ភូមិម៉ាយ៉ា ទីឋានលម្ហែស្ងប់ស្ងាត់នៅជិតបង្កើយក្រុងភ្នំពេញដែលអ្នកមិនធ្លាប់បានស្គាល់
TRAVEL & LIVING 5 years agoមនុស្សច្រើនណាស់ដែលមានបំណងប្រាថ្នាចង់ស្វែងរកទីតាំងលម្ហែកាយដ៏សុខស្ងប់ទាំងផ្លូវចិត្តទាំងផ្លូវកាយ ចៀសផុតពីការរំខានដោយសម្លេង ការបំពុលដោយផ្សែងយានយន្ត និង រោងចក្រសហគ្រាសនានា ព្រមទាំងភាពខ្វាត់ខ្វែងនៃចរាចរណ៍ទាំងយប់ទាំងថ្ងៃដែលសុទ្ធសឹងជាកត្តានាំទៅរកភាពតប់ប្រមល់ផ្លូវចិត្ត និង ផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្ស។ នៅពេលដែលយើងនាំគ្នាគិតមធ្យោបាយគេចចេញពីបញ្ហាទាំងអស់នេះ មនុស្សភាគច្រើនតែងតែគិតដល់ការស្វែងរកកន្លែងឆ្ងាយដាច់ស្រយាលនៅតាមបណ្តាខេត្តជាក់ជាមិនខានដើម្បីបន្ធូរអារម្មណ៍ឲ្យស្រស់ស្រាយឡើងវិញ ប៉ុន្តែអ្វីដែលសំខាន់នោះគឺពួកយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើដំណើរទៅឆ្ងាយ ឬ មិនមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយទៅកាន់ទីកន្លែងទាំងនោះ។ ហេតុនេះហើយ យើងគួរងាកមកសម្លឹងមើលទីកន្លែងដែលនៅជិតៗទីក្រុង ប៉ុន្តែមានបរិយាកាសល្អប្រសើរ និង សក្តានុពលទាក់ទាញច្រើនសម្រាប់ដំណើរកម្សាន្តរយៈពេលខ្លី ដែលធ្វើឲ្យយើងចំណេញទាំងពេលវេលា ចំណេញទាំងកម្លាំងកាយ និង ធនធានថវិកាផងដែរ។ តោះ! មកស្គាល់កន្លែងលម្ហែកាយថ្មីមួយដែលទើបនឹងរះឡើងកណ្តាលភូមិអរិយក្សត្រ ត្រើយម្ខាងក្រុងភ្នំពេញ ដែលសំបូរអ្នកដំណើរឆ្លងកាត់ ប៉ុន្តែមិនសូវស្គាល់ ដោយសារវាហ៊ុមព័ទ្ធទៅដោយចំការផលានុផលដ៏ធំល្វឹងល្វើយ ប្រៀបបាននឹងបុប្ផាជាយក្រុងមួយទងដែលកំពុងរីកបាំងសន្លឹកតែចោលក្លិនឈ្ងុយឈ្ងប់ជ្រួតជ្រាបនាសាទេសចរផ្សងព្រេង។
អរិយក្សត្រជាទឹកដីប្រវត្តិសាស្រ្តដ៏ចំណាស់ដែលមានចារក្នុងឯកសារមហាបុរសរដ្ឋ និង សៀវភៅប្រវត្តិសាស្រ្តខ្មែរ។ ត្រង់ចំណុចវត្តអរិយក្សត្រសព្វថ្ងៃជាកន្លែងជ័យភូមិដែលព្រះបាទស្រីសុរិយោពណ៌ សោយរាជ្យចន្លោះពីគ.ស. ១៦០១ ដល់ គ.ស.១៦១៨ (ក្នុងសតវត្សរ៍ទី១៧) ទ្រង់បានបញ្ជាឲ្យគេសង់ព្រះរាជវាំង ហើយគ្រងរាជ្យនៅទីនោះពីគ.ស.១៦០៣ និង គ.ស.១៦១៣។ ក្រោយព្រះរាជបុត្រទ្រង់ព្រះនាម ព្រះបាទជ័យជេដ្ឋាទី២ ឡើងសោយរាជ្យបន្តក្នុង គ.ស. ១៦១៨ ព្រះស្រីសុរិយោពណ៌គង់នៅជាឧភយោរាជរហូតសោយទិវង្គតនៅព្រះរាជវាំងនោះក្នុងព្រះជន្មាយុ ៦៤ ព្រះវស្សា។ ក្រោយមក ក្នុង គ.ស. ១៦២០ ព្រះបាទជ័យជេដ្ឋាទី២ ក៏បោះបង់រាជវាំងល្វាឯមមកតាំងរាជធានីថ្មីនៅក្រុងឧដុង្គ ប៉ុន្តែទីនោះនៅជាប់ឈ្មោះថា អរិយក្សត្រ (មានន័យថា ស្តេចដ៏ប្រសើរ) រហូតមកដល់សព្វថ្ងៃ។ ប៉ុន្តែលុះដល់ចំណេរកាលសតវត្សរ៍ទី២១ថ្មីនេះ អតីតរាជធានីអរិយក្សត្រនេះត្រូវបានអភិវឌ្ឍកែប្រែមុខមាត់ក្លាយជាអរិយដ្ឋានសម្រាប់អ្នកដំណើរជិតឆ្ងាយ។
ផ្ទះស្នាក់ភូមិម៉ាយ៉ា ឬ Maya Village មានទីតាំងស្ថិតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដែលមានចម្ងាយត្រឹមតែ២គីឡូម៉ែត្រប៉ុណ្ណោះពីកំពង់ចម្លងអរិយក្សត្រ។ ដើម្បីទៅដល់ទីតាំងនេះ អ្នកដំណើរត្រូវឆ្លងសាឡាងពីភ្នំពេញត្រង់ចំណុចគល់ស្ពានកោះពេជ្រជិតក្រោយសណ្ឋាគារកាំបូឌីយ៉ាណាឆ្ពោះទៅកាន់ឃុំអរិយក្សត្រឯត្រើយម្ខាង រួចបន្តដំណើរទៅត្រង់កាត់តាមផ្សារហនុមានអរិយក្សត្រទៅដល់ចំណុចវត្តសុវណ្ណសាគរ ហើយបន្តទៅមុខត្រង់បន្តិចទើបឃើញផ្លូវលំតូចមួយនៅខាងស្តាំដៃរបស់អ្នកដែលមានស្លាកសញ្ញា Maya’s Garden ជាសម្គាល់។ លោកអ្នកត្រូវបត់តាមផ្លូវ Maya’s Garden នោះប្រមាណ៩០០ម៉ែត្រទើបឃើញទ្វាររបងប្ញស្សីមួយនៅខាងឆ្វេងដៃ នោះហើយជាទីតាំងសម្រាកលម្ហែភូមិ ម៉ាយ៉ា ឬជាភាសាឡាតាំងហៅថា Maya Village។
ភូមិម៉ាយ៉ាជាតំបន់ដីទំនាបជិតដីសណ្តមាត់ទន្លេមេគង្គដែលជាភូមិសាស្រ្តអំណោយផលល្អដល់ វិស័យកសិកម្ម។ ដូចនេះហើយ ទើបយើងសង្កេតឃើញថា នៅជុំវិញផ្ទះលម្ហែភូមិម៉ាយ៉ាសុទ្ធសឹងតែចំការស្វាយ និង ដំណាំថ្លែឈើហូបផ្លែចោលម្លប់ត្រឈឹងត្រឈៃស្ងប់ស្ងាត់ត្រជាក់ត្រជុំរមនាខុសប្លែកពីតំបន់ទីក្រុងដាច់ស្រឡះហៅមិនឮ។ ស្ថិតក្នុងបរិវេណដីចំការភូមិដែលមានទំហំជិតមួយហិកតា ផ្ទះលម្ហែបែបប្រពៃណីចាស់ៗចំនួន០៤ធំៗត្រូវបានរុះរើយកមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាមកប្រមូលផ្តុំគ្នាបង្អួតភ្នែកភ្ញៀវទេសចរដែលមកស្នាក់នៅ ក្នុងនោះរួមមាន តំបន់ទួលគោក និង តំបន់គីឡូម៉ែត្រលេខ៨ (រាជធានីភ្នំពេញ) ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង និង តំបន់គគីរកៀនស្វាយ ខេត្តកណ្តាល។ ផ្ទះនីមួយៗសុទ្ធសឹងតែសង់អំពីឈើតាមក្បួនខ្នាតស្ថាបត្យកម្មលំនៅស្ថានប្រពៃណីខ្មែរពីបុរាណ ហើយម្ចាស់ផ្ទះដើមនៃផ្ទះទាំង៤នោះក៏មានតំណែងឋានៈផ្សេងៗគ្នាដែរកាលពីជំនាន់មុន ដែលជាហេតុបណ្តាលឲ្យផ្ទះនីមួយៗមានរចនាបថជាក់លាក់ប្លែកទីទៃពីគ្នា។
ជាក់ស្តែង ផ្ទះមួយក្នុងចំណោមផ្ទះទាំង៤នោះ គឺផ្ទះទីបីដ៏ធំស្កឹមស្កៃដែលយើងឃើញរាប់ពីទ្វារចូលនោះ ជាអតីតផ្ទះអ្នកជំនួញស្តុកស្តម្ភកាត់សែស្រលាយចិនម្នាក់នៅភ្នំពេញដែលត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ១៩៦១ ហើយបញ្ចប់ការសាងសង់នៅឆ្នាំ១៩៦៣។ បើវិភាគអំពីរចនាបថស្ថាបត្យកម្ម ផ្ទះនេះត្រូវបានចាត់បញ្ចូលជាប្រភេទផ្ទះកន្តាំង (ក្លាយ) ដំបូលក្រពើហាដែលកម្របានឃើញក្នុងប្រទេសកម្ពុជាសម័យបច្ចុប្បន្ន។ ផ្ទះនេះសង់ខ្ពស់ស្រឡះផុតពីដីទ្រដោយសសរបេតុងអារមេ។ នៅខាងក្រោមផ្ទះមានកង់ដាក់តម្រៀបជួរសម្រាប់ឲ្យភ្ញៀវទេសចរជិះលេងកម្សាន្តក្នុងបរិវេណផ្ទះលម្ហែ ឬ ជិះគយគន់ទេសភាពនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិអរិយក្សត្រដែលរស់នៅក្បែរទីតាំងនេះ។ នៅលើផ្ទះ មានល្វែងកណ្តាលធំទូលាយជាវាលលំហដែលអាចប្រើប្រាស់ជាកន្លែងអង្គុយលេង ជាកន្លែងទទួលភ្ញៀវ និង ជាកន្លែងប្រជុំការងារក្រុមផ្សេងៗ តាមតម្រូវការរបស់ភ្ញៀវ។ នៅកណ្តាលផ្ទះ មានការរៀបចំជាសាឡុងអង្គុយយ៉ាងសមរម្យ លម្អដោយអំពូលភ្លើងដែលមានក្បាច់រចនាល្អវិចិត្រចោលពន្លឺក្រហមស្រទន់សមស្របតាមបរិយាកាសជុំវិញឥតខ្ចោះ និង មានសៀវភៅជាច្រើនដាក់តាំងសម្រាប់អានលម្ហែអារម្មណ៍ពេលអង្គុយលេងផងដែរ។
ក្រៅពីកន្លែងទទួលភ្ញៀវ នៅមានផ្ទះបាយកណ្តាលវាលដែលមានខ្យល់អាកាសចេញចូលល្អ អាចឲ្យភ្ញៀវចម្អិនអាហារបរិភោគដោយខ្លួនឯងបានយ៉ាងសប្បាយ។ ប៉ុន្តែភ្ញៀវក៏អាចស្នើឲ្យម្ចាស់ផ្ទះរៀបចំសេវាកម្មបម្រើម្ហូបអាហារបានដែរ ក្នុងករណីចាំបាច់ ដូចជា កម្មវិធីប្រជុំ សិក្ខាសាលា ឬ ការកម្សាន្តនៅទីនេះរយៈពេលខ្លី។ បើនិយាយពីម្ហូបវិញនោះ ផ្ទះលម្ហែភូមិម៉ាយ៉ាពុំមានជាបញ្ជីរាយនាមមុខម្ហូបសម្រាប់ភ្ញៀវកុម្ម៉ង់ជាប្រចាំនោះទេ ព្រោះថាម្ចាស់ផ្ទះតែងតែចេញទៅផ្សារក្រមួនក្នុងភូមិជារៀងរាល់ព្រឹកដើម្បីរកមើលបន្លែត្រីសាច់ស្រស់ដែលអ្នកភូមិរកបានយកមកដាក់លក់បន្តិចបន្តួច ដូចនេះមានន័យថា បើទៅផ្សាររកទិញបានអ្វី នោះគេនឹងយកវាមកចម្អិនជាមុខម្ហូបឲ្យភ្ញៀវទទួលទានតែម្តង។ ម្ហូបបែបខ្មែរជនបទស្រុកស្រែចំការដែលម៉ាយ៉ាធ្លាប់រៀបចំជូនភ្ញៀវដែលបានមកដល់រួមមានជាអាទិ៍ ដូចជា ទឹកគ្រឿងអន្លក់ខ្ចី ហហ្មុកសាច់ត្រី បបរត្រីស្រែ បាញ់ហយ ឬ បាញ់ឆែវបន្លែធម្មជាតិ សម្លផ្សិត សម្លម្ជូរដើមចេកត្រីជញ្ជាត់ និង បង្អែមផ្លែឈើស្រស់។ល។
ផ្ទះនីមួយៗមានបន្ទប់គេងចំនួនពីរ លើកលែងតែផ្ទះដែលបានរៀបរាប់ខាងលើដែលមានបន្ទប់គេងរហូតដល់ទៅបី។ បន្ទប់គេងទាំងនោះត្រូវបានរៀបចំតុបតែងបែបសាមញ្ញតែស្រស់ស្អាតគួរឲ្យចង់ស្នាក់នៅជាពន់ពេក ជាពិសេសគឺដូចដែលយើងដឹងស្រាប់ហើយថា បន្ទប់គេងផ្ទះប្រពៃណីខ្មែរយើងមានបង្អួចធំស្រឡះ មានពន្លឺនិងខ្យល់គ្រប់គ្រាន់ មិនចាំបាច់ប្រើម៉ាស៊ីនត្រជាក់ដូចអគារខុនដូ ឬ ផ្ទះល្វែងនៅកណ្តាល ក្រុងឡើយ។ រីឯបន្ទប់វិញក៏មានលក្ខណៈធំទូលាយហើយត្រូវបានសាងសង់តាមក្បួនខ្នាតបច្ចេកទេសបុរាណលាយសម័យដែលផុសចេញពីគំនិតច្នៃប្រតិដ្ឋថ្មីរបស់អ្នកនាង ម៉ាយ៉ា ដែលជាម្ចាស់គម្រោងផ្ទះលម្ហែភូមិ ម៉ាយ៉ានេះផ្ទាល់តែម្តង។ ជាក់ស្តែង បើមើលពីខាងក្រៅ បន្ទប់ទឹកហាក់ដូចជាបន្ទប់គេងមួយនៃផ្ទះឈើបុរាណខ្មែរ ប៉ុន្តែនៅពេលដែលលោកអ្នកបើកទ្វារចូលទៅខាងក្នុងភ្លាម លោកអ្នកច្បាស់ជាភ្ញាក់ផ្អើលលាន់មាត់ជាក់ជាមិនខាន ព្រោះនៅខាងក្នុងបំពាក់ទៅដោយសម្ភារបរិក្ខារបន្ទប់ទឹកទំនើបមិនចាញ់សណ្ឋាគារផ្កាយ៥ប៉ុន្មានទេ គួបផ្សំនឹងជំនាញតុបតែងលម្អផ្សារភ្ជាប់នឹងវត្ថុសិល្បៈបែបធម្មជាតិមួយចំនួន ដូចជា សំបកសិប្បីសត្វមានសណ្ឋានប្លែកៗដែលរើសបាននៅតំបន់មាត់សមុទ្រ ជាដើម។
អ្វីដែលសំខាន់គឺ បន្ទប់ទឹកសង់ពីបេតុងអារមេ ប៉ុន្តែសង់លើសំណង់ផ្ទះឈើដែលមានវ័យចំណាស់ ដែលអាចចាត់ទុកថាជាគំនិតស្ថាបត្យកម្មកម្រមិនងាយធ្វើបាន ព្រោះជាទូទៅ ចំពោះផ្ទះឈើប្រពៃណីសង់ផុតពីដីបែបនេះ គេច្រើននិយមសង់បន្ទប់ទឹកនៅផ្ទាល់ដី ដាច់ដោយឡែកពីផ្ទះធំ ឬ នៅខាងក្រោមផ្ទះ។ បើគេធ្វើនៅលើផ្ទះ គេនិយមធ្វើបន្ទប់ទឹកពីក្តារឈើដូចគ្នា ឬ ជាប្រភេទក្តារកុងប្លាកេស្រាលៗយកមកឃាំងខណ្ឌបិទបាំងតែប៉ុណ្ណោះ។ នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗនៃសំណង់ស្ថាបត្យកម្មដ៏គួរឲ្យចាប់អារម្មណ៍ក្នុងភូមិលម្ហែម៉ាយ៉ាតែបុណ្ណោះ ប៉ុន្តែតាមពិតទីនេះមានអ្វីជាច្រើនទៀតដែលអាចឆក់ស្រូបដួងចិត្តអ្នកទេសចរឲ្យមកម្តងហើយចង់មកម្តងទៀតមិនចេះជិនណាយ។ សូវរីនសូមណែនាំថា ប្រសិនបើបានទៅលម្ហែនៅភូមិម៉ាយ៉ា សូមកុំភ្លេចដើរផ្សារក្រមួន រៀនធ្វើម្ហូបបែបអ្នកស្រុក និង ជួយគាំទ្រផលិតផលសិប្បកម្មសម្ភារៈតម្បាញបែបប្រពៃណីខ្មែរដែលដាក់តាំងលក់នៅទីនោះផង ប៉ុន្តែជាទូទៅ លោកអ្នកត្រូវកុម្ម៉ង់ទុកជាមុន ព្រោះនៅទីនោះមិនមានធ្វើស្តុកទុកលក់ច្រើនដូចតាមហាងធំៗនោះទេ៕
Article by SRIN SOKMEAN