×

ទៅ​លេង​ក្រចេះ! កុំ​ភ្លេច​ឆៀង​ចូល​សង្កាត់​កោះទ្រង់​ដែល​ជា​សហគមន៍​ទេសចរណ៍​ដ៏​មាន​សក្តានុពល

TRAVEL & LIVING 4 years ago
 
 

          « រំដួល​ក្រចេះ អូន​ដុះ​ឆ្ងាយ​ក្រុង បេះដូង​បង​លង់ សម្រស់​ផូរផង់​ប្រិមប្រិយ....»  ជា​មរតក​សំនៀង​ដ៏​លន្លង់​លន្លោច​ក្រោម​ទឹក​ដម​សំឡេង​របស់​លោក កែវ សារ៉ាត់ ដែល​បាន​បញ្ចេញ​សូរ​សៀង​ ច្រៀង​រៀបរាប់​ពី​កុលាប​មួយ​ទង​ ដែល​រីក​លាក់​ខ្លួន​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​ក្រចេះ។ បើ​យើង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​នៃ​ភូមិ​ភាគឦសាន​នៃ​ប្រទេស​មួយ​នេះ​ ​គឺ​មាន​ប្រវែង៣១៥ គីឡូម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ០៧ និង​លេខ១៣ ដែល​នេះ​អាច​និយាយ​បាន​ថា វា​ជា​ទឹក​ដី​មួយ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ទី​ក្រុង ត្រូវ​ប្រើ​រយៈ​ពេល​យូរ​ម៉ោង​ទម្រាំ​តែ​ទៅ​ដល់​ ប៉ុន្តែ​ប្រសិន​បើ​យើង​ដាក់​ចិត្ត​ដោយ​មនោ​សញ្ចេតនា​ទៅ​លើ​សម្រស់​នៃ​ទឹក​ដី​ក្រចេះ​នេះ​ នោះ​យើង​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា​ ក្រចេះ​នៅ​ជិត​បង្កើយ​ ​នៅ​ជាប់​នឹង​ក្រអៅ​បេះដូង​ ដូច​ដែល​សំនៀង​លោក កែវ សារ៉ាត់ បង្ហើរ​ចុង​ក្រោយ​ឡើង​ថា ក្រចេះ ភ្នំពេញ​ វិល​វិញ​មិន​ឆ្ងាយ ។ ជា​ការ​ពិត​ណាស់ ​ក្រចេះ ​ជា​ខេត្ត​ដែល​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌ ប្រវត្តិ​សាស្ត្រ ធនធាន​ធម្មជាតិ និង​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង​ដែល​ជា​ឱសថ​ព្យាបាល​អារម្មណ៍​ភ្ញៀវ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ទី​នោះ ​ឲ្យ​ធូរ​ស្បើយ​ពី​ភាព​តាន​តឹង​ នា​ថ្ងៃ​ចុង​សប្តាហ៍។ ក្នុង​នោះ ​តំបន់​កម្សាន្ត​ក៏​ដូច​ជា​បណ្តុំ​នៃ​រមណីយដ្ឋាន​ជា​ច្រើនកន្លែង ដែល​រួម​មាន​ដូច​ជា ព្រែក​កាំ​ពី ​អន្លង់​ផ្សោត​ ភ្នំ​សំបុក​ ភ្នំ​សុពណ៌​កាឡី ​កោះទ្រង់ និងវិហារ​សសរ​មួយ​រយ ​ដែល​ជា​អារាម​ប្រវត្តិ​សាស្ត្រ​ស្ថិត​នៅ​ក្នុង​ស្រុក​សំបូរ​ជា​ដើម​ គឺ​សុទ្ធ​តែ​ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជា​ប្រិយភាព ក្នុង​ចំណោម​រមណីយដ្ឋាន​ដទៃ​ទៀត​ទាំង ១៦ នៃ​ដែនដី​ដែល​ផ្សារ​ភ្ជាប់​ខ្លួន​ទៅ​នឹង​គង្គា​ទន្លេ​មេគង្គ​នេះ​តែ​ម្តង។ ជា​ទូទៅ ភ្ញៀវ​ទេសចរ​ជា​ច្រើន​ ដែល​បាន​ចូល​ទៅ​ទស្សនា​តាម​រមណីយដ្ឋាន​នានា​នៅ​លើ​ទឹក​ដី​ខេត្ត​ក្រចេះ​ហើយ តែង​តែ​មិន​ភ្លេច​ឡើយ ជាមួយ​នឹង​ការ​ឈាង​ចូល​ទៅ​ភ្លក្ស​រសជាតិ​ផ្លែក្រូច​ថ្លុង​ ដែល​ជា​ផល្លា​នុផល​ធម្មជាតិ​ដ៏​ល្បី និង​ទទួល​បាន​ការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ឡើយ។ នោះ​គឺ​មាន​តែ​មួយ​គត់​ ដែល​ស្ថិត​នៅ​លើ​កោះ​ទ្រង់​ ដែល​ជា​កោះ​មួយ​ត្រូវ​បាន​ប្រជាជន​ក៏​ដូច​ជា​ភ្ញៀវទេសចរ​ឧទ្ទេសនាម​ឲ្យ​ថា ជា​បេះដូង​ទេសចរណ៍​ទាក់​ទាញ​ទី​ពីរ​ ប្រចាំ​ខេត្ត​ បន្ទាប់​ពី​រមណីយដ្ឋាន​ព្រែក​កាំពី​ផង​ដែរ។

          ដោយ​សង្កេត​ឃើញ​ពី​កំណើន​ភ្ញៀវទេសចរ ចេះ​តែ​កើន​ឡើង​ជា​លំដាប់ ពោល​គឺ​មាន​ដល់​ទៅ​ជាង ១៨៧០០​នាក់​ក្នុង​ឆ្នាំ​ ២០១៨ ហើយ​កើន​ឡើង​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០១៩ ដែល​នេះ​ជា​ការ​ចាប់​អារម្មណ៍​មួយ​យ៉ាង​ខ្លាំង​ រហូត​ទាក់​ទាញ​ឲ្យ​ក្រុម​ការងារ សូវរីន នាំ​គ្នា​ចំណាយ​ពេល​បន្ទាប់​ពី​ហត់​នឿយ​នឹង​ការងារ​មក​ធ្វើ​ដំណើរ​កម្សាន្ត ហើយ​ស្រប​ពេល​នេះ​ដែរ ​យើង​ក៏​សូម​នាំ​អារម្មណ៍​លោក​អ្នក​ទៅ​កម្សាន្ត​សប្បាយ​នឹង​ដំណើរ​ទេសចរណ៍​បែប​ធម្មជាតិ​មួយ​នេះ​ទៀត​ផង​  ​ក៏​ដើម្បី​ផ្តិត​យក​រូប​ភាព ក៏​ដូច​ជា​បណ្តែត​ចំណី​ចក្ខុ​ទៅ​លើ​សោភ័ណភាព សម្រស់​ដ៏​ស្រស់​ត្រកាល​នៅ​លើ​ទឹក​ដីសង្កាត់​កោះទ្រង់​នៃ​ខេត្ត​ក្រចេះនេះ​ផង​ដែរ។

          គ្រាន់​តែ​ចូល​មក​ដល់​ទឹក​ដី​នៃ​ខេត្ត​ក្រចេះ​ភ្លាម​ នៅ​តាម​បណ្តោយ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទី​រួម​ខេត្ត​ មិន​ឆ្ងាយ​ប៉ុន្មាន​យើង​ឃើញ​ មាន​រូប​សំណាក​គ្រុឌ សំកាំង​នៅ​លើ​បល្ល័ង្ក​មួយ​យ៉ាង​ធំ ដែល​តំណាង​ឲ្យ​សភាវៈ​ល្អ​ ភាព​ត្រជាក់​ត្រជំ ​គ្រប់​គ្រង​គង្គា ​ព្រះពិរុណ ​និង​ព្រះអគ្គី នៅ​តាម​ដង​ទន្លេ​មេគង្គ។ បន្ត​មក​ទៀត​នោះ យើង​បន្ត​ដំណើរ​ដោយ​តម្រង់​គោលដៅ​ចម្បង​គឺ​ឆ្ពោះ​ទៅ​កាន់​កំពង់​ផែលើ ដែល​ជា​កំពង់ផែ​ធំ​ជាង​គេ​របស់​ខេត្ត ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទន្លេ​តាមរយៈ​ទូក​ចម្លង។ ខ្យល់​បក់​មក​ត្រសៀកៗ ​អម​នឹង​ផ្ទៃ​នៃ​មាត់​ច្រាំង​ទន្លេ ដែល​ក្រឡេក​មើល​ទៅ​ឃើញ ទូក​ចម្លង​ប្រហែល​ជា ៣​ទៅ​៤​ទូក​ ត្រៀម​ខ្លួន​ត្រៀប​ត្រា​ទទួល​ មាន​ទាំង​ប្រភេទ​ទូក​ឈើ ទូក​ដែក និង​មាន​សាឡាង​ផង​ដែរ ។ សម្រាប់​សោហ៊ុយ​នៃ​តម្លៃ​ធ្វើ​ដំណើរ​ទូក​ចម្លង​នេះ​ យើង​ចំណាយ​ត្រឹម​តែ ១០០០រៀល​ប៉ុណ្ណោះ ក្នុង​មួយ​នាក់  ហើយ​អាច​អង្គុយ​លើ​ទូក​បណ្តើរ សម្លឹង​ទៅ​ត្រើយ​ម្ខាង​នៃ​កោះ​ទ្រង់​បណ្តើរ ​ឃើញ​ទៅ​ដោយ​ព្រៃឈើ​ខៀវ​ស្រងាត់​លឹមៗ ដុះ​ក្បែរ​នឹង​ឆ្នេរ​ខ្សាច់​ពណ៌មាស​វែង​អន្លាយ​ លាយ​ឡំ​នឹង​វាយោ​ទន្លេ​បក់​នាំ​យក​ភាព​បរិសុទ្ធ​ស្រស់​ថ្លា​នៃ​ធម្មជាតិ និង​សរសៃ​ទឹក​រលក ហាក់​រុញ​ច្រាន​ទូក​ចម្លង​អ្នក​ទេសចរ​ឲ្យ​លឿន​លយ​ ដើម្បី​ឆ្ពោះ​ទៅ​ដល់​ដែន​កោះ​ឆាប់​បំផុត។ បណ្តែត​អារម្មណ៍​លើ​ផ្ទៃ​ទឹក​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ភ្លេច​ខ្លួន​ប្រមាណ​ប្រហែល ១៥​នាទី​ យើង​បាន​ឆ្ពោះ​មក​ដល់​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​ដែល​មាន​ទិដ្ឋភាព​ប្រៀប​បី​ដូច​ជា​កោះ​ឋានសួគ៌​មួយ​នៅ​ឯ​តំបន់​សមុទ្រ។ ទូក​ចម្លង​ក៏​រំកិល​ខ្លួន​មក​ដល់​មាត់​ច្រាំង​ឆ្នេរ​ខ្សាច់​ពណ៌មាស មាន​រោង​ឈើ​ប្រក់​ម្លប់​ស្បូវ​ជាច្រើន​សង់​ជា​ជួរ​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​អង្គុយ​លេង និង​លើស​ពី​នេះ​ទៀត មាន​កន្លែង​ជិះ​ទារ​ទឹក និង​កន្លែង​ជួល​ពោង​ផង​ដែរ។ លើស​ពី​នេះ​ទៀត​នោះ ​ក្លិន​ដ៏​ឈ្ងុយ​នៃ មាន់​ដុត ត្រី​ដុត អន្ទង់​ដុត ពី​រោង​លក់​អាហារ​លើ​ឆ្នេរ​ខ្សាច់ ដែល​កំពុង​ចម្អិន​ស្រស់ៗ ​ពិត​ជា​មិន​អាច​អត់​ទ្រាំ​នឹង​មិន​ភ្លក្ស​រសជាតិ​បាន​ឡើយ។ ទន្ទឹម​នឹង​នេះ​ដែរ ដោយ​សារ​ឆ្នេរ​ខ្សាច់​អំណោយ​ផល​លេង​កម្សាន្ត​នៅ​ពេល​រសៀល​ជ្រេ​ផង​នោះ ​ យើង​ក៏​សម្រេច​បន្ត​ដំណើរ​ឡើង​ទៅ​លេង​ភូមិ​នៅ​លើ​កោះ​ជា​មុន​សិន​ ដើម្បី​ចង់​ដឹង​ច្បាស់​ថា​តើ​មាន​អ្វី​ដែល​ពិសេស​ខ្លះ​ដែល​លាក់កំបាំង​នៅ​លើ​កោះ​ដ៏​មាន​មន្ត​ស្នេហ៍​មួយ​នេះ។

          គ្រាន់​តែ​ធ្វើ​ដំណើរ​ឡើង​មក​ដល់​មាត់​ច្រាំង​ដី​អ្នក​ភូមិ​ភ្លាម​  យើង​ទទួល​បាន​ស្នាម​ញញឹម​នៃ​ការ​ទទួល​ស្វាគមន៍​រួម​ជាមួយ​ភាព​រួសរាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ទឹក​ដី​សម្បូរ​ដំណាំ​ហូប​ផ្លែ​នេះ ​ ឬ​អាច​ហៅ​ម្យ៉ាង​បាន​ថា​ ជា​ដែនកោះ​ផល្លា​ទៀត​ផង។ នៅ​ផុត​មាត់​ច្រាំង​បន្តិច ឃើញ​មាន​បដា​ឈើ​មួយ​ផ្ទាំង​ដែល​សរសេរ​ជា​ខេមរៈ​ភាសាថា « សហគមន៍​ទេសចរណ៍​សង្កាត់​កោះទ្រង់» មាន​ភ្ជាប់​មក​ជាមួយ​ឡូហ្គូ​ស្លាក​សញ្ញា​រូប ផ្លែ​ក្រូច​ថ្លុង ដែល​ជា​ភោគ​ផល​ដំណាំ​ដ៏​ល្បី​ល្បាញ​ប្រចាំ​តំបន់ ​រួម​ទាំង​មាន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​តម្លៃ​នៃ​ការ​ជ្រើសរើស​មធ្យោបាយ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​លើ​កោះ​នេះ​ផង​ដែរ។ តួ​យ៉ាង ​នៅ​មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​ក្បែរ​គ្នា​នេះ​ដែរ​មាន​ផ្តល់​ជូន​នូវ​សេវាកម្ម​មធ្យោបាយ​ធ្វើ​ដំណើរ​កម្សាន្ត​ផ្សេងៗ​គ្នា​ រីឯ​តម្លៃ​ក៏​អាស្រ័យ​ទៅ​តាម​យានជំនិះ​នីមួយៗ ក្នុង​នោះ​តម្លៃ​ទៀត​សោត គឺ​គិត​ជួល​សម្រាប់​មួយ​ថ្ងៃ​ពេញ​ ដោយ​ការ ​ជួល​កង់​មាន​តម្លៃ ​១​ឬ​២​ដុល្លារ ម៉ូតូ​ឌុប ៥​ដុល្លារ​ រទេះគោ ១៥ ដុល្លារ និង រទេះ​សេះ ១០ដុល្លារ។  ខណៈ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ខ្សែ​ផ្លូវ​បេតុង​សន្សឹមៗ​អម​ដោយ​ម្លប់​ឈើ​ខៀវ​ខ្ចី យើង​សង្កេត​ឃើញ​ថា​ផ្ទះ​ប្រជាជន​នៅ​ទី​នេះ​ភាគ​ច្រើន​សាង​សង់​ឡើង​ពី​ឈើ ​រចនាប័ទ្ម​ផ្ទះ​បែប​ខ្មែរ​បុរាណ​ជា​ហូរ​ហែ មាន​ដាំ​បន្លែ​បង្ការ​ជា​លក្ខណៈ​គ្រួសារ ​ដំណាំ​ហូប​ផ្លែ ​ពិសេស​គ្រួសារ​ស្ទើរ​តែ​គ្រប់​ផ្ទះ​សុទ្ធ​តែ​មាន​ដាំ​ក្រូច​ថ្លុង​នៅ​ជុំ​វិញ​បរិវេណ​ផ្ទះ​របស់​ខ្លួន ដើម្បី​ជា​ការ​ជំរុញ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ផង​ និង​ទុក​សម្រាប់​បរិភោគ​ប្រចាំ​គ្រួសារ​ផង​ដែរ។ បើ​និយាយ​ពី​ដំណាំ​ក្រូច​ថ្លុង​ អ្នក​ភូមិ​កោះ​ទ្រង់​បាន​បង្ហើប​ប្រាប់​ថា​ ក្រូច​ថ្លុង​របស់​កោះ​ទ្រង់​ គឺ​មាន​លក្ខណៈ​ពិសេស​បំផុត ឬ​អាច​និយាយ​បាន​ថា​មាន​រសជាតិ​ឆ្ងាញ់​ខុស​ប្លែក​ពី ក្រូច​ថ្លុង​នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ដូចជា​ កំពង់ចាម ពោធិ៍សាត់ និង​បាត់ដំបង​ជាដើម។ ដោយសារ​មាន​រសជាតិ​ជូរ​អែម​ផ្អែម​មុត សាច់​ក្រមួត​ល្អ គ្មាន​ជាតិ​ហាង(ល្វីង) ម្យ៉ាង​ដាំ​ឆ្ងាញ់​តែ​លើ​ទឹកដី​កោះ​នេះ​ទៀត​នោះ ទើប​ក្រូច​ថ្លុង​របស់​កោះ​ទ្រង់​ ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ចុះ​បញ្ជី​សម្គាល់​ម៉ាក​ភូមិសាស្ត្រ​ទំនិញ​របស់​ខ្លួន​ដែល​ជា ដំណាំ​ក្រូច​ថ្លុង​ប្រចាំ​ទឹក​ដី ដាំ​តាម​បែប​ធម្មជាតិ​ និង​គ្មាន​ជាតិគីមី។  យើង​ក៏​បាន​សាកល្បង​ភ្លក្ស​រសជាតិ​ក្រូច​ថ្លុង​បេះ​ពី​ដើម​ផ្ទាល់​នៅ​ផ្ទះ​របស់​អ្នក​ភូមិ​ផង​ដែរ​ ឃើញ​ថា​មាន​ទឹក​ច្រើន ​រសជាតិ​ផ្អែម​ឆ្ងាញ់​ជាប់​មាត់​ដូច​ដែល​គេ​ល្បី​តៗ​គ្នា​ពិត​មែន។ ក្រូច​មួយ​ផ្លែ​មាន​ទំហំ​ធំ​គួរ​សម​ បើ​ប្រមើល​មើល​ទៅ​អាច​មាន​ទម្ងន់​ជាង​មួយ​គីឡូក្រាម​ ចំណែក​ឯ​តម្លៃ​វិញ​គឺ​ត្រឹម​តែ​១០០០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ផ្លែ។

          ខណៈ​កំពុង​ស្លុង​ចិត្ត​នឹង​សម្រស់​ព្រៃ​ព្រឹក្សា ពិសេស​ថែម​ទាំង​បាន​ពិសា​ផ្លែឈើ​ឆ្ងាញ់​ប្រចាំ​តំបន់​ទៀត​នោះ ​យើង​បាន​បន្ត​ដំណើរ​មក​ដល់​អាហារដ្ឋាន​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​អ្នក​ភូមិ​ស្រប​ចំ​ពេល​អាហារ​ថ្ងៃ​ត្រង់​តែ​ម្តង។ បើ​តាម​ម្ចាស់​អាហារដ្ឋាន​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​លើ​កោះ​នេះ​មាន​អាហារ​ដ្ឋាន​ចំនួន ៤កន្លែង មាន​បម្រើ​ម្ហូប​កុម្មង់ បាយ​ឆា ​មី​ឆា ​និង​ភេស្ជជៈតែ​កាហ្វេ​គ្រប់​ប្រភេទ ហេតុ​ដូច្នេះ​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​លើ​កោះ​នេះ មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ចំពោះ​ការ​ស្វែង​រក​កន្លែង​សម្រាប់​ទទួល​ទាន​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ឡើយ។ ក្រោយ​ពី​ទទួល​ទាន​អាហារ​ក្រោម​ម្លប់​ឈើ​ត្រជាក់​ល្ហឹម​  និង​ឆ្លៀត​សម្រាក​ស្រូប​យក​ខ្យល់​អាកាស​មួយ​ស្រឡេត យើង​បាន​បន្ត​ទៅ​ទស្សនា​កន្លែង​ដាំ​ដើមឈើ​ ដែល​ទី​នេះ​មាន​ដើម​ឈើ​ច្រើន​ប្រភេទ​ ដើមឈើ​ទាំងអស់​សុទ្ធ​តែ​ត្រូវ​បាន​ដាំ​ដោយ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​យើង​សម្គាល់​ឃើញ​កូន​ឈើ​ច្រើន​ជាង​គេ​គឺ ដើម​គគី និង​ឈើទាល។ រសៀល​រាងជ្រេ​បន្តិច​កម្តៅថ្ងៃ​ចាប់​ផ្តើម​ថមថយ​អង្សា ដែល​ក្រើន​រំឭក​ឲ្យ​ដឹង​ថា ពេល​វេលា​អំណោយ​ផល​ទៅ​សម្រាក​លម្ហែ​នៅ​លើ​ឆ្នេរខ្សាច់ និង​ហែល​ទឹកទន្លេ​ដ៏​ត្រជាក់​បាន​យាង​ចូល​មក​ដល់​ហើយ។​ ឈាង​ដំណើរ​តាម​ផ្លូវ​អ្នក​ភូមិ​ត្រឡប់​មក​កាន់​មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​វិញ យើង​ចាប់​អារម្មណ៍​ថា​នៅ​ទីនេះ​ក៏​មាន​វត្ត​អារាម សាលារៀន និង​មាន​ផ្ទះស្នាក់​បែប​អ្នកភូមិ (Home Stay) ដល់​ទៅ​៧ និង​មាន​រីសត​មួយ​ដ៏​ប្រណីត​គឺ យ៉ារ៉ាបូរី វីឡា សម្រាប់​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​លើ​កោះ​នេះ​ផង​ដែរ។ អ្វី​ដែល​សំខាន់​ថ្លៃ​ជួល​ស្នាក់នៅ​គឺ​សមរម្យ​បំផុត ហើយ​ភ្ញៀវ​អាច​ជ្រើស​រើស​ស្នាក់​នៅ​កម្សាន្ត​ទៅ​តាម​ប្រភេទ​នៃ​កន្លែង​ស្នាក់​ទាំង​អស់​នោះ​បាន ដោយ​សុវត្ថិភាព និង​មាន​ផាសុកភាព​ពី​ធម្មជាតិ​ដែល​នៅ​ជុំវិញ​ទីនោះ។

          បន្ទាប់​ពី​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​លើ​ផ្ទៃកោះ​ទាំង​មូល ក៏​ដូច​ជា​ថតរូប​លេង​ជា​មួយ​នឹង​ក្រុម​ការងារ​រួច​ហើយ​នោះ យើង​ក៏​នឹង​ត្រឡប់​មក​ដល់​ឆ្នេរខ្សាច់​ដ៏​ស្រស់ស្អាត​វិញ ក្រោម​ពន្លឺ​ព្រះសូរិយា​កាន់​តែ​រសៀល​ជ្រាលជ្រេ​បន្តិច​ម្តងៗ ។ យើង​ឃើញ​ភ្ញៀវ​ទេសចរ​សម្រុក​ឆ្លង​ទូក​ចូល​មក​កម្សាន្ត​កាន់​តែ​ច្រើន​ឡើង មាន​អ្នក​ខ្លះ​មក​កម្សាន្ត​ជា​លក្ខណៈ​មិត្តភ័ក្តិ​ ខ្លះ​ជា​គូស្នេហ៍ រីឯ​ខ្លះ​ទៀត​ជា​លក្ខណៈ​ក្រុម​គ្រួសារ។ ភ្ញៀវ​ទេសចរណ៍​ភាគ​ច្រើន​មាន​ការ​វេចខ្ចប់​នូវ​ម្ហូប​អាហារ​មក​ចម្អិន​ផ្ទាល់​នៅ​លើ​កោះ ចំណែក​ភ្ញៀវ​មិន​បាន​ត្រៀម​ម្ហូប​អាហារ​មក​ជា​មួយ​ក៏​ដើរ​ទិញ​ហូរហែ​តាម​រោង​លក់​អាហារ​នៅ​លើ​ឆ្នេរខ្សាច់ មាន​ទាំង​ម្ហូប​បែប​កុម្មង់ និង​គ្រឿង​អាំង​ស្រស់ៗ និង​បន្លែ​ស្រស់ ដែល​សុទ្ធ​តែ​រក​បាន​មក​ពី​ការ​នេសាទ​ ចិញ្ចឹម និង​ដាំដុះ​តាម​បែប​ធម្មជាតិ​សុទ្ធ​សាធ​របស់​អ្នក​ភូមិ។ យើង​បាន​ជួល​រោង​ឈើ​ប្រក់​ស្បូវ​មួយ​សម្រាប់​អង្គុយ​កម្សាន្ត​ដោយ​ចំណាយ​ត្រឹម​តែ ១០០០០រៀល។ ខ្យល់​ត្រជាក់​បក់​មក​ប៉ះ​នឹង​រាងកាយ​របស់​យើង ដែល​កំពុង​តែ​គេង​យោល​អង្រឹង​ទៅ​មកៗ ភ្នែក​រំពៃ​ទៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ ឃើញ​ទៅ​ដោយ​រុក្ខជាតិ​តូចធំ​ដុះ​អប​តាម​បណ្តោយ​ច្រាំង លាយឡំ​ទឹកទន្លេ​ចាំង​ភ្លឺ​ផ្លេក​ពណ៌​មាសពី​រស្មី​ព្រះអាទិត្យ​នាជិត​អស្តង្គត។ អារម្មណ៍​បែប​នេះ អាច​ឲ្យ​យើង​ដឹង​បាន​កាន់​តែ​ច្បាស់​ថា ក្រចេះ​គឺ​ជា​ដែនដី​មួយ​មាន​រូប​ឆោម​ស្រស់ និង​មាន​មនុ្តស្នេហ៍​ទាក់ទាញ​មិន​ចាញ់​ខេត្ត​ដទៃ​ប៉ុន្មាន​ឡើយ។ ខណៈ​ពេល​នេះ បើ​ទោះបី​ជា​យើង​កំពុង​តែ​បណ្តែត​ចិត្ត​នៅ​លើ​ផ្ទៃទឹក​ដ៏​រ៉ូម៉ែនទិក​យ៉ាង​ណា ក៏​វាមិនមែន​ជា​លក្ខណៈ​ស្ងប់ស្ងាត់​នោះ​ដែរ គឺ​មាន​ការ​លាយឡំ​នឹង​សំណើច​ក្អាកក្អាយ​ខ្ញៀវខ្ញារ ជួបជុំ​ទទួល​ទាន​អាហារ​យ៉ាង​ឈ្ងុយឆ្ងាញ់ ថែម​ទាំង​បាន​ងូត​ទឹក​ទន្លេមេគង្គ​ដ៏​ត្រជាត់ ពិត​ជា​បង្ក​ឲ្យ​បរិយាកាស​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ និង​បង្កើត​ជា​អនុស្សាវរីយ៍​អស្ចារ្យ​មួយ​មិន​អាច​បំភ្លេច​បាន។ នៅ​ទីនេះ ក្រៅ​ពី​កម្សាន្ត​អង្គុយ​ទទួល​ទាន​អាហារ​ឈ្ងុយ​ឆ្ងាញ់ និង​ហែល​ទឹក​លេង ភ្ញៀវ​ទេសចរ​ក៏​អាច​ជួល​ទូក​ធ្វើ​ដំណើរ​ជុំវិញ​កោះ​ដើម្បី​ទស្សនា​ទិដ្ឋភាព​ព្រៃ​ឈើ ស្ថាន​ភាព​រស់​នៅ​របស់​ប្រជាជន ការ​ដាំដុះ​បន្លែ​បង្ការ​នៅ​ត្រើយ​ខាង​លិច និង​មើល​បងប្អូន​ប្រជាកសិករ​នេសាទ​ជា​ដើម។

          គួរ​បញ្ជាក់​ផង​ដែរ​ថា សង្កាត់​កោះទ្រង់ គឺ​ជា​សហគមន៍​ទេសចរណ៍​ធម្មជាតិ ដែល​បាន​បង្កើត​ឡើង កាល​ពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ បើ​គិត​មក​ទល់​ពេល​បច្ចុប្បន្ន​មាន​រយៈ ១២ឆ្នាំ​មក​ហើយ។ កោះ​រាង​តូច​ច្រឡឹង​នេះ​មាន​ផ្ទៃដី​ទំហំ​សរុប ២២៣ហិកតា​ និង​មាន​បែង​ចែក​ជា​ពីរ​ភូមិ​គឺ ភូមិ​ក្បាលកោះ និង​ភូមិ​ចុងកោះ ចំណែក​ឆ្នេរខ្សាច់​តាម​បណ្តោយ​ច្រាំង​កោះ​មាន​ប្រវែង​រហូត​ដល់​ទៅ ៦គីឡូម៉ែត្រកន្លះ និង​ប្រវែង​ពី​ច្រាំង​មក​ដល់​ទន្លេ​គឺ ជិត​មួយគីឡូម៉ែត្រ។ សម្រាប់​ប្រជាជន​រស់​នៅ​លើ​កោះទ្រង់​មាន​ប្រមាណ ៤២៤គ្រួសារ ប្រជាជន​ស្ទើរ​តែ ៩០ភាគរយ​ប្រកប​របរ​ដំណាំ​ដាំដុះ​បន្លែ​បង្ការ​សម្រាប់​ចិញ្ចឹម​ជីវិត​ជា​ជាង​ធ្វើ​ស្រែចម្ការ​ដែល​ទាម​ទារ​ផ្ទៃដី​ធំ​ទូលាយ តួយ៉ាង​ដំណាំ​សំខាន់ៗ​មាន​ដូច​ជា ស្ពៃ សណ្តែក ត្រសក់ ប៉េងបោះ និងននោង ជាដើម ដែល​សំខាន់​ដំណាំ​ហូបផ្លែ​ដ៏​ផ្អែម​ឆ្ងាញ់​ប្រចាំ​ទឹកដី​នោះ​គឺ ក្រូចថ្លុង។ បើ​តាម​លោក អ៊ុំ ប៊ុន បាន ជា​ប្រធាន​សហគមន៍​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សង្កាត់​កោះទ្រង់ មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន​បំផុត​គឺ​ចាប់​ពី​ខែវិច្ឆិកា ដល់​ខែឧសភា ដែល​ចន្លោះ​ខែនេះ​គឺ​ជា​រដូវ​ទឹកទន្លេ​ចាប់​ផ្តើម​ស្រក ភ្ញៀវ​ចូលចិត្ត​មក​កម្សាន្ត​នៅ​លើ​ឆ្នេរខ្សាច់ និង​ហែល​ទឹក​ទន្លេមេគង្គ ម្យ៉ាង​រដូវ​បុណ្យទាន​ក៏​ចាប់​ផ្តើម​នៅ​អំឡុង​ខែនេះ​ផង​ដែរ។ ជា​ចុង​ក្រោយ​នៃ​ដំណើរ​កម្សាន្ត​ស្ទើរ​ពេញ​មួយថ្ងៃ​នេះ គឺ​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ និង​មិន​អាច​បំភ្លេច​បាន​ឡើយ​ជា​មួយ​នឹង​អនុស្សាវរីយ៍​បែប​ធម្មជាតិ​នៅ​លើ​ទឹកដីកោះ​ដ៏​ស្រស់ស្អាត​មួយ​នេះ ហើយ​ក៏​ជា​ពេលវេលា​សម​ល្មម​មួយ វិល​ត្រឡប់​មក​កាន់​កំពង់ផែ​ចម្លងទូក​វិញ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទឹកដី​នៃ​ក្រុងក្រចេះ។ ដោយ​ហេតុថា មេឃ​កាន់​តែ​បង្អុរ​ចុះ​នូវ​ស្បៃអន្ធកា​បន្តិច​ម្តងៗ​ហើយ​នោះ យើង​ក៏​អាច​ស្វែង​រក​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ស្អាតៗ ដែល​មាន​នៅ​ក្នុង​ក្រុង ដើម្បី​បាន​សម្រាក​បន្ទាប់​ពី​ចំណាយ​កម្លាំង​ពេញ​មួយថ្ងៃ​នៅ​លើ​កោះ ហើយ​យ៉ាង​ណា​មិញ ដល់​ព្រឹក​ព្រលឹម​សឹម​បន្ត​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​វិញ​ដោយ​សុវត្ថិភាព៕

Article by HEM SOKKHIM


SUGGESTIONS