“ពពកព័ទ្ធភ្នំជុំផ្នូរកង្រី ទឹកខ្មៅកវីខេត្តកំពង់ឆ្នាំង ស្រុកកំពង់លែងជំនោរខែប្រាំង ឱព្រែករទាំងវត្តយាយ ទេពអើយ” ជាសម្លេងយ៉ាងពីរោះគ្រលួចរបស់រាជិនីសម្លេងមាស រស់ សេរីសុទ្ធា ដែលបានបន្លឺចេញពីប្រព័ន្ធ ឧគ្ឃោសនស័ព្ទនៃរថយន្តក្រុមការងារ សូវរីន ដែលកំពុងបើកបរឆ្លងកាត់ផ្លូវជាតិលេខ៥។ កំពុងតែស្លុងអារម្មណ៍ជាមួយនឹងមត៌កបទចម្រៀងដ៏មានអត្ថន័យរៀបរាប់ផ្សារភ្ជាប់នឹងស្ថាននាមក្នុងខេត្តកំពង់ឆ្នាំងរថយន្តបាននាំយើងមកដល់ទីប្រជុំជនតូចមួយក្នុងស្រុកកំពង់ត្រឡាច មិនឆ្ងាយពីបន្ទាយលង្វែក ដែលអ្នកដំណើរភាគច្រើនស្គាល់ថាជាទីប្រជុំជនផ្សារត្រាច។ នៅទីនេះអ្នកដំណើរជិតឆ្ងាយទាំងឡាយច្បាស់ជាមើលឃើញនូវពងមាន់អាំងថ្មីៗស្រស់ៗដែលបងប្អូនអាជីវករក្នុងតំបន់ដោតបញ្ឈរលើចង្រ្កានឡូវច្រើនច្រូងច្រាងពីតូបមួយទៅតូបមួយ។ ក្លិនអាហារប្រចាំតំបន់នេះបានសាយភាយរសាត់ទៅប៉ះឃាន្រ្ទិយារម្មណ៍អ្នកដំណើរប្រុសស្រីដែលធ្វើឲ្យពួកគេពិបាកនឹងឃាត់ចិត្តមិនចុះទិញខ្លះយកទៅបរិភោគជាអាហារសម្រន់តាមផ្លូវមិនបាន។ យើងប្រញាប់ស្រូតដំណើរបន្តឆ្ពោះទៅកាន់ទីរួមខេត្ត។ នៅតាមផ្លូវធ្វើដំណើរយើងសង្កេតឃើញផ្ទះប្រជាជនសង់ត្រៀបត្រាហូរហែមិនសូវដាច់ តាំងពីនោះរហូតដល់សាលាលេខប្រាំ ថ្នល់ទទឹង និងផ្សារព្រៃខ្មែរ។ ភូមិសាស្រ្តនៅទីនោះក៏សម្បូរវាលស្រែ ហើយមានភ្នំរកេតរកូត ដូចជា ភ្នំរាប់បាត្រ និងភ្នំចំពុះជាដើម។
កំពងផែទេសចរណ៍ទីរួមខេត្ត
ភ្នំនាងកង្រី
ក្រោយលេងទឹកនៅថ្មក្រាលមួយសន្ទុះធំ ពួកយើងប្រមូលឥវ៉ាន់ឡើងរថយន្តចេញពីឃុំជៀបទៅឃុំក្តុលសែនជ័យ ក្នុងស្រុកទឹកផុសដដែល។ ឃុំក្តុលសែនជ័យ ជាឃុំដែលទើបនឹងបំបែកថ្មីចេញពីឃុំក្រាំងស្គារ ហើយនៅក្នុងឃុំនេះមានបង្កប់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិមួយកន្លែងលាក់ខ្លួនពួនអាត្មាកណ្តាលទ្រូងព្រៃនៃតំបន់អភិរក្សភ្នំឱរ៉ាល់ ដែលមិនសូវមានអ្នកដំណើរបានទៅដល់។ ស្រែអំពិលជាឈ្មោះតំបន់ទឹកធ្លាក់ដែល សូវរីន យើងបានធ្វើដំណើរលុកលុយរុករក កាត់វាលកាត់ព្រៃ ទើបបានទៅដល់ដូចបំណងប្រាថ្នា។ ទឹកធ្លាក់ស្រែអំពិលនេះប្រៀបបាននឹងវិមានឋានសួគ៌ដែលហ៊ុមព័ទ្ធដោយបន្ទាយព្រៃព្រឹក្សាស្ងប់ស្ងាត់ តែបើបានចូលទៅដល់ហើយ ពិតជាមិនចង់ឈានជើងចេញនោះឡើយ។ វាមានប្រភពទឹកហូរធ្លាក់ពីភ្នំឱរ៉ាល់ បែកចេញជាជ្រោះជាច្រើនកន្លែង ហើយហូរជាស្ទឹងទៅស្រោចស្រពភូមិដែលនៅខាងក្រោម។ លក្ខណៈពិសេសរបស់ទឹកធ្លាក់នេះគឺ វាមានរាងជាអាងទឹកធំទូលាយនៅខាងក្រោមហ៊ុមព័ទ្ធដោយផ្ទាំងថ្មដាធំៗជុំវិញ ជាទីតាំងដ៏ប្រសើរបំផុតសម្រាប់អ្នកដែលចូលចិត្តហែលទឹកបណ្តែតខ្លួនស្របតាមបរិយាកាសព្រៃភ្នំដ៏សែនមនោរម្យ។
ទឹកធ្លាក់ស្រែអំពិល
នៅមុនពេលថ្ងៃអស្តង្គត ក្រុមការងារយើងបានបបួលគ្នាឡើងទៅគយគន់ទេសភាពនៅលើចង្កេះភ្នំក្រាំងដីមាស ដែលប្រជាជនខ្មែរភាគច្រើនស្គាល់ឈ្មោះតាមរយៈបទចម្រៀងរបស់អធិរាជសម្លេងមាស ស៊ីនស៊ី សាមុតរាប់សិបឆ្នាំមកហើយ។ ភ្នំក្រាំងដីមាសមានចម្ងាយតែ៣គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត ថែមទាំងមានខ្យល់អាកាសបរិសុទ្ធ សម្បូរដើមឈើខ្ពស់ៗ មានកន្លែងអង្គុយលេង និងសំណង់ស្ថាបត្យកម្ម សាសនារីកចម្រើន ទើបប្រជាជនក្នុងខេត្តកំពង់ឆ្នាំង និងពុទ្ធបរិស័ទមកពីគ្រប់បណ្តាខេត្តទូទាំងប្រទេសនិយមមកលេងមិនសូវស្ងាត់។ បើឈរពីលើ ក្នុងបរិវេណវត្តធម្មវ័ន្តដែលស្ថិតនៅចង្កេះភ្នំនោះ សម្លឹងមកក្រោមអ្នកទាំងអស់គ្នាច្បាស់ជាមើលឃើញក្រុងកំពង់ឆ្នាំងទាំងមូល វាលស្រែវាលស្រូវខ្វាត់ខ្វែងបែងជាក្រលាចត្រង្គលាតសន្ធឹងល្វឹងល្វើយឆ្ងាយដាច់កន្ទុយភ្នែក ជាពិសេសគឺដើមត្នោតអត្តសញ្ញាណជាតិខ្មែរដុះមូលមីរដេរដាសឈរទ្រឹងបង្អួតសោភ័ណភាពដ៏ស្រស់បំព្រងគន់មិនចេះជិនណាយ។
ភ្នំក្រាងដីមាស
មុននឹងត្រឡប់មកគេហដ្ឋានវិញ ពួកយើងបានចំណាយពេលសម្រាកលម្ហែនៅរមណីយដ្ឋានល្បីៗ ចំនួនពីរទីតាំងទៀតគឺ រមណីយដ្ឋានស្ទឹងគង្គា និងរមណីយដ្ឋានស្ទឹងខ្សាច់ស ដែលទាំងពីរកន្លែងនេះសុទ្ធសឹងតែសម្បូរភ្ញៀវក្នុងខេត្តទៅលេងយ៉ាងច្រើនកុះកររាប់រយរាប់ពាន់នាក់ ជាពិសេសគឺយុវវ័យតែម្តង ដោយសារមានទឹកលេងកម្សាន្ត ព្រមទាំងមានការរៀបចំសេវាកម្មទេសចរណ៍ដូចជា តូបអង្គុយលេង ជួលពោង លក់ដូរម្ហូបអាហារ និងភេសជ្ជៈ មិនចេះខ្វះ ហើយថែមទាំងធានាបាននូវសុវត្ថិភាពខ្ពស់ថែមទៀតផង។ នេះសបញ្ជាក់ថា ចាប់ពីពេលនេះទៅកំពង់ឆ្នាំងលែងជាខេត្តដែលគេត្រឹមតែឆ្លងកាត់ទៀតហើយ!
Article by SRIN SOKMEAN
ស្ទឹងខ្សាច់សឬទំនប់អាចាង
ស្ទឹងគង្គា