×

អនុស្សាវរីយ៍​ពីរ​ថ្ងៃ​លើ​ទឹកដី​ភូមិ​ជើង​គោក​ តំបន់​អេកូ​ទេសចរណ៍​សហគមន៍​ថ្មី​ប្រចាំ​ខេត្ត​កំពង់ចាម​

TRAVEL & LIVING 4 years ago
 
 

           នៅ​ពេល​យើង​ធ្វើដំណើរ​មក​ជិតដល់​រមណីយ​ ដ្ឋា​ន​វប្បធម៌​-​ប្រវត្តិ​សា​ស្រ្ត ​ភ្នំ​ប្រុស​ ​ភ្នំ​ស្រី​ ​យើង​ក្រឡេកមើល​ខាងស្តាំ​មាន​ច្រក​បត់​ចូល​មួយ​ដែល​ស្ថិតនៅ​ ​ទល់មុខ​មណ្ឌលសុខភាព​អំពិល​។​ ​យើង​បត់​ឡាន​ចូល​តាម​ច្រក​នោះ​តែ​បន្តិច​ ​យើង​នឹង​ចូល​ដល់កន្លែង​ដែល​ ​យើង​ប្រាថ្នា​។​ ​ពេល​មកដល់​ភ្លាម​ ​យើង​ចាប់អារម្មណ៍​ចំពោះ​សាល​ពិព័រណ៍​ផលិតផល​តំបាញ​សូត្រ​ដែល​ជា​ ​ស្នាដៃ​ដ៏​ចំណាន​របស់​បងប្អូន​ប្រជា​សហគមន៍​ភូមិ​តាំង​គោក​។​ ​ក្រមា​ក្រឡា​តូច​ធំ​រំលេចពណ៌​ចម្រុះ​ភ្លឺផ្លេក​ ​កាបូបយួរ​និង​ស្ពាយ​ច្នៃ​ចេញពី​ក្រណាត់​ក្រមា​ ​និង​ ​កន្ទេល​ខ្មែរ​ ​និង​ ​វត្ថុ​សិល្បៈ​ដទៃទៀត​ ​ត្រូវ​បាន​ដាក់​តាំង​ ​បង្ហាញ​មិនចាញ់​ហាង​លក់​វត្ថុ​អនុ​ស្សា​វ​រី​យ៍​ធំ​ៗ​នៅ​ក្នុង​ក្រុងភ្នំពេញ​ប៉ុន្មាន​ឡើយ​។​ ​នៅ​នោះ​ ​មាន​ ​កន្លែង​ចិញ្ចឹម​ដង្កូវនាង​ដើម្បី​យក​សូត្រ​ប្រើប្រាស់​ក្នុង​សង្វាក់​ផលិតកម្ម​តម្បាញ​ក្នុង​ភូមិ​។​ ​ប្រជាជន​កំពុង​ ​មមាញឹក​ដាក់​ស្លឹក​មន​ឲ្យ​ដង្កូវ​ស៊ី​ ​ខ្លះ​កំពុង​ស្ងោរ​សម្បុក​ដង្កូវនាង​យក​សូត្រ​ ​ខ្លះ​កំពុង​ជាប់ការ​សរសៃ​សូត្រ​ ​និង​ ​ខ្លះទៀត​កំពុង​ត្បាញ​រវៃ​ ​ជាដើម​។​ ​ម្នាក់ៗ​ខិតខំ​ធ្វើការ​ទៅតាម​តួនាទី​រៀងៗខ្លួន​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​។​

          ​ហួសពី​នោះ​បន្តិច​ ​យើង​ប្រទះ​នឹង​ទិដ្ឋភាព​សាលារៀន​កុមារ​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​អា​មីកា​។​ ​នៅ​ក្នុង​សាលា​នោះ​ ​យើង​ឃើញ​សកម្មភាព​កុមារ​ប្រុស​ស្រី​ដែល​ជា​កូនចៅ​អ្នកភូមិ​កំពុង​សិក្សា​រៀនសូត្រ​មុខ​ ​វិជ្ជា​ភាសា​អង់គ្លេស​ដែល​ជា​តម្រូវ​ការចាំបាច់​ខានមិនបាន​ក្នុង​ទំនាក់ទំនង​រវាង​សហគមន៍​និង​ភ្ញៀវ​ទេសចរ​។​ ​ថ្វីត្បិតតែ​ជីវភាព​ពួកគេ​នៅ​មាន​ក​ម្រិ​ត​ ​តែ​យើង​រំភើបត្រេកអរ​នៅ​ពេល​ឃើញ​ពួកគេ​យល់​ដឹង​អំពី​តម្លៃ​នៃ​ ​ចំណេះវិជ្ជា​ហើយ​សប្បាយរីករាយ​ក្នុង​ការ​មកសាលារៀន​តាម​វ័យ​របស់​ពួកគេ​។​ ​យើង​ធ្វើដំណើរ​បន្ត​មើល​ ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកភូមិ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ​ព្រមទាំង​ថតរូប​ផ្តិត​យក​ទេសភាព​ប្លែកៗ​ ​ជុំវិញ​ភូមិ​ផង​ដែរ​។​ ​យើង​បាន​ឆៀងចូល​ទៅ​មើល​ផ្ទះ​ប្រជាជន​ដែល​ប្រកបរបរ​តម្បាញ​សូត្រ​ ​និង​ ​តម្បាញ​ ​ស្លឹក​ត្នោត​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាងជើង​ភូមិ​។​ ​ចេញ​ផុត​ទៅ​នោះ​ពីមុខ​ទៀត​ ​យើង​នឹង​ឃើញ​វាលស្រែ​ ​វាល​ស្រូវ​ពណ៌បៃតង​ខៀវស្រងាត់​មើលទៅ​ដាច់កន្ទុយភ្នែក​។​ ​ប្រជាកសិករ​កំពុង​ឃ្មាតខ្មី​ដក​ស្ទូង​ក្រោម​ក​ម្តៅ ​ព្រះទិនករ​ប៉ុន្តែ​ពួកគាត់​នៅតែ​ញញឹម​ស្វាគមន៍​ទទួល​អ្នកដំណើរ​ប្រកបដោយ​ភាព​កក់ក្តៅ​។​ ​ពួកគាត់​សប្បាយ​ ​រីករាយ​ចំពោះ​ការងារ​កសិកម្ម​តាម​បែប​ប្រពៃណី​ដូនតា​ពោរពេញ​ដោយ​កម្លាំង​សាមគ្គីភាព​ ​និង​ភាតរភាព​។​

          ​ព្រះសុរិយា​កាន់តែ​បញ្ចេញ​ម​ហិទ្ធិ​ឫទ្ធិ​ខ្លាំង​ឡើងៗ​ ​ពេលថ្ងៃត្រង់​បាន​ចូល​មកដល់​ ​ពួកយើង​បាន​ចត​ ​យានជំនិះ​នៅផ្ទះ​ប្រធាន​ភូមិ​ ​ហើយ​សម្រាក​បរិភោគអាហារ​ថ្ងៃត្រង់​ក្រាលកន្ទេល​ក្រោមម្លប់​ដើម​ស្វាយបែក​ ​មែក​សាខា​ចោល​ម្លប់​ល្មម​នឹង​ជ្រក​ក​ម្តៅ​ថ្ងៃ​។​ ​យើង​អង្គុយ​ដំ​កង់​ទទួលទាន​យ៉ាង​សាមញ្ញ​តាម​បែប​ជនបទ​ ​ស្រុកស្រែ​ចំការ​យ៉ាំ​ង​សប្បាយ​រិ​កា​រាយ​ក្រៃលែង​។​ ​បន្ទាប់ពី​ទទួលទាន​អាហារ​រួច​ ​ក្រុម​ការងារ​យើង​បាន​ជិះ​ ​រទេះគោ​អ្នកភូមិ​ចេញទៅ​ទស្សនា​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ភូមិ​តាម​ការ​ចង្អុលបង្ហាញ​របស់​ប្រជា​សហគមន៍​ ​ជាពិសេស​កសិដ្ឋាន​ចិញ្ចឹម​បសុ​បក្សី​ ​និង​ ​កន្លែង​នេសាទ​ត្រី​។​ លុះដល់​ពេល​ព្រលប់​ ​យើង​បាន​ចូល​ទៅ​ស្នាក់​នៅផ្ទះ​ប្រជា​សហគមន៍​ដើម្បី​ចំណាយ​ពេល​ស្វែងយល់​ ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​ ​ក្រោយ​ពី​បាន​ងូតទឹក​ស​ម្អា​ត​កាយ​រួច​ ​យើង​បាន​ចូល​ជួយ​ច​ម្អិ​ន​ម្ហូប​ ​ជាមួយ​ម្ចាស់ផ្ទះ​ដើម្បី​ត្រៀម​បរិភោគ​ទាំងអស់គ្នា​។​ ​ដើមឈើ​ធំ​ៗ​នៅ​ជុំវិញ​ផ្ទះ​ ​ផ្ទះ​ឈើ​ប្រក់ក្បឿង​លក្ខណៈ​ ​ប្រពៃណី​ ​សូរ​ចង្រិត​ស្រែកយំ​ ​ស​ម្លេ​ង​ក្មេងក្មាង​អង្គុយលេង​ក្រោម​ផ្ទះ​ ​បាន​ចូល​រួមចំណែក​បង្កើត​បរិយាកាស​ ​យ៉ាង​សែន​រម​នា​សម្រាប់​ការ​ជួបជុំ​ទទួលទាន​អាហារ​មួយ​ពេល​ដែល​ពិត​ជាពិសេស​ជាង​សព្វ​មួយដង​។​

          យើង​ជជែក​លេង​សួរ​នាំគ្នា​ទៅវិញទៅមក​ពីនេះពីនោះ​ទៅតាម​ទម្លាប់​សុជីវធម៌​របស់​ខ្មែរយើង​តាំងពី​ ​ដើម​រៀងមក​ ​មុននឹង​ឈាន​ទៅ​ទទួលទានដំណេក​រៀងៗខ្លួន​។​ ​ព្រឹកស្អែក​ឡើង​ ​ម​គ្គុទ្ទេ​សក​៏​ដ៏​មានថ្វីមាត់​បាន​ ​នាំ​យើង​ទៅ​សិក្សា​ស្វែងយល់​កន្លែង​សិប្បកម្ម​កែច្នៃ​ត្រឡោកដូង​ធ្វើជា​វត្ថុ​អនុ​ស្សា​វ​រី​យ៍​ទៅតាម​គំនិត​ថ្នៃ​ប្រឌិត​ ​របស់​សិប្បករ​ក្នុង​តំបន់​។​ ​បន្ទាប់មក​ទៀត​ ​យើង​បាន​បន្ត​ដំណើរ​ទៅ​មើល​កន្លែង​ផលិត​ស្ករត្នោត​នៅ​ក្នុង​ភូមិ​ ​នោះ​ដែរ​។​ ​យើង​មិន​ត្រឹមតែ​ឈរ​មើល​អ្នកភូមិ​ធ្វើ​នោះ​ទេ​ ​ប៉ុន្តែ​យើង​ក៏បាន​ចូល​ទៅ​ជួយ​កូរ​ស្ករ​ដើម្បី​ទទួល​ ​យក​បទពិសោធន៍​ថ្មី​ក្នុង​ជីវិត​ ​និង​ ​ដើម្បី​យល់​ដឹង​កាន់តែ​ច្បាស់​ថា​ការងារ​នេះ​ពិបាក​ក​ម្រិ​ត​ណា​ទម្រាំតែ​បាន​ ​ផលិតផល​ស្ករត្នោត​ដែល​យើង​ទាំងអស់គ្នា​ប្រើប្រាស់​។​

          ​ដោយសារ​ពេលវេលា​មានកំណត់​ ​យើង​បាន​លើកដៃ​លា​បងប្អូន​អ្នកភូមិ​ដែល​រស់នៅ​ទីនោះ​ដែល​បាន​ ​ទទួលរាក់ទាក់​ពួកយើង​យ៉ាង​អស់ពី​កម្លាំង​កាយ​ចិត្ត​។​ ​ពួកគាត់​នៅ​ឈរ​អម​ដំណើរ​យើង​រហូត​រថយន្ត​ចេញ​ ​ផុត​ទៅ​ ​ដែល​ធ្វើឲ្យ​យើង​នៅតែ​ដក់​ជប់​អនុ​ស្សា​វ​រី​យ៍​ទាំង​អម្បាលម៉ាន​ក្នុង​ភូមិ​តាំង​គោក​រយៈពេល​ពីរ​ថ្ងៃនេះ​ ​មិន​ភ្លេច​សោះឡើយ​។​ ​ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​ចំពោះ​ដំណើរ​កំសាន្ត​នៅ​ក្នុង​សហគមន៍​ អេកូ​ទេស​ ​ចរ​ណ៍​មួយ​នេះ​ ​លោកអ្នក​អាច​ធ្វើ​ទំនាក់ទំនង​ទៅកាន់​អ្នក​សម្របសម្រួល​ប្រចាំ​តំបន់​តាមរយៈ​លេខ​ទូរស័ព្ទ​ ​០​៩​៧​ ​៩​២​០​ ​៩​៩​៣​៣​ ​ឬ​ ​០​៨​៩​៨​៩​៦​ ​០​៩​៥​ ​។


SUGGESTIONS