×

«​ភូមិ​ទឹក​»​ ​សួន​ក​ម្សាន្ត​ប្រឡាយ​ទឹក​កែច្នៃ​ថ្មី​នៅ​ស្រុក​ស្អាង​តូច​ស្ងប់ស្ងាត់​តែ​ខ្លឹម​

TRAVEL & LIVING 4 years ago
 
 

​            មួយរយៈពេល​ថ្មីៗ​ចុងក្រោយ​នេះ​ដោយសារតែ​មានការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​ជាស​កល​ ​មនុស្សម្នា​មិន​ត្រូវ​បានឲ្យ​ជួបជុំ​ឬ​ចេញ​ទៅក្រៅ​ផ្ដេសផ្ដាស​នោះ​ឡើយ​។​ ​ក៏ប៉ុន្តែ​បន្ទាប់ពី​មាន​ដំណោះស្រាយ​ឬ​ការ​រាតត្បាត​បាន​ស្ងាត់​ទៅវិញ​នោះ​ ​ម្នាក់ៗ​នឹង​ចង់​ស្វែងរក​តំបន់ជនបទ​ដែល​ពោរពេញ​ទៅ​ដោយ​ខ្យល់ដកដង្ហើម​បរិសុទ្ធ​ ​ស្រឡះ​ ​ស្ងប់ស្ងាត់​ដើម្បី​បន្ធូរ​អារម្មណ៍​ជាក់ជា​ពុំខាន​។​ ​ក្នុង​បរិ​បទ​នេះ​ ​គេហទំព័រ​ទស្សនាវដ្តី​សូវ​រី​ន​សូម​ណែនាំ​នូវ​រមណីយដ្ឋាន​បែប​កែច្នៃ​ថ្មីសន្លាង​មួយ​ដែល​ទើបនឹង​ដំណើរការ​បណ្តើរៗ​មិនទាន់​បើក​សម្ពោធន៍​ជា​ផ្លូវការ​នៅឡើយ​ទេ​ ​ប៉ុន្តែ​វា​ពិតជា​សក្តិ​សម​បំផុត​សម្រាប់​លោកអ្នក​ដែល​មានបំណង​ចង់​ស្វែងរក​គោលដៅ​ដើរ​ក​ម្សាន្ត​បែប​ជនបទ​ស្រុកស្រែ​ក្នុងរយៈពេល​ខ្លី​នៅ​ជិត​ៗ​ទីក្រុង​។​

​            ដូចដែល​លោកអ្នក​បាន​ជ្រាបស្រាប់​មក​ហើយ​ថា​ ​តំបន់​ស្អាង​ភ្នំ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​-​វប្បធម៌​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ប្រចាំ​ស្រុក​ស្អាង​ ​ខេត្ត​កណ្តាល​ ​ភូមិភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​តាំងពី​សម័យ​សង្គម​រា​ស្រ្ត​និយម​រហូតមកដល់​សព្វថ្ងៃនេះ​។​ ​ប៉ុន្តែ​វា​ជា​ដំណឹង​ល្អ​សម្រាប់​អ្នកស្រុក​ស្អាង​កោះ​ធំ​ ​និង​ ​អ្នកដំណើរ​ពី​ភ្នំពេញ​ដែល​ធ្វើដំណើរ​កាត់តាម​ផ្លូវជាតិ​លេខ​ ​២១​A​ ​ព្រោះ​ថ្មីៗ​នេះ​សួន​ក​ម្សាន្ត​មួយ​កន្លែង​ស្ថិតនៅ​ជិត​ស្អាង​ភ្នំ​តែម្តង​បាន​បើក​ដំណើរ​ការ​ទទួល​ភ្ញៀវ​ក្នុង​ទ្រង់ទ្រាយ​តូច​ៗ​បែប​លក្ខណៈ​ជា​ផ្ទះ​ចំការ​ជនបទ​។​ ​នេះ​មានន័យ​ថា​ ​លោកអ្នក​អាច​ធ្វើដំណើរ​ទៅ​ក​ម្សាន្ត​ទាំង​រមណីយដ្ឋាន​ស្អាង​ភ្នំ​ ​និង​​រមណីយដ្ឋាន​សួន​កែច្នៃ​ ​ថ្មី​នេះ​បាន​ក្នុង​ទិសដៅ​តែមួយ​ពេល​តែមួយ​បាន​តែម្តង។​

​            រមណីយដ្ឋាន​នេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា​ ​«​ភូមិ​ទឹក​»​ ​ឬ​ ​«​Water​ ​Village​»​ ​ជា​ភាសា​អង់គ្លេស​ស្ថិតនៅ​ភូមិ​ព្រែក​ស្លែង​ ​ឃុំ​ស្អាង​ភ្នំ​ ​ស្រុក​ស្អាង​ ​ខេត្ត​កណ្តាល​ ​ដែល​មាន​ចម្ងាយ​ត្រឹមតែ​ប្រមាណ​៣​០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ​។​ ​បើ​លោកអ្នក​ធ្វើដំណើរ​ពី​ភ្នំពេញ​ ​លោកអ្នក​ត្រូវធ្វើ​ដំណើរ​តម្រង់​មក​ទីក្រុង​តាខ្មៅ​មកដល់​ចំណុច​រង្វង់​មូល​តាខ្មៅ​ ​រួច​បន្ត​ដំណើរ​ចំ​ត្រង់​មក​ភាគ​ខាងត្បូង​រហូតដល់​ចំណុច​ផ្សារ​ស្អាង​ព្រែក​តូច​ក្នុងរយៈ​ចម្ងាយ​១​៦​គីឡូម៉ែត្រ​ (​ជិះ​ប្រហែល​២​០​នាទី)។​ ​ត្រង់​ចំណុច​នេះ​ ​លោកអ្នក​នឹង​ឃើញ​ផ្លូវលំ​បត់​ចូល​ខាងស្តាំ​ ​ដៃ​ (​បត់​តាម​កា​រ៉ា​ស់​សាំង​ ​មាន​ ​ផល​) ​ដែល​ស្ថិត​ហួស​ទល់មុខ​វត្ត​ព្រែក​តូច​បន្តិច​ ​រួច​បត់​ចូលក្នុង​ចម្ងាយ​៥​គីឡូម៉ែត្រ​តាមផ្លូវ​នោះ​ទៅដល់​សាលាឃុំ​ស្អាង​ភ្នំ​។​ ​រមណីយដ្ឋាន​នេះ​ស្ថិតនៅ​ហួស​សាលាឃុំ​ស្អាង​ភ្នំ​តែ​បន្តិច​ប៉ុណ្ណោះ​។​

​            គ្រាន់តែ​ឮឈ្មោះ​ភូមិ​ទឹក​ ​លោកអ្នក​ទាំងអស់គ្នា​ប្រាកដជា​ដឹង​ថា​ ​«​ទឹក​»​ ​ជា​ចំណុច​សំខាន់​ទាក់ទាញ​ភ្ញៀវ​ជិត​ឆ្ងាយ​ឲ្យ​មក​ក​ម្សាន្ត​សម្រាក​លម្ហែ​នៅ​រមណីយដ្ឋាន​មួយ​នេះ​។​ ​ជា​ការពិត​ណាស់​ ​អំឡុង​ខែ​នេះ​និង​ខែក្រោយ​សុទ្ធតែ​ស្ថិត​ក្នុង​រដូវក្តៅ​ ​។​ ​ដូចនេះ​ ​ទេសចរ​ទាំងឡាយ​ត្រូវការ​កន្លែង​សម្រាក​លម្ហែ​ដែល​ត្រជាក់​មាន​ម្លប់ឈើ​ត្រជាក់​និង​សួនច្បារ​បែប​ជនបទ​ជាក់​ជាមិនខាន​។​ ​ប្រឡាយ​ទឹក​មួយ​ត្រូវ​បាន​ជីក​កណ្តាល​បរិវេណ​ភូមិ​ទឹក​អម​ដោយ​ខ្ចុះ​អង្គុយលេង​ធំ​ទូលាយ​សង់​លើ​មាត់ទឹក​ ​ថែមទាំង​មាន​ទឹកបាញ់​ឲ្យ​ត្រជាក់​ពី​ខាង​លើដំបូល​សម្រាប់​ភ្ញៀវ​ដើម្ប​ទប់ទល់​​​នឹង​អាកាសធាតុ​ក្តៅ​នៃ​រដូវប្រាំង​ថែមទៀត​ផង​។​ ​អ្វី​ដែល​គួរឲ្យ​កត់​សម្គាល់​នោះ​ ​ក្រៅពី​ប្រឡាយ​ទឹក​ដ៏​ស្រស់​ស្អាត​ ​នៅត្រង់​ផ្លូវចូល​មាន​ដាំ​ផ្កា​ធម្មជាតិ​ចម្រុះ​ពណ៌​ ​ពណ៌ស្វាយ​ ​ពណ៌​ត្របែកព្រៃ​ ​ពណ៌​ស៊ី​ជម្ពូ​ ​ពណ៌​ស​ ​ពណ៌​លឿង​ ​និង​ ​ពណ៌ក្រហម​ ​ព្យួរ​យ៉ាង​មាន​របៀបរៀបរយ​មិនចាញ់​សួន​ផ្កា​នៅ​បរទេស​នោះ​ឡើយ។​

​            ជាពិសេស​សួន​ផ្កា​ឈូករ័ត្ន​ដែល​កំពុងតែ​ត្រូវ​បាន​ចាប់ផ្តើម​ដាំ​លូតលាស់​បណ្តើរ​ ​ហើយ​ត្រៀម​នឹង​បង្ហាញ​សម្រស់​បង្អួត​ភ្នែក​ទេសចរ​នៅ​អំឡុង​ខែ​មេសា​ខាងមុខនេះ​ថែមទៀត​ផង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​អាង​ ​ហែលទឹក​ថ្មី​មួយ​ក៏​នឹង​ត្រូវ​បើក​ដំណើរការ​នៅ​ពេល​ឆាប់ៗ​នេះ​ផង​ដែរ​ក្នុង​តម្លៃ​ ​៦​០​០​០​រៀល​ក្នុង​ម្នាក់​។​ ​ក្រៅពី​បរិយាកាស​ធម្មជាតិ​-​កែច្នៃ​យ៉ាង​ស្រស់​ត្រកាល​ដាច់គេ​ប្រចាំ​តំបន់​ស្អាង​ភ្នំ​ ​រមណីយដ្ឋាន​ភូមិ​ទឹក​ក៏មាន​បម្រើ​នូវ​ម្ហូបអាហារ​បែប​ស្រុកស្រែ​ ​រួម​មាន​ ​មាន់​ដុត​ ​ត្រី​បំពង​ ​កង្កែប​អាំង​ ​សម្លម្ជូរ​គ្រឿង​ ​សម្លម្ជូរ​ស្រែ​ ​សម្ល​ស្ងោរ​ជ្រក់​ ​សម្ល​កកូរ​ ​សម្លម្ជូរ​ព្រៃ​ ​ឆា​ក្តៅ​សាច់​មាន់​-​សាច់គោ​-​កង្កែប​ ​ឆា​ត្រកួន​គ្រឿងក្នុង​មាន់​ ​សាច់គោ​អាំង​ជ្រលក់​អំបិល​ម្រេច​ ​និង​ ​មុខម្ហូប​ជា​ច្រើនមុខ​ទៀត​ទៅតាម​តម្រូវ​ការ​របស់​ភ្ញៀវ៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS