ផ្ទះបុរាណខ្មែរដែលបន្សល់ទុកជាច្រើនឆ្នាំក្លាយជាបារលាក់ខ្លួនដ៏សែនរ៉ូមែនតិកនៃទីក្រុងសៀមរាប
TRAVEL & LIVING 5 years agoកាលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំណាយពេលវេលាដ៏កម្ររបស់ពួកគេមកដល់ទឹកដីនៃខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទបុរាណល្បីៗ អស្ចារ្យ ដែលបានបន្សល់ទុកពីបុព្វបុរសខ្មែរមួយចំនួន ដែលមានទេសភាពដ៏ស្រស់ត្រកាលស្ទើរតែពេញមួយថ្ងៃរួចហើយនោះ ពួកគេតែងបន្តភាពសប្បាយរីករាយរបស់ពួកគេនៅកន្លែងផ្សេងទៀតដូចជាបារ ហាងកាហ្វេឬវិចិត្រសាលណាមួយជាមិនខាន។ នៅលើដងវិថីនៃផាប់ស្ទ្រីតស្ទើរតែគ្រប់ច្រកល្ហកទៅហើយដែលគេសង្កេតឃើញ ពោរ ពេញទៅដោយ បារ ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ឬវត្ថុអនុស្សាវរីយ៍ រួមជាមួយនឹងការប្រគុំតន្ត្រីយ៉ាងពិរោះជាច្រើនបទបានទាក់ចិត្តភ្ញៀវមកកម្សាន្តទីនេះជារៀងរាល់ថ្ងៃតែម្តង។
ប្រសិនបើអ្នកធ្វើដំណើរតាមបណ្តោយផ្លូវតូចលេខ៧ នៃសង្កាត់ផ្សារចាស់ ក្រុងសៀមរាប អ្នកនឹងបានឃើញគំនូរដ៏គួរឲ្យចាប់អារម្មណ៍មួយផ្ទាំងដែលត្រូវបានគេតាំងលើជញ្ជាំងអមនឹងដងផ្លូវតូចនេះ។ រូបភាពដែលអ្នកបានឃើញលើផ្ទាំងគំនូរនេះ គឺជាប្រភេទផ្ទះកន្ទាំងបានបន្សល់ទុកជាច្រើនឆ្នាំមកហើយប្រសិនបើគិតមកដល់បច្ចុប្បន្ននេះ រួមជាមួយនឹងអក្សរដែលមានពណ៌ខៀវចាស់សរសេរថា «អាសាណា» ។ បន្តដំណើរលើដងផ្លូវដដែលប្រមាណជា២នាទីប៉ុណ្ណោះ អ្នកនឹងបានឃើញផ្ទះបុរាណដ៏ស្រស់ស្អាតស្ថិតនៅចំកណ្តាលនៃទីធ្លាដ៏ធំ រុក្ខជាតិពណ៌ខៀវខ្ចី និង ផ្កាចម្រុះពណ៌ជាច្រើនប្រភេទត្រូវបានគេដាំលម្អជុំវិញផ្ទះបុរាណនេះដែលសាយភាយក្លិនដ៏ក្រអូបបង្កឲ្យបរិយាកាសទាំងមូលកាន់តែស្រស់ស្រាយមួយកម្រិត។
ផ្ទះបុរាណដែលមានអាយុកាលជាយូរឆ្នាំនេះត្រូវបានគេស្គាល់ឈ្មោះថា «អាសាណា» ប្រែពីពាក្យបាលីសំស្ក្រឹត មានន័យថា ជារបៀបនៃការអង្គុយរបស់មនុស្សម្នាក់ៗ។ អាសាណា ក៏ជាបារលាក់ខ្លួនមានប្រជាប្រិយភាពមួយ ជាពិសេស ភ្ញៀវដែលមកកាន់ទីនេះតែងទទួលបាននូវបទពិសោធន៍ថ្មី និងអាចស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាទៀតផង។ បារ ដ៏សែនរ៉ូមែនតិកនេះបានបង្កើតឡើងរយៈពេល ៧ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០១២ ក្រោមការគ្រប់គ្រងរបស់ ស្ថាបនិក អ្នកស្រី អ៊ុន សុផារី ជាអ្នកជំនាញក្នុងការបង្កើតរូបមន្តស្រាក្រឡុកថ្មីៗជាច្រើនប្រភេទដែលមានគ្រឿងផ្សំពីបន្លែ និងផ្លែឈើធម្មជាតិធ្វើឲ្យអ្នកមិនអាចបំភ្លេចនូវរសជាតិនោះឡើយ។ ជាក់ស្តែង Little Sweet ជាស្រាក្រឡុកមានការពេញនិយមទទួលទានបំផុត ដែលផ្សំចេញពី ខ្ជាយ ទឹកអំពិល ល្មៀត និងកម្រិតជាតិអាល់កុលតិចបំផុត មិនធ្វើឲ្យប៉ះពាល់ដល់សុខភាព ឬធ្វើឲ្យអ្នកមានអាការធីងធោង ក្រោយក្រោកពីដំណេកនោះឡើយ។ ជាមួយនឹងបរិយាកាសដ៏កម្រនេះ អ្នកមិនគួររំលង ការទស្សនានៃការតុបតែងដ៏ប្លែកភ្នែកដែលមិនធ្លាប់មាន រួមទាំងការតាំងផ្ទាំងគំនូររូបថតវីរបុរសខ្មែរ ប្រាសាទបុរាណ និងផ្ទាំងគំនូរដទៃទៀតដែលធ្វើឲ្យអ្នកនឹកឃើញទិដ្ឋភាពសំខាន់ៗនាអតីតកាល ជាពិសេស ព្រឹត្តិការណ៍នៃសម័យអង្គរផ្ទាល់តែម្តង។
យ៉ាងណាមិញ បារ ដ៏រ៉ូមែនតិកនេះ មិនត្រឹមតែផ្តល់នូវបទពិសោធន៍ និងផ្តល់នូវបរិយាកាសដ៏បរិសុទ្ធតែម៉្យាងនោះទេ ប៉ុន្តែវាក៏បានផ្តល់នូវចំណេះដឹងមួយចំនួនទាក់ទងនឹងប្រវត្តិសាស្ត្រ និងការផ្សព្វផ្សាយអំពី អរិយធម៌ ប្រពៃណីរបស់ខ្មែរទៅកាន់ភ្ញៀវអន្តរជាតិដែលមកពីតំបន់ខុសៗគ្នាលើសកលលោក៕
Article by PAN SIVLY