×

BELEZA​ ​ស្លាកយីហោ​សម្លៀកបំពាក់​ខ្មែរ​ម៉ូដ​និយម​កំពុង​ត្រូវចិត្ត​នារី​ការិយាល័យ​ឬ​ស្ត្រី​ប្រឡូក​ក្នុង​វិស័យ​ជំនួញ

NEWS 5 years ago
 
 

            មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ​នាវា​សេដ្ឋកិច្ច​កម្ពុជា​ហាក់​បោះពួយ​ស្ទុះ​លឿនលយ​ទៅមុខ​គួរឲ្យ​កត់សម្គាល់​ ​ខណៈ​ដែល​ឧស្សាហកម្ម​នានា​បាន​រីកចម្រើន​យ៉ាង​សម្បើម​ក្រោយ​មានការ​រួមដៃគ្នា​វិនិយោគ​ពី​វិនិយោគិន​ទាំង​ក្នុង​ ​និង​ក្រៅ​ស្រុក​។​ ​ពី​ប្រទេស​មាន​ចំណូល​កម្រិតទាប​ក្លាយជា​មាន​ចំណូល​មធ្យម​ទាប​ ​ប្រជាជន​មាន​ជីវភាព​ធូរធារ​រី​ឯ​ការយល់​ដឹង​ក៏​កាន់តែ​ខ្ពស់​ ​ហើយ​បើ​ក្រឡេកមក​វិ​ស័យ​ហ្វេ​ហ្សិ​នវិ​ញនោះ​ ​ធនធាន​ជើងចាស់​ជាន់​ថ្មី​ជាច្រើន​រូប​បាន​ចេញ​មក​បង្ហាញ​ស្នាដៃ​ច្នៃ​ម៉ូដ​បង្កើត​ស្លាកយីហោ​ផ្ទាល់ខ្លួន​ ​ខ្លះ​តម្រូវ​ទីផ្សារ​ក្នុង​ស្រុក​ ​ខ្លះទៀត​តម្រូវ​ទីផ្សារ​ទាំង​ក្រៅ​ស្រុក​ ​ដែល​នេះ​បាន​ធ្វើឲ្យ​ផលិតផល​ក្នុង​ស្រុក​កាន់តែ​មាន​សក្តា​ដានុ​ពល​ទីផ្សារ​ទូលំទូលាយ​ឬ​អាច​និយាយ​បាន​ថា​អាច​ប្រកួតប្រជែង​នឹង​យីហោ​អន្តរ​ជា​តិ​ល្បី​ៗ​ផង​ដែរ​។​ ​តួយ៉ាង​ឈាន​មកដល់​លេខ​ថ្មីនេះ​ដែរ​ ​សូ​វរីន​ ​នឹង​នាំ​ប្រិយមិត្ត​មក​ស្គាល់​នូវ​ស្លាកយីហោ​សម្លៀកបំពាក់​ក្នុង​ស្រុក​ថ្មីសន្លាង​មួយ​ក្រោម​ការ​ផ្តួចផ្តើម​ពី​ស្ថាបនិកា​ខ្មែរ​វ័យក្មេង​មួយ​រូប​ដែល​បច្ចុប្បន្ន​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ជាមួយនឹង​ការ​ច្នៃ​ម៉ូដ​ ​ការ​បញ្ចេញ​ខូ​ឡិក​ហ្សិន​ថ្មី​ប្លែក​ពី​យីហោ​ក្នុង​ស្រុក​ដទៃ​ ​ហើយក៏​កំពុង​មាន​ទីផ្សារ​មិនចាញ់​យីហោ​បរទេស​ប៉ុន្មាន​ឡើយ។​ ​

            ​ស្ថិតនៅ​ជាន់ទី១នៃ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ ​BELEZA​ ​គឺជា​ហាង​សម្លៀកបំពាក់​ស្លាកយីហោ​ថ្មី​មួយ​របស់​ខ្មែរ​ដែល​ទើប​លេច​រូបរាង​កាលពី​ថ្ងៃទី​ ​២២​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩នេះ​ដែល​មាន​ ​អ្នកនាង​ ​ឡាង​ ​ស៊ុយ​គាង​ ​ជា​ស្ថាបនិក​ផ្ទាល់​។​ ​ជា​ស្លាកយីហោ​ក្នុង​ស្រុក​មែនពិត​ ​តែបើ​គន់​នឹង​ការ​រៀប​ចំ​ដេ​គ័រ​ហាង​ពណ៌ស​រំលេច​ដោយ​ពណ៌​មាស​យ៉ាង​ទាន់សម័យ​ ​អម​នឹង​សម្លៀកបំពាក់​ម៉ូដ​ទំនើបនិយម​ពី​ម៉ូដ​មួយ​ទៅ​ម៉ូដ​មួយ​ ​ប្រសិនបើ​មិន​ប្រាប់​មិន​ជំនួប​ស្ថាបនិក​យើង​ប្រាកដជា​មិនដឹង​ថា​ ​BELEZA​ ​គឺជា​ម៉ាក​សម្លៀកបំពាក់​ខ្មែរ​ឬ​ច្រឡំ​ថា​ជា​ហាង​ម៉ាក​សម្លៀកបំពាក់​បរទេស​មិនខាន​។​ ​ឈ្មោះថា​ ​BELEZA​ ​គឺជា​ភាសា​ប៉​ទុយ​ហ្គាល់​មានន័យថា​ ​ភាព​ស្រស់​ស្អាត​របស់​ស្ត្រី​ ​ចំណែក​ឯ​ម៉ូដ​និយម​របស់​ ​BELEZA​ ​គឺ​ផ្តោត​ទៅលើ​នារី​ការិយាល័យ​ឬ​ស្ត្រី​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​។​ ​ជាក់ស្តែង​ ​ខូ​ឡិក​ហ្សិន​ថ្មី​ទាំងអស់​របស់​ ​BELEZA​ ​ភាគច្រើន​មាន​ជា​ប្រភេទ​ ​រ៉ូប​ ​អៀម​ ​អាវធំ​ ​និង​ជា​លក្ខណៈ​ឈុត​ខ្លី​វែង​ជាដើម​។​ ​បើ​តាម​ការ​ឲ្យដឹង​បន្ថែម​ពី​ ​ស្ថាបនិក​វ័យ​ ​២៩ឆ្នាំ​ ​ឡាង​ ​ស៊ុយ​គាង​ ​ម៉ូដ​របស់​ ​BELEZA​ ​មិន​ត្រឹមតែ​ស្លៀកពាក់​ពេលធ្វើការ​ឬ​ជំនួប​ដៃគូ​ពាណិជ្ជកម្ម​ប៉ុណ្ណោះទេ​ ​តែ​ជា​ឈុត​បែប​ទាន់សម័យ​ស័ក្តិសម​គ្រប់​កាលៈទេសៈ​តាំងពី​ពេលព្រឹក​រហូតដល់​ពេលល្ងាច​ ​និង​អាច​ស្លៀកពាក់​ចូលរួម​កម្មវិធី​ឬ​ការ​ដើរកម្សាន្ត​ពោរពេញ​ដោយ​ទំនុកចិត្ត​ផង​ដែរ​។​ ​ជាមួយនឹង​ខូ​ឡិក​ហ្សិន​ច្រើន​ម៉ូដ​តម្រូវ​សម្រាប់​ស្ត្រី​វ័យ​ចាប់ពី​ ​២០ឆ្នាំ​ដល់៣០ឆ្នាំ​ ​BELEZA​ ​រមែង​បញ្ចេញ​ខូ​ឡិក​ហ្សិន​ផ្តោត​លើ​ពណ៌៣ជាចម្បង​ ​ដែល​ទី១ពណ៌​ទឹក​ប៊ិក​ជា​ពណ៌​ស្លាក​សញ្ញា​របស់​ខ្លួន​ ​ទី២ពណ៌ខ្មៅ​ជា​ពណ៌​ហ្វេ​ហ្សិន​សមស្រប​គ្រប់​កាលៈទេសៈ​ ​និង​ទី៣ពណ៌​មាស​បង្ហាញ​ពី​ទំនុកចិត្ត​ ​និង​ថាមពល​។​

            ​​យ៉ាងណាមិញ​ ​ជជីកសួរ​ពី​ឫសគល់​នៃ​ការផលិត​សម្លៀកបំពាក់​វិញ​ ​ស្ថាបនិកា​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ ​Fashion​ ​Design​ ​&​ ​Business​ ​Innovation​ ​នៅ​សាកល​វិទ្យាល័យ​លី​មកុ​ក​វីង​ ​និង​ជា​អតីត​សាស្ត្រា​ចារ្យ​បង្រៀន​ផ្នែក​ហ្វេ​ហ្សិន​ឌីហ្សា​ញនៅ​សាកល​វិទ្យាល័យ​នេះ​បាន​ឲ្យដឹង​ថា​ ​អ្នកនាង​បាន​បង្កើត​សហគមន៍​មួយ​ដើម្បី​ផលិត​សម្លៀកបំពាក់​ដែល​មាន​ស្ត្រី​ប្រមាណ​ជា​ ​៧នាក់​អាយុ​ពី​ ​១៧ឆ្នាំ​ដល់​ ​៤០ឆ្នាំ​។​ ​ថ្វី​ដ្បិត​ក្រុមការងារ​តិច​ ​ប៉ុន្តែ​គ្រប់​ផ្នែក​ទាំងអស់​មិនថា​ផ្នែក​កាត់​ ​ផ្នែក​ដេរ​ ​ផ្នែក​ត្រួតពិនិត្យ​ ​សុទ្ធសឹង​យកចិត្ត​ទុកដាក់​ក្នុង​ការផលិត​សម្លៀកបំពាក់​ដោយ​ក្តី​ស្រឡាញ់​ ​និង​សម្រាំង​គុណភាព​ខ្ពស់​ ​ពោល​ទាំង​ម៉ូដ​ ​ទាំង​ថ្នេរ​ដេរ​ម៉ដ្ឋ​ស្មើ​ស្អាត​ល្អ​។​ ​សហគ្រិន​រូប​នេះ​បាន​ឲ្យដឹង​ទៀត​ថា​ ​«​ ​យើង​ព្យាយាម​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​ស្រុក​ដោយ​ក្រណាត់​កាត់​ទាំងអស់​យើង​ទិញ​នៅ​តាម​ទីផ្សារ​ ​និង​ខ្លះទៀត​ប្រមូល​សេសសល់​ពី​រោងចក្រ​ ​ដែល​នេះ​ជាហេតុ​រាល់​ខូ​ឡិក​ហ្សិ​ននី​មួយ​ៗ​រមែង​មាន​ចំនួន​កំណត់​ ​ហើយ​ប្រសិនបើ​ម៉ូដ​ណាមួយ​អស់​ស្តុក​យើង​មិន​កាត់​ទៀត​នោះ​ទេ​ ​ប៉ុន្តែ​យើង​នឹង​ងាក​មក​ច្នៃ​ខូ​ឡិក​ហ្សិន​ថ្មី​បន្ថែម​វិញ​។​ ​ទោះ​យ៉ាងណា​យើង​ក៏​ព្យាយាម​ប្រើប្រាស់​វត្ថុធាតុដើម​ដែល​មានគុណ​ភាព​ខ្ពស់​ដើម្បីឲ្យ​ផលិតផល​ប្រកបដោយ​គុណភាព​ដូចដែល​យើង​យកចិត្ត​ទុកដាក់​ទៅលើ​សង្វាក់​ផលិតកម្ម​ផង​ដែរ​»​។​ ​ជាមួយ​ម៉ូដ​សាមញ្ញ​និយម​តែ​ទាន់សម័យ​ទាក់ទាញ​ខ្ពស់​ ​អ្នកនាង​ ​ឡាង​ ​ស៊ុយ​គាង​ ​គឺជា​អ្នក​ចេញ​ម៉ូដ​ផ្ទាល់​តែម្តង​ ​ដែល​សំខាន់​អ្នកនាង​តែង​បញ្ចេញ​ខូ​ឡិក​ហ្សិន​ថ្មី​សម្រាប់​ដាក់​លក់​នៅ​ហាង​នៅ​រៀងរាល់​មួយ​សប្តាហ៍​ម្តង​។​ ​នេះ​គឺជា​លក្ខណៈ​ពិសេស​របស់​ ​BELEZA​ ​ម្យ៉ាង​ក៏​នឹង​មិន​ធ្វើឲ្យ​ភ្ញៀវ​នឿយណាយ​នឹង​ម៉ូដ​ដដែល​ៗ​ផង​ដែរ។​ ​

            ​ជ្រើសរើស​ទីតាំង​ដំបូង​បំផុត​នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ដែល​ប្រជុំ​ទៅ​ដោយ​ស្លាកយីហោ​បរទេស​ជាច្រើន​ ​សួរ​ថា​តើ​អាច​នឹង​មានការ​ព្រួយបារម្ភ​ទៅលើ​ការប្រកួត​ប្រជែង​ទីផ្សារ​ដែរ​ឬទេ​?​។​ ​ឆ្លើយ​ទាំង​ញញឹម​ម្ចាស់ហាង​រូប​ស្រស់​ ​ឡាង​ ​ស៊ុយ​គាង​ ​លើកឡើង​ដូច្នេះ​ ​«​អាច​មានការ​ព្រួយបារម្ភ​តិចតួច​ដែរ​ ​ព្រោះ​ស្លាកយីហោ​របស់​គេ​ដើរមុន​យើង៤ទៅ​ ​១០ឆ្នាំ​ឯណោះ​ដូចនេះ​ ​ទាំង​ធនធាន​ ​ទាំង​កេរ្តិ៍ឈ្មោះ​ ​និង​ទុន​គេ​មាន​ច្រើនជាង​យើង​ ​ប៉ុន្តែ​ទោះ​យ៉ាងណា​ខ្ញុំ​នឹង​ចាប់​គ្រឹះ​ឲ្យ​រឹងមាំ​ពង្រឹង​ទីផ្សារ​ ​ពង្រឹង​ការផលិត​ ​ការ​ច្នៃ​ម៉ូដ​ ​និង​គុណភាព​មិន​ឲ្យ​ចាញ់​គេ​ឡើយ​»​។​ ​ជាក់ស្តែង​ ​ស្រ្តី​សហគ្រិន​វ័យក្មេង​ពោរពេញ​ដោយ​មហិច្ឆតា​រូប​នេះ​នឹង​មាន​គម្រោង​ពង្រីក​សាខា​ហាង​សម្លៀកបំពាក់​របស់​ខ្លួន​ពីរ​ទៅ​បី​កន្លែង​ទៀត​នៅ​ឆ្នាំ​បន្ទាប់​ ​ព្រមទាំង​មាន​គម្រោង​នាំចេញ​ទៅក្រៅ​ប្រទេស​ទៀតផង​។​ ​

​            ទើប​បើក​ដំណើរការ​រយៈពេល​ខ្លី​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង​ ​BELEZA​ ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ដោយមាន​ការ​បញ្ជាទិញ​ទាំង​នៅ​លើ​បណ្តាញ​សង្គម​ ​និង​នៅ​ហាង​ផ្ទាល់​ ​ឃើញថា​ភាគច្រើន​អតិថិជន​ជា​ជនជាតិ​ខ្មែរ​ ​នេះ​ក៏ដោយ​សារ​ផលិតផល​ដាក់​លក់​ក្នុង​តម្លៃ​សមរម្យ​ចាប់ពី​ ​១០ដុល្លារ​ដល់​ ​៥០​ ​ដុល្លារ​ ​ព្រមគ្នា​នឹង​ម៉ូដ​និយម​ត្រូវចិត្ត​សម្រាប់​ប៉ែក​អាស៊ី​យើង​ ​រួម​ជាមួយ​គុណភាព​ខ្ពស់​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​BELEZA​ ​គម្រោង​នឹង​ច្នៃ​ម៉ូដ​ច្បិច​រំលេច​ជាមួយ​ក្រណាត់​សឹង​ខ្មែរ​បង្កើត​ជា​ខូ​ឡិក​ហ្សិ​នប្រ​ភេទ​ ​Casual​ ​ឬហៅ​ថា​បែប​សាមញ្ញ​និយម​ដែល​អាច​ស្លៀកពាក់​បាន​គ្រប់​កាលៈទេសៈ​ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​យើង​។​ ​មិន​តែប៉ុណ្ណោះ​ ​ក្រៅពី​ខូ​ឡិក​ហ្សិ​នបែប​អ្នកធ្វើការ​និង​ជំនួញ​ ​ឆាប់​ៗ​នេះ​ ​BELEZA​ ​នឹង​បញ្ចេញ​ខូ​ឡិក​ហ្សិ​នពិ​សេស​ទៅលើ​ឈុត​បែប​រា​ត្រី​សមោលស​ផង​ដែរ​។​ ​ជាចុងក្រោយ​ក្នុងនាម​ជា​ស្ថាបនិក​បង្កើត​ស្លាកយីហោ​សម្លៀកបំពាក់​របស់​ខ្មែរ​ ​អ្នកនាង​ ​ឡាង​ ​ស៊ុយ​គាង​ ​បាន​មាន​មតិ​ផ្តាំផ្ញើ​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​គ្រប់រូប​ជួយ​លើកស្ទួយ​នូវ​អ្វី​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ​ ​គាំទ្រ​ផលិតផល​ខ្មែរ​ ​ដើម្បី​ផលិតផល​ក្នុង​ស្រុក​កាន់តែ​រីកចម្រើន​មាន​ទីផ្សារ​ហើយក៏​ដើម្បីឲ្យ​ជាតិសាសន៍​ដទៃ​មើលឃើញ​ថា​ខ្មែរយើង​ក៏​មាន​ផលិតផល​ជា​របស់​ខ្លួន​ ​និង​គុណភាព​មិនចាញ់​បរទេស​ឡើយ៕​ ​

​Article​ ​by​ ​HEM​ ​SOKKHIM​


SUGGESTIONS