាស្ត្រ​ ​និង​ដំណោះស្រាយ​ ​ដើម្បី​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​អ្នក​ដែល​កំពុង​ជួប​នូវ​បញ្ហា​ទាំងនោះ​ទៀង​ផង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​តាមរយៈ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា​ ​«​វិញ្ញា​សារ​ជីវិត​»​ ​ប្រិយមិត្ត​អ្នកអាន​ប្រាកដជា​បាន​ដឹង​ខ្លះ​ៗ​អំពី​ខ្លឹមសារ​ ​និង​អ្នកនិពន្ធ​សៀវភៅ​នេះ​ដែល​មាន​រហស្សនាម​ថា​ ​«​កូនចាប​មាស​»​ ​។​ ​

​            ​កញ្ញា​ ​សែត​ ​ហត្ថា​ ​ឬ​ ​«​កូនចាប​មាស​»​ ​មាន​ស្រុកកំណើត​ក្នុង​ភូមិ​ក្រាំង​ធំ​ ​ឃុំ​អូ​រស​ណ្តាន់​ ​ស្រុក​ក្រគរ​ ​ខេត្តពោធិ៍សាត់​។​ ​ក្នុងនាម​ជា​កូនស្រី​ច្បង​ដែល​រស់នៅ​ក្នុង​គ្រួសារ​មាន​ជីវភាព​មិនសូវ​ធូរធារ​ ​គ្មាន​មធ្យោបាយ​ធ្វើដំណើរ​ទៅកាន់​សាលារៀន​ ​ខ្វះ​ភាព​កក់ក្តៅ​ពី​ក្រុម​គ្រួសារ​ ​និង​ខ្វះ​ការ​ជួយ​ជ្រោមជ្រែង​លើ​ការសិក្សា​រៀនសូត្រ​បន្ត​នោះ​ ​កញ្ញា​ក៏​សម្រេចចិត្ត​បោះបង់​ការសិក្សា​ក្នុង​ឆ្នាំ២០០៧​។​ ​មិនយូរ​ប៉ុន្មាន​កញ្ញា​ក៏បាន​សម្រេចចិត្ត​ត្រលប់​មក​ចាប់ផ្តើម​សិក្សា​រៀនសូត្រ​សារ​ជាថ្មី​ម្តង​ទៀត​ ​ដែល​កញ្ញា​បាន​ប្រឡងជាប់​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ​ ​ឬ​ ​ជាទូទៅ​ហៅថា​ ​ឌីប្លូម​ ​នៅ​ ​ឆ្នាំ២០១០​ ​នៃ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​១០មករា​ ​បឹងកន្ទួត​។​ ​យ៉ាងណាមិញ​ ​នៅពេល​ដែ​លក​ញ្ញ​កំពុង​សិក្សា​ថ្នាក់​ទី១២​ ​កញ្ញា​ក៏​ធ្លាក់ខ្លួន​ឈឺ​យ៉ាងធ្ងន់ធ្ងរ​ដែល​នេះ​បាន​បណ្តាល​ឲ្យ​កញ្ញា​ខកខាន​មិនបាន​ចូលរួម​ការ​ប្រឡង​ឆមាស​លើក​ទី១​ ​ហើយ​នេះ​ជា​មូលហេតុ​លើក​ទី២​ ​ដែល​កញ្ញា​សម្រេចចិត្ត​បោះបង់​ការសិក្សា​ជាថ្មី​ម្តង​ទៀត​។​ ​ជាមួយនឹង​វិបត្តិ​ដ៏​ស្មុគស្មាញ​ក្នុង​ជីវិត​មួយ​នេះ​ ​កញ្ញា​ចាកចេញ​ពី​ស្រុកកំណើត​ខេត្តពោធិ៍សាត់​ ​ទៅ​រស់នៅ​ក្នុង​ខេត្តបាត់ដំបង​ ​ធ្វើជា​អ្នកស៊ីឈ្នួល​តាម​ផ្ទះ​ ​រយៈពេល១ឆ្នាំ​ ​ដើម្បី​សន្សំប្រាក់​យក​មក​សិក្សា​រៀនសូត្រ​បន្ត​។​ ​នៅដើម​ឆ្នាំ​ ​២០១៣​ ​កញ្ញា​បាន​ប្រឡងជាប់​អាហារូបករណ៍​ផ្នែក​ព័ត៌មាន​វិទ្យា​ ​(​IT​)​ ​រយៈពេល២ឆ្នាំ​ពីសា​លា​អង្គការ​ ​Passerelles​ ​numériques​ ​Cambodia​ ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​

​            ​ជាមួយនឹង​ការ​អត់ធ្មត់​ ​ការ​តស៊ូ​ ​និង​មាន​ក្តី​ស្រមៃ​ចង់​ចែករំលែក​នូវ​បទពិសោធន៍​ក្នុង​ជីវិត​ទៅកាន់​មនុស្សជា​ច្រើនលើស​កល​លោក​បានដឹង​នោះ​ ​កញ្ញា​ក៏បាន​សម្រេចចិត្ត​ចាប់ផ្តើម​សរសេរ​សៀវភៅ​ ​ដែល​មានឈ្មោះ​ថា​ ​«​វិញ្ញា​សារ​ជីវិត​»​។​ ​កញ្ញា​បាន​លើកឡើង​ថា​ ​«​ខ្ញុំ​ចង់និយាយ​ទៅកាន់​ពិភពលោក​ឲ្យបាន​ដឹងពី​គោលបំណង​របស់ខ្ញុំ​ ​ប៉ុន្តែ​សម្លេង​របស់ខ្ញុំ​តូច​ណាស់​មិន​អាច​ស្រែក​ប្រាប់​គេ​បានទេ​»​។​ ​កញ្ញា​ក៏បាន​បន្ត​ផង​ដែរ​ថា​ ​«​ខ្ញុំ​ចាំ​បាន​ថា​នៅក្នុង​ឆ្នាំ២០១៥​ ​ខ្ញុំ​ចាប់ផ្តើម​កម្សាន្ត​ជាមួយនឹង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ដំបូង​ ​ខ្ញុំ​ក៏​សរសេរ​អ្វី​ដែល​ជា​បទពិសោធន៍​របស់ខ្ញុំ​លើ​គណនី​ហ្វេ​សប៊ុ​ក​របស់ខ្ញុំ​ ​ហើយ​មាន​គេ​ឆាត​សួរ​ខ្ញុំ​ថា​ ​តើ​ខ្ញុំ​បាន​ដកស្រង់​ចេញពី​ណា​?​ ​មាន​ប្រភព​ចេញពី​ខាងណា​ខ្លះ​?​ ​ហើយ​មាន​មនុស្សជា​ច្រើន​សួរ​ខ្ញុំ​ ​ខ្ញុំ​ក៏ចាប់ផ្តើមសរសេរ នឹងចងក្រង សៀវភៅ​ ​«​វិញ្ញា​សារ​ជីវិត​»​ ​នេះ​ឡើង​។​»​ ​សៀវភៅ​នេះ​បាន​សរសេរ​ក្នុង​ឆ្នាំ​ ​២០១៦​ ​នឹង​បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​ ​២០១៧​ ​កញ្ញ​បាន​លើកឡើង​បន្ត​ថា​ ​«​ចំពោះ​សៀវភៅ​នេះ​ ​ភាគច្រើន​ ​គឺ​ដកស្រង់​នូវ​បទពិសោធន៍​របស់ខ្ញុំ​ផ្ទាល់​ ​ហើយ​ ​៧០ភាគរយ​ ​ទៅ​៨០ភាគរយ​ ​ខ្ញុំ​ដក​ស្រង់​ចេញពី​បញ្ហា​មិត្ត​ៗ​អ្នកអាន​»​។​ ​អត្ថន័យ​របស់​សៀវភៅ​នេះ​ ​បាន​ជំរុញ​ ​និង​លើកទឹកចិត្ត​ទៅដល់​អ្នកមាន​វិបត្តិ​ដើម្បីឲ្យ​ពួកគេ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រាប់​ពី​វិបត្តិ​របស់​ពួកគេ​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​។​ ​

​            មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​កញ្ញា​ក៏បាន​និពន្ធ​សៀវភៅ​ចំនួន​ពីរ​ចំណងជើង​បន្ថែម​ទៀតផង​ដែរ​។​ ​«​កាដូ​ជីវិត​»​ ​និង​ ​«​ខ្យល់​ដង្ហើម​»​ ​ដែល​សៀវភៅ​ទាំងអស់​នេះ​ប្រៀប​បាន​ដូចជា​ឱសថ​ព្យាបាល​អ្នក​ដែល​មាន​ជំងឺផ្លូវចិត្ត​ឲ្យ​មាន​ភាព​ស្រាល​ពី​បញ្ហា​នានា​។​ ​ម៉្យាង​វិញទៀត​កញ្ញា​ ​សែត​ ​ហត្ថា​ ​ឬ​ ​«​កូនចាប​មាស​»​ ​ក៏បាន​ផ្ញើ​ជា​សារ​រំឭក​ទៅកាន់​យុវជន​ ​ក៏ដូចជា​អ្នក​ដែល​មាន​វិបត្តិ​ទាំងអស់​កុំ​ឲ្យ​អស់​សង្ឃឹម​ត្រូវ​តស៊ូ​ ​អត់ធ្មត់​ ​និង​រក​វិធី​សាស្ត្រ​ ​ដើម្បី​ដោះស្រាយបញ្ហា​នោះ​ ​ហើយ​​គួរតែ​ផ្លាស់​ប្តូរ​គំនិត​អវិជ្ជមាន​ ​ទៅជា​គំនិត​វិជ្ជមាន​ទើប​ប្រសើរ​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​



SUGGESTIONS