×

សំរាម​ថង់​ផ្លា​ស្ទិ​ក​ច្នៃ​រំលេច​ចេញ​ជា​សម្ភារ​ប្រើប្រាស់​មានគុណ​ភាព​ប្រើ​បាន​រាប់​រយ​ឆ្នាំ​ ​ ​

NEWS 5 years ago
 
 

          ស្បោង​ឬ​ថង់​ផ្លា​ស្ទិ​ក​ ​ជាទូទៅ​ប្រជាជន​កម្ពុជា​និយម​ប្រើប្រាស់​យ៉ាង​ចាស់ដៃ​សម្រាប់​ខ្ចប់​អាហារ​ ​ច្រក​អីវ៉ែ​អីវ៉ាន់​ ​ច្រក​បន្លែ​ផ្លែឈើ​ត្រី​សាច់​ ​ខណៈ​ប្រទេស​ជឿនលឿន​ដទៃទៀត​បាន​កាត់បន្ថយ​ការប្រើ​ប្រាស់​ថង់​ផ្លា​ស្ទិ​ក​ស្ទើរតែ​ទាំងស្រុង​ដោយ​ងាក​មក​ជ្រើសរើស​ប្រភេទ​ថង់​ច្រក​ធ្វើ​ពី​ក្រដាស​ ​ច្នៃ​ពី​រុក្ខជាតិ​ធម្មជាតិ​ ​និង​ក្រណាត់​ជាដើម​ដើម្បី​ជៀសវាង​ហានិភ័យ​ចំពោះ​សត្វលោក​ក៏ដូចជា​ពិភពលោក​ទាំងមូល​។​ ​ក្នុងចំណោម​សម្ភារ​ប្រើប្រាស់​សម្រាប់​ច្រក​ ​ស្បោង​ឬ​ថង់​ផ្លា​ស្ទិ​ក​គឺជា​វត្ថុ​ដែល​មាន​អាយុកាល​យូរ​ជាងគេ​ ​ពោល​គឺ​ពី១០០ទៅ៤៥០ឆ្នាំ​ទើប​រលាយ​ចូល​ទៅ​ក្នុង​ដី​។​ ​កន្លងមក​យើង​តែងឃើញ​គំនរសំរាម​គ្រប់​ច្រកល្ហក​មិនថា​នៅ​រាជធានី​ភ្នំពេញ​ ​នៅ​តាម​បណ្តា​ខេត្ត​ ​ឬ​ទី​ជនបទ​នោះ​ទេ​ ​ភាគច្រើន​សុទ្ធតែ​ផ្តុំ​ទៅ​ដោយ​សំរាម​ថង់​ផ្លា​ស្ទិ​ក​យ៉ាងច្រើន​អ​នែក​ ​ពេលខ្លះ​ថង់​សំរាម​រាយពពាយ​ប៉ើង​ទៅ​ជាប់នឹង​ដើមឈើ​ ​ពេលខ្លះ​រប៉ាត់រប៉ាយ​ពាសពេញ​ផ្លូវ​ ​ហើយ​ពេលខ្លះ​ទៀត​ក៏​ចូល​ទៅ​ក្នុងទឹក​បង្ក​ជាតិពុល​ទីជម្រក​របស់​ពពួក​មច្ឆា​ ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ជាក់ស្តែង​ថា​សំណល់​ស្បោង​ផ្លា​ស្ទិ​ក​មិន​ត្រឹមតែ​បំពុល​ជាបឋម​បរិស្ថាន​ភ្នែក​ប៉ុណ្ណោះទេ​ ​ថែមទាំង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​មនុស្សសត្វ​ ​និង​រុក្ខជាតិ​ទាំងមូល​ផង​ដែរ​។​ ​ដោយ​មើលឃើញ​ពី​ឥទ្ធិពល​អាក្រក់​នៃ​ស្បោង​ផ្លា​ស្ទិ​ក​ ​អង្ក​ការ​ ​Green​ ​Gecko​ ​ស្ថិត​លើទឹក​ដី​អង្គរ​ខេត្តសៀមរាប​ ​បាន​បង្កើត​គម្រោង​មួយ​ទាក់ទិន​នឹង​ការប្រើ​ប្រាស់​សំរាម​ឡើងវិញ​ ​ដោយ​ប្រមែប្រមូល​ថង់​ផ្លា​ស្ទិ​ក​យក​មក​ច្នៃ​រំលេច​ចេញ​ជា​សម្ភារ​ប្រើប្រាស់​យ៉ាង​ស្រស់​ស្អាត​ ​លក់​បាន​ទាំង​ចំណូល​ ​បាន​ទាំង​ជួយ​បរិស្ថាន​ ​ព្រមទាំង​ផ្តល់​ការងារ​ដល់​ស្ត្រី​មាន​ជីវភាព​ខ្វះខាត​ទៀតផង​។​

          នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រជុំជន​នៃ​ខេត្តសៀមរាប​ ​ធ្វើដំណើរ​តាម​យានជំនិះ​ប្រមាណ១៥នាទី​ ​ទៅកាន់​ផ្លូវ​សុំ​បៃ​ ​ក្នុង​សង្កាត់​សាលា​កម្រើក​ ​យើង​នឹង​ពើបប្រទះ​ខាងស្តាំ​ដៃ​នូវ​ហាង​លក់​សម្ភារ​ប្រើប្រាស់​មួយ​ដែល​មាន​រៀប​ចំ​ដេ​គ័រ​ពណ៌ផ្ទៃមេឃ​លាយ​ពណ៌ស​លម្អ​សោភ័ណភាព​ដោយ​ដំបូល​ប្រក់​ស្បូវ​ផ្តល់​ជា​ម្លប់​ដល់​ហាង​ដែល​ពុះ​ខណ្ឌ​ចែក​ជា​ពីរ​ ​ម្ខាង​ផ្នែក​ខាងឆ្វេង​ជា​ហាង​លក់​មាន​ដាក់​តាំង​ ​កាបូបស្ពាយ​ ​ត្រក​ដាក់​សម្លៀកបំពាក់​ ​កម្រាល​ជើង​ ​និង​របស់របរ​ប្រើ​ប្រាស់​ផ្សេង​ៗ​ ​ចំណែក​ឯ​ម្ខាងទៀត​ផ្នែក​ខាងស្តាំ​មាន​បុគ្គលិក​កំពុង​សកម្ម​ការងារ​ញាប់ដៃញាប់ជើង​ចាក់ដោត​ ​ដែល​ទាំងនេះ​ជាសកម្ម​ភាព​សង្វាក់​ផលិតកម្ម​ទាំងស្រុង​របស់​ហាង​លក់​សម្ភារ​ច្នៃ​ឡើងវិញ​ពី​សំរាម​ថង់​ផ្លា​ស្ទិ​ក​ក្រោយ​ស្លាកយីហោ​ ​Rehash​ ​Trash​។​ ​បោះជំហាន​មកដល់​ក្នុង​ហាង​ភ្លាម​ ​យើង​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បុគ្គលិក​នារី​ពីរ​ទៅ​បី​នាក់​ ​ដោយមាន​ការ​លើក​បង្ហាញ​ណែនាំ​សម្ភារ​ប្រើប្រាស់​យ៉ាង​ស្រស់​ស្អាត​ពី​មួយ​ទៅ​មួយ​គួរឲ្យ​ទាក់ចិត្ត​បំផុត​។​ ​កាបូប​ពណ៌ខៀវ​ ​ពណ៌ក្រហម​ ​ពណ៌លឿង​ ​ហើយ​ខ្លះទៀត​ក៏​ចម្រុះ​ពណ៌​យ៉ាង​ស្រស់​ល្អ​ប្រណីត​ ​ក្រឡេក​តែមួយ​ភ្លែត​បើ​មិនបាន​ប៉ះ​មិនបាន​ពិនិត្យ​លម្អិត​នោះ​ទេ​ ​យើង​សឹងតែ​មិន​ជឿ​ទេ​ថា​សម្ភារ​ទាំងនេះ​ធ្វើឡើង​ពី​សំរាម​ថង់​ផ្លា​ស្ទិ​ក​ដែល​យើង​តែង​ប្រើប្រាស់​យ៉ាង​ស្រួល​ដៃ​រៀងរាល់ថ្ងៃ​។​

          ​ជំនួប​ជាមួយ​កញ្ញា​ ​Kate​ ​Allen​ ​អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​ហាង​ ​Rehash​ ​Trash​ ​បាន​ឲ្យដឹង​ថា​ ​ទីនេះ​គឺ​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​ ​២០១៥​ ​ដោយ​ផ្តោត​លើ​បេសកកម្ម​ចំនួន​ពីរ​ ​ទី១​ ​ថែរក្សា​បរិស្ថាន​តាមរយៈ​ការកែច្នៃ​សំរាម​ថង់​ឡើងវិញ​ ​និង​ទី២​ ​ផ្តល់​ការងារ​ ​និង​ចំណេះ​ជំនាញ​ដល់​ស្ត្រី​មាន​ជីវភាព​ក្រីក្រ​។​ ​ផ្តោត​លើ​ផលិតផល​ច្នៃ​ឡើងវិញ​ ​សំរាម​ថង់​ផ្លា​ស្ទិ​ក​រាប់ពាន់​រាប់​ម៉ឺន​ត្រូវ​បាន​យក​មក​សម្អាត​កាត់​ចាក់ចេញ​ជា​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​រួមមាន​ ​កម្រាល​ជើង​ ​កម្រាល​ចាន​ ​ត្រក​ផ្លែឈើ​ ​ត្រក​ដាក់​សម្លៀកបំពាក់​ ​កាបូបស្ពាយ​ ​ស្រោម​ដប​ទឹក​ ​បន្តោង​សោ​ ​និង​គ្រឿង​តាំង​លម្អ​ដេ​គ័រ​សោភ័ណភាព​ជាដើម​។​ ​ជា​សំរាម​កែច្នៃ​ពិតតែ​មាន​ក្លិនក្រអូប​មាន​ពណ៌​ចម្រុះ​ពិសេស​ចាក់​វេញ​ក្រង​ក្រឡា​ស្មើ​ស្អាត​ទៀត​នោះ​ ​ចុះ​តើ​ការផលិត​មាន​លក្ខណៈ​ពិសេស​ដូចម្តេច​ទើប​ចេញ​ជាស​មិទ្ធ​ផល​យ៉ាង​ល្អឥតខ្ចោះ​ដូច្នេះ​?​ ​ញញិម​បន្តិច​ ​Kate​ ​ក៏បាន​អញ្ជើញ​ក្រុមការងារ​ ​សូ​វរីន​ ​ធ្វើដំណើរ​ទៅកាន់​កន្លែង​ធ្វើដែល​នៅ​ជាប់​ហាង​លក់​ដើម្បី​ទស្សនា​សកម្មភាព​សង្វាក់​ផលិតកម្ម​ផង​ដែរ​ ​កញ្ញា​បាន​រៀបរាប់​ក្បោះក្បាយ​ថា​ ​«​ការផលិត​គឺ​មិន​មាន​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និច​ ​ឬ​បំពុលបរិស្ថាន​អ្វី​ឡើយ​ពោល​គឺ​យើង​ធ្វើ​ដោយដៃ​សុទ្ធសាធ​ ​ទម្រំា​សម្រេច​ចេញ​ជា​សម្ភារ​នី​មួយ​ៗ​ ​ដំបូង​យើង​ត្រូវ​ប្រមូល​ថង់​សំរាម​យក​មក​សម្អាត​ជាមុន​សិន​ដោយ​គ្រលែង​លាង​ជាមួយ​ទឹកសាប៊ូ​ពីរ​ទឹក​ ​និង​ត្រាំទឹក​ក្រអូប​មួយទឹក​ ​បន្ទាប់មក​យក​ថង់​ទៅ​បោកចំបាប់​ឲ្យ​ស្រស់ទឹក​និង​ដាក់​ហាល​សម្ងួត​ ​បន្ទាប់មក​ទៀត​យក​ថង់​មក​តម្រឹម​កាត់​ដៃ​កាត់​ជើង​ចេញ​ហើយ​មូរ​ថង់​ទទឹង​ចូលគ្នា​និង​កាត់​ជា​ទទឹង​ៗ​ពី៣ទៅ៦កង់​អាស្រ័យ​ទៅតាម​សម្ភារ​ចាក់​ប្រភេទ​ធំ​ឬ​តូច​ ​ឧទាហរណ៍​ប្រសិនបើ​ធ្វើ​កម្រាល​ជើង​គឺ​កាត់​ជា៣កង់​ ​រី​ឯ​ធ្វើ​ស្មុគ​កាត់​ជា៦កង់​។​ ​ក្រោយ​កាត់​ជា​កង់​ៗ​យើង​យក​វា​មក​ត្របាញ់​ជា​ខ្សែ​ហើយ​ប្រើ​ម្ជុលចាក់​ទៅតាម​ម៉ូដ​ដែល​ចង់បាន​។​ ​ដើម្បី​បាន​ត្រក​ដាក់​សម្លៀកបំពាក់​មួយ​គេ​ត្រូវ​ប្រើ​ថង់​ចំនួន​ ​១៥០ថង់​ ​ដើម្បី​បាន​កម្រាល​ជើង​មួយ​គេ​ត្រូវ​ប្រើ​ថង់​ក្បែរ​ ​១០០ថង់​ ​ដើម្បី​បាន​កាបូបស្ពាយ​ឬ​ត្រក​ផ្លែឈើ​មួយ​គេ​ត្រូវ​ប្រើ​ថង់​ពី​ ​៤០ទៅ​ ​៦០ថង់​។​ ​ថង់​យក​មក​ចាក់​ធ្វើ​សម្ភារ​បាន​ទាល់តែ​ជា​ប្រភេទ​ថង់យួរ​ដៃ​មានសាច់​ក្រាស់​ល្មម​ទំហំ​ផ្ទុក​ទម្ងន់​ពី៥ទៅ​ ​៧គីឡូក្រាម​ ​ហើយ​ថង់​ទាំងប៉ុន្មាន​ត្រូវ​បាន​ប្រមែប្រមូល​ពីទី​តាំង​ដាក់​សំ​រាម​ផ្សេង​ៗ​គ្នា​នៅក្នុង​ខេត្តសៀមរាប​ ​ជាក់ស្តែង​ដូចជា​ពពួក​ថង់​ពណ៌​ ​ក្រហម​ ​បៃតង​ ​លឿង​ ​និង​ខៀវ​ជាដើម​គឺ​រើស​ពី​គំនរសំរាម​នៅ​ឯ​ផ្សារ​ ​ចំណែក​ឯ​ថង់​ពណ៌ខ្មៅ​ភាគច្រើន​បាន​មក​ពី​តាម​បណ្តា​សណ្ឋាគារ​ ​និង​ភោជនីយដ្ឋាន​នានា​។​ ​ក្នុង​មួយ​ថ្ងៃ​ៗ​បុគ្គលិក​ពី៣ទៅ៤នាក់​តែង​ដើរ​ប្រមូល​ថង់​បាន​ពី​ ​៤០០ទៅ​ ​៦០០​ ​ថង់​។​ ​

          ឈានជើង​មកដល់​កន្លែង​ធ្វើ​ផ្ទាល់​យើង​ចាប់អារម្មណ៍​ថា​ ​ក្រុមការងារ​ទីនេះ​ភាគច្រើន​ជា​ស្ត្រីភេទ​ ​ពួកគាត់​មាន​គ្នា​ប្រមាណ​ ​១៥នាក់​សុទ្ធសឹង​វ័យ​ចំណាស់​ខ្ទង់​ពី៤០ដល់៦០ឆ្នាំ​ ​ខ្លះ​ដៃ​កំពុងតែ​កាន់​កន្ត្រៃ​កាត់​ថង់​ ​ខ្លះ​ដៃ​កំពុង​ត្របាញ់​ថង់​ជា​ខ្សែ​ ​ហើយ​ខ្លះទៀត​ដៃ​កាន់​ម្ជុលចាក់​ដោត​ធ្វើ​សម្ភារ​ទៅតាម​ចំណេះ​ជំ​នា​ញរៀងៗ​ខ្លួន​។​ ​លោកយាយ​ម្នាក់​ឈ្មោះ​ ​ស៊ី​ម​ ​សុខុម​ ​អាយុ​ ​៦៩ឆ្នាំ​ ​មក​ពី​ខេត្តតាកែវ​ ​ស្ថិតនៅ​ក្រុម​កាត់​ថង់​ក្នុងចំណោម​ស្ត្រី​ចំណាស់​រួសរាយ​ប្រមាណ៤នាក់​បាន​រៀបរាប់​មកកាន់​សូ​វរីន​ទាំង​ស្នាម​ញញិម​ពព្រាយ​ថា​ ​លោកយាយ​មក​រស់នៅ​ខេត្តសៀមរាប​រយៈពេល២០ឆ្នាំ​ហើយ​ ​ដោយ​ដំបូង​ឡើយ​គ្មាន​ការងារ​ធ្វើ​បាន​ត្រឹម​នាំ​កូន​ដើរ​រើស​សំបក​កំប៉ុង​លក់​រហូត​បាន​ជួបនឹង​អង្គការ​ ​ទើប​អង្គការ​ជួយ​ទំនុក​បម្រុង​កូន​ៗ​ឲ្យ​រៀនសូត្រ​រហូត​ចប់​មានការ​ងារ​ធ្វើ​ ​ក៏ដូចជា​បណ្តុះបណ្តាល​លោកយាយ​ឲ្យ​មាន​ជំនាញ​ ​និង​ការងារ​ធ្វើ​មកដល់​សព្វថ្ងៃ​។​ ​នៅ​ទីនេះ​លោកយាយ​ធ្វើការ​ជា​អ្នកដើរ​រើស​ថង់​ផង​ ​លាង​សម្អាត​ថង់​ផង​ ​និង​ជា​អ្នក​កាត់​ថង់​ផង​ដែរ​ ​ថ្វី​ដ្បិត​ការងារ​នេះ​បាន​ជួយ​សម្រួល​ជីវភាព​បាន​មួយ​កម្រិត​ ​ប៉ុន្តែ​ពេលខ្លះ​វា​ក៏​ជួប​ផលវិបាក​មួយចំនួន​ដូចជា​ ​ត្រូវ​ដើរ​រើស​ថង់​ក្រោម​កម្តៅថ្ងៃ​ ​ជាពិសេស​ប្រឈម​មេរោគ​ ​ក្លិនស្អុយ​ ​ម្យ៉ាង​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ក្នុង​ការ​បោកគក់​ខណៈ​វ័យ​លោកយាយ​កាន់តែ​ចាស់​មិនសូវ​ធន់​នឹង​ការប្រើ​កម្លាំង​ច្រើន​។​ ​ដោយឡែក​ ​ងាក​មក​អ៊ុំ​ស្រី​ ​តក់​ ​សា​រុំា​ ​វ័យ​ ​៥០​ ​ឆ្នាំ​ ​មក​ពី​ខេត្តព្រៃវែង​ដែល​កំពុង​មមាញឹក​នៅក្នុង​ក្រុម​ចាក់​ម៉ូដ​ក៏បាន​បង្ហើប​ឲ្យដឹង​ដែរ​ថា​ ​ក្រោយពី​ទឹក​លិច​ខូចខាត​ផលដំណាំ​នៅ​ឯ​ស្រុក​អស់​ជាច្រើន​ ​អ៊ុំ​ស្រី​ ​និង​ស្វាមី​ជា​ជន​ពិការ​ ​ព្រមទាំង​កូន​បាន​វេចបង្វេច​មក​រស់នៅ​លើទឹក​ដី​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​ ​២០១២​ ​ដោយ​ចិញ្ចឹម​កាយ​ចម្អែត​ក្រពះ​តាមរយៈ​ការ​ដើរ​រើស​សំបក​កំប៉ុង​លក់​ផង​ ​និង​ដើរ​សុំ​លុយ​គេ​ផង​ ​លុះ​បាន​មក​ជួប​អង្គការ​ ​អ៊ុំ​ស្រី​ហាក់​ធូរស្រាល​ជីវភាព​មួយ​កម្រិត​ដោយ​អង្គការ​បាន​ជំនួយ​ឲ្យ​កូន​ៗ​រៀនសូត្រ​រហូត​ចប់​គ្រប់​ៗ​គ្នា​ ​និង​ផ្តល់​ឱកាស​ការងារ​ដល់​អ៊ុំ​ស្រី​ចេះ​ជំនាញ​ចាក់​ថង់​តាំងពី​ឆ្នាំ​ ​២០១៥មក​។​ ​«​ការងារ​នេះ​ដំបូង​ពិបាក​ព្រោះ​ចាក់​ឡើង​ក្រិន​ដៃ​អស់ទៅហើយ​ ​ម្យ៉ាង​សម្លឹង​យូរ​បណ្តាល​ចុកភ្នែក​ ​ពិសេស​អង្គុយ​យូរ​រោយ​ចង្កេះ​ចុក​ស្មា​ ​ទោះ​យ៉ាងណា​វា​ក៏បាន​ជួយ​សម្រួល​ជីវភាព​អ៊ុំ​បាន​ហូបចុក​គ្រប់គ្រាន់​ផង​ដែរ​»​ ​អ៊ុំ​ស្រី​ ​សា​រុំា​ ​លើកឡើង​។​ ​សំណេះសំណាល​គ្នា​បាន​បន្តិច​ ​ក្រុម​ម៉ែ​ៗ​(​បុគ្គលិក​វ័យ​ចំណាស់​)​ក៏បាន​បង្រៀន​ក្រុមការងារ​ ​សូ​វរីន​ ​យើង​អំពី​វិធី​ចាក់​ផង​ដែរ​ ​ឃើញថា​ដំបូង​មើលទៅដូចជា​ងាយស្រួល​ ​ប៉ុន្តែ​ពេល​ចាប់ផ្តើម​ចាក់​ទើប​ដឹង​ថា​ពិបាក​ក្នុង​ការ​កាន់​ម្ជុលចាក់​ដោត​ឆ្វាក់​រឹត​ទាញ​ជា​ក្រឡា​ ​សំខាន់​ចាយ​ពេល​យូរ​ទម្រាំ​ហើយ​សម្ភារ​ចេញ​ជា​ម៉ូដ​មួយ​ៗ​។​ ​បើ​តាម​ការ​ឲ្យដឹង​ពី​ក្រុម​ម៉ែ​ៗ​ត្រក​មួយ​អាច​ចាក់​ចាយ​ពេល​យ៉ាងហោចណាស់​ពីរ​ថ្ងៃ​ ​ដូចនេះ​មួយ​អាទិត្យ​ក្នុង​ម្នាក់​អាច​ចាក់​ត្រក​បាន​ពីរ​ឬ​បី​ទៅតាម​ទំហំ​។​ ​ជាមួយគ្នា​នេះ​ ​អ្នកគ្រប់គ្រង​ទូទៅ​សញ្ជាតិ​អង់គ្លេស​ ​Kate​ ​ក៏បាន​ឲ្យដឹង​បន្ថែម​ដូច្នេះ​ទៀត​ ​«​យើង​តែង​អញ្ជើញ​ភ្ញៀវ​មក​ពីនេះ​ដើម្បី​ទស្សនាការ​ផលិត​ផ្ទាល់​ ​និង​រៀន​ពី​ពួកគេ​ ​ជាពិសេស​គឺ​សិស្ស​និស្សិត​ដើម្បីឲ្យ​ពួកគេ​បាន​យល់ដឹង​អំពី​បរិស្ថាន​ ​និង​ចេះ​ស្រឡាញ់​បរិស្ថាន​ឡើងវិញ​»​។​

          ​ផលិតផល​ធ្វើ​ពី​សំរាម​ថង់​ផ្លា​សិ្ទ​ក​មានគុណ​ភាព​ខ្ពស់​ ​ដោយហេតុ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ថង់​ផ្លា​ស្ទិ​ក​មាន​អាយុកាល​ដល់ទៅ​ជិត​ ​៥០០ឆ្នាំ​ឯណោះ​ ​ហើយ​ចំពោះ​ការ​រក្សាទុក​ ​និង​សម្អាត​ ​យើង​អាច​លាង​ជាមួយ​ទឹក​រួច​ដាក់​សម្ងួត​ខ្យល់​ ​តែ​ជៀសវាង​ដាក់​ចោល​ក្រោម​កម្ពៅ​ថ្ងៃ​ព្រោះ​វា​អាច​ស្លេក​ពណ៌​ ​និង​ផុយ​ស្រួយ​។​ ​កន្លងមក​ ​Rehash​ ​Trash​ ​ប្រមូល​ថង់​តែ​ក្នុង​ខេត្តសៀមរាប​ប៉ុណ្ណោះ​ ​ប៉ុន្តែ​នា​ពេល​ខាងមុខ​ក៏​មាន​គម្រោង​ប្រមូល​នៅ​តាម​ស្រុកភូមិ​ក្នុង​ខេត្តសៀមរាប​ផង​ដែរ​ ​ការ​ធ្វើ​ដូចនេះ​មិន​ត្រឹមតែ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ថង់​ប៉ុណ្ណោះទេ​ ​តែ​ថែមទាំង​បាន​ផ្តល់​ការងារ​ដល់​ស្ត្រី​មាន​ជីវភាព​ខ្វះខាត​នៅ​តាម​ស្រុកភូមិ​ ​ក៏ដូចជា​ធ្វើឲ្យ​បរិស្ថាន​ស្រុកស្រែ​ចម្ការ​ស្អាត​ផង​ដែរ​។​ ​បច្ចុប្បន្ន​ ​ផលិតផល​ច្នៃ​ពី​ថង់​ផ្លា​ស្ទិ​ក​របស់​ ​Rehash​ ​Trash​ ​កំពុង​ស្រូប​ទាញ​ទេសចរ​អន្តរជាតិ​យ៉ាង​ខ្លាំង​នៅ​លើទឹក​ដី​អង្គរ​ ​ដូចនេះ​សម្រាប់​អ្នក​ចង់​ជាវ​ផលិតផល​សម្ភារ​ធ្វើ​ពី​សំរាម​ថង់​ផ្លា​ស្ទិ​ក​អាច​ចូល​ទៅ​កុម្មង់​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​Rehash​ ​Trash​ ​ឬ​បើ​អាច​ពេល​ទៅ​ទេសចរណ៍​ដែនដី​អង្គរ​គួរ​ឆ្លៀត​ចូល​ទៅដល់​ហាង​ផ្ទាល់​ដែល​មាន​អាសយដ្ឋាន​ដូច​បាន​ជម្រាប​នៅ​ខាងដើម​។​

          ​ជាចុងក្រោយ​មុន​ចេញពី​ហាង​ក្រុមការងារ​យើង​ក៏បាន​ជាវ​បន្តោង​សោ​ ​និង​កាបូប​ធ្វើ​ពី​សំរាម​ថង់​ផ្លា​ស្ទិ​ក​ ​ដើម្បី​ទុកជា​អនុស្សាវរីយ៍​ក៏ដូចជា​ចូលរួម​ជា​ចំណែក​មួយ​ជួយ​ដល់​បរិស្ថាន​ ​និង​លើកកម្ពស់​ស្នាដៃ​របស់​ស្ត្រី​ខ្មែរយើង​ ​ហើយ​ជាមួយគ្នា​នេះ​អ្នកគ្រប់គ្រង​ប្រចាំ​ហាង​ក៏​មាន​មតិ​ផ្តាំផ្ញើ​ផង​ដែរ​ថា​ ​យើង​គ្រប់គ្នា​គួរគប្បី​ចូលរួម​កាត់បន្ថយ​ការប្រើ​ប្រាស់​ថង់​ផ្លា​ស្ទិ​ក​ ​ដោយ​ងាក​មក​ប្រើប្រាស់​ថង់​ក្រណាត់​ ​ឬ​បើ​អាច​គួរ​ប្រើ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យអស់​ពី​លទ្ធភាព​ ​ព្រោះថា​ថង់​ផ្លា​ស្ទិ​កជា​សម្ភារ​ប្រើប្រាស់​មួយ​ដែល​មិន​ងាយ​រលាយ​ ​ពិសេស​វា​បង្ក​ផល​ប៉ះពាល់​បំពុល​មិនថា​បរិស្ថាន​ ​ធម្មជាតិ​ ​មនុស្ស​ ​ឬសត្វ​ឡើយ​ ​ឬ​បើ​អាច​រាល់ពេល​ប្រើ​អស់​តម្រូវការ​អាច​ប្រគល់​មកកាន់​ ​Rehash​ ​Trash​ ​ដើម្បី​ច្នៃ​ចេញ​ជា​សម្ភារ​ប្រើប្រាស់​មានប្រយោជន៍​ដូច​បានឃើញ​សមិទ្ធផល​ជាក់ស្តែង​៕​ ​

Article by HEM SOKKHIM​​


SUGGESTIONS