×

​តើ​ស៊ុត​សត្វ​នីមួយៗ​មានប្រយោជន៍​ខុសគ្នា​ដូចម្តេច​ខ្លះ​ចំពោះ​សុខភាព​?

TRAVEL & LIVING 4 years ago
 
 

          ជាទូទៅ​ ​ប្រជាជន​ខ្មែរ​ច្រើន​និយម​បរិភោគ​ប្រភេទ​ស៊ុត​ទា​ ​ស៊ុតមាន់​ ​ស៊ុត​ក្រួច​ ​ហើយ​ភាគ​តិចណាស់​ដែល​ប្រជាជន​ខ្មែរ​និយម​ទទួលទាន​ស៊ុត​ក្ងាន​ ​ក៏​ព្រោះតែ​ប្រភេទ​ស៊ុត​ទា​ ​ស៊ុតមាន់​ ​និង​ស៊ុត​ក្រួច​ ​ងាយស្រួល​ក្នុង​ការស្វែងរក​ទិញ​ ​ហើយ​ថែមទាំង​មាន​តម្លៃ​ធូរ​ថ្លៃ​។​ ​តួយ៉ាង​ ​ដូចជា​ប្រភេទ​ ​ស៊ុត​ទា​ ​ស៊ុតមាន់​ ​ស៊ុត​ក្ងាន​ ​ស៊ុត​ក្រួច​ ​និង​ស៊ុត​អូ​ទ្រី​ស​ជាដើម​នោះ​ ​សុទ្ធសឹងតែ​ផ្តល់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​នៃ​រាងកាយ​ ​ជាពិសេស​ ​វា​ជា​ផ្នែក​មួយ​ដែល​ពង្រឹង​នូវ​ប្រព័ន្ធ​ភាព​សុំា​ឲ្យ​កាន់តែ​មាន​ភាព​រឹង​មាំ​ផង​ដែរ​។​

          1.​ស៊ុត​ទា: តាម​ការស្រាវជ្រាវ​មួយ​បានឲ្យ​ដឹងផង​ដែរ​ថា​ ​ស៊ុត​ទា​ ​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ ​និង​ប្រភេទ​វីតាមីន​​សំខាន់​ៗ​ច្រើន​ ​តួយ៉ាង​ ​សារធាតុ​ចិញ្ចឹម​អូ​មេ​ហ្កា3 ​វីតាមីន​ B12 ​វីតាមីន​ ​A​ ​ម៉ាញ៉េ​ស្យូ​ម​ ​កាល់​ស្យូ​ម​ ​ជាតិ​ដែក​​និង​ផ្ទុក​នូវ​វីតាមីន​ ​D​ ​មាន​រហូតដល់​ទៅ​៦​ដង​ដែល​ស៊ុតមាន់​ផ្ទុក​នូវ​ ​វីតាមីន​ ​D​ ​នេះ​ត្រឹមតែ​ ​២​១​ភាគរយ​​តែប៉ុណ្ណោះ​។​ ​សារធាតុ​ចិញ្ចឹម​ ​និង​ប្រភេទ​វីតាមីន​ខាងលើ​នេះ​ ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​បណ្តុះ​នូវ​កោសិកា​ក្រហម​ ​ធ្វើឲ្យ​ឆ្អឹង​រឹង​មាំ​ ​ជាពិសេស​ ​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ពង្រឹង​ខួរក្បាល​ឲ្យ​កាន់តែ​មានការ​ចងចាំ​បាន​ល្អ​។

          2.​ស៊ុតមាន់​: ថ្វី​ដ្បិតតែ​ស៊ុតមាន់​ពុំ​មាន​វីតាមីន​ ​D​ ​ច្រើន​ដូច​ស៊ុត​ទា​ក៏ដោយ​ ​ប៉ុន្តែ​ស៊ុតមាន់​ក៏មាន​លក្ខណៈ​ពិសេស​ ​និង​ផ្តល់​អត្ថប្រយោជន៍​លើសលប់​មិនចាញ់​ស៊ុត​ទា​នោះ​ឡើយ​។​ ​ជាក់ស្តែង​ ​នៅ​ក្នុង​ស៊ុតមាន់​ត្រូវ​បាន​គេ​ដឹង​ថា​វា​សម្បូរទៅដោយ​ ​ប្រូតេអ៊ីន​ ​ជាតិ​ដែក​ ​ម៉ាញ៉េ​ស្យូ​ម​ ​សូ​ដ្យូ​ម​ ប៉ូ​តា​ស្យូ​ម​ កូ​ឡេ​ស្តេ​រ៉ុល​ ​វីតាមីន​ ​A​ ​វីតាមីន​ ​E​ ​វីតាមីន​ K ​ហើយ​សារធាតុ​ ​និង​វីតាមីន​ដែល​មាននៅ​ក្នុង​ស៊ុតមាន់​នេះ​ ​អាច​កាត់បន្ថយ​នូវ​ជំងឺ​គាំងបេះដូង​ ​ធ្វើ​ឲ្យភ្នែក​មាន​សុខភាព​ល្អ​ ​និង​ភ្លឺ​ថ្លា​ ​ជំនួយ​ខួរក្បាល​ ​ឬ​សាច់ដុំ​ ​ធ្វើឲ្យស​ម្រស់​កាន់តែ​ស្រស់​ស្អាត​ ​ហេតុនេះ​ទើប​មនុស្ស​ភាគច្រើន​គេ​តែង​ជ្រើសរើស​ស៊ុតមាន់​ (​យក​តែ​ស៊ុត​ពណ៌​លឿង​) ​មក​ធ្វើជា​ម៉ា​ស​ធម្មជាតិ​សម្រាប់​បិទ​ផ្ទៃមុខ​។

          3.ស៊ុត​ក្ងាន​: ស៊ុត​ក្ងាន​ ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​បំពេញ​ថាមពល​រាងកាយ​មនុស្ស​ ​តួយ៉ាង​ ​អ្នកស្រាវជ្រាវ​បានឲ្យ​ដឹងផង​ថា​វា​ជា​អាហារ​តែមួយ​គត់​ដែល​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ទាំងអស់​នៃ​រាងកាយ​មនុស្ស​ ​តួយ៉ាង​​ប្រូតេអ៊ីន​ ​សារធាតុ​រ៉ែ​ ​ជាតិ​ដែក​ ផូ​ស្វាត​ ​អ៊ី​យ៉ូ​ត​ ​ស្ពាន់ធ័រ​ ប៉ូ​តា​ស្យូ​ម​ ​រួម​ជាមួយនឹង​វីតាមីន​ ​A​ ​វីតាមីន​ K ​និង​វីតាមីន​ B ​ជាដើម​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ស៊ុត​ក្ងាន​ ​ត្រូវ​បាន​គេ​និយម​បរិភោគ​វា​ជាមួយនឹង​បន្លែស្រស់​ៗ​ដើម្ប​បន្ថែម​រសជាតិ​កាន់តែ​ឆ្ងាញ់​ពិសា​ ​ម៉្យាងវិញទៀត​ ​ប្រសិនបើ​ស្ត្រី​កំពុង​មានគភ៌​បាន​បរិភោគ​ស៊ុត​ក្ងាន​​ប្រមាណ​២​ ​ឬ​៣​ ​ស៊ុត​នោះ​ ​វា​កាន់តែ​ធ្វើឲ្យ​ទារក​មាន​សុខភាព​ល្អ​ ​មាំមួន​ ​និង​វ៉ៃ​ឆ្លាត​ផង​ដែរ​។

          4.​ស៊ុត​ក្រួច​: ស៊ុត​ក្រួច​ ​ជា​ប្រភព​នៃ​ជីវជាតិ​ ​និង​ផ្ទុក​ទៅ​ដោយ​សារធាតុ​អាហារ​បំប៉ន​សម្រាប់​រាងកាយ​។​ ​តាម​ការ​​ស្រាវជ្រាវ​បានឲ្យ​ដឹងផង​ដែរ​ថា​ ​ស៊ុត​ក្រួច​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​នូវ​អា​កា​រៈ​ផ្តាសាយ​ ​ក្អក​ ​ក៏​​ព្រោះតែ​ស៊ុត​ក្រួច​ផ្ទុក​នូវ​សារធាតុ​ដែល​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ (​ant​i​ox​i​d​ant​) ​និង​ស័ង្កសី​។​ ​ក្រៅ​ពីនេះទៅ​ទៀត​ស៊ុត​ក្រួច​ក៏មាន​ផ្ទុក​នូវ​សារធាតុ​ ​ប្រូតេអ៊ីន​ ​វីតាមីន​ ​A​ ​វីតាមីន​ B ផូស្វ័​រ​រិ​ច​ ​សារធាតុ​ហ្វៃប៊ឺ (​Fiber​) ​និង​ជាតិ​ដែក​ដែល​ជំរុញ​ប្រព័ន្ធ​រាងកាយ​កាន់តែ​មាំមួន​ ​និង​ព្យាបាល​នូវ​អា​កា​រៈ​ផ្សេងៗ​ថែមទៀត​។

          ៥​. ​ស៊ុត​អូ​ទ្រី​ស​: ប្រិយ​មិត្ត​ប្រាកដជា​បាន​ដឹង​ពី​អត្ថប្រយោជន៍​ខ្លះ​ៗ​នៃ​ស៊ុត​អូ​ទ្រី​ស​ជាមិនខាន​ ​តួយ៉ាង​ ​អូ​ទ្រី​ស​ញី​អាច​​ផលិត​ស៊ុត​បាន​ចំនួន​ ​១​៤​ ​ស៊ុត​ ​ទៅ​១​៦​ ​ស៊ុត​ ​រីឯ​អូ​ទ្រី​ស​រស់នៅ​ក្នុង​ព្រៃ​អាច​ផលិត​ស៊ុត​ដោយខ្លួនឯង​បាន​រហូត​ទៅដល់​ ​៦​០​ស៊ុត​ (​អូ​ទ្រី​ស​ញី​មួយ​ចំនួន​)​។​ ​ជាក់ស្តែង​ ​ស៊ុត​អូ​ទ្រី​ស​ផ្ទុក​នូវ​ប្រូតេអ៊ីន​៤​៧​ភាគរយ​ ​ជាតិ​ខ្លាញ់​ ​៤​៥​ភាគរយ​ ​និង​មាន​២​០​០​០​ ​កាឡូ​រី​ ​និង​វីតាមីន​ ​A​ B ​E​ B12 ​ដូច​ទៅ​នឹង​ស៊ុត​ដទៃទៀត​ដែរ​ ​ប៉ុន្តែ​សម្រាប់​ស៊ុត​អូ​ទ្រី​ស​ ​ពុំ​មាន​ផ្ទុក​នូវ​សារធាតុ​សូ​ដ្យូ​ម​នោះ​ទេ​ ​ដូច្នេះ​វា​អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​មាន​សូ​ដ្យូ​ម​ខ្ពស់​ស្រាប់​នោះ​អាច​បរិភោគ​ស៊ុត​អូ​ទ្រី​ស​៕

Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS