ឈុតសម្លៀកបំពាក់ប្រមាណជាង២០ឈុតបានបង្ហាញពីទិដ្ឋភាពនាខេត្តបាត់ដំបង
FASHION & BEAUTY 4 years agoខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្តានុពលល្អៗជាច្រើន តួយ៉ាង ភោគទ្រព្យ ដំណាំស្រូវ ភាពច្នៃប្រតិដ្ឋរបស់ស្រទាប់យុវវ័យ ឬការរៀបចំនូវព្រឹត្តិការណ៍ប្លែកៗដែលធ្វើឲ្យមានភាពទាក់ទាញយ៉ាងខ្លាំង ក៏ព្រោះតែគេចង់បង្ហាញនូវទេពកោសល្យរបស់គេទៅកាន់សាធារណជនជាដើម។ ជាក់ស្តែង ព្រឹត្តិការណ៍ដែលទើបតែកន្លងទៅ «ជំនោរ art» គេសង្កេតឃើញថាការបង្ហាញម៉ូដសម្លៀកបំពាក់ហ្វេហ្សិនប្រមាណជាង២០ឈុតដ៏មានប្រជាប្រិយភាព និងទាក់ទាញនេះបានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅនៃខេត្តបាត់ដំបង។ ហេតុដូចនេះ តើមានកត្តាអ្វីខ្លះដែលបានជំរុញឲ្យអ្នកច្នៃម៉ូដវ័យក្មេងរចនាម៉ូដសម្លៀកបំពាក់ទាំងអស់នេះ?
លោក ហ៊ិន គឹមយាន ស្ថាបនិកនៃក្រុមច្នៃម៉ូដ «ទេពច្យុត Art Fashion» បានបញ្ចប់ការសិក្សាផ្នែកហ្វេហ្សិនឌីហ្សាញ និងបច្ចុប្បន្នជាគ្រូបង្រៀនផ្នែកនេះនៃសាលាហ្វារពន្លឺសិល្បៈ ជាអ្នករចនាម៉ូដសម្លៀកបំពាក់កែច្នៃប្រកបដោយភាពស៊ីវិល័យរំលេចដោយពណ៌មាស និងពណ៌លឿង ក្នុងព្រឹត្តិការណ៍នៃពិព័រណ៍ «ជំនោរ art»។ អ្នកច្នៃម៉ូដវ័យក្មេងនេះបានឲ្យដឹងយ៉ាងដូច្នេះថា «ការរចនាសម្លៀកបំពាក់ប្រមាណជាង២០ឈុតនេះបានផ្តោតសំខាន់ទៅលើបរិស្ថាន និងបរិវេណនៃទីក្រុងបាត់ដំបង តួយ៉ាង ការប្រើប្រាស់ប្លាស្ទិកដែលបានផ្តល់នូវភាពអវិជ្ជមាន ដល់សុខភាព និងបំផ្លាញសម្រស់បរិស្ថានដែលធ្លាប់តែស្រស់បំព្រង»។ លោក គឹមយានបានលើកឡើង «សម្ភារដែលខ្ញុំបានប្រើប្រាស់នេះសុទ្ធតែប្លាស្ទិកដែលគេបានបោះចោលតាមដងផ្លូវមានដូចជាកែវជ័រ ប្រអប់ជ័រ ថង់ប្លាស្ទិក»។ ជាមួយគ្នានេះដែរ លោកបានបន្តផងដែរថា «ឈុតសម្លៀកបំពាក់ដែលខ្ញុំច្នៃភាគច្រើនសំដៅទៅលើពណ៌លឿង និងពណ៌មាសដែលបង្ហាញពីសំណង់អគារមួយចំនួននៅទីនេះគេច្រើនពណ៌ទាំងពីរនេះ ជាពណ៌ដែលប្រជាជនក្នុងតំបន់និយមប្រើ ដំណាំស្រូវ ហើយទាំងអស់នេះជាអត្តសញ្ញាណមួយដ៏មានតម្លៃ ចឹងហើយទើបខ្ញុំប្រើពណ៌នេះ។» ម៉្យាងវិញទៀត សម្រាប់គ្រឿងតុបតែងកាយដែលបានតុបតែងនឹងម៉ូឌែល រចនាក្នុងការជ្រើសរើសក្រដាសកេសក្នុងការច្នៃ ទៅជាម៉ូដផ្សេងៗគួរឲ្យគយគន់ផងដែរ។
ជាចុងក្រោយ លោក ហ៊ិន គឹមយាន បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងដូច្នេះថា «យើងគួរតែកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិកទើបជាចំណែកមួយក្នុងការថែទាំបរិស្ថាន និងសុខភាពរបស់យើង ទើប
មានន័យថាយើងពិតជាស្រឡាញ់បរិស្ថាន ពិភពលោក និងផែនដីទាំងមូលនេះពិតប្រាកដ»៕
Article by PAN SIVLY