×

សិល្បករ​មួយ​រូប​បង្កើត​ ​រចនាប័ទ្ម​កុលាលភាជន៍​ថ្មី​ ​ដើម្បី​បង្កើត​នូវ​អ្វី​ដែល​ថ្មី​និង​ជំរុញ​ឲ្យ​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​

NEWS 5 years ago
 
 

          ​កុលាលភាជន៍​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ជា​គ្រឿង​ដែល​ធ្វើឡើង​ពី​ដី​ដុត​មាន​ដូចជា​ ​ចាន​ ​ឆ្នាំង​ ​ឬ​ ​ក្អម​ ​បង្កើត​ឡើង​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ដាក់គ្រឿង​ឧបភោគបរិភោគ​ ​ឬ​ ​ដាក់​សម្ភារៈ​ផ្សេង​ៗ​ជាច្រើន​ ​ក៏ប៉ុន្តែ​សិល្បករ​ខ្មែរ​មួយ​រូប​បែរជា​ ​ច្នៃ​កុលាលភាជន៍​នេះ​ឲ្យ​ក្លាយជា​គ្រឿងលម្អ​ដ៏​គួរឲ្យ​ទាក់ទាញ​ ​និង​មាន​សណ្ឋាន​ប្លែក​ៗ​ព្រមទាំង​បង្កប់​ទៅ​ដោយ​អត្ថ​ន័យ​ផ្សេង​ៗ​ជាច្រើន​ទៀត​។​ ​កុលាលភាជន៍​ ​ដែល​មាន​រូប​រាង​ចម្លែក​ៗ​នេះ​ត្រូវ​បាន​គេដាក់​តាំង​បង្ហាញ​ជូន​សាធារណៈ​ជន​ចូល​ទស្សនា​ដោយសេរី​ ​រយៈពេល​ជិត​ពីរ​ខែ​ ​គឺ​ ​ចាប់ពី​ថ្ងៃទី​ ​២០​ ​ខែមិថុនា​ ​រហូតដល់​ថ្ងៃទី​ ​១០​ ​ខែ​ ​សីហា​ឆ្នាំ​ ​២០១៩នេះ​នៅ​ឯ​វិទ្យាស្ថាន​បារាំង​។​ ​ទាំងអស់​នេះ​គឺជា​ស្នាដៃ​របស់​លោក​ ​«​អ៊ុ​ក​ ​សុ​ជា​ធី​»​ ​ដែល​ជា​សិល្បករ​ឆ្នើម​មួយ​រូប​ជំនាញ​ ​កុលាលភាជន៍​ ​និង​ធ្លាប់​ឆ្លងកាត់​ការសិក្សា​ផ្នែក​សិល្បៈ​នេះ​នៅ​ក្រៅប្រទេស​ទៀតផង​។​ ​ដូច្នេះតើ​លោក​ ​«​អ៊ុ​ក​ ​សុ​ជា​ធី​ ​»​ ​ជា​នរណា​?​ ​តើ​ហេតុអ្វីបានជា​លោក​មានគំនិត​ចង់​បង្កើត​នូវ​សិល្បៈ​កុលាលភាជន៍​នេះ​ឡើង​?​ ​

          ​​លោក​ ​«​អ៊ុ​ក​ ​សុ​ជា​ធី​»​ ​កើត​នៅ​ឆ្នាំ​ ​១៩៧៥នៅ​ទីក្រុង​ភ្នំពេញ​។​ ​នៅក្នុង​របប​ប៉ុ​លព​ត​ ​ខ្មែរក្រហម​បាន​ជម្លៀស​លោក​និង​ក្រុម​គ្រួសារ​ទៅកាន់​ស្រុក​ស្វាយធំ​ ​ខេត្តស្វាយរៀង​ ​បន្ទាប់ពី​រប​បម​ជ្ជុ​រាជ​ដួល​រលំ​ទៅ​ ​ក្នុង​វ័យ​ ​កុមារភាព​ ​លោក​ក៏បាន​វិលត្រឡប់​មក​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ​ ​។​ ​ក្នុង​ឆ្នាំ​ ​១៩៩៤​ ​លោក​បាន​បន្ត​ការសិក្សា​នៅ​សាលា​ជាតិ​វិចិត្រ​សិល្បៈ​ ​(​បច្ចុប្បន្ន​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​)​ ​ឯកទេស​ ​កុលាលភាជន៍​ ​ដោយសារតែ​កង្វះ​នូវ​ធនធានមនុស្ស​ ​ម្យ៉ាង​លោក​ជា​សិស្ស​ឆ្នើម​ផង​នោះ​ ​លោក​ក៏បាន​ក្លាយជា​គ្រូបង្រៀន​ផ្នែក​ ​កុលាលភាជន៍​នេះ​នៅ​តាម​គ្រឹះស្ថាន​ឯកជន​មួយចំនួន​ចាប់តាំងពី​ឆ្នាំ១៩៩៧មក​។​ ​ដោយសារ​ពុំ​មាន​ ​ឯកទេស​ ​កុលាលភាជន៍​ក្នុង​ថ្នាក់​ឧត្តម​សិក្សា​ ​និង​ដោយសារតែ​ស្រលាញ់​ការសិក្សា​ផង​នោះ​ ​ក្នុង​ឆ្នាំ១៩៩៩លោក​ក៏​សម្រេចចិត្ត​បន្ត​ការសិក្សា​លើ​ជំនាញ​ ​តុបតែង​លម្អ​ស្ថាបត្យកម្ម​ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​វិញ​។​ ​ព្រោះតែ​ជំពាក់ចិត្ត​លើ​កុលាលភាជន៍​នេះ​ ​លោក​ក៏បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​នៅ​សាលា​បណ្ឌិតសភា​វិចិត្រ​សិល្បៈ​ចិន​ ​ទី​ក្រុង​ហាំង​ចូវ​ ​ប្រទេស​ចិន​ ​ក្នុង​ឯកទេស​ ​សិល្បៈ​រចនា​កុលាលភាជន៍​ ​ពីឆ្នាំ​ ​២០០៨​ ​ដល់​ឆ្នាំ​ ​២០១២ទៀតផង​។​ ​រហូតមកដល់​ពេលនេះ​ ​លោក​ ​អ៊ុ​ក​ ​សុ​ជា​ធី​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​គ្រូ​ជំនាញ​កុលាលភាជន៍​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​និង​ជា​សិល្បករ​ឆ្នើម​មួយ​រូប​នៅក្នុង​ពិភព​សិល្បៈ​របស់​កម្ពុជា​ផង​ដែរ​។​ ​លោក​មិន​ត្រឹមតែ​មាន​ជំនាញ​ផ្នែក​កុលាលភាជន៍​មួយ​មុខ​នោះ​ទេ​ ​តែ​លោក​ក៏​ជា​វិចិត្រករ​ ​ម្នាក់​ដែល​ធ្លាប់​មាន​ស្នាដៃ​ក្នុង​ពិព័រណ៍​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​ ​ចំណែក​ឯ​ពិព័រណ៍​កុលាលភាជន៍​នៅ​ឯ​វិទ្យាស្ថាន​បារាំង​ពេលនេះ​គឺជា​លើក​ទីបី​ហើយ​ ​បន្ទាប់ពី​មានការ​គាំទ្រ​ជាច្រើន​ក្នុង​ពិ​ព័រ​ណ៍​មុន​ៗ​។​

          ​ក្នុង​គំនិត​ជា​អ្នក​ស្រលាញ់​នៃ​ភាព​ច្នៃ​ប្រតិដ្ឋ​ ​និង​ចង់​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ ​សិល្បករ​រូប​នេះ​ក៏បាន​សម្តែង​នូវ​ទស្សនៈ​ចង់​ឲ្យ​កូនខ្មែរ​មាន​ភាព​រីកចម្រើន​ ​និង​អភិរក្ស​ទន្ទឹមគ្នា​ផង​ដែរ​។​ ​លោក​ ​អ៊ុ​ក​ ​សុ​ជា​ធី​៖​ ​«​ ​ក្រៅពី​ការ​ថែរក្សា​និង​អភិរក្ស​ ​យើង​គួរ​ក្រលេកមើល​ពិភពលោក​ឲ្យបាន​ច្រើន​ ​គួរតែ​មានការ​អភិវឌ្ឍ​និង​គួរ​សម្លឹង​មើល​ទីផ្សារ​ឲ្យបាន​វែងឆ្ងាយ​។​»​ ​ការ​ចេញក្រៅ​ប្រទេស​ ​សម្លឹង​មើល​ចរន្ត​ទីផ្សារ​អន្តរជាតិ​ ​រួមផ្សំ​ជាមួយនឹង​ការ​អភិរក្ស​ ​និង​អភិវឌ្ឍន៍​នូវ​អ្វី​ដែល​យើង​មានស្រាប់​ ​ក៏​ជា​កំលាំង​ចលករ​មួយ​ជួយ​ជំរុញ​ឲ្យ​ ​ប្រទេស​មាន​ភាព​ជឿនលឿន​ប្រកបដោយ​ចីរភាព​ផង​ដែរ​៕​

Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS