×

​ហេតុអ្វី​ម្សៅ​ទ្រនាប់​មាន​សារៈសំខាន់​សម្រាប់​ការ​ផាត់មុខ​?​

FASHION & BEAUTY one year ago
 
 

         ​ធ្លាប់​មាន​ចម្ងល់​មែនទេ​ ​ថា​ហេតុអ្វី​ផាត់មុខ​ដោយ​ម្សៅ​ផាត់​ ​និង​បន្ថែម​ពណ៌​ហើយ​ ​ប៉ុន្តែ​មាន​អារម្មណ៍​ថា​មាន​ចំណុច​ខ្មៅ​ស្រអាប់​លើ​ផ្ទៃមុខ​ ​នៅតែ​បង្ហាញ​ចេញ​មក​ដដែល​?​ ​នេះ​ហើយ​ជា​មូលហេតុ​ ​ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ម្សៅ​ទ្រនាប់​ ​ឬ​ជា​ភាសាអង់គ្លេស​ហៅថា​ ​Foundation​ ​ជាចាំបាច់​នៅក្នុង​វិធី​ផាត់មុខ​របស់​អ្នក​។​ ​

         ​ម្សៅ​ទ្រនាប់​ ​គឺជា​តួអង្គ​ចម្បង​ក្នុង​ការ​រក​គ្រប់គ្រង​ការ​ផាត់មុខ​របស់​អ្នក​ទាំងមូល​។​ ​វា​មាន​សណ្ឋាន​ជា​ក្រែម​កក​រឹង​ ​ឬ​មាន​ភាព​រាវ​ខាប់​ ​ប្រើ​នៅ​ដំណាក់កាល​ដំបូង​នៃ​ដំណើរការ​ផាត់មុខ​ ​ដោយ​ម្រាមដៃ​ផ្ទាល់​ ​ដោយ​ជក់​ ​ឬ​ប៉ុង​ផាត់មុខ​។​ ​ចំណែក​ឯ​វិធី​ប្រើ​ ​គឺ​ត្រូវ​លាប​ឬ​តប់​ម្សៅ​ទ្រនាប់​ ​ក្នុង​កម្រិត​សម​ល្មម​មួយ​ពេញទាំង​ផ្ទៃមុខ​ ​ឲ្យ​ស្មើ​ម៉ត់​ល្អ​។​ ​ម្សៅ​ទ្រនាប់​ប្រៀប​ដូចជា​ស្បែក​មុខ​ថ្មី​ដែល​អ្នក​នឹង​ប្រើប្រាស់​ ​ដើម្បី​ផ្លាស់​ប្តូរ​ពណ៌​សម្បុរស្បែក​មុខ​ ​និង​បំបាត់ចោល​រាល់​ស្មា​ម​អុជ​ខ្មៅ​ទាំងឡាយ​ណា​ ​ដែល​បង្ក​ការ​លំបាក​ដល់​ការ​ផាត់មុខ​។​ ​ពិត​ណាស់​ម្សៅ​ទ្រនាប់​ជា​អ្នក​បិទបាំង​យ៉ាងសកម្ម​ ​ខណៈ​ដែល​នារី​គ្រប់រូប​ចង់បាន​ស្បែក​មុខ​ផូរផង់​ ​ប៉ុន្តែ​ពិបាក​ចៀស​ផុត​ពី​ស្នាម​ជាំ​ខ្មៅ​ដោយសារ​កំ​ដៅ​ថ្ងៃ​ ​សម្រាក​មិន​គ្រប់គ្រាន់​ ​ឬ​ដោយសារ​ស្លាកស្នាម​បន្សល់​ពី​ពពួក​មុន​បាន​មួយ​កម្រិត​។​ ​នេះ​ក៏ដោយសារតែ​ម្សៅ​ទ្រនាប់​ ​ត្រូវ​បាន​ធ្វើឡើង​ដោយយោងទៅតាម​ពណ៌​សម្បុរ​ពិត​របស់​ស្បែក​មុខ​មនុស្ស​ ​និង​បាន​កែច្នៃ​ជាច្រើន​ពណ៌​ទៅតាម​ពណ៌​សម្បុរស្បែក​ដែល​អ្នកប្រើ​ប្រាស់​ប្រាថ្នា​ចង់បាន​។​

         ​ត្បិត​តែ​ម្សៅ​ទ្រនាប់​ត្រូវ​បាន​ប្រើប្រាស់​តាំងពី​ស្រទាប់​ទីមួយ​នៃ​ការ​ផាត់មុខ​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​ពិតជា​មាន​សមត្ថភាព​យ៉ាង​អស្ចារ្យ​ ​ក្នុង​ការ​ជួយ​បញ្ចេញ​ពន្លឺ​ពី​ខាងក្នុង​ ​ធ្វើឲ្យ​ផ្ទៃមុខ​របស់​អ្នកមាន​ភាព​ភ្លឺ​ចែងចាំង​ទៅតាម​ពណ៌​ម្សៅ​ទ្រនាប់​ដែល​អ្នក​ជ្រើសរើស​។​ ​ដូច្នេះហើយ​ ​ទើប​អ្នកឯកទេស​តែង​ណែនាំ​ឲ្យ​អ្នកប្រើ​ប្រាស់​ជ្រើស​យក​ពណ៌​ម្សៅ​ទ្រនាប់​ណា​ ​ដែល​សាក​សមនឹង​ពណ៌​សម្បុរស្បែក​របស់​អ្នកប្រើ​ប្រាស់​ ​ដើម្បីឲ្យ​ការ​ផាត់មុខ​ផ្តល់​លទ្ធផល​ដូចជា​សម្រស់​ធម្មជាតិ​។​ ​មូលហេតុ​ចាំបាច់​មួយទៀត​ដែល​ត្រូវ​ប្រើប្រាស់​ម្សៅ​ទ្រនាប់​ជាប្រចាំ​រាល់ពេល​ផាត់មុខ​ ​នោះ​គឺ​សមត្ថភាព​ក្នុង​ការ​ជួយ​រក្សា​ការ​ផាត់មុខ​របស់​អ្នកឲ្យ​ជាប់​ពណ៌​បាន​ពេញមួយថ្ងៃ​។​ ​ម្សៅ​ទ្រនាប់​មួយចំនួន​ ​មាន​សមត្ថភាព​រក្សា​ពណ៌​ ​និង​អាច​ធន់​នឹង​ទឹកបាន​រហូតដល់​ ​១២ម៉ោង​។​ ​

         ​មិន​តែប៉ុណ្ណោះ​ម្សៅ​ទ្រនាប់​ ​ជួយ​ធ្វើឲ្យ​គ្រឿងសំអាង​ផ្សេងទៀត​ដែល​ត្រូវ​ប្រើប្រាស់​មក​លុប​ពីលើ​ស្នាម​ដំណាក់កាល​បន្ទាប់​ដូចជា​ ​concealer​ ​ម្សៅ​ផាត់​ ​និង​ពណ៌​ផាត់មុខ​ ​បន្ស៊ី​គ្នា​បាន​ល្អ​ ​និង​ជួយ​ឲ្យ​ផ្ទៃមុខ​ម៉ត់​រលោង​។​ ​អ្នក​ផាត់មុខ​មួយចំនួន​ព្យាយាម​ ​គេចវេស​ពី​ការប្រើ​ប្រាស់​ម្សៅ​ទ្រនាប់​ ​ដោយ​យល់ថា​ពួកគេ​អាច​ប្រើ​ ​concealer​ ​ជំនួស​ ​ព្រោះ​វា​មាន​សណ្ឋាន​និង​តួនាទី​ប្រហាក់​ប្រហែលគ្នា​ ​ប៉ុន្តែ​ជាក់ស្តែង​នេះ​ជា​ការអនុវត្ត​វិធី​ផាត់មុខ​មិន​ត្រឹមត្រូវ​នោះ​ទេ​ ​ហើយ​ថែមទាំង​អាច​បណ្តាល​ឲ្យ​ម្សៅ​ដែល​បាន​ផាត់​ ​ងាយ​កក​នៅ​លើ​ផ្ទៃមុខ​ទៀតផង​។​ ​

         ​បច្ចុប្បន្ន​នេះ​ ​ម្សៅ​ទ្រនាប់​មិន​ត្រឹមតែ​ផ្តល់​អត្ថ​ប្រយោជន៍​ខ្ពស់​ជា​ជំនួយ​ដល់​ការ​ផាត់មុខ​នោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​រួមបញ្ចូល​មុខងារ​ការពារ​កម្តៅថ្ងៃ​ ​ដែល​ងាយស្រួល​ដល់​មិត្ត​នារី​ ​ប្រើប្រាស់​ជាប្រចាំ​ ​ដោយ​មិន​ចាំបាច់​ប្រើ​ក្រែម​ការពារ​កម្តៅថ្ងៃ​ថែមទៀត​ក៏បាន​ ​ដែល​នេះ​ជា​មូលហេតុ​ចម្បង​មួយទៀត​ ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ការប្រើ​ប្រាស់​ម្សៅ​ទ្រនាប់​។​ ​ភាគច្រើន​ ​ម្សៅ​ទ្រនាប់​ជំនាន់​ថ្មី​បាន​បញ្ចូល​សារជាតិ​ទឹក​ ​ដែល​អាច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ដែល​ងាយ​ប្រឈម​នឹង​ភាព​ស្ងួត​ ​ដោយសារ​កម្តៅថ្ងៃ​ ​ឬ​ដោយសារ​ការ​ផាត់មុខ​ញឹកញាប់​។​ ​អ្នក​ដែល​ចូលចិត្ត​ផាត់មុខ​បែប​ធម្មជាតិ​សម្រាប់​ការ​បំពេញការងារ​ប្រចាំថ្ងៃ​ ​និយម​ប្រើប្រាស់​ម្សៅ​ទ្រនាប់​ ​រួច​បន្ថែម​ម្សៅ​ផាត់​ ​ឬ​ពណ៌​ផាត់​ថ្ពាល់​បន្តិចបន្តួច​ជាការស្រេច​ ​ដែល​នេះ​ហាក់ដូចជា​ការ​ថែរក្សា​ស្បែក​មុខ​ ​និង​ការ​បន្ថែម​សម្រស់​ផ្ទៃមុខ​ក្នុង​ពេល​តែមួយ​។​ ​

         គុណភាព​របស់​ម្សៅ​ទ្រនាប់​ ​ស្ថិតនៅ​លើ​ម៉ាក​យី​ហោ​ផ្សេង​ៗ​គ្នា​របស់​ក្រុមហ៊ុន​ដែល​បាន​ផលិត​។​ ​ផលិតផល​ម្សៅ​ទ្រនាប់​ ​ដែល​មានគុណ​ភាពល្អ​ពិត​ ​គឺ​ម្សៅ​ទ្រនាប់​ណា​ដែល​មាន​សមត្ថភាព​បិទបាំង​ស្នាម​មិន​ប្រក្រតី​នៅ​លើ​ផ្ទៃមុខ​បាន​ខ្ពស់​ ​ផ្តល់​ផាសុកភាព​ដល់​អ្នកប្រើ​ ​មិន​ស្អិត​ ​មិន​ប្រែជា​កក​ជា​ដុំ​ៗ​នៅ​លើ​ផ្ទៃមុខ​។​ ​វា​ត្រូវ​បាន​ប្រើប្រាស់​ជាប្រចាំ​ ​រាល់​ការ​ផាត់មុខ​គ្រប់​កម្មវិធី​និង​កាលៈទេសៈ​ ​មិនថា​តែ​ការ​ផាត់មុខ​បែប​ធម្មជាតិ​ ​ឬ​បែប​ស៊ិច​ស៊ី​នោះ​ឡើយ​។​ ​មិន​ត្រឹមតែ​ចាំបាច់​សម្រាប់​ការ​ផាត់មុខ​ ​ប៉ុន្តែ​វា​ក៏អាច​លាប​លើ​បរិវេណ​ក​ ​ខ្នង​ ​និង​ដើមដៃ​ ​ដើម្បី​ធ្វើឲ្យ​ស្បែក​របស់​អ្នកមាន​ពណ៌​ស្រស់ថ្លា​ដូចគ្នា​។​ ​បើ​ទោះជា​យ៉ាងនេះ​ក្តី​ ​ម្សៅ​ទ្រនាប់​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​យកចិត្ត​ទុកដាក់​ ​ធ្វើ​យ៉ាងណា​ឲ្យ​សមគ្នា​នឹង​សម្បុរស្បែក​របស់​អ្នកប្រើ​ប្រាស់​ទាំងមូល​ ​មិនថា​ស្បែក​មុខ​ ​ក​ ​ខ្នង​ ​និង​ដៃ​ ​ហើយ​ពិសេស​គឺ​ស៊ីគ្នា​នឹង​សម្បុរ​ធម្មជាតិ​របស់​អ្នកប្រើ​ប្រាស់​៕​

​Aricle​ ​by​ ​VA SONYKA


SUGGESTIONS