×

អ្នកនាង​ ​សូ​ ​ភី​ណា​ ​​ស្រ្តី​ឆ្នើម​ដែល​បាន​ដឹកនាំ​ការអភិវឌ្ឍន៍​និង​លើក​កម្ពស់​អក្សរសិល្ប៍​ខ្មែរ​

NEWS 5 years ago
 
 

​            មហោស្រព​អក្សរ​សិល្ប៍បាត់ដំបង​ ២០១៩ ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ​២២​ ​និង​ ​២៣​ ​ខែមិថុនា​ ​នេះ​ ​នៅ​ឯ​ពុទ្ធិកវិទ្យាល័យ​ព្រះសីហនុ​រាជ​ ​ក្នុង​បរិវេណ​វត្ត​ដំរីស​។​ ​គោលបំណង​នៃ​ការ​បង្ហាញ​ពី​គុណ​តម្លៃ​របស់​អក្សរសិល្ប៍​ទៅកាន់​ប្រជាជន​ខ្មែរ​ឲ្យបាន​គ្រប់រូប​នេះ​ ​គឺជា​កម្លាំង​ចលករ​ជំរុញ​ឲ្យ​អ្នកនាង​ ​សូ​ ​ភី​ណា​ ​ដែល​ជា​អ្នកនិពន្ធ​មួយ​រូប​ឲ្យ​ផ្តួចផ្តើម​បង្កើត​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ ​ប្រចាំឆ្នាំ​នេះ​ឡើង​ ​ដើម្បី​បង្កើត​ឱកាស​ឲ្យ​អ្នកនិពន្ធ​និង​អ្នកអាន​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​សកម្ម​។​ ​ស្ថាបនិក​នៃ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​រូប​នេះ​ ​មិន​ត្រឹមតែ​ជា​អ្នកនិពន្ធ​មួយ​រូប​ ​ប៉ុន្តែ​ក៏​ជា​នាយិកា​គ្រឹះស្ថាន​បោះពុម្ព​ ​កម្ពុ​មេ​រា​ ​និង​ជា​ជន​សកម្ម​មួយ​រូប​ ​ដែល​បាន​ប្រឡូក​ក្នុង​ការងារ​អភិវឌ្ឍន៍​ ​ការអប់រំ​ ​និង​ការចែក​រំលែក​ចំណេះដឹង​រយៈកាល​ប្រមាណ​ជិត​ ​២០ឆ្នាំ​មក​ហើយ​។​ ​អ្នកនាង​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ចិត្តវិទ្យា​នៅ​ទីក្រុង​ភ្នំពេញ​ ​និង​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្រ្តាលី​រយៈពេល២ឆ្នាំ​ ​មុននឹង​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​បម្រើការ​ងារ​នៅក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។​ ​បច្ចុប្បន្ន​អ្នកនាង​ ​សូ​ ​ភី​ណា​ ​គឺជា​ប្រធាន​កម្មវិធី​ ​ចំណេះដឹង​ ​បណ្តាញ​ ​និង​គោលនយោបាយ​ ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។​ ​​ ​ភាព​ជោគជ័យ​ក្នុង​​ការរៀបចំ​មហោស្រព​តាំង​ពី​លើក​ដំ​បូង​ ​បាន​ផ្តល់​ជា​កម្លាំងចិត្ត​យ៉ាង​ធំធេង​ដល់​ស្ថាបនិក​នេះ​ ​ឲ្យ​ព្យាយាម​រក​ប្រធានបទ​ ​និង​ផ្សព្វផ្សាយ​ដល់​អ្នកនិពន្ធ​ ​និង​អ្នកចូលចិត្ត​សរសេរ​គ្រប់ទិសទី​មក​ចូលរួម​ក្នុង​កម្មវិធី​មហោស្រព​ ​ទោះបីជា​មានការ​លំបាក​ជានិច្ច​ជា​កាល​ក៏ដោយ​។​ ​

​            ជួប​ជាមួយ​សូ​វរីន​ ​អ្នកនាង​ ​សូ​ ​ភី​ណា​ ​បាន​បញ្ជាក់​ថា​ ​គោលបំណង​នៃ​ការបង្កើត​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​មាន៣ធំៗ​គឺ​៖​ ​១​)​ ​លើកកម្ពស់​គុណ​តម្លៃ​របស់​អក្សរសិល្ប៍​ ​និង​អ្នកនិពន្ធ​សម្រាប់​ប្រជាជន​និង​សង្គមជាតិ​ ​២​)​ ​បង្កើត​ឱកាស​ឲ្យ​អ្នកនិពន្ធ​ ​និង​អ្នកអាន​មាន​ទំនាក់ទំនង​ ​និង​ទីផ្សារ​ ​៣​)​ ​ពាំនាំ​សិល្បៈ​កម្រ​ដែល​ជិតនឹង​បាត់បង់​ទៅ​ចូលរួម​ក្នុង​មហោស្រព​។​ ​អ្នកនាង​និយាយ​ថា​៖​ ​«​ខ្ញុំ​រៀបចំ​មហោស្រព​នេះ​ព្រោះ​ក្នុងនាម​ជា​អ្នកនិពន្ធ​ម្នាក់​ ​ខ្ញុំ​មាន​ទស្សនវិស័យ​ផ្ទាល់ខ្លួន​ ​ខ្ញុំ​គិតថា​អ្នកនិពន្ធ​ ​ឬប្រជាជន​កម្ពុជា​គួរតែ​ទទួល​បាន​អក្សរសិល្ប៍​បែប​ច្នៃប្រឌិត​ ​និង​សម្បូរ​បែប​ ​និង​យល់​ពី​គុណ​តម្លៃ​របស់​អក្សរសិល្ប៍​ ​ដែល​ឆ្លុះបញ្ចាំង​ពីសង្គម​ ​និង​ជីវភាព​ប្រចាំថ្ងៃ​។​ ​ដើម្បីឲ្យ​ទស្សនវិស័យ​នេះ​អាច​សម្រេច​បាន​លុះត្រាតែ​មានការ​រៀបចំ​កម្ម​វិ​ធី​ផ្សេង​ៗ​ ​ដើម្បីឲ្យ​មនុស្ស​យល់ដឹង​ថា​ស្នាដៃ​អក្សរសិល្ប៍​ពិតជា​សំខាន់​ ​ហើយ​អ្នកនិពន្ធ​ពិតជា​មានគុណ​តម្លៃ​សម្រាប់​សង្គម​ ​វប្បធម៌​ ​និង​សេដ្ឋកិច្ច​ ​ដូច្នេះហើយ​ទើប​យើង​រៀបចំ​មហោស្រព​នេះ​ឡើង​។​»​ ​កម្មវិធី​មហោស្រព​រយៈពេល​ពីរ​ថ្ងៃនេះ​ត្រូវ​បាន​បែងចែក​កម្មវិធី​ជាក់លាក់​មួយចំនួន​ ​ដូចជា​ពិធីសូត្រមន្ត​ ​ពិព័រណ៍​សៀវភៅ​ ​ការ​សម្តែង​សិល្បៈ​ ​(​គែន​ ​សៀក​ ​របាំ​)​ ​សិក្ខាសាលា​ ​អំពី​ការ​តាក់តែង​និពន្ធ​ ​និង​កំណាព្យ​ ​ការ​ធ្វើ​បទ​បង្ហាញ​ពីសំណាក់​អ្នកមាន​បទពិសោធន៍​ក្នុង​ការ​និពន្ធ​ ​ការ​ជួបជុំ​ជាមួយ​អ្នកនិពន្ធ​ ​និង​ការ​សម្តែង​សិល្បៈ​កម្រ​ឲ្យ​អ្នកចូលរួម​បាន​ទស្សនា​ផង​ដែរ​។​ ​មហោស្រព​ដែល​មាន​អាយុកាល៣ឆ្នាំ​មក​ហើយ​នេះ​ ​បាន​ស្រូប​យក​មិត្ត​អ្នកអាន​ជាច្រើន​ដែល​សុទ្ធ​ជា​សិស្ស​និស្សិត​វ័យ​ជំទង់​ឲ្យ​មក​ចូលរួម​ជា​ក្រុម​ៗ​យ៉ាងច្រើន​កុះករ​។​ ​រំឭក​ទៅ​មហោស្រព​អក្សរ​សិល្បិ៍​បាត់ដំបង​កាលពី​ឆ្នាំ​ ​២០១៨​ ​គេ​បានឃើញ​មាន​វត្តមាន​ព្រះសង្ឃ​ដែល​មក​ចូលរួម​អបអរ​និង​ទស្សនកិច្ច​កម្មវិធី​មហោស្រព​ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​កម្មវិធី​ ​ដែល​ធ្វើឲ្យ​អ្នក​រៀបចំ​កម្មវិធី​ត្រេកអរ​ចងចាំ​មិន​ភ្លេច​។​ ​«​ពេលនោះ​យើង​ធ្វើពិធី​សូត្រ​មន្ត​បើក​កម្មវិធី​ដោយ​និមន្ត​ព្រះសង្ឃ៥អង្គ​ ​ហើយ​ពេលនោះ​មាន​ព្រះសង្ឃ​ដទៃទៀត​មក​ពី​វត្ត​ផ្សេង​ៗ​ដែល​ស្រលាញ់​គាំទ្រ​មហោស្រព​អក្សរសិល្ប៍​បាន​មក​ចូលរួម​ដែរ​រហូតដល់​ជាង​ ​១០អង្គ​។​ ​ពេលនោះ​យើង​មានការ​ព្រួយបារម្ភ​ព្រោះ​បាន​ត្រៀម​បច្ច័យ​សម្រាប់​ប្រគេន​ព្រះសង្ឃ​តែ​ ​៥អង្គ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ព្រះ​សង្ឈ​បាន​មាន​សង្ឈ​ដីកា​ប្រាប់​មក​យើង​វិញ​ថា​ ​សូមកុំ​បារម្ភ​ ​លោក​គ្រាន់តែ​មក​គង់​ចូលរួម​ពិធី​ ​ដោយសារតែ​ការ​រីករាយ​សាទរ​នឹង​មហោស្រព​តែប៉ុណ្ណោះ​។​»​ ​អ្នកនាង​ភី​ណា​រំឭក​។​ ​

​            ​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ ​បាន​ស្រូប​យក​អ្នក​និ​ពន្ធ​ថ្មី​ៗ​ជាច្រើន​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ ​ត្បិតអី​បច្ចុប្បន្ន​នេះ​អ្នកនិពន្ធ​វ័យក្មេង​ដែល​ព្យាយាម​ចាប់​អាជីព​ជា​អ្នកនិពន្ធ​ត្រូវ​បាន​សង្កេតឃើញ​ថា​ ​មានការ​បោះពុម្ព​សៀវភៅ​ច្រើនជាង​អ្នកនិពន្ធ​ជើងចាស់​ទៅទៀត​។​ ​អ្នកនាង​ ​សូ​ ​ភី​ណា​ ​បាន​បញ្ជាក់​ការយល់ឃើញ​ផ្ទាល់ខ្លួន​ផង​ដែរ​ថា​ ​អ្នក​ដែល​ស្រលាញ់​ការ​សរសេរ​និង​យកចិត្ត​ទុកដាក់​លើ​ការ​សរសេរ​ ​ឬ​មាន​គម្រោង​សរសេរ​ ​ឬ​ធ្លាប់​ឆ្លងកាត់​ការ​សរសេរ​ ​គឺ​អាច​ហៅ​ខ្លួនឯង​ថា​អ្នកនិពន្ធ​បាន​ ​មិន​ចាំបាច់​ទាល់តែបាន​បោះផ្សាយ​ស្នាដៃ​និពន្ធ​របស់​ខ្លួន​ឡើយ​។​ ​អ្នកនាង​ពន្យល់​យ៉ាង​ដូច្នេះ​ថា​ ​«​បើសិនជា​យើង​មិន​បើកទូលាយ​ ​និង​មិន​ផ្តល់​សិទ្ធិ​អំណាច​ដល់​អ្នក​និ​ពន្ធ​ថ្មី​ៗ​ទេ​ ​អ្នក​និ​ពន្ធ​ក្មេង​ៗ​ដែល​ទើបតែ​ចាប់ផ្តើម​កាន់​ប៊ិច​សរសេរ​មិន​ហ៊ាន​ហៅ​ខ្លួន​គាត់​ថា​អ្នកនិពន្ធ​ទេ​។​ ​បើ​ពួកគេ​មិន​ហ៊ាន​ហៅ​ខ្លួន​ពួកគេ​ថា​ជា​អ្នកនិពន្ធ​ទេ​ ​ពួកគេ​អាច​ខ្វះ​ទំនុកចិត្ត​ ​និង​ភាព​ជឿជាក់​ ​ដូចនេះ​ ​ប្រការ​នេះ​នាំ​ឱ្យ​បង្អាក់​សកម្មភាព​សរសេរ​ ​និង​កម្លាំង​បណ្តាល​ចិត្ត​សម្រាប់​ពួកគេ​។​ ​ដូច្នេះ​សម្រាប់​ខ្ញុំ​ ​អ្នក​ដែល​ស្រលាញ់​ការ​សរសេរ​ ​ការ​អាន​ ​និង​យកចិត្ត​ទុកដាក់​សម្រាប់​សំណេរ​របស់​គាត់​ ​នោះ​គាត់​អាច​ហៅ​ខ្លួនឯង​ថា​ជា​អ្នកនិពន្ធ​បាន​ហើយ​។​»​

​            ទន្ទឹម​នឹង​ភាព​ជោគជ័យ​នៃ​ការរៀបចំ​កម្មវិធី​កន្លងមក​ ​អ្នកនាង​ ​សូភី​ណា​ ​ក៏​មិន​ភ្លេច​អរគុណ​ដល់​បណ្តា​អ្នកនិពន្ធ​ខ្មែរ​ ​ដែល​បាន​ចូលរួម​ស្ម័គ្រចិត្ត​ចូលរួម​ជួយ​ជា​គណៈកម្មការ​រៀបចំ​មហោស្រព​ ​ដែល​ចំណាយ​ទាំង​កម្លាំងកាយ​ ​និង​កម្លាំងចិត្ត​ចាត់ចែង​កម្មវិធី​នេះ​ ​ស្ទើរតែ​ពេញ​មួយឆ្នាំ​។​ ​អ្នកនាង​ក៏​អរគុណ​ដល់​ឧបត្ថម្ភ​ ​និង​អ្នកគាំទ្រ​ ​សម្រាប់​ការចូលរួម​ជ្រោមជ្រែង​តាម​លទ្ធ​ភា​ពរៀងៗ​ខ្លួន​ធ្វើ​យ៉ាងណា​ឲ្យ​អក្សរសិល្ប៍​ខ្មែរ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែម​ពី​មរតក​ដើម​ ​ដែល​ដូនតា​បាន​បន្សល់ទុក​។​ ​ ​អ្នកនាង​រំពឹង​ថា​ ​បន្ទាប់ពី​បាន​ជោគជ័យ​នៅ​បាត់ដំបង​ ​ក្រុមការងារ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ ​កំពុង​ជួយ​ ​និង​ផ្តល់​ការ​គាំទ្រ​ដល់​សហគមន៍​នៅ​បាត់ដំបង​អាច​រៀបចំ​មហោស្រព​ដដែល​នេះ​ ​សម្រាប់​ឆ្នាំក្រោយ​ទៀត​។​ ​បើសិនជា​ ​មហោស្រព​នោះ​អាច​កើតមានឡើង​នៅ​ខេត្តបាត់ដំបង​ ​ដែល​មានការ​ជួយ​ផ្តួចផ្តើម​ ​ពី​ក្រុមការងារ​ដែល​មានបទពិសោធន៍​ ​រួម​នឹង​អ្នក​បាត់ដំបង​ ​នោះ​ពិតជា​ជោគជ័យ​ដ៏​ធំធេង​មួយ​នៃ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​៕​ ​

​Article​ ​by​ ​VA​ ​SONYKA​ ​


SUGGESTIONS