ស្ទើរតែរៀងរាល់ថ្ងៃទៅហើយដែលលោកអ្នកតែងតែឮគេនិយាយតៗគ្នាផ្ទាល់នឹងត្រចៀកថា “ប៊ីចេងនាំឲ្យប៉ះពាល់សុខភាព” ឬ “ញ៉ាំប៊ីចេងច្រើនពុកឆ្អឹង”ជាដើម។ តើសារធាតុនៅក្នុងគ្រឿងទេសប៊ីចេងមានអត្ថប្រយោជន៍អ្វីដែរឬទេដល់អ្នកប្រើប្រាស់? តើអ្នកគួរបន្តទទួលទានវាទៀតឬយ៉ាងណា? តោះ! មកសិក្សាអំពីសារធាតុប៊ីចេងនិងផលប៉ះពាល់របស់វាឲ្យបានច្បាស់តាមបែបវេជ្ជសាស្រ្តទាំងអស់គ្នាជាមួយទស្សនាវដ្តីសូវរីន!
ផលិតផលគ្រឿងទេសបែបគីមីដែលប្រជាពលរដ្ឋខ្មែរយើងនាំគ្នាហៅថា “ប៊ីចេង” នោះ មានឈ្មោះវិទ្យាសាស្រ្តថា មូណូសូដ្យូម គ្លូតាម៉េត (Monosodium Glutamate) ហៅកាត់ អិមអេសជី (MSG)។ វាជាសារធាតុអំបិលនៃអាស៊ីតអាមីណូ (Amino Acid Glutamate) ដែលត្រូវបានប្រើប្រាស់សម្រាប់បង្កើនរសជាតិម្ហូបអាហារប្រចាំថ្ងៃ និង ប្រភេទអាហារកែច្នៃទុកយូរ។ វាត្រូវគេជឿថាអាចបង្កើនរសជាតិទីប្រាំ ក្រៅពីរសជាតិមូលដ្ឋានទាំង៤គឺ ប្រៃ ជូរ ផ្អែម និង ល្វីង ដែលមានឈ្មោះថា យូម៉ាមី (Umami) ជាប្រភេទរសជាតិប្រៃឡមៗនិងឆួល គ្មានជាតិផ្អែម។ វាត្រូវបានរកឃើញជាទូទៅនៅក្នុងអាហារអាស៊ី ជាពិសេស អាហារជនជាតិចិន រហូតបរទេសហៅថា “Chinese Restaurant Syndrome” មានន័យថា សហនិមិត្តហេតុ ឬ រោគសញ្ញាបង្កដោយភោជនីយដ្ឋានចិន។ គេជឿថានៅពេលទទួលទានអាហារដែលមានផ្ទុកប៊ីចេងនោះនឹងបណ្តាលឲ្យមានផលប៉ះពាល់ភ្លាមៗដល់សារពាង្គកាយអ្នកប្រើប្រាស់។ វាអាចបណ្តាលឲ្យពួកគេមានបញ្ហាសុខភាព មួយចំនួន តួយ៉ាង ជំងឺលើសទម្ងន់ និង ជំងឺទឹកនោមផ្អែម។
យោងតាមការសិក្សាស្រាវជ្រាវមួយបោះពុម្ពក្នុងទិនានុប្បវត្តិសារធាតុចិញ្ចឹមវេជ្ជសាស្រ្តនៃសហរដ្ឋអាមេរិក (the American Journal of Clinical Nutrition) ប៊ីចេងមានអត្ថប្រយោជន៍អាចជំរុញឲ្យមានអារម្មណ៍ ឆាប់ឆ្អែតខណៈពេលដែលវាក៏អាចជំរុញចំណង់អាហាររបស់មនុស្សផងដែរពោលគឺឆាប់ឃ្លានតែឆាប់ឆ្អែត។ តាមរយៈនេះ វាមានសមត្ថភាពអាចជួយគ្រប់គ្រងទម្ងន់របស់លោកអ្នក ព្រោះលោកអ្នកឆាប់ឆ្អែតជាងធម្មតា។ លើសពីនេះទៅទៀត របាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានជាតិសុខភាពរបស់សហរដ្ឋអាមេរិកបានពិសោធន៍ទៅលើមនុស្សពេញវ័យជាង១០០០នាក់ក្នុងអំឡុងពេល៥ឆ្នាំ។ ជាលទ្ធផលគេបានរកឃើញទំនាក់ទំនងរវាងការប្រើប្រាស់ប៊ីចេង និង កម្រិតជាតិស្ករនៅក្នុងឈាម។ កាលណាអ្នកបរិភោគប៊ីចេងកាន់តែច្រើន នោះឱកាសនៃការកើតជំងឺលើសជាតិស្ករក្នុងសរសៃឈាមកាន់តែថយចុះទាប។
ស្របជាមួយគ្នានេះដែរ សមាគមបេះដូងសហរដ្ឋអាមេរិក (The American Association) ណែនាំឲ្យប្រើប្រាស់សារធាតុសូដ្យូមក្នុងកម្រិតបរិមាណ ១៥០០ មីល្លីក្រាមក្នុងមួយថ្ងៃ។ ប្រសិនបើលោកអ្នកទទួល ទានវាក្នុងកម្រិតនេះ វានឹងផ្តល់សុវត្ថិភាពដល់រាងកាយអ្នក។ សូម្បីតែស្ថាប័នអន្តរជាតិឈ្មោះថា រដ្ឋបាលចំណីអាហារនិងឱសថ (The Food and Drung Administration) ក៏បានទទួលស្គាល់ដែរថា MSGជាគ្រឿងបន្ថែមរសជាតិដែលមានសុវត្ថិភាព។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមឯកសារទិនានុប្បវត្តិវិទ្យាសាស្រ្តសារធាតុចិញ្ចឹមនិងចំណីអាហារធ្វើឡើងដោយវិទ្យាស្ថានមួយនៃប្រទេសវៀតណាម ការទទួលទានប៊ីចេងលើសកំណត់អាចបណ្តាលឲ្យមានកំណើនសារធាតុគ្លុយកូសដែលអាចវិវត្តឈានទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២។ នៅពេលអ្នកកើតជម្ងឺនេះ វាធ្វើឲ្យខូចប្រព័ន្ធសរសៃប្រសាទ ជម្ងឺភ្នែកឡើងបាយ និងរោគសញ្ញាផ្សេងៗទៀតដែលពាក់ព័ន្ធនឹង ជំងឺទឹកនោមផ្អែម។ ទន្ទឹមនឹងនេះ រាងកាយរបស់អ្នកនឹងស្រូបយកជាតិទឹក នៅពេលអ្នកទទួលទានសារធាតុសូដ្យូមដែលមាននៅក្នុងប៊ីចេង។ ជាតិទឹកលើសកម្រិតនឹងបង្កទៅជាបញ្ហាសម្ពាធសរសៃឈាម។ វាអាចផ្តល់ផលវិបាកអវិជ្ជមានរយៈពេលវែងចំពោះសម្ពាធឈាមរបស់លោកអ្នក ជាពិសេសនៅក្នុងករណីលោកអ្នកកំពុងប្រើប្រាស់ឱសថប្រឆាំងជំងឺលើសឈាម។
សរុបសេចក្តីមក គ្មានភស្តុតាងបែបវិទ្យាសាស្រ្តណាដែលបានបញ្ជាក់ថា ការប្រើប្រាស់ប៊ីចេងក្នុងកម្រិតសមស្រប (៣០មីល្លីក្រាមក្នុងទម្ងន់មនុស្សមួយគីឡួ ស្មើនឹង២.១ក្រាមក្នុងទម្ងន់មនុស្សប្រុសពេញវ័យ៧០គីឡូក្រាម) អចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្សនៅឡើយទេ។ សហនិមិត្តហេតុ ឬ រោគសញ្ញាបង្កដោយភោជនីយដ្ឋានចិន (Chinese Restaurant Syndrome) នោះគ្រាន់តែជាពាក្យចចាមអារាមនិយាយតៗគ្នាប៉ុណ្ណោះ។ ប៉ុន្តែសូមរំព្ញកថា អ្នកដែលកើតជំងឺទឹកនោមផ្អែមគួរចៀសវាងការប្រើប្រាស់ ប៊ីចេងច្រើនដែលអាចបណ្តាលឲ្យប៉ះពាល់សរសៃឈាមរបស់អ្នកជំងឺដូចដែលបានរៀបរាប់ខាងលើ៕
Article by SRINSOKMEAN