×

​កោះអន្លង់ចិន​ ​ទីស្ថាន​ដែល​​សម្បូរ​ទៅ​ដោយ​ដំណាំ​ជា​ច្រើន​ប្រភេទ​និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​

TRAVEL & LIVING 3 months ago
 
 

          ​បើ​នឹកភ្នក​ទៅដល់​ ​កោះអន្លង់ចិន​ ​មិត្ត​អ្នកអាន​ប្រាកដជា​ស្រមៃ​ទៅដល់​ប្រភព​ផ្គត់ផ្គង់​ ​បន្លែបង្ការ​ដ៏​ធំ​មួយ​ដែល​រួមមាន​ទាំង​ដំណាំ​ហូប​ផ្លែ​និង​បន្លែ​ចម្រុះ​ដែល​កសិករ​ដាំ​ទៅតាម​រដូវ​កាលនោះ​ជាក់ជា​មិនខាន​។​ ​សម្រាប់​ខែ​នេះ​ដែល​ជារ​ដូវ​វស្សា​ផង​នោះ​ ​សូ​វរីន​ ​សូម​នាំ​អារម្មណ៍​មិត្ត​អ្នកអាន​ទៅ​កម្សាន្ត​អារម្មណ៍​លើទឹក​ដី​នៃ​ឃុំ​កោះអន្លង់ចិន​ ​ស្រុក​ស្អាង​ ​ខេត្ត​កណ្ដាល​ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង១០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ​។​ ​បើ​យើង​ធ្វើដំណើរ​ទៅតាម​ផ្លូវ​នៅ​ក្រុង​តាខ្មៅ​ឆ្ពោះទៅ​កាន់​ស្ពាន​ព្រែក​សំរោង​មកដល់​ចំណុច​រង្វង់​មូល​ស្ពាន​យើង​អាច​បន្តដំណើរ​ទៅតាម​ក្រោម​ស្ពាន​ព្រែក​សំរោង​ឆ្ពោះទៅ​កាន់​កោះក្របី​ប្រហែល​ជា​១០km​យើង​​នឹង​មកដល់​កំពង់ចម្លង​ឬស្សី​ស្រុក​ ​ដែល​ជា​កំពង់ចម្លង​អាច​នាំ​យើង​ទៅកាន់​កោះអន្លង់ចិន​ដែ​លហុំ​ព័ទ្ធ​ទៅ​ដោយ​ទន្លេបាសាក់​ដ៏​ខៀវស្រងាត់​គួរ​ជាទី​គយគន់​។​ ​សូម​បញ្ជាក់​ផង​ដែរ​ថា​មាន​កំពង់​ចម្លង​តូច​ៗ​ជាច្រើន​ទៀត​ដែល​អ្នក​អាច​ធ្វើដំណើរ​ឆ្លងកាត់​បាន​ ​ដោយឡែក​មូលហេតុ​ដែល​ ​សូ​វរីន​ ​ជ្រើសរើស​យក​កំពង់ចម្លង​ឬស្សី​ស្រុក​ក៏​ព្រោះតែ​កំពង់ចម្លង​នេះ​អាច​ផ្ទុក​រថយន្ត​ឆ្លងកាត់​បាន​ហើយក៏​ជា​កំពង់ចម្លង​ធំជាង​គេ​នៅ​កោះអន្លង់ចិន​ផង​ដែរ​។​ ​សាឡាង​កំពុង​ឈប់​សុំ​ចត​នៅ​ត្រើយម្ខាង​នៃ​កោះក្របី​កំពុងតែ​រង់ចាំ​ទទួលភ្ញៀវ​ឬ​អ្នកដំណើរ​ជិត​ឆ្ងាយ​ដើម្បី​ទៅកាន់​កោះអន្លង់ចិន​ដែល​ពោរពេញ​ទៅ​ដោយ​ធម្មជាតិ​បៃតង​ស្រស់​គួរ​ជាទី​ទាក់ភ្នែក​។​ ​រថយន្ត​បាន​បន្ត​ដំ​ណើរ​យឺត​ៗ​ចូល​សាឡាង​ ​ហើយ​អ្នកដំណើរ​ខ្លះ​ក៏បាន​ចុះពី​លើ​រថយន្ត​ដើម្បី​ស្រូប​យកខ្យល់អាកាស​ដ៏​បរិសុទ្ធ​នៃ​ជំនោរ​ខ្យល់​ទន្លេ​។​ ​មិនទាន់​ទាំង​បាន​គយគន់​ទិដ្ឋភាព​កោះ​ពី​ចម្ងាយ​បាន​សព្វគ្រប់​ផង​ស្រាប់តែ​សាឡាង​បាន​មកដល់​ត្រើយម្ខាង​ទៀត​នៃ​កោះអន្លង់ចិន​យ៉ាង​រហ័ស​ដោយ​ប្រើ​រយៈពេល​ប្រហែល៥នាទី​ប៉ុណ្ណោះ​។​ ​

          ​កោះ​ដែល​ស្ថិតនៅ​កណ្ដាល​នៃ​ផ្ទៃ​ទឹកទន្លេ​បាសាក់​នេះ​បាន​ឡោមព័ទ្ធ​ទៅ​ដោយ​ដំណាំ​យ៉ាង​ចម្រុះ​បៃតង​ស្រស់​ ​បង្ក​ទៅជា​សោភ័ណភាព​មួយ​ប្លែកភ្នែក​ក្រៃលែង​។​ ​គ្រាន់តែ​បាន​ឈានជើង​ជាន់លើ​ទឹកដី​កោះអន្លង់ចិន​ភ្លាម​យើង​ហាក់​មាន​អារម្មណ៍​ថា​ត្រជាក់​ស្រស់ស្រាយ​ក៏​ព្រោះតែ​ដើមឈើ​តូច​ធំ​នៅ​លើ​ដី​កោះ​នេះ​បាន​ជះ​ជា​ម្លប់​ដ៏​ត្រជាក់​ត្រឈឹងត្រឈៃ​អម​ទៅ​ដោយ​សម្លេង​រ៉ៃ​យំ​យ៉ាង​ពិរោះ​រណ្ដំ​ ​បង្ក​ឱ្យ​បរិយាកាស​លើ​ផ្ទៃ​កោះ​ទាំងមូល​ស្រស់បំព្រង​គួរ​ជាទី​គយគន់​។​ ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ឃុំ​កោះអន្លង់ចិន​គឺជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ជាច្រើន​ទៀត​របស់​ស្រុក​ស្អាង​ខេត្ត​កណ្ដាល​ក្នុង​នោះ​ផង​ដែរ​ឃុំ​កោះអន្លង់ចិន​មាន​ចំនួន៤ភូមិ​គឺ​ ​ភូមិ​ក្បាលកោះ​ ​ភូមិ​កណ្ដាល​កោះ​ ​ភូមិ​ស្វាយ​ពុំ​ត្រង់​និង​ភូមិ​ចុង​កោះ​។​ ​បន្ទាប់ពី​សាឡាង​បាន​នាំ​យើង​មកដល់​លើទឹក​ដី​កោះ​នេះ​គឺ​យើង​បាន​មកដល់​ចំណុចកណ្ដាល​កោះ​។​ ​គ្រាន់តែ​មកដល់​ត្រើយម្ខាង​នៃ​កោះអន្លង់ចិន​ភ្លាម​យើង​ក៏បាន​ពើបប្រទះ​នឹង​អ៊ុំ​ប្រុស​ម្នាក់​ដែល​កំពុងតែ​ធ្វើចំការ​ជាមួយ​នឹង​កូន​ៗ​របស់​គាត់​នៅក្នុង​ដីចំការ​ដែល​មាន​ទំហំ​ទទឹង១៦ម៉ែត្រ​និង​បណ្តោយ​ជាង១០០ម៉ែត្រ​នៅ​ក្បែរ​កំពង់ចម្លង​នោះ​។​ ​ឈ្លៀ​ត​ក្នុង​ឱកាស​នោះ​យើង​ក៏​ជួប​សំណេះសំណាល​ជាមួយនឹង​អ៊ំប្រុស​ដែល​ជា​ប្រជាកសិករ​កំពុងតែ​មមាញឹក​ជាមួយនឹង​ការភ្ជួររាស់​ដី​ដើម្បី​ដាំដំណាំ​។​ ​អ៊ំប្រុស​ដែល​មាន​វ័យ៧០ឆ្នាំ​ប្លាយ​ដែល​កំពុងតែ​ឈូស​ឆាយដី​ដែល​កាលពីមុន​លោក​បាន​ដាំដំណាំ​ចេកពងមាន់​ ​ក្រោយមក​ក៏​ផ្លាស់​ប្តូរ​មក​ដាំ​ដំ​ណាំ​ម្រេះ​ព្រៅ​ ​ជាមួយនឹង​ចបកាប់​ក្នុង​ដៃ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​“​ខ្ញុំ​ប្រកបរបរ​ដាំដំណាំ​នេះ​យូរណាស់​មក​ហើយ​ ​ហើយ​ជានិច្ចកាល​ខ្ញុំ​តែងតែ​ធ្វើការ​ផ្លាស់ប្ដូរ​ការ​ដាំដំណាំ​បន្លែ​ទៅតាម​តម្រូវការ​ទីផ្សារ​ ​ជាក់ស្ដែង​ឥឡូវនេះ​ខ្ញុំ​កំពុងតែ​ដាំ​គូឆាយ​ ​និង​ម្រះព្រៅ​។​”​ ​ជាមួយនឹង​ទឹកមុខ​ញញឹមពព្រាយ​និង​រួសរាយ​រាក់ទាក់​គួរឲ្យ​ចង់​មាន​ទំនាក់ទំនង​ជាមួយ​ ​តាម​បែប​អ្នកស្រុក​កោះអន្លង់ចិន​ ​លោក​អ៊ុំ​ ​ទូច​គង់​ ​បាន​ប្រាប់ឲ្យដឹង​ទៀត​ថា​ ​“​នៅ​លើ​កោះ​នេះ​ភាគច្រើន​គេ​ដាំ​មៀន​និង​គូឆាយ​។​ ​ហើយ​បន្ទាប់មក​គេ​ដាំចេក​ពង​មាន់​ម្រេះ​ព្រៅ​។​”​ ​ឆ្លើយតប​ជាមួយនឹង​សំនួរ​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​លោក​អ៊ុំ​ផ្លាស់​ប្តូរ​ពី​ការ​ដាំដំណាំ​ចេកពងមាន់​មក​ដាំ​ដើម​ម្រេះ​ព្រៅ​និង​គូឆាយ​ ​លោក​អ៊ុំ​ក៏បាន​ប្រាប់​ពី​មូលហេតុ​គឺ​ដោយសារតែ​លោក​និង​អ្នកស្រុក​នៅ​ទីនោះ​បាន​លឺ​គេ​និយាយ​ប្រាប់​តៗ​គ្នា​ពី​តម្រូវការ​ទីផ្សារ​និង​បច្ចេកទេស​នៃ​ការ​ដាំដុះ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​។​ ​ ​មិន​ត្រឹមតែ​ដំណាំ​ប៉ុន្មាន​មុខ​នេះ​ប៉ុណ្ណោះទេ​អ្នកស្រុក​កោះអន្លង់ចិន​នេះ​ក៏​ប្រកបមុខរបរ​ដាំ​ដំ​ណាំ​ផ្សេង​ៗ​ទៀត​ដែល​ក្នុង​នោះ​រួមមាន​៖​ ​ដំណាំ​ស្អំ​,​ ​ល្ហុង​,​ ​ស្លឹកបាស​,​ ​និង​កូន​ដំ​ណាំ​តូច​ៗ​ជាច្រើន​មុខ​ទៀត​ ​ផង​ដែរ​។​ ​

លោក​អ៊ុំ​ ​ទូច​គង់

          ​​ដោយ​មិន​រំខាន​លោក​អ៊ុំ​យូរ​ពួក​យើង​ក៏បាន​បន្តដំណើរ​ទៅមុខ​ទៀត​ ​ដោយ​រថយន្ត​ឆ្ពោះ​សម្តៅ​ទៅ​ភូមិ​ចុង​កោះ​ដែល​សម្បូរទៅដោយ​ដំណាំ​បន្លែបន្លុក​និង​ផ្លែឈើ​ហូប​ផ្លែ​ជាច្រើន​មុខ​ទៀត​ដែល​ប្រជាជន​នៅ​ទីនោះ​បាន​ធ្វើ​ត​ជំនាន់​ជា​យូរណាស់​មក​ហើយ​។​ ​នៅ​តាម​ដងផ្លូវ​ដែល​ក្រាល​ដោយ​បេតុង​អា​មេ​ដ៏​ក្រាស់​គេ​នឹង​ប្រទះឃើញ​សឹងតែ​គ្រប់​ផ្ទះ​សុទ្ធតែ​ដាំ​ដើម​មៀន​ជាច្រើន​ដើម​នៅ​ខាងមុខ​ផ្ទះ​និង​ក្រោយផ្ទះ​ដុះ​អម​សងខាង​ផ្លូវ​ប្រកបដោយ​ម្លប់​ត្រឈឹងត្រឈៃ​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​មួយ​ដែល​ធ្វើឲ្យ​អ្នកដំណើរ​គយគន់​មើល​យ៉ាង​ស្រស់ស្រាយ​ជាទីបំផុត​។​ ​បើ​ក្រ​លេ​ក​ទៅ​មើល​ខាងក្រោយ​ផ្ទះ​របស់​ប្រជាជន​ ​យើង​បាន​សម្លឹងឃើញ​មាន​ចំការ​ ​គូរ​ឆាយ​ដ៏​ធំ​ដុះ​ទាប​នឹង​ដី​ដែល​មើលទៅ​ហាក់ដូចជា​វាលស្រែ​យ៉ាង​ខៀវស្រងាត់​រៀប​ជា​ជួរ​ៗ​យ៉ាង​មាន​សណ្តាប់​ធ្នាប់​គួរ​ជាទី​គយគន់​ពន់ពេក​។​ ​មាន​ចំការ​ខ្លះ​គេ​បាន​ដាំដំណាំ​ចម្រុះ​ដោយមាន​ឃើញ​ដើមល្ហុង​ដុះឡើង​យ៉ាង​ស្រុះគ្នា​នៅ​លើ​រង​ចំការ​ជា​ខ្សែ​ៗ​ដែល​ធ្វើឲ្យ​យើង​សម្លឹង​កាន់តែ​យូរ​កាន់តែ​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ​សប្បាយ​អារម្មណ៍​បាន​មួយ​កម្រិត​ទៀតផង​។​ ​

          ​កំពុងតែ​ប្រមូល​ផលដំណាំ​គូឆាយ​នៅក្នុង​ចំការ​ក្រោម​កម្តៅថ្ងៃ​ចែងចាំង​ត្រឹម​ម៉ោង​ ​១១​ ​អ្នកស្រី​ ​ថា​សុក​ខៃ​ ​គឺជា​ប្រជាកសិករ​មួយ​រូប​ទៀត​ដែល​បាន​ប្រកបមុខរបរ​ជា​អ្នក​ដាំ​គូរ​ឆាយ​ជាយូរមកហើយ​។​ ​រៀបរាប់​ទាំង​ស្នាមញញឹម​និង​តំណក់ញើស​ហូរ​ដូច​ទឹក​អ្នកស្រី​បាន​ប្រាប់​ពី​ការ​ប្រមូល​ផលដំណាំ​គូរ​ឆាយ​ថា​“​ដំណាំ​គូរ​ឆាយ​នេះ​វា​ទាមទារ​ដី​ថ្មី​ខ្លាំង​ណាស់​ ​ប្រសិនបើ​ដី​នេះ​ខ្វះ​ជីវជាតិ​និង​សោះ​ករ​ក្រោះ​នោះ​វា​នឹង​ងាប់​ដូច្នេះ​យើង​ត្រូវតែ​ទិញ​ដី​ដែលគេ​ជីក​ពី​ទន្លេ​មក​ចាក់​និង​កាយដី​ចាស់​ចេញ​វិញ​ទើប​វា​រស់​”​ ​។​ ​លោកស្រី​មាន​ដីចំការ​ក្នុង​ទំហំ​ទទឹង​ ​ប្រាំបី​ម៉ែត្រ​និង​បណ្តោយ​មួយ​រយ​ម៉ែត្រ​ក្បាលដី​ស្ថិតនៅ​ពីក្រោយ​ផ្ទះ​និង​ចុង​ដី​ឡយ​ទៅដល់​មាត់ទន្លេ​ដែល​ដាំ​សុទ្ធតែ​ដំណាំ​គូរ​ឆាយ​ទាំងអស់​។​ ​លោកស្រី​ក៏បាន​ពន្យល់​ពីរ​បៀ​បដាំ​ដំណាំ​គូរ​ឆាយ​របស់​លោកស្រី​ទាំង​រីករាយ​ថា​ដំបូង​ឡើយ​យើង​ត្រូវ​ព្រូស​គ្រាប់​នៅក្នុង​រង​តូច​មួយ​នៅ​ខាងមុខ​ផ្ទះ​សិន​លុះដល់​ពេល​វា​ដុះ​រៀង​ខ្ពស់​បន្តិច​លោកស្រី​បាន​ដក​វា​ទៅ​ដាំ​នៅ​ខាង​ក្រោយ​​ផ្ទះ​ដោយ​តម្រៀប​ជា​ជួរ​ៗ​តាម​ខ្សែ​បន្ទាប់​ឲ្យ​វា​ដុះ​មាន​របៀបរៀបរយ​។​ ​ធ្វើ​ដូចនេះ​គឺ​ដើម្បីឲ្យ​ដំណាំ​គូរ​ឆាយ​នេះ​ផ្តល់​ផល​បាន​ល្អ​ម្យ៉ាង​វា​ងាយស្រួល​សម្រាប់​ប្រជាកសិករ​ដូច​លោកស្រី​ក្នុង​ការថែទាំ​ដូចជា​ដកស្មៅ​ដាក់ជី​រនិង​ស្រោចទឹក​ជាដើម​។​ ​និយាយ​បណ្តើរ​ជូត​ញើស​បណ្តើរ​ ​លោកស្រី​ ​ថា​សុក​ខៃ​ ​បាន​ប្រាប់ឲ្យដឹង​ទៀត​ថា​ជាទូទៅ​ក្នុង​ការ​ដាំដំណាំ​គូរ​ឆាយ​នេះ​ចាប់តាំងពី​ការ​ព្រូស​គ្រាប់​រហូត​ដល់​ប្រមូល​ផល​បាន​យើង​ត្រូវការ​រយៈពេល​ថែទាំ​រហូតដល់​ទៅ​បី​ខែ​ឯណោះ​។​ ​ក្នុងរយៈពេល​បី​ខែ​នេះ​ដំណាំ​គូរ​ឆាយ​ត្រូវការ​ថែទាំ​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​នោះ​ឡើយ​ជាពិសេស​នោះ​គឺ​ប្រភេទ​ដី​ដែល​តម្រូវឲ្យ​ប្រជាកសិករ​ត្រូវតែ​ចាក់​ដីល្បាប់​ថ្មី​ដែល​បាន​ដឹក​ពី​ទន្លេ​ដោយ​ទិញ​ពី​ឈ្មួញ​ជានិច្ច​មុននឹង​ធ្វើការ​ដាំដុះ​នេះ​។​ ​ពិតជា​គួរឲ្យ​មានការ​ភ្ញាក់​ផ្អើរ​ខ្លាំង​ណាស់​នៅពេល​ដែល​ប្រជាកសិករ​មួយ​រូប​ទៀត​ដែល​ជា​អ្នកភូមិផងរបងជាមួយ​នឹង​លោកស្រី​ ​ថា​សុក​ខៃ​ ​បាន​បង្ហើរពាក្យ​សម្តី​ពី​ចម្ងាយ​ថា​ដី​ក្នុង​មួយ​ឡាន​មានតម្លៃ​ ​បី​ម៉ឺន​រៀល​ ​ក្រោយពី​បាន​លឺ​យើង​សួរ​ពី​តម្លៃ​ដី​ដែល​ឈ្មួញ​បាន​ដឹក​យក​មក​លក់​ឲ្យ​អ្នក​ចំការ​នៅ​លើ​ទីស្ថាន​ដី​កោះអន្លង់ចិន​មួយ​នេះ​។​ ​នេះ​ប្រហែលជា​តម្លៃ​ដ៏​សមរម្យ​មួយ​ប្រសិនបើ​យើង​វិភាគ​ពី​សង្វាក់​នៃ​ការ​ជីកដី​និង​នាំ​ដី​យក​មក​ចាក់​រហូតដល់​ចំការ​របស់​ប្រជាពលរដ្ឋ​ជាមួយនឹង​ឡាន​ដឹក​ដី​ដែល​មាន​ទំហំ​ប្រហែលជា​ពីរ​គូប​កន្លះ​នេះ​។​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​អ្នកស្រុក​ចំការ​នេះ​តែងតែ​ទិញ​ដី​ពី​ឈ្មួញ​ដើម្បី​យក​មក​បំពេញ​តម្រូវការ​ជីវជាតិ​ដែល​ដំណាំ​របស់​ខ្លួន​ត្រូវការ​ដោយ​ចាំបាច់​ត្រូវ​កាយដី​ចាស់​ជំរៅ​បី​តឹក​ចាក់​ចូល​ទៅ​ក្នុង​ទន្លេ​វិញ​ហើយ​នេះ​ពិតជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការ​ធ្វើដំណើរ​វិ​វដ្ត​នៃ​គុណភាព​ដី​ដែល​ខ្សោះ​ជីវជាតិ​ឲ្យ​មានគុណ​ភាពល្អ​ឡើងវិញ​ដោយ​ចរន្តទឹក​ទន្លេ​ហូរច្រោះ​សា​ធាតុ​ចិញ្ចឹម​ពី​ក្នុងទឹក​មកវិញ​ផង​ដែរ​។​

អ្នកស្រី​ ​ថា​សុក​ខៃ

          ​​ក្រោយពី​បាន​ជួប​សំណេះសំណាល​ជាមួយនឹង​អ្នក​ដាំ​គូរ​ឆាយ​ដ៏​រួសរាយ​រាក់ទាក់​ដូច​លោកស្រី​ ​ថា​សុក​ខៃ​ ​និង​អ្នកជិតខាង​រួចមក​ពួក​យើង​ក៏បាន​បន្តដំណើរ​ទៅមុខ​ទៀត​ដើម្បី​ទស្សនា​ទេសភាព​តាម​ដងផ្លូវ​នៃ​ស្រុក​អ្នក​ចំការ​នេះ​ដែល​សឹងតែ​គ្រប់​ផ្ទះ​ទាំងអស់​គឺ​គេ​ឃើញ​សុទ្ធតែ​មាន​វត្តមាន​ដើម​មៀន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។​ ​ចម្ងាយ​ប្រមាណ​ជា​បួន​គីឡូម៉ែត្រ​ពី​កំពង់ចម្លង​ភូមិ​កណ្តាល​កោះ​រហូតដល់​ចុង​កោះ​នៅទីបំផុត​យើង​ក៏បាន​ប្រទះឃើញ​ចំការ​មួយ​កន្លែង​ដែល​មាន​ទំហំផ្ទៃ​ដី​យ៉ាង​ធំ​ដែល​បាន​ដាំដំណាំ​ចម្រុះ​មុខ​ខណ្ឌ​ចែក​គ្នា​ដោយ​រង​ខ្ពស់​ៗ​បង្កើត​បាន​ជា​ចំណី​ចក្ខុ​មួយ​ដ៏​គួរឲ្យ​ទាក់ទាញ​ជាទីបំផុត​។​ ​គ្រាន់តែ​បើកទ្វារ​រថយន្ត​ភ្លាម​វាយោ​ទន្លេ​យ៉ាង​ត្រជាក់​ក៏បាន​ហោះ​មក​ប៉ះ​រាងកាយ​របស់​យើង​មិន​ឲ្យ​មាន​អារម្មណ៍​ថា​ហត់នឿយ​នោះ​ឡើយ​តែ​បែរជា​ធ្វើឲ្យ​យើង​បាន​សប្បាយចិត្ត​នៅពេល​ដែល​យើង​បាន​ឈរ​លើ​ទីទួល​មួយ​ដើម្បី​ទស្សនា​ទិដ្ឋភាព​វាល​ចំការ​ក៏​ខៀវស្រងាត់​ ​ដែល​ត្រូវ​ខ្យល់បក់​ស្លឹក​ឈើ​រវិច​ៗ​ឲ្យ​មាន​ចលនា​ដូច​ទឹករលក​នៅ​កណ្តាលទន្លេ​បៃតង​ដ៏​ស្រស់បំព្រង​ ​។​ ​ទ្រនិច​នាឡិ​ការបាន​ចង្អុល​ត្រឹម​ម៉ោង១២​ ​ដែល​ជា​ពេលវេលា​មួយ​សម្រាប់​យើង​ក្នុង​ការសម្រាក​ទទួលទានបាយ​ថ្ងៃត្រង់​ដែល​ក្រុមការងារ​យើង​បាន​ត្រៀម​ទុក​រួចជាស្រេច​ព្រោះ​យើង​ដឹង​ច្បាស់​ក្នុងចិត្ត​ថា​ ​នៅក្នុង​តំបន់​អ្នកស្រុក​ចំការ​ដែល​ម្នា​ក់ៗ​រវល់​ជាមួយនឹង​ការងារ​ចំការ​របស់​ខ្លួន​ដូច្នេះ​មិន​មាន​ឡើយ​នូវ​ភោជនីយដ្ឋាន​និង​កន្លែង​លក់​បាយ​តាម​ផ្ទះ​។​ ​អង្គុយ​ហូបបាយ​ក្រោម​ដើមឈើ​យ៉ាង​ត្រជាក់​រហឹម​ស្តាប់​សម្លេង​រ៉ៃ​យំ​យ៉ាង​រណ្តំ​និង​គយគន់​មើល​ខ្យល់បក់​ស្លឹក​ដំណាំ​រាប់​រយ​មើម​និង​ដើម​បាន​បង្ក​ឲ្យ​បរិយាកាស​នៃ​ការ​ទទួល​អាហារ​ថ្ងៃត្រង់​របស់​យើង​ហាក់​មាន​សេចក្តី​សុខ​ជាទីបំផុត​។​ ក្រោយពី​បាន​សម្រាក​ពី​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួចមក​យើង​ក៏បាន​បន្តដំណើរ​ទៅមុខ​ទៀត​ទាំង​ដែល​នៅ​មិន​ដាច់​អាល័យ​និង​ដក់​ក្នុងចិត្ត​នូវ​ទិដ្ឋភាព​បាយ​ថ្ងៃត្រង់​មួយ​ពេល​ជាប់​រហូត​។​ ​កំពុងតែ​ធ្វើដំណើរ​តាម​ដងផ្លូវ​យើង​ក៏​ស្រាប់តែ​ប្រទះឃើញ​មាន​ចំការ​ស្អំ​មួយ​កន្លែង​ដែល​ស្ថិតនៅ​ក្បែរ​ផ្ទះ​មួយខណៈ​ដែល​អ្នក​នៅ​ក្បែរ​ខាង​បាន​ដាំ​សុទ្ធតែ​ដើម​គូរ​ឆាយ​និង​ម្រះព្រៅ​។​ ​ចំការ​ស្អំ​នោះ​ជា​របស់​លោក​ ​ប៉ៅ​ងី​ ​ដែល​ជា​អ្នកស្រុក​នៅក្នុង​ភូមិ​ស្វាយ​ពុំ​ត្រង់​ ​ស្រុក​អន្លង់​ចិន​ខេត្តកណ្តាល​និង​ជា​អតីត​អ្នក​ដាំ​ម្រះព្រៅ​មួយ​រូប​ផង​ដែរ​។​ ​បុរស​ក្នុង​វ័យ​៤២ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា​ ​ដំណាំ​ស្អំ​នេះ​រកចំណូល​មិនបាន​ច្រើន​ឡើយ​ពោល​គឺ​ក្នុង​មួយ​គីឡូ​លោក​លក់​ឲ្យ​ឈ្មួញ​បាន​ត្រឹមតែ៤ពាន់​រៀល​តែប៉ុណ្ណោះ​ខណៈ​ដែល​គូរ​ឆាយ​គេ​អាច​លក់​បាន​ ​ជិត​មួយ​ម៉ឺន​រៀល​ឯណោះ​។​ ​បើ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​លោក​ ​ប៉ៅ​ងី​ ​ក៏បាន​ប្រាប់​​ដែល​ថា​ ​ថ្វីត្បិតតែ​គូរ​ឆាយ​រកចំណូល​បាន​ច្រើនជាង​ក៏​ពិតមែន​ក៏ប៉ុន្តែ​ដំណាំ​គូរ​ឆាយ​ហាក់​ពិបាក​ក្នុង​ការ​ថែ​ទាំ​ជាង​ស្អំ​ខ្លាំង​ណាស់​។​ ​ក្នុង​ទំហំផ្ទៃ​ដី​ដែល​មាន​ទំហំ​ទទឹង​ ​៨ម៉ែត្រ​ ​និង​បណ្តោយ​ជាង​ ​១០០ម៉ែត្រ​ ​លោក​ប៉ៅ​ងី​ ​និង​ក្រុម​គ្រួសារ​បាន​ដាំ​ដើម​ស្អំ​នេះ​ជាង​ពីរ​ឆ្នាំ​រួចមក​ហើយ​ ​ហើយក៏​បាន​ប្រមូល​ផល​បាន​ជាច្រើន​ដង​រួចមក​ដែរ​។​ ​លោក​ ​ប៉ៅ​ងី​ ​“​បើ​និយាយ​ពី​ស្អំ​នេះ​វា​ស្រួល​​ដាំ​ណាស់​ព្រោះ​វា​មិន​ត្រូវការ​ជ្រើសរើស​ដី​ថ្មី​ដូច​គូរ​ឆាយ​នោះ​ទេ​ហើយក៏​ត្រូវ​ប្រើ​ដើមទុន​តិច​ផង​ដែរ​ប៉ុន្តែ​មូលហេតុ​ដែល​អ្នក​ស្រុក​មិនសូវ​ដាំ​ស្អំ​ក៏​ដោយសារតែ​វា​មិនសូវ​បាន​ចំណូល​ច្រើនជាង​ដំណាំ​ផ្សេង​ដែ​របើយ​និយាយទៅ​ចំពោះ​ស្អំ​នេះ​គឺ​សម្រាប់​តែ​អ្នក​ខ្ចិល​តែប៉ុណ្ណោះ​។​”​ ​មិន​ខុសពី​អ្នក​ចំការ​ដទៃទៀត​ដែល​នៅ​លើ​កោះអន្លង់ចិន​នេះ​លោក​ប៉ៅ​ងី​មាន​អ​ត្ត​ចរិ​ក​រួសរាយ​រាក់ទាក់​សកម្មភាព​​​​​រហ័សរហួន​និយាយ​សម្តី​ច្បាស់​ៗ​និង​មានទំនុក​ចិត្ត​ក្នុង​ខ្លួន​ជាទីបំផុត​។​ ​លោក​ក៏បាន​បន្ថែម​ទៀត​ថា​មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ដាំដំណាំ​ស្អំ​ដែល​ខុសប្លែក​ពី​គេ​នោះ​គឺ​ដោយសារតែ​ក្រុម​គ្រួសារ​របស់​លោក​ខ្វះ​កម្លាំង​ម្យ៉ាង​មិន​ចង់​ជួល​ឈ្នួល​ពី​ខាងក្រៅ​ដើម្បី​មើលថែ​ទាំ​ចំការ​របស់​ខ្លួន​ឡើយ​។​

          ​​បន្ទាប់ពី​បាន​ជួប​និយាយ​ជាមួយនឹង​អ្នក​ដាំ​ស្អំ​ដែល​ពោល​ពេញ​ទៅ​ដោយបទ​ពិសោធន៍​ក្នុង​ការ​ដាំដំណាំ​ជាច្រើន​នេះ​រួចមក​យើង​ក៏បាន​បង្ហួស​ទៅដល់​ភូមិ​ដើម​កោះ​ដែល​នរ​ណាៗ​នៅ​លើ​កោះអន្លង់ចិន​នោះ​បានដឹង​ថា​ជា​ភូមិ​របស់​ឈ្មួញ​កណ្តាល​ដែល​បាន​ដើរ​ទិញ​ដំណាំ​ពី​អ្នកស្រុក​កណ្តាល​កោះ​រហូតដល់​ចុង​កោះ​ដើម្បី​នាំ​យក​ទៅ​បោះ​ដុំ​នៅ​ឯ​ផ្សារ​តាខ្មៅ​។​ ​គ្រាន់តែ​បាន​ចូល​ទៅដល់​ទឹកដី​ភូមិ​ក្បាលកោះ​ភ្លាម​អ្វី​ៗ​ហាក់​មិន​ដូច​ភូមិ​ដទៃ​ឡើយ​ ​ដោយ​យើង​ឃើញ​មិនសូវ​មាន​ចំការ​នៅ​ពីក្រោយ​ផ្ទះ​របស់​ប្រជាជន​នោះ​ឡើយ​។​ ​បើ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​គេ​នៅតែ​ប្រទះឃើញ​ដាច់​កន្ទុយភ្នែក​នូវ​ដើម​មៀន​រាប់​រយ​ដើម​ដែល​អ្នកភូមិ​បាន​ដាំ​នៅ​ខាងមុខ​ផ្ទះ​ផង​ដែរ​។​ ​នេះ​ជា​ដំណើរ​ចុងក្រោយ​ក្នុង​ការ​ទស្សនា​មើល​ទិដ្ឋភាព​កោះអន្លង់ចិន​ដែល​ជាទី​ស្ថាន​សម្បូរទៅដោយ​ដំណាំ​ហូប​ផ្លែ​និង​បន្លែ​ហូប​ស្លឹក​ដែល​អ្នកស្រុក​នៅ​ទីនោះ​បាន​ធ្វើ​តាំងតែពី​ជំនាន់​ឱ​ពុក​ម្តាយ​ជីដូនជីតា​មក​ម្ល៉េះ​ហើយ​វា​ពិតជា​ដំណើរ​កំសាន្ត​ដ៏​មានន័យ​ក្នុង​ការ​សិក្សា​រស្វែ​ងយ​ល់​ពី​ជីវភាព​និង​របៀប​ក្នុង​ការ​ដាំដុះ​ដំណាំ​ឲ្យបាន​ផល​ល្អ​មួយ​ផង​ដែរ​។​ ​កោះអន្លង់ចិន​ពិតជា​ធ្វើឲ្យ​យើង​ទទួល​បាន​នូវ​ការកម្សាន្ត​តាម​បែប​អ្នក​ចំការ​ជាមួយ​ដែល​ធ្វើឲ្យ​យើង​កោតសរសើរ​នូវ​ការ​តស៊ូ​ព្យាយាម​មិន​ទំនេរដៃ​របស់​អ្នកស្រុក​នៅ​ទីនោះ​ ​ហើយ​សកម្មភាព​របស់​ពួកគេ​ពិតជា​បាន​ចូលរួម​ចំណែក​លើកស្ទួយ​សេដ្ឋកិច្ច​តាមរយៈ​វិស័យ​កសិកម្ម​ស្រុក​ដែល​ដាំ​ដោយ​ប្រជាជន​កម្ពុជា​ផ្ទាល់​ ​ជៀស​ជាង​មានការ​នាំចូល​បន្លែបន្លុក​ពីក្រៅ​ប្រទេស​ផង​ដែរ​៕​

Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS