ថ្មដាសន្តិភាព ពីតំបន់តស៊ូខ្មែរក្រហមក្លាយជារមណីយដ្ឋាន ទឹកអូរធម្មជាតិដ៏ល្បីឈ្មោះ
TRAVEL & LIVING 5 years agoផ្លូវជាតិលេខ ៤៤ ជាសមិទ្ធផលគមនាគមន៍ថ្មីដែលមានប្រវែងប្រហែល១៤០គីឡូម៉ែត្រតភ្ជាប់ក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ មកស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៥។ ផ្លូវជាតិនេះហើយដែលជាតំបន់ប៉ូលកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍ជាច្រើននៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងនោះរួមមានរមណីយដ្ឋានថ្មីមួយឈ្មោះថា “អូរថ្មដាសន្តិភាព” ដែលទើបតែបង្កើតប៉ុន្មានឆ្នាំចុងក្រោយ ហើយមានភ្ញៀវទេសចរជិតឆ្ងាយទៅលេងកម្សាន្តជាច្រើននៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិនានាមិនចេះដាច់។
ទីតាំងនេះតាំងពីសម័យដើមរៀងមកដល់ដើមទសវត្សរ៍ទី៩០ គឺជាតំបន់ព្រៃភ្នំក្រំថ្មដាច់ស្រយាល ជាតំបន់សមរភូមិតស៊ូដ៏ក្តៅគគុករបស់ទាហានកម្មាភិបាលខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្ននេះហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងធ្វើឲ្យភ្ញៀវទេសចរក្នុងស្រុកកាន់តែមកដើរលេងនៅតំបន់នេះច្រើនឡើងៗ។ រមណីយដ្ឋានអូរថ្មដាសន្តិភាព មានទីតាំងស្ថិតនៅភូមិច្រកទៀក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចម្ងាយប្រមាណ៥គីឡូម៉ែត្រពីរង្វង់មូលរូបដំរី ផ្សារកន្ទួត ទីរួមស្រុកឱរ៉ាល់ បត់ស្តាំត្រង់ផ្លូវបំបែកឆ្ពោះទៅកាន់ទឹកជ្រោះជ្រាវ ឃុំអមលាំង។ បើយើងធ្វើដំណើរពីរង្វង់មូលរូបដំរីនោះ យើងនឹងឃើញស្លាកសញ្ញា « អាហារដ្ឋានថ្មដាសន្តិភាព » ជាសម្គាល់នៅខាងស្តាំដៃ ត្រង់ចន្លោះចំណុចបង្គោលគីឡូម៉ែត្រលេខ៦០ និង៦១។ ប៉ុន្តែបើលោកអ្នកធ្វើដំណើរពីអមលាំង មកកាន់រមណីយដ្ឋាននេះវិញ លោកអ្នកនឹងឃើញទីតាំងនេះនៅខាងឆ្វេងដៃ ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីរោងចក្រស្ករស និងចំការអំពៅលីយ៉ុងផាត់ ។
ថ្មដាសន្តិភាព ជារមណីយដ្ឋានទឹកអូរបែបធម្មជាតិស្ទើរតែទាំងស្រុងសុទ្ធសាធ មានទឹកត្រជាក់ស្រេងដូចទឹកអម្រឹតក្រាលគ្របដណ្តប់ដោយម្លប់មែកឈើបែកសាខាត្រឈឹងត្រឈៃដុះប្របមាត់អូរ និងកណ្តាលពោះអូរអមដោយដុំសិលាតូចធំ ធ្វើឲ្យចរន្តទឹកហូរបត់បែនខ្មួលខ្មាញ់តាមចន្លោះថ្ម និងរុក្ខជាតិទាំងនោះបង្កើតបានជាផ្ទាំងទេសភាពបែបដងអូរព្រៃភ្នំយ៉ាងស្រស់ត្រកាល។ ចំណែកបាតខាងក្រោមនៃដងអូរក្រាលដោយខ្សាច់ធម្មជាតិរាបស្មើ ផ្តល់អំណោយផលល្អសម្រាប់ការងូតទឹកលេង និងដើរលេងកម្សាន្តឆ្លងអូរគយគន់ទេសភាពព្រៃព្រឹក្សាលតាវល្លិ៍ដ៏ខៀវស្រងាត់។ នៅផ្នែកច្រាំងខាងលើ និងផ្នែកខាងក្រោមជាប់មាត់ទឹក មានខ្ចុះសង់តម្រៀបជួរលើឆ្នេរខ្សាច់សម្រាប់ឲ្យភ្ញៀវទេសចរប្រុសស្រីទាំងឡាយអង្គុយទទួលទានអាហារបែបជនបទប្រកបដោយបរិយាកាសសែនមនោរម្យជាទីបំផុត។
រីឯនៅលើផ្ទៃទឹកអូរដែលមានខ្យល់បក់កាត់ត្រសៀកៗ គេមានដាក់គ្រែឈើសម្រាប់ភ្ញៀវអង្គុយបរិភោគអាហារផងដែរ ជាពិសេសសម្រាប់អ្នកដែលនិយមចូលចិត្តបរិយាកាសលើទឹកបែបត្រជាក់ៗ។ នៅក្បែរនោះ មានទោងកង់ឡានចងព្យួរទម្លាក់ពីលើមែកឈើសម្រាប់ប្អូនៗកុមារនិងយុវវ័យ ថតលេងកម្សាន្តយ៉ាងស្រស់ស្អាតថែមទៀតផង។ អ្នកគ្រប់គ្រងអាហារដ្ឋាននេះបានប្រាប់ថា ភ្ញៀវអាចមកកម្សាន្តនៅទីនេះបានគ្រប់រដូវ ព្រោះនៅទីនេះមានទឹកហូរកាត់ខួបប្រាំងខួបវស្សា។ ដោយឡែកនៅក្នុងរដូវវស្សា ទោះបីទឹកឡើងច្រើនបន្តិចក៏ដោយ ក៏គេមានចងពោងកង់ឡានអាចឲ្យភ្ញៀវតោងលេងបានយ៉ាងរីករាយដែរ។ គួរ បញ្ជាក់ថា ម្ហូបអាហារដែលភ្ញៀវអាចកុម្ម៉ង់បានរួមមាន មាន់ដុត ត្រីបំពង ត្រីដុតទឹកត្រីស្វាយ ម្ជូរគ្រឿងអង្រ្កង ម្ជូរព្រៃ កង្កែបអាំងឬបំពង មាន់ឆាក្តៅ និងគ្រឿងក្លែម មានតម្លៃសមរម្យ ហើយមិនគិតថ្លៃតូបអង្គុយឡើយ៕
Article by SRIN SOKMEAN