ចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ប្រណាំងស៊ីក្លូ ដើម្បីស្តារមុខមាត់ស៊ីក្លូខ្មែរឡើងវិញ
NEWS 5 years agoព្រឹត្តិការណ៍ប្រណាំងស៊ីក្លូឆ្នាំ ២០១៩ នេះ ប្រព្រឹត្តិឡើង នៅបរិវេណសួនច្បារព្រះនាងបញ្ញាបូរមី (ជិតសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ) រយៈពេលពីរថ្ងៃពេញ ពីថ្ងៃទី ២២ ដល់ ២៣ ខែមិថុនានេះ។ ព្រឹត្តិការណ៍ដ៏ធំនេះរៀបចំឡើងដោយ សមាគមទីភ្នាក់ងារទេសចរណ៍ (CATA) សហការជាមួយនឹង ក្រសួងទេសចរណ៍ សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ក្រោមប្រធានបទ៖ អភិរក្សស៊ីក្លូដើម្បីទេសចរណ៍។ គោលបំណងក្នុងការបង្កើត ព្រឹត្តិការណ៍នេះឡើង គឺដើម្បីបង្កើនប្រជាប្រិយភាពស៊ីក្លូឡើងវិញ និងបំផុសឲ្យមានការប្រើប្រាស់ស៊ីក្លូឲ្យបានច្រើន ក៏ដូចជាបង្កើនចំណូលដល់អ្នកធាក់ស៊ីក្លូ ដើម្បីគាំពារដល់មុខរបរធាក់ស៊ីក្លូកុំឲ្យបាត់បង់ តាមរយៈការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍។
ជាមួយគ្នានោះដែរ នៅក្នុងព្រឹត្តិការនេះក៏មានកម្មវិធីជាច្រើនទៀតដូចជា ការជិះស៊ីក្លូកម្សាន្តជាមួយគ្រួសារ និងមិត្តភក្តិ ការចូលរួមបរិច្ចាកថវិការ និងសម្ភារៈជូនលោកតាស៊ីក្លូ ក៏ដូចជាទស្សនាពិព័រណ៍អំពីប្រវត្តិ និងការបង្កើតស៊ីក្លូ ការប្រគុំតន្ត្រីជាដើម។ ដោយឡែកកម្មវិធីប្រណាំងស៊ីក្លូនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី ២៣ នេះផងដែរ។ ដូច្នេះកុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់និងអភិរក្សស៊ីក្លូខ្មែរកុំឲ្យបាត់បង់៕
Article by KEO SONG