×

សំណង់​អគារ​បេតិកភណ្ឌ​បុរាណ​ជាច្រើន​ត្រូវ​បាន​យុវជន​មួយ​ក្រុម​ប្រឹង​ប្រែង​លើកស្ទួយ​ឡើងវិញ​

NEWS 3 months ago
 
 

          សំណង់​អគារ​ដែល​សាង​សង​ឡើង​ចាប់តាំងពី​សម័យ​អាណានិគម​បារាំង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​គ្រប់​ៗ​គ្នា​ថា​ជា​សំណង់​អគារ​ដ៏​រឹងមាំ​និង​ជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​ប្រកបដោយ​ក្បូរក្បាច់​រចនា​ដ៏​ទាក់ភ្នែក​ជាទីបំផុត​។​ ​ក៏ប៉ុន្តែ​គួរឲ្យ​សោក​ស្តាយ​ ​សំណង់​អគារ​បុរាណ​ទាំងអស់​នោះ​បែរជា​មិនសូវ​មានការ​ចាប់អារម្មណ៍​ពីសំណាក់​មហាជន​ទូទៅ​ឡើយ​ ​ហើយ​ខ្លះ​ក៏​ត្រូវ​បាន​គេ​បោះបង់ចោល​និង​កំពុងតែ​លាក់ខ្លួន​ពួន​អាត្មា​នៅក្នុង​ព្រៃ​យ៉ាង​សោកសៅ​គ្រប់ទិសទី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ ​ដូច្នេះហើយ​ទើប​ធ្វើឲ្យ​យុវជន​វ័យ​ ​២៦​ ​ឆ្នាំ​ ​«​ស្រ៊ិ​ន​ ​សុខ​មាន​»​ ​ចំណាយពេល​អស់៧ឆ្នាំ​ ​ដើម្បី​ ​រុករក​និង​ផ្តិត​យក​រូបភាព​នៃ​អគារ​បុរាណ​ជាច្រើន​នោះ​ទុក​ ​មុន​ពេល​វា​បាត់បង់​ទៅ​ ​និង​គ្រោង​បើក​ជា​ពិព័រណ៍​រូបថត​មួយ​ក្រោម​ប្រធានបទ​ថា​ ​«​អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​គេ​មើល​រំលង​»​។​ ​ពិព័រណ៍​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ ​រយៈពេល​បី​ថ្ងៃ​ ​ចាប់ពី​ថ្ងៃសៅរ៍​ ​ទី១០​ ​ខែសីហា​ ​ដល់​ថ្ងៃច័ន្ទ​ ​ទី១២​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​នៅឯ​ ​Kbach​ ​Gallery​ ​(​Factory​ ​Phnom​ ​Penh​)​។​

          ​គោលបំណង​នៃ​ពិព័រណ៍​រូបថត​នេះ​មិន​ត្រឹមតែ​ជា​ការ​បង្ហាញ​រូបរាង​អគារ​បុរាណ​តែប៉ុណ្ណោះ​ឡើយ​តែ​ ​បំណង​ធំៗ​នៃ​កម្មវិធី​នោះ​ក៏​ចង់​កំណត់​ទីតាំង​អគារ​បេ​តិ​ក​ភ័​ណ្ឌ​ដែល​សាធារណជន​មិនសូវ​ស្គាល់​ ​ស្ថិតនៅ​រាយប៉ាយ​ពេញ​ផ្ទៃ​ ​ប្រទេស​។​ ​ទីពីរ​ ​ចង់​លើកស្ទួយ​តម្លៃ​អគារ​ទាំងនោះ​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ងាក​មក​ចាប់អារម្មណ៍​ ​និង​ ​ទាមទារ​ការចូលរួម​អភិរក្ស​គាំពារ​ឲ្យបាន​គង់វង្ស​។​ ​ចំណែក​ឯ​ទីបី​ ​ចង់​ស្វែងរក​ជំនួយ​ថវិកា​ដើម្បី​បម្រើការ​សិក្សា​ស្រាវ​ ​ជ្រាវ​ ​និង​ ​ការ​បោះពុម្ព​ជា​សៀវភៅ​ទាក់ទង​នឹង​ប្រវត្តិ​អគារ​បេ​តិ​ក​ភ័​ណ្ឌ​ខណៈ​ដែល​សព្វថ្ងៃ​ប្រទេស​យើង​នៅ​ខ្វះ​ឯកសារ​ជាតិ​ជា​លាយលក្ខណ៍​អក្សរ​នៅឡើយ​ ​គឺ​មានតែ​ឯកសារ​ផ្ទាល់មាត់​ពី​ការ​ចងចាំ​របស់​ចាស់ទុំ​ ​និង​ ​ឯកសារ​បរទេស​មួយចំនួន​ប៉ុណ្ណោះ​។​ ​ជាមួយគ្នា​នេះ​ ​កញ្ញា​ ​«​ប៊ូ​ ​ចន្ទ​ដា​ណែ​ត​»​ ​តារា​សម្តែង​ក្នុង​រឿង​ ​«​ផ្កាថ្ម​»​ ​ត្រូវ​បាន​ជ្រើសតាំង​ធ្វើជា​ទូត​សុឆន្ទៈ​តំណាង​កម្មវិធី​ ​និង​តារា​សម្តែង​ពីរ​រូប​ទៀត​គឺ​ ​លោក​ ​សាន់​ ​ម៉េ​ង​លាង​ ​ហៅ​ ​«​ហារី​ ​ពិសិដ្ឋ​»​ ​និង​ ​តួឯក​យីកេ​វ័យក្មេង​ ​កញ្ញ​ ​«​កែវ​ ​សុ​ផា​និ​ត​»​ ​ក៏​នឹង​ចូលរួម​ផ្សព្វផ្សាយ​នូវ​សម្បត្តិ​បេតិកភណ្ឌ​នៅក្នុង​កម្មវិធី​នេះ​ផង​ដែរ​។​

Photo by CHUNKEAT

          មិនមែន​ជា​អតីត​និស្សិត​ស្ថាបត្យកម្ម​ ​ឬ​ ​បុរាណវិទ្យា​ឡើយ​ ​តែ​ដោយសារតែ​ឧបនិស្ស័យ​ ​និង​ចំណង់​ចំណូល​ទៅលើ​វិស័យ​អភិរក្សនិយម​ ​សុខ​មាន​ ​បាន​ចំណាយពេល​ជាច្រើន​ដើម្បី​ធ្វើ​ស្វ័យ​សិក្សា​រៀនសូត្រ​អំពី​ចំណេះដឹង​ទូទៅ​ទាក់ទង​នឹង​ភូមិ​សាស្រ្ត​ ​ប្រវត្តិ​សាស្រ្ត​នៃ​ប្រទេស​កម្ពុជា​ ​ក្នុង​នោះ​ក៏​មាន​ទីតាំង​ស្ថាបត្យកម្ម​បុ​រា​ណ​ខ្លះ​ៗ​តាំងពី​នៅ​រៀន​វិទ្យាល័យ​ ​ក្រោយមក​ក៏​ចាប់​យក​ជំនាញ​ទេសចរណ៍​ដែល​នេះ​ជា​ឱកាស​មួយ​ធ្វើឲ្យ​ ​សុខ​មាន​ ​បាន​ឈ្វេងយល់​កាន់តែ​ស៊ីជម្រៅ​អំពី​បេតិកភណ្ឌ​នៃ​ខេត្ត​នី​មួយ​ៗ​នេះ​ឡើង​។​ ​ឆ្លងកាត់​ការស្រាវជ្រាវ​រយៈពេល៧ឆ្នាំ​ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​ ​២០១៣​ ​សុខ​មាន​ ​បាន​ចំណាយ​ទាំង​កំលាំង​កាយ​និង​កំលាំង​ចិត្តជា​មួយ​នឹង​ថ​វិការ​ផ្ទាល់ខ្លួន​ផង​ដើម្បី​ប្រមែប្រមូល​នូវ​រូបរាង​និង​ទីតាំង​របស់​អគារ​នី​មួយ​ៗ​ ​តើ​អ្វីខ្លះ​ដែល​ជា​ឧបសគ្គ​ក្នុង​ដំណើរ​ផ្សងព្រេង​នេះ​?​ ​«​បើ​និយាយ​ពី​ផល​លំបាក​ហ្នឹង​គឺ​សឹងតែ​ហួស​ថ្លែង​ទៅ​ហើយ​។​ ​បញ្ហា​ធំ​បំផុត​គឺ​ថវិកា​ ​ដោយសារតែ​យើង​ជា​គ្រូបង្រៀន​ ​ប្រាក់ខែ​យើង​នៅ​មានកម្រិត​។​ ​យើង​ត្រូវលៃ​លក​ថវិកា​ខ្លួនឯង​សម្រាប់​ការ​ចំណាយ​ ​ទាំងស្រុង​លើ​បេ​សស​ក​កម្ម​ស្រាវជ្រាវ​រយៈពេល០៧ឆ្នាំនេះ​ ​ចុះ​ខេត្ត​មួយ​លើក​យ៉ាងហោចណាស់​ ​ត្បិតត្បៀត​ក៏​ត្រូវ​ចំណាយ៥០ដុល្លារ​ដែរ​ ​គ្មាន​អ្នកណា​ជួយ​ចេញ​សូម្បី​មួយ​រយ​លុយ​ខ្មែរ​។​ ​បញ្ហា​ទីពីរ​ ​គឺ​ពេលវេលា​ ​យើង​មាន​ពេល​ចុះ​ខេត្ត​ ​តែ​ថ្ងៃសៅរ៍​អាទិត្យ​ ​ឬ​ ​ថ្ងៃបុណ្យ​ឈប់សម្រាក​តែប៉ុណ្ណោះ​ ​យើង​មិន​អាច​ចុះទៅ​ស្រាវជ្រាវ​ដល់ទី​តាំង​ ​ផ្ទាល់​ហើយ​ស្នាក់នៅ​ទីនោះ​ច្រើន​អាទិត្យ​ ​ឬ​ ​ខែ​ដូច​អ្នកស្រាវជ្រាវ​បរទេស​ ​ឬ​ ​ក្រុម​ស្រាវជ្រាវ​ជំនាញ​ ​ដែលគេ​ចាត់តាំង​ពី​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ​។​ ​មួយ​ខេត្ត​យ៉ាង​យូរ​បំផុត​នៅ​បាន​ពីរ​យប់​បី​ថ្ងៃ​។​ ​ម្យ៉ាងវិញទៀត​ ​យើង​ឥតមាន​យានជំនិះ​ផ្ទាល់ខ្លួន​ ​អ៊ីចឹង​យើង​ត្រូវ​គិត​គម្រោង​មុន​ចេញដំណើរ​ល្អិត​ ​ល្អន់​មែនទែន​ ​កន្លែង​ខ្លះ​គ្មាន​ឡានក្រុង​ទៅដល់​ ​ត្រូវ​ជិះឡាន​ឈ្នួល​ ​កន្លែង​ខ្លះ​ត្រូវ​ជិះ​ម៉ូតូឌុប​ ​កន្លែង​ ​ខ្លះ​សុំ​ដោយសារ​អ្នកភូមិ​ ​កន្លែង​ខ្លះ​កាត់​ព្រៃ​កាត់​វាល​ទៅ​តែឯង​ ​ផ្លោះ​របង​ចូលផ្ទះ​គេ​បោះបង់ចោល​ ​និង​ ​ការផ្សងព្រេង​ដែល​មិន​អាច​ពណ៌នា​អស់​បានទេ​។​ ​ពេលខ្លះ​ទៅដល់​កន្លែង​គោលដៅ​ ​គឺ​មិន​ ​ដូច​អ្វី​ដែល​យើង​គិតទុក​ ​យើង​ត្រូវ​បត់បែន​សម្រេច​ចិ​ត្ត​ភ្លាម​ៗ​ថាត្រូវ​ធ្វើអ្វី​បន្ទាប់​។​»​ ​ការ​តាំងចិត្ត​និង​ការ​តស៊ូ​បែបនេះ​ ​បាន​ដឹកនាំ​សុខ​មាន​ឲ្យ​ទៅដល់​ខេត្ត​ជាច្រើន​តែម្នាក់ឯង​រួម​៖​ ​បាត់ដំបង​ ​ប៉ៃលិន​ ​បន្ទាយមានជ័យ​ ​ពោធិ៍សាត់​ ​កំពង់ឆ្នាំង​ ​កណ្តាល​ ​កំពង់ធំ​ ​ក្រចេះ​ ​កំពង់ចាម​ ​កំពត​ ​កែប​ ​ព្រៃវែង​ ​។​ល​។​ ​

          ​គួរ​បន្ថែម​ផង​ដែរ​ថា​ក្នុងរយៈពេល​តាំងពិព័រណ៍​ចំនួន​បី​ថ្ងៃនេះ​ ​នឹង​មានកម្ម​វិធី​ពិ​សេស​ៗ​ ​ជាច្រើន​ទៀត​ដែល​សុទ្ធសឹងតែ​ឆ្លុះបញ្ចាំង​ពី​សិល្បៈ​វប្បធម៌​ខ្មែរយើង​ ​ដូចជា​ ​ទស្សនីយភាព​ល្ខោនបាសាក់​ទោល​ដោយ​មរតក​មនុស្ស​រស់​ជាតិ​ ​ការ​ស្មូត្រ​កំណាព្យ​ស្តី​ពី​ប្រធានបទ​អគារ​បេតិកភណ្ឌ​ ​ដោយ​អតីត​ជ័យលាភី​កំណាព្យ​លេខ១ទូទាំង​ប្រទេស​ ​ការ​សម្តែង​របាំ​ប្រពៃណី​របស់​យុវជន​ ​ការ​ទស្សនា​វីដេអូ​ឯកសារ​កម្រ​ស្តី​ពីទី​ក្រុងភ្នំពេញ​ពីអ​តី​ត​កាល​ ​ការ​ធ្វើ​បាឋកថា​ដោយ​វាគ្មិន​ពាក់ព័ន្ធ​ ​និង​ ​ការ​រាំ​លេងកម្សាន្ត​សប្បាយ​ចង្វាក់​បែបទ​សវ​ត្ស​រ៍ទី៦០និង៧០​ ​ជាដើម​។​ ​ចំពោះ​សំបុត្រ​ចូលរួម​កម្មវិធី​មានតម្លៃ​ ​៥ដុល្លារ​ ​ចំណែក​ឯ​ប្រាក់ចំណូល​មួយចំនួន​នឹង​ត្រូវ​បាន​ចែករំលែក​សម្រាប់​ជួយឧបត្ថម្ភ​ព្រឹទ្ធ​សិល្បករ​ដែល​នឹង​ចូលរួម​ក្នុង​កម្មវិធី​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​គាត់​ ​និង​ ​លើកទឹកចិត្ត​គាត់​ផង​ដែរ​។​ ​កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​ ​ដើម្បី​ស្វែងយល់​អំពី​អគារ​បេតិកភណ្ឌ​ជាច្រើន​ដែល​នៅ​សេសសល់​ទូទាំង​ប្រទេស​៕

Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS