×

បទពិសោធន៍​នៃ​ការសម្រាក​លម្ហែ​កាយ​យ៉ាង​ប្រណីត​ភាព​នៅ​រី​ហ្ស​ត​ថ្មី​នៃ​ដែនដី​កោះ​ឫស្សី​

TRAVEL & LIVING 5 years ago
 
 

​            ជា​បទពិសោធន៍​ថ្មី​ដ៏​គួរឲ្យ​សោមនស្ស​រីករាយ​ជាទីបំផុត​នៅពេល​ដែល​ក្រុមការងារ​របស់​ទស្សនាវដ្តី​សូវរីន​ ​បាន​មក​សម្រាក​លម្ហែ​កាយ​នៅ​រីហ្សត​ដ៏​ថ្មីសន្លាង​មួយ​ដែលគេ​ទើបតែ​ចាប់ផ្តើម​បើក​ដំណើរការ​កាលពី​ថ្ងៃទី០១​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​ហើយ​រីហ្សត​ដ៏​គួរឲ្យ​ចង់​ស្នាក់​អាស្រ័យ​នៅ​នេះ​ពិតជា​បាន​ទាក់អារម្មណ៍​ខ្ញុំ​មិន​ឲ្យ​សោកសៅ​ ​និង​ដក់​នូវ​ការ​ចងចាំ​ដ៏​ផ្អែមល្ហែម​មួយ​នៅពេល​ដែល​ខ្ញុំ​នឹកឃើញ​អនុស្សាវរីយ៍​នៃ​ការសម្រាក​លម្ហែ​កាយ​ដ៏​ស្រស់ស្រាយ​មួយ​នោះ​។​ ​អា​លី​ឡា​ ​វីឡា​ ​គឺ​ពិតជា​ ​រី​ហ្ស​ត​ដ៏​ប្រណិត​លំដាប់​ផ្កាយ​ប្រាំ​ដែល​មាន​សាខា​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​អា​លី​ឡា​ ​កោះ​ឫស្សី​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​អា​លី​ឡា​ ​ដែល​បាន​មក​បោះទីតាំង​នៅ​លើ​ដី​កោះ​នៃ​ខេត្ត​ព្រះសីហនុ​នេះ​។​ ​ស្ថិតនៅ​ភាគ​ខាង​លិច​ឈៀង​ខាងជើង​នៃ​កោះ​ឫស្សី​ ​អា​លី​ឡា​គឺ​ជា​រី​ហ្ស​ត​មួយ​ដ៏​ស្រស់​ស្អាត​ដែល​មាន​បន្ទប់​ស្នាក់នៅ​ជាច្រើន​ប្រភេទ​ប្រកបដោយ​ផាសុកភាព​និង​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​ ​ដែល​អាច​អនុញ្ញាតិ​ឲ្យ​យើង​សម្រាក​លម្ហែ​កាយ​យ៉ាង​មាន​សេចក្តី​សុខ​និង​រីករាយ​ជាមួយនឹង​សម្លេង​រលក​សាគរ​និង​វាយោ​សមុទ្រ​យ៉ាង​ពិរោះ​រណ្តំ​គ្រប់ពេលវេលា​។​ ​វា​ហាក់ដូចជា​បាន​នាំ​ពួក​យើង​ឲ្យ​ចាកចេញ​ពី​មនុស្សម្នា​រទាំង​ឡាយ​ ​មក​លម្ហែ​កាយ​នៅ​ពិភព​មួយទៀត​យ៉ាង​ស្ងប់ស្ងាត់​ប្រកបដោយ​សម្មា​ធិ​ក្នុងចិត្ត​ជាទីបំផុត។​ ​

​​            ធ្វើដំណើរ​តាំងពី​ព្រឹក​ព្រលឹម​ស្រាង​ៗ​ ​ក្រុមការងារ​យើង​បាន​ចាប់ផ្តើម​ធ្វើ​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​បួន​ឈ្ពោះ​ទៅកាន់​ឧទ្យានជាតិ​ព្រះសីហនុ​រាម​ក៏ប៉ុន្តែ​នៅពេល​ដែល​បាន​មកដល់​ត្រឹម​ចំណុច​រង្វល់​មូល​ផ្លូវបំបែក​ទៅកាន់​ឧទ្យាន​សមុទ្រ​រាម​ ​យើង​បាន​បន្តដំណើរ​តាម​តាក់ស៊ី​ដែលគេ​បាន​ច្នៃ​ពី​កូន​រថយន្ត​ ​ឥត​ជញ្ជាំង​និង​ដំបូល​ខ្ពស់​ហាក់ដូចជា​តុក​តុក​កង់​បួន​ធ្វើដំណើរ​ពី​អាកាសយាន​ដ្ឋាន​ក្រុង​ព្រះសីហនុ​រហូតដល់​ឆ្នេរ​លម្ហែ​កាយ​រាម។​បន្តដំណើរ​មកដល់​ចំណុច​នៃ​រង្វង់​មូល​ព្រះ​នរា​យ​ណ៍​ ​រថយន្ត​តាក់ស៊ី​បាន​នាំ​ពួក​យើង​ទៅមុខ​ទៀត​រហូតដល់​ផែ​ឯកជន​នៃ​រី​ហ្ស​ត​អា​លី​ឡា​ ​ដែល​ត្រូវ​បាន​គេ​សាង​សង​ឡើង​មាន​ចំណត​ដ៏​ធំ​អាច​ផ្ទុក​រថយន្ត​របស់​ភ្ញៀវ​ដែល​ចង់​មក​លម្ហែ​កាយ​នៅ​រី​ហ្ស​ត​ដ៏​ប្រណិត​នេះ​បាន​ចំនួនជា​ច្រើន​គ្រឿង​ទៀតផង។​ ​ពិតជា​កក់ក្តៅ​ខ្លាំង​ណាស់​នៅពេល​ដែល​ក្រុមការងារ​របស់​យើង​បាន​ដល់​ផែ​ឯកជន​មួយ​នេះ​ហើយ​ត្រូវ​បាន​ទទួលស្វាគមន៍​ពីសំណាក់​បុគ្គ​លិ​ក​ប្រុស​ៗ​ប៉ុន្មាន​នាក់​យ៉ាង​រួសរាយ​រាក់ទាក់​ជាទីបំផុត​។​ ​នេះ​ហាក់​បាន​ផ្តល់​ជា​សញ្ញា​ថា​យើង​បាន​ដល់កន្លែង​ដ៏​ស៊ីវិល័យ​ ​ដែល​សូម្បីតែ​ទីតាំង​ផែ​សោះ​ក៏​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ហាក់ដូចជា​អភិជន​មួយ​រូប​ផង​ដែរ​។​ កប៉ាល់​ពណ៌ស​យ៉ាង​ថ្មីសន្លាង​ និង​ប្រណិត​បំផុត​កំពុងតែ​បណ្តែត​ខ្លួន​នៅ​លើ​ផ្ទៃ​ទឹក​ហាក់​កំពុង​រង់ចាំ​ជូនដំណើរ​ភ្ញៀវ​ដើម្បី​បន្តដំណើរ​ទៅកាន់​គោលដៅ​ដែល​ជា​កន្លែង​កំសាន្ត​ដ៏​សប្បាយរីករាយ​។​ ​ដោយ​មិន​បង្អង់​យូរ​ ​ម៉ាស៊ីន​កាណូត​ប្រណិត​ក៏​ចាប់ផ្តើម​បញ្ឆេះ​ឡើង​ ​ដោយ​នាំ​យក​នូវ​វាយោ​សមុទ្រ​ដ៏​លំហើយ​បោកបក់​មក​ប៉ះ​កាយ​យ៉ាង​ត្រជាក់​ល្ហឹម​។​ ​អារម្មណ៍​មួយ​នេះ​ពិតជា​មិន​អាច​បំភ្លេច​បាន​ឡើយ​ ​នៅពេល​ដែល​កាណូត​បាន​បោះពួយ​ទៅមុខ​យ៉ាង​លឿន​ ​ហើយ​មិន​អាច​ទប់​ដៃ​របស់​ក្រុមការងារ​យើង​ឲ្យ​ទាញ​ទូរសព្ទ​មក​ផ្តិត​យក​រូបថត​ ​និង​ ​ថត​សេល​ហ្វី​បាន​នោះ​ឡើយ​។​ ​កាណូត​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​ជា១៥​ ​នាក់​ ​បើក​លឿន​មែនទែន​ ​ក៏ប៉ុន្តែ​វា​ហាក់​មិន​ធ្វើឲ្យ​យើង​ពុលរលក​ដោយសារតែ​កំលាំង​ទឹករលក​បោកបក់​ទេ​ ​តែ​វា​បែរជា​ធ្វើឲ្យ​យើង​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​ពុំបានឡើយ​។​ ​រយៈពេល​ ​១០នាទី​ ​នៅ​លើ​កាណូត​នៅទីបំផុត​យើង​ក៏បាន​មក​ដល់​រី​ហ្ស​ត​អា​លី​ឡា​កោះ​ឫស្សី​ជាមួយនឹង​អារម្មណ៍​ដែល​នៅតែ​រឭក​រាល់​បរិយាកាស​ទាំងអស់​នៅ​លើ​កាណូត​។​ ​គ្រាន់តែ​មកដល់​ផែ​ភ្លាម​ ​អ្នកទទួល​ភ្ញៀវ​ក៏​រង់ចាំ​ទទួល​យើង​ស្រាប់​នៅ​លើ​ផែ​ថ្ម​ជាមួយនឹង​ទឹក​ផ្លែឈើ​និង​ ​ក្រណាត់​ត្រជាក់​សម្រាប់​ពួក​យើង​ហើយ​ស្រាប់។​ ​

Image Courtesy: ALILA KOH RUSSEY

​            ជាថ្មី​ម្តង​ទៀត​ ​អ្នកទទួល​ភ្ញៀវ​នៅតែ​រង់ចាំ​សំពះ​ស្វាគមន៍​ពួក​យើង​ជាមួយ​នឹង​ស្នាមញញឹម​ពព្រាយ​នៅ​ឯ​កន្លែង​ទទួល​ភ្ញៀវ​ហើយ​នាំ​ពួក​យើង​ទៅកាន់​បន្ទប់​ជាមួយនឹង​ការ​ធ្វើ​មគ្គុ​ទេសន៍​រៀបរាប់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ ​ដែល​យើង​គួរតែ​ដឹង​ ​នៅ​អា​លី​ឡា​ជាមួយនឹង​សម្តី​ទន់ភ្លន់​គួរសម​ជាទីបំផុត​។​ ​ពិតជា​ស្អាត​ខ្លាំង​ណាស់​ ​អា​លី​ឡា​វីឡា​បាន​រចនា​នូវ​ទេសភាព​ដ៏​គួរឲ្យ​ទាក់ភ្នែក​ជាមួយនឹង​ដើម​សារាយសមុទ្រ​រាប់​ម៉ឺន​ដើម​ដុះ​ទាប​រាប​ស្មើរ​គ្នា​ចាប់តាំងពី​ច្រកចូល​រហូតដល់​ខាងក្នុង​ជាមួយនឹង​អាង​ទឹក​ជា​ដំ​ណា​ក់ៗ​ ​ខុសប្លែក​ពី​អាងទឹក​ដែល​យើង​ធ្លាប់​ឃើញ​ធម្មតា​ ​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​មួយ​បែប​ដែល​ធ្វើឲ្យ​ភ្ញៀវ​គយគន់​មិន​ចេះ​ជិនណាយ។​ ​ទេសភាព​បែបនេះ​ពិតជា​ស្អាត​ប្លែក​ ​និង​គ្មានឡើយ​នៅ​តា​មរីហ្ស​ត​មួយចំនួន​ដែល​យើង​ធ្លាប់​បាន​ប្រទះ​នៅ​កម្ពុជា​។ ​រវល់​តែ​គយគន់​ទិដ្ឋភាព​ដ៏​ត្រជាក់​ភ្នែក​នៅ​ជុំ​វិ​ញរីហ្ស​ត​នេះ​ ​អ្នកជូន​ភ្ញៀវ​របស់​យើង​ក៏បាន​នាំ​យើង​មកដល់​កន្លែង​ដែល​យើង​សម្រាក​ទៅ​ហើយ​។​ ​វីឡា​ដែល​ពួក​យើង​បាន​សម្រាក​លម្ហែ​កាយ​នោះ​ជា​ប្រភេទ​វីឡា​ ​Garden​ ​Pavilion​ ​ជា​វីឡា​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​កញ្ចក់​បែរមុខ​ទៅកាន់​មាត់សមុទ្រ​ដែល​អនុញ្ញាតិ​ឲ្យ​យើង​អាច​គយគន់​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​មហាសាគរ​ដ៏​ខៀវស្រងាត់​។​ ​ក្នុង​បន្ទប់​បាន​បំពាក់​នូវ​គ្រឿងសង្ហារិម​និង​គ្រឿង​បរិក្ខារ​ប្រណិត​ៗ​ជាច្រើន​ ​ជាមួយនឹង​ពាក្យ​ស្វា​គ​មណ៍​ដ៏​មានន័យ​ហើយ​បាន​បង្ហាញ​ឈ្មោះ​យើង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ឆ្លាតវៃ​នោះ​ថែមទៀត​ផង​ ​ដែល​នេះ​រឹតតែ​ធ្វើឲ្យ​ពួក​យើង​ហាក់ដូចជា​អភិជន​ដ៏​ថ្លៃថ្នូរ​និង​មាន​សុភមង្គល​ថែម​មួយ​កម្រិត​។​ ​

Image Courtesy: ALILA KOH RUSSEY

Image Courtesy: ALILA KOH RUSSEY

​​            រយៈពេល​កន្លះ​ថ្ងៃ​ដែល​ពួក​យើង​បាន​ដើរ​លម្ហែ​កាយ​ ​ពិតជា​មិន​គ្រប់គ្រាន់​សម្រាប់​យើង​នោះ​ឡើយ​ដើម្បី​ទទួល​បាន​នូវ​អារម្មណ៍ល្អ​ដែល​កម្រ​រកបាន​បែបនេះ​ ​ក៏ប៉ុន្តែ​ព្រះសុរិយា​ក៏​រៀបនឹង​អស្ដង្គត​ ​ក្រុមការងារ​យើង​ក៏​ប្រញាប់​ប្រញាល់​សម្តៅ​ឆ្ពោះទៅ​ឆ្នេរ​ឯកជន​របស់​អា​លី​ឡា​ ​ដើម្បី​ផ្តិត​យក​រូបភាព​ព្រះអាទិត្យ​រៀប​លិច​។​ ​នេះ​ប្រហែលជា​សំណាង​របស់​ពួក​យើង​ ​ដែល​ផ្ទៃមេឃ​ស្រលះ​ ​គ្មាន​ពពក​ ​បាន​បើកឱកាសឲ្យ​ក្រុមការងារ​របស់​យើង​ផ្តិត​យក​ទិដ្ឋភាព​ព្រះអាទិត្យ​រៀប​លិច​ដែល​ចាំង​ពន្លឺ​ភ្លឺ​ប​ផ្លែ​ត​ដូច​គ្រាប់​គ្រីស្តាល់​នៅ​ពាសពេញ​ផ្ទៃសមុទ្រ​យ៉ាង​ស្រស់​ស្អាត​។​ ​មិនយូរ​ប៉ុន្មាន​ ​រស្មី​ព្រះសុរិយា​ក៏​ឃ្លាតឆ្ងាយ​បាត់​ទៅ​ ​ជំនួស​មកវិញ​នូវ​ស្បៃ​រាត្រី​អន្ធិកា​ ​ហើយ​នេះ​ជា​ភ័ព្វសំណាង​ដែល​យើង​អាច​ដេក​គយគន់​មើល​ទេពច្យុត​ហោះ​កាត់​ផ្ទៃ​វេហា​ជាមួយនឹង​ដួងតារា​រាប់ពាន់​រះ​ពេញ​មេឃ​នា​រាត្រី​ខែមាឃ​ហើយ​នេះ​គឺជា​ការ​បិទ​បញ្ចប់​នៃ​ការសម្រាក​លម្ហែ​កាយ​នៅ​ថ្ងៃទី​មួយ​។​ ​

Image Courtesy: ALILA KOH RUSSEY

​            ព្រឹកព្រហាម​ថ្ងៃទី​ពីរ​ ​បាន​ធ្វើឲ្យ​យើង​ភ្ញាក់​ពី​ដំណេក​យ៉ាង​ស្រស់ស្រាយ​នៅពេល​ដែល​ទាញ​វាំងនន​ដើម្បី​មើល​ទេសភាព​មាត់សមុទ្រ​នា​ពេលព្រឹក​។​ ​ក្រោយពី​បាន​រៀបចំខ្លួន​រួចមក​ ​គឺ​ដល់ពេល​ល្មម​ដើម្បីឲ្យ​យើង​ទៅ​ស្រុះ​ស្រូប​អាហារ​ពេលព្រឹក​ ​នៅ​ ​Horizon​ ​ដែល​ជា​ភោជនីយដ្ឋាន​ផ្ទាល់​អា​លី​ឡា​បើក​ចាប់ពី​ម៉ោង​ ​ប្រាំពីរ​ព្រឹក​រហូតដល់​ម៉ោង​ ​ដប់​កន្លះ​ព្រឹក​ ​និង​ពេលល្ងាច​ពី​ម៉ោង​ ​ប្រាំមួយ​កន្លះ​ ​ល្ងាច​ ​ដល់ម៉ោង​ ​ដប់​កន្លះ​យប់​ជា​រៀងរាល់​។​ ​អាហារ​ព្រឹក​ដែល​ចម្អិន​ដោយ​ចុងភៅ​ចំណាន​ ​និង​មានបទពិសោធន៍​បាន​ធ្វើឲ្យ​យើង​ទទួល​បាន​នូវ​អាហារ​ពេលព្រឹក​ដ៏​គួរឲ្យ​ឆ្ងាញ់​ពិសារ​បំផុត​។​ ​ការ​ធ្វើដំណើរ​កំសាន្ត​ជុំ​វិ​ញរីហ្ស​ត​ដើម្បី​ចង់​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា​ស្រស់​ស្អាត​យ៉ាងណា​ទៀត​នោះ​ ​ក៏បាន​ចាប់ផ្តើម​សារ​ជាថ្មី​ជាមួយនឹង​កាមេរ៉ា​នៅ​គ្រប់​ដៃ​របស់​ក្រុមការងារ​សូ​វរីន​ទាំងអស់គ្នា​ដែល​យើង​បាន​ត្រៀម​នឹង​ផ្តិត​យក​រូប​ស្អា​តៗ​ជាច្រើន​។ ​សឹងតែ​គ្រប់​ប្លង់​ទាំងអស់​នៅ​អា​លី​ឡា​កោះ​ឫស្សី​ដែល​យើង​បាន​ថត​ហើយ​បាន​សង្កេតឃើញ​ថា​ស្អាត​មិនថា​នៅ​មាត់ទ្វារ​ ​ផ្លូវ​ដើរ​ ​ក្បែរ​របង​ ​ឬក៏​កៀនជញ្ជាំង​នោះ​ឡើយ​ ​គឺ​សុទ្ធតែ​រៀបចំឡើង​ប្រកបដោយ​សិល្បៈ​និយម​និង​ភាព​ច្នៃ​ប្រតិដ្ឋ​ជាទីបំផុត​។​ ​ដើរទៅ​តាម​ឆ្នេរ​បន្តិច​ ​យើង​បាន​ទើប​ប្រទះ​នូវ​ប្រភេទ​ ​Ocean​ ​Beach​ ​Villa​ ​ដែល​មាន​អាងទឹក​ឯកជន​ស្ថិតនៅ​ក្បែរ​មាត់​ឆ្នេរ​។​ ​វីឡា​ប្រភេទ​នេះ​គឺជា​ប្រភេទ​វីឡា​អភិជន​ដ៏​ប្រណីត​បំផុត​ជាងគេ​បំផុត​នៅ​រី​ហ្ស​ត​នេះ​ ​ប្រសិនបើ​អាច​ស្នាក់នៅ​វីឡា​ប្រភេទ​នេះ​ពិតជា​ធ្វើឲ្យ​យើង​ហាក់​មាន​អារម្មណ៍​ថា​រំភើប​និង​រក​អ្វី​ប្រៀបផ្ទឹម​ពុំបានឡើយ​។​ ​

Image Courtesy: ALILA KOH RUSSEY

​            កណ្តាល​ថ្ងៃត្រង់​ម៉ោង១២​ ​ជា​ពេលបាយ​ត្រង់​ ​ដែល​អាច​ឲ្យ​យើង​ទៅ​ទទួលទានបាយ​ថ្ងៃត្រង់​នៅ​ឯ​អាហារដ្ឋាន​ ​Beach​ ​Shack​ ​មួយ​កន្លែង​ទៀត​ ​នៅ​លើ​ឆ្នេរខ្សាច់​ផ្ទាល់​តែម្តង​ដែល​មាន​បម្រើ​ទាំង​ម្ហូប​ខ្មែរ​ ​និង​អ៊ឺ​រ៉ុប​ចាប់​បើក​បម្រើភ្ញៀវ​ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង​ ​១០ព្រឹក​ ​រហូតដល់​ម៉ោង​ ​១១យប់​។​ ​រសៀល​ម៉ោង​បី​ ​នៅពេល​ដែល​ថ្ងៃ​រៀង​ជ្រេ​បន្តិច​ ​គឺជា​ពេល​ដែល​ពួក​យើង​បាន​សប្បាយរីករាយ​ជាមួយនឹង​ការ​អ៊ុំ​ទូក​ ​កៃ​យ៉ាក​ដែល​រី​ហ្ស​ត​បាន​ផ្តល់​ឲ្យ​សម្រាប់​ភ្ញៀវ​កម្សាន្ត​ដោយ​ឥតគិតថ្លៃ​។​ ​ជាថ្មី​ម្តង​ទៀត​នៅពេល​ដែល​យើង​បាន​អ៊ុំ​ទូក​លេង​នៅ​លេង​មហាសាគរ​ក្រោម​ពន្លឺថ្ងៃ​ពណ៌ក្រហម​ឆ្អិនឆ្អៅ​ ​ហាក់​បា​នប​ង្ករ​ជា​បរិយាកាស​មួយ​ដ៏​វិសេសវិសាល​មួយទៀត​ ​ជាមួយនឹង​ការ​គយគន់​ផ្កាថ្ម​នៅ​ពីក្រោម​ទូក​ ​ដែល​នេះ​ពិតជា​ឱកាស​ដ៏​កម្រ​មួយទៀត​ដែល​យើង​បាន​ជួប​ទៀតផង​ ​ហើយ​នេះ​គឺជា​ការ​បិទ​បញ្ចប់​សកម្មភាព​ថ្ងៃទី​ពីរ​នៃ​ការ​ស្នាក់នៅ​ដ៏​មានន័យ​នៅ​អា​លី​ឡា​វីឡា​។​ ​

​            នេះ​ពិតជា​បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​ដែល​ក្រុមការងារ​ទស្សនាវដ្តី​សូ​វរីន​មាន​ធ្លាប់​ជួបប្រទះ​ពីមុន​មក​នោះ​ឡើយ​ ​ហើយ​យើង​ក៏​សង្ឃឹមថានឹង​អាច​បាន​ទៅ​សម្រាក​លម្ហែ​កាយ​នៅ​អា​លី​ឡា​វីឡា​កោះ​ឫស្សី​ដែល​ប្រៀប​បាន​ដូចជា​ឋានសួគ៌​លាក់កំបាំង​កាយ​នា​ទិសនិរតី​នៃ​ប្រទេស​កម្ពុជា​យើង​នេះ​។​ ​អា​លី​ឡា​វីឡា​នេះ​ពិតជា​បាន​ផ្តល់​នូវ​អារម្មណ៍​រំភើប​សប្បាយរីករាយ​ ​និង​សុភមង្គល​ដែល​ពួក​យើង​រៀបរាប់​មិន​អស់នោះ​ឡើយ៕​

​Article​ ​by​ ​KEO​ ​SONG​

Image Courtesy: ALILA KOH RUSSEY


SUGGESTIONS