×

មួយថ្ងៃ​ដ៏​ស្ងប់ស្ងាត់​នៃ​ក្រុង​ដូនកែវ​

TRAVEL & LIVING 3 weeks ago
 
 

          អង្គុយ​សមាធិ​សញ្ជឹងគិត​ពី​ចង្វាក់​ដង្ហើមចេញ​ចូល​ ​បិទ​ភ្នែក​ស្មិង​ស្មាធិ៍​ស្រូប​យកខ្យល់អាកាស​ដ៏​ត្រជាក់​រំ​ភើយ​ៗ​មុ​ខម​ហោ​ស្រប​តាកែវ​ ​ប្រប​តាម​មាត់បឹង​ ​«​រកាក្នុង​»​ ​ក្រោម​បរិយាកាស​ដ៏​ស្ងប់ស្ងាត់​នា​ព្រឹកព្រហាម​ម៉ោង​ប្រាំមួយ​ ​បាន​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ហាក់​មាន​សន្តិភាព​ក្នុងចិត្ត​និង​បាន​ជំរុញ​ឲ្យ​ស្នាមញញឹម​បញ្ចេញ​មក​ទាំង​មិនដឹង​ខ្លួន​។​ ​នេះ​ពិតជា​បរិយាកាស​ដ៏​ប្រពៃ​មួយ​ដែល​កម្រ​នឹងអាច​រកបាន​ ​និង​ជាទី​កន្លែង​ដ៏​ស្រស់​ត្រកាល​មួយ​ស័ក្តិសម​សម្រាប់​អ្នកចូលចិត្ត​ភាព​ស្ងប់ស្ងាត់​ដូចជា​រូប​ខ្ញុំ​ចង់​ស្នាក់អាស្រ័យ​នៅជា​ទីបំផុត​។​ ​ខុសប្លែក​ពី​ក្រុង​ដទៃ​ដែល​មាន​មនុស្ស​អ៊ូអរ​ ​ដូនកែវ​ថ្វី​ដ្បិតតែ​មានឈ្មោះ​ថា​ជា​ក្រុង​មួយ​ ​ក៏ប៉ុន្តែ​បែរជា​មាន​សភាព​ស្ងប់ស្ងាត់​មិនសូវ​មាន​ចរាចរណ៍​មមាញឹក​ហើយក៏​មិនសូវ​មាន​សកម្មភាព​អ្វី​ជាដុំកំភួន​ច្រើន​នោះ​ដែរ​។​ ​គ្មានឡើយ​នូវ​រថយន្តក្រុង​ ​ដែល​មាន​គោលដៅ​សំដៅ​ឆ្ពោះទៅ​ក្រុង​ដូនកែវ​ ​និង​គ្មានឡើយ​នូវ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ណាមួយ​ដែល​ជូន​ភ្ញៀវ​ទៅដល់​ក្រុង​ដ៏​ស្ងប់ស្ងាត់​មួយ​នេះ​ ​អ្វី​ដែល​យើង​អាច​រំពឹង​ថា​ជា​មធ្យោបាយ​ធ្វើដំណើរ​នោះ​គឺ​មានតែ​ម៉ូតូ​ឬ​ឡាន​ជា​លក្ខណៈ​ឯកជន​ ​និង​រថយន្តឈ្នួល​បន្តិចបន្តួច​ជាទីបំផុត​ ​ដែល​អាច​នាំ​ផ្លូវ​យើង​ទៅកាន់​ក្រុង​ដែល​មាន​ចម្ងាយ​ប្រមាណ៧០គីឡូម៉ែត្រ​ពី​ភ្នំពេញ​មួយ​នេះ​។​ ​រង្វង់​មូល​ព្រះ​ ​វិស្ណុ​ ​ដែល​ជា​រូបតំណាង​នៃ​ខេត្តតាកែវ​ ​មិនមែន​ជា​កន្លែង​ដែល​យើង​ធ្លាប់តែ​ឃើញ​មាន​មនុស្ស​អ៊ូអរ​ដូច​នៅ​ភ្នំពេញ​ឡើយ​ ​តែ​ជា​រូបសំណាក​មួយ​ដែល​ឈរ​សម្តែង​ឫទ្ធិ​យ៉ាងសង្ហា​តែម្នាក់ឯង​និង​គ្មាន​ការ​រំខាន​ពី​មនុស្សម្នា​ទាំងឡាយ​ដែល​រស់នៅ​ទីនោះ​ឡើយ​ ​ក៏ប៉ុន្តែ​រង្វង់​វិមានឯករាជ្យ​ដែល​ជា​ស្នូល​កណ្តាល​នៃ​ក្រុង​ដូនកែវ​បែរជា​មាន​សកម្ម​ភាព​ខ្លះ​ៗ​ដូចជា​ការលក់ដូរ​ចំណីចំណុក​ ​ការ​អង្គុយ​ ​និយាយ​គ្នា​លេង​តាម​បែបផែន​នៃ​ជីវិត​រស់នៅ​របស់​ប្រជាជន​នៃ​ក្រុង​ដូនកែវ​នា​ពេល​រាត្រី​។​ ​ក្រុង​ដូនកែវ​នេះ​ចំជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​មិនសូវ​ចូលចិត្ត​មនុស្ស​អ៊ូអរ​ ​អ​គារ​ខ្ពស់​ៗ​ដូច​នៅ​ភ្នំពេញ​ដែល​ពោរពេញ​ទៅ​ដោយ​ផ្សែង​ពុល​ ​និង​កម្ទេច​ធូ​លី​ល្អិត​ៗ​ដែល​បង្ក​មក​ពី​យានយន្ត​ ​និង​ទោចក្រយាន​យន្ត​ផ្សេង​ៗ​នោះ​ឡើយ​។​ ​

          ​ជា​ក្រុង​ដែល​ទើបតែ​បង្កើត​ឡើង​នៅក្នុង​សម័យ​អាណានិគម​បារាំង​ដែល​ដូន​និង​តា​មួយគូ​ឈ្មោះ​កែវ​បាន​ផ្តល់​ដី​មួយ​កន្លែង​ឲ្យ​ទៅ​បារាំង​ដើម្បី​បង្កើត​ជា​សាលាខេត្ត​ ​ហើយ​ត្រូវ​បារាំង​បាន​ប្រើប្រាស់​នាម​របស់​លោកតា​កែវ​ជា​ឈ្មោះ​នៃ​ខេត្ត​ ​និង​ជីដូន​កែវ​ជា​ក្រុង​ដូនកែវ​ដែលគេ​ហៅ​រហូតមកដល់​សព្វថ្ងៃ​។​ ​អគារ​សាលាខេត្ត​នេះ​ហើយដែល​ស្ថិតនៅ​ក្នុង​បរិវេណ​យ៉ាង​ធំ​ទូលាយ​នៅ​កណ្តាល​ក្រុង​ ​គឺជា​កន្លែង​សម្រាប់​ចៅហ្វាយខេត្ត​បំពេញ​តួរ​នាទី​ ​ហើយ​សព្វថ្ងៃ​នេះ​បាន​ក្លាយជា​អគារ​សម្រាប់​ក្រុមប្រឹក្សា​ក្រុង​មក​បំពេញភារកិច្ច​។​ ​ក្រុង​នេះ​មាន​បី​សង្កា​ត់​ធំៗ​ដូចជា​៖​ ​សង្កាត់​បារាយ​ ​សង្កាត់​រកាក្នុង​ ​និង​សង្កាត់​រកាក្រៅ​ ​ដែល​បែងចែក​ជា​បី​ទិស​ហាក់​មាន​សភាព​ខុសប្លែក​ពីគ្នា​ស្រឡះ​។​ ​ទិសបូព៌​នៃ​ក្រុង​ជា​តំបន់​ដែល​សម្បូរទៅដោយ​សំណង់​អ​គារ​ចាស់​ៗ​បែប​ ​Colonial​ ​ដែល​នៅ​សេសសល់​តាំងពី​សម័យ​បារាំង​និង​សង្គម​រាស្ត្រនិយម​ ​ហើយ​មើលទៅ​ហាក់​នៅ​មាន​សភាព​រឹងមាំ​ជាទីបំផុត​។​ ​អគារ​ខ្លះ​ក៏​នៅតែ​ប្រើប្រាស់​ក្នុង​ក្របខណ្ឌ​រដ្ឋ​ ​ក្លាយជា​អគារ​ដ្ឋ​បាល​ដែល​មាន​មនុស្សម្នា​ចេញចូល​ជា​រៀងរាល់ថ្ងៃ​ឥត​ឈប់ឈរ​ ​តួយ៉ាងដូចជា​ ​សាលាដំបូង​ខេត្តតាកែវ​ ​ដែល​មាន​រចនាប័ទ្ម​នៅតែ​ស្រស់​ស្អាត​ដដែល​។​ ​ក៏​មាន​ផង​ដែរ​នូវ​ ​ផ្ទះ​ស្នាក់នៅ​របស់​ប្រជាជន​សាមញ្ញ​កាលពី​សម័យ​នោះ​ ​ដែល​មាន​ទ្វា​ដែក​រុញ​បញ្ចូល​គ្នា​ ​និង​មាន​ក្បាច់​ផ្កា​តាម​លំនាំ​រចនាប័ទ្ម​កាត់​ចិន​ខ្លះ​ៗ​។​ ​ឃ្លាតឆ្ងាយ​បន្តិច​ទៅ​ភាគ​ខាងកើត​គឺជា​ ​ផ្សារណាត់​ដែល​មានតែ​ដំបូល​ថ្ម​ទ្រវែង​តូច​មួយ​ដែល​អាជីវករ​ភាគច្រើន​ ​បាន​ជួញដូរ​បន្លែបន្លុក​និង​ ​ត្រី​។​ ​ផ្សារ​តូច​នេះ​មិនសូវ​ជា​អ៊ូអរ​ប៉ុន្មាន​ ​ក៏ប៉ុន្តែ​វា​បែរ​ក្លាយជា​កន្លែង​ទេសចរណ៍​ដ៏​គួរឲ្យ​ទាក់ទាញ​មួយ​ ​ដែល​នរ​ណាៗ​ក៏​មក​ទស្សនា​និង​ផ្តិត​រូបភាព​សកម្មភាព​និង​រចនាប័ទ្ម​នៃ​ផ្សារ​ចំណាស់​នេះ​គ្រប់​ៗ​គ្នា​។​ ​រវល់​តែ​គយគន់​មើល​ទិដ្ឋភាព​ដ៏​គួរឲ្យ​ចង់​ទស្សនា​នេះ​ ​ទ្រនិចនាឡិកា​ក៏បាន​ចង្អុល​ត្រឹម​ម៉ោង១២​ ​ដែល​នេះ​ហាក់ជា​សញ្ញា​ប្រាប់​យើង​ថា​ដល់ពេល​ដែល​យើង​គួរតែ​ទៅ​ទទួលទានបាយ​ថ្ងៃត្រង់​ហើយ​។​ ​ភោជនីយដ្ឋាន​ ​ជំនោរ​មាត់បឹង​ ​គឺជា​កន្លែង​ដែល​ក្រុមការងារ​សូវ​រី​នបាន​ជ្រើសរើស​ ​ដើម្បី​ភ្លក់​នូវ​វត្ថុ​ទិព្វ​មួយ​ដែល​ល្បី​សុះសាយ​ពេញ​ក្រុង​ដូនកែវ​។​ ​បង្កង​ទន្លេ​ដែល​នរ​ណាៗ​ដែល​បាន​មក​ក្រុង​ចំណាស់​មួយ​នេះ​ក៏​លាន់មាត់​ថា​ឆ្ងាញ់​នោះ​គឺជា​អាហារ​ដ៏​ល្បី​និង​ពេញនិយម​ជាទីបំផុត​សម្រាប់​ទេសចរ​ទាំងឡាយ​ ​ហើយ​វា​ក៏​ជា​និមិត្តរូប​នៃ​ខេត្ត​មួយ​ផលិតផល​មួយ​របស់​ខេត្តតាកែវ​ទាំងមូល​ថែមទៀត​ផង​។​ ​បង្កង​ក្រុង​ដូនកែវ​ ​ដ្បិត​មានតម្លៃ​ថ្លៃ​បន្តិច​មែន​ក៏ប៉ុន្តែ​វា​បែរជា​ធ្វើឲ្យ​ភ្ញៀវ​សប្បាយរីករាយ​ក្នុង​ការ​ទទួលទាន​ជាទីបំផុត​ជាមួយនឹង​ឱជារស​ដ៏​ឈ្ងុយឆ្ងាញ់​នៃ​សាច់​បង្កង​ដ៏​ណែន​ផ្អែម​ល្អ​និង​ស្រស់​ៗ​ទាំងនោះ​។​ ​ក្រោយពី​បាន​ទទួល​បាយ​ថ្ងៃត្រង់​ហើយ​យើង​ក៏បាន​សម្រាក​មួយស្របក់​លើ​អង្រឹង​ក្រោមម្លប់​ឈើ​ត្រឈឹងត្រឈៃ​បំពេ​រអា​រម្ម​ណ៍​ដោយ​វាយោ​មាត់បឹង​ដ៏​ត្រជាក់​ហាក់​ធ្វើឲ្យ​ការសម្រាក​លម្ហែ​មួយ​នេះ​ប្រព្រឹត្តិ​ទៅ​យ៉ាង​មាន​សុភមង្គល​ជាទីបំផុត​។​

          ​រសៀល​ម៉ោង​ ​២ជា​ពេល​មួយ​ដែល​ប្រជាជន​ក្រុង​ដូនកែវ​ទាំងចាស់ទាំងក្មេង​នាំគ្នា​ទៅ​ប្រកបមុខរបរ​ ​និង​បំពេញ​ការ​ងារ​រៀង​ៗ​ខ្លួន​ដែល​នេះ​រឹតតែ​ធ្វើឲ្យ​ក្រុង​ដែល​មិនសូវ​មាន​ចរាចរណ៍​ស្រាប់​ផង​នោះ​កាន់តែ​ស្ងាត់​ថែម​មួយ​កម្រិត​ទៀត​។​ ​ទីកន្លែង​តែមួយគត់​ដែល​យើង​អាច​ទៅ​ស្វែងរក​មនុស្សម្នា​អ៊ូអរ​នោះ​គឺ​មានតែ​នៅ​ភាគ​ខាងលិច​នៃ​ក្រុង​ដែល​ជា​ផ្សារ​ដ៏​ធំ​មួយ​ ​មាន​ស្លាក​ថា​ ​«​ផ្សារ​តាកែវ​»​។​ ​ជុំវិញ​ផ្សារ​សុទ្ធតែ​ជា​ភោជនីយដ្ឋាន​ ​ហាង​លក់​ទូរសព្ទ​ ​និង​ហាង​កាហ្វេ​មួយចំនួន​ដែល​មាន​មនុស្ស​ចេញចូល​និង​ឆ្លងកាត់​ទៅវិញទៅមក​។​ ​នៅ​ពីមុខ​ផ្សារ​គឺ​មានផ្លូវ​បំបែក​ជាច្រើន​ខ្សែ​ដែល​ប្រសព្វ​ជាមួយនឹង​ផ្លូវជាតិ​លេខ​ពីរ​ ​ដែល​មាន​រង្វង់​មូល​ផ្កាឈូក​ជា​រូបតំណាង​ហើយ​នេះ​ជា​កន្លែង​សម្រាប់​ប្រជាជន​បន្តដំណើរ​ទៅកាន់​ទីកន្លែង​គោលដៅ​នានា​ផង​ដែរ​។​ ​ចំនួន​តិចតែ​រួសរាយ​រាក់ទាក់​ ​ប្រជាជន​ក្រុង​ដូនកែវ​ ​តែងតែ​និយាយ​ជាមួយ​ភ្ញៀវ​ប្រកបដោយ​សម្តី​ពិរោះ​ពិសា​លាយឡំ​នឹង​ស្នាមញញឹម​ពព្រាយ​ជាប់មាត់​ជានិច្ច​។​ ​

          ​រសៀល​កាន់តែ​ជ្រាលជ្រេ​ ​ព្រះសុរិយា​រៀបនឹង​អស្តង្គត​នា​រសៀល​ ​ថ្ងៃទី​៦ កើត ​ខែផល្គុន​ ​អាកាសធាតុ​ក្រុង​ដូនកែវ​ពិតជា​ផ្តល់​នូវ​អំណោយផល​យ៉ាង​ល្អជា​មួយ​នឹង​សម្រស់​ផ្ទៃមេឃ​ដ៏​ស្រស់​ស្អាត​ចាំង​ផ្លា​ត​ជាមួយនឹង​ពន្លឺ​ព្រះទិនករ​ពណ៌ក្រហម​ឆ្អិនឆ្អៅ​នា​ឯជើង​មេឃ​ ​និង​ពណ៌ខៀវ​ស្រងាត់​ផាត់​ពីលើ​ ​បាន​បង្កើត​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ស្រទន់​មួយ​បែប​ ​ដូច​រូបគំនូរ​មួយ​ផ្ទាំង​ដ៏​ស្រស់​ល្អ​ផូរផង់​គួរ​ជាទី​គយគន់​បំផុត​។​ ​ត្រលប់​មក​សួនច្បារ​ក្បែរ​មាត់បឹង​វិញ​ ​យើង​ក៏​ចាប់ផ្តើម​ឃើញ​មាន​មនុស្ស​ច្រើន​ឡើង​ៗ​ ​មក​សម្រាក​លម្ហែ​កាយ​ ​ខ្លះមក​ធ្វើលំ​ហាត់ប្រាណ​ ​ខ្លះមក​ជជែកគ្នា​លេង​ ​សំឡេង​ធុង​បាស់​ក៏​ចាប់ផ្តើម​បន្លឺ​ឡើង​ ​បាន​ផ្លាស់​ប្តូរ​ទីក្រុង​កម្សត់​មួយ​នេះ​ ​ក្លាយជា​មាន​ភាព​អ៊ូអរ​ឡើងវិញ​មួយរំពេច​។​ ​«​សួនកុមារ​»​ ​ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ​២០១២​ ​ដែល​មាន​ឧប​ក​រណ៏​ក្មេង​លេង​ ​ដូចជា​រថភ្លើង​ក្រឡាប់​ចក្រ​ ​ឡាន​បុកគ្នា​ ​ប៉ុង​លោត​លេង​ ​និង​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត​ក៏​ចាប់ផ្តើម​មាន​សកម្មភាព​យ៉ាង​មមាញឹក​។​ ​មិនយូរ​ប៉ុន្មាន​ ​ស្បៃ​រាត្រី​អន្ធិកា​ក៏បាន​យាង​មក​គ្រប​ដណ្តប់​មេឃា​ ​បាំង​អស់​ពន្លឺ​ព្រះអាទិត្យ​ជំនួស​មកវិញ​នូវ​ដួងតារា​រះ​ភ្លឹបភ្លែត​។​ ​មនុស្សម្នា​ក៏​កាន់តែ​អ៊ូ​អ​រឡើងៗ​ ​បាន​ធ្វើឲ្យ​សួនច្បារ​នៅ​ខាង​មុ​ខម​ហោ​ស្រប​តាកែវ​កាន់តែ​ដូច​ក្រុងភ្នំពេញ​។​ ​បើ​ទោះបីជា​មនុស្ស​ច្រើនយ៉ាង​ណា​ក្តី​ ​ក៏​គេ​មិនឃើញ​មាន​ឡើយ​នូវ​សំរាម​ពាសវាលពាសកាល​ដែល​បង្កឡើង​ពី​មហាជន​ទូទៅ​ដែរ​។​ ​ភ្លើង​រាត្រី​បាន​បំភ្លឺ​គ្រប់​ទីកន្លែង​ ​បើ​ទោះបីជា​ក្រុង​ដ៏​តូច​ដែល​មាន​ប្រជាជន​តិច​យ៉ាងណាក៏ដោយ​ ​ហើយ​នេះ​ពិតជា​បាន​ឲ្យ​គេ​ពិនិត្យ​ឃើញ​នូវ​ការអភិវឌ្ឍន៍​នៃ​ថ្នាក់ដឹកនាំ​ខេត្ត​ ​ដែល​បាន​រៀបចំ​ក្រុង​បាន​យ៉ាង​ល្អ​ផង​ដែរ​។​ ​វេលា​ម៉ោង​ ​១០​ ​យប់​ផ្លូវ​ក៏​ចាប់ផ្តើម​ស្ងាត់​ឡើងវិញ​ ​ក៏ប៉ុន្តែ​អាជីវករ​ដែល​លក់​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ដូចជា​ ​មីឆា​ ​លត​ឆា​ ​បបរស​ ​គុយទាវ​ ​ក៏ដូចជា​ទឹកក្រឡុក​ ​និង​ភេសជ្ជៈ​ជាច្រើន​ទៀត​ដែល​នៅ​ក្បែរ​បរិវេណ​នៃ​រង្វង់​មូល​វិមានឯករាជ្យ​ ​នៅតែ​បើកភ្លើង​បន្ត​លក់​យ៉ាង​ព្រោងព្រាត​ដដែល​។​

          ​បទពិសោធន៍​នៃ​ការកម្សាន្ត​មួយថ្ងៃ​ពេញ​នៅក្នុង​ក្រុង​ដូនកែវ​បាន​ ​ធ្វើឲ្យ​ក្រុមការងារ​របស់​យើង​ដក់អារម្មណ៍​និង​ចងចាំ​រាល់​សកម្មភាព​ទាំងឡាយ​ដែល​បង្កើត​នូវ​អនុស្សាវរីយ៍​ជាច្រើន​ដែល​មិន​អាច​បំភ្លេច​បាន​។​ ​ទាំងអស់​នេះ​ពិតជា​មិនបាន​ធ្វើឲ្យ​ពួក​យើង​មាន​អារម្មណ៍​ថា​ធុញទ្រាន់​ឬ​ឯកា​ឡើយ​ ​បើ​ទោះបីជា​ស្ងប់ស្ងាត់​យ៉ាងណា​ក្តី​ ​ក៏ប៉ុន្តែ​វា​បែរជា​ធ្វើឲ្យ​យើង​មាន​សេចក្តី​សុខ​ផ្លូវចិត្ត​ ​ផ្លូវកាយ​ ​និង​បំបាត់​អស់​ទុក្ខ​កង្វល់​ទាំងឡាយ​ដែល​បង្កឡើង​ពី​សម្ពាធ​ការងារ​នៅក្នុង​ប្រអប់​ទីក្រុង​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​អ​គារ​ខ្ពស់​ៗ​ជាច្រើន​បាន​មួយ​គ្រា​ផង​ដែរ​៕​

Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS