នៅក្នុងខែវស្សាដែលសម្បូរភ្លៀងធ្លាក់ មិនថាភ្លៀងខ្លាំង ឬ ភ្លៀងរលឹមនោះទេ សុទ្ធតែហុចផលប៉ះពាល់ដល់បញ្ហាសុខភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសគឺបញ្ហាដំបៅ ឬ មុខរបួសដែលមិនទាន់ជាសះស្បើយ គឺរឹតតែបង្កការព្រួយបារម្ភដល់លោកអ្នកជាក់ជាមិនខាន។ ខាងក្រោមនេះជាក្បួនវេជ្ជសាស្រ្តបែបសាមញ្ញៗដែលលោកអ្នកគួរយល់ដឹងនិងអនុវត្តឲ្យបានត្រឹមត្រូវដោយខ្លួនឯងបាននៅពេលមានរបួសសើស្បែកតិចតួច៖
ប្រការទី១៖ មុនពេលចាប់ផ្តើមលាងមុខរបួស ត្រូវប្រាកដថាសម្ភារសម្អាតទាំងអស់ដែលយកមកប្រើសុទ្ធតែមានអនាម័យល្អ។ ឧទាហរណ៍ៈ ប្រសិនបើលោកអ្នកប្រើតម្បៀតសម្រាប់សម្អាតរបួស ត្រូវជូតវានឹងទឹកអាល់កុលជាមុនសិន។
ប្រការទី២៖ លាងសម្អាតដៃរបស់លោកអ្នកឲ្យបានស្អាតដោយប្រើសាប៊ូនិងទឹកក្តៅឧណ្ហៗ សឹមលាងជម្រះហើយសម្ងួតដៃឲ្យបានស្ងួតល្អមុននិងក្រោយការសម្អាតរបួស ឬ ដំបៅ។
ប្រការទី៣៖ សម្អាតស្នាមមុត ឬ ស្នាមដាច់រលាត់ដោយប្រើទឹកក្តៅឧណ្ហៗបង្ហូរលើរបួសនោះឲ្យបានពីរបី នាទី។ ប្រើទឹកសាប៊ូលាយទឹកក្តៅឧណ្ហៗជូតសម្អាតស្បែកបរិវេណជុំវិញនោះ ប៉ុន្តែត្រូវប្រុងប្រយ័ត្នកុំឲ្យទឹកសាប៊ូនោះហូរទៅប៉ះនឹងដំបៅឬរបួស។
ប្រការទី៤៖ ត្រូវប្រាកដថាមិនមានធូលី ឬ កំទេចកំទីផ្សេងៗ ដូចជា អំបែង ឬ កំទេចក្រួសល្អិតៗ ជាប់នៅនឹងមុខរបួសឡើយ។ ដើម្បីកម្ចាត់កំទេចកំទីផ្សេងៗ ត្រូវប្រើតម្បៀតចាប់យកវាចេញ ឬ យកក្រណាត់ទន់សើមជូតយកវាចេញម្តងបន្តិចៗដោយប្រុងប្រយ័ត្ន។
ប្រការទី៥៖ លោកអ្នកក៏អាចប្រើប្រេង ឬ ជែលលាបសម្លាប់មេរោគស្តើងៗពីលើមុខរបួសស្នាមមុត ឬ ដាច់រលាត់បានដែរតាមសេចក្តីត្រូវការ។
ប្រការទី៦៖ ត្រូវដាក់មុខរបួសឲ្យត្រូវខ្យល់ស្ងួតល្អមុននឹងបិតវាដោយបង់បិតរបួស ឬ ស្បៃរុំ។ ទោះបីជាយ៉ាងណា ក៏លោកអ្នកមិនចាំបាច់បិត ឬ រុំស្នាមមុត ឬ ឆូតតិចតួចនោះដែរ។
ប្រការទី៧៖ ត្រូវប្តូរបង់បិតរបួសឬស្បៃរុំយ៉ាងហោចណាស់មួយថ្ងៃម្តង។ ផ្លាស់ប្តូរវាភ្លាមៗក្នុងករណីដែលវាប្រលាក់ ឬ សើម។
ប្រការទី៨៖ លាងសម្អាតស្នាមរបួសថ្នមៗជាប្រចាំរៀងរាល់ថ្ងៃ។
ប្រការទី៩៖ ចៀសវាងប្រើថ្នាំដែលមានសារធាតុអ៊ីដ្រូសែនពែរ៉ូស៊ីត(hydrogen peroxide) ទៅលើមុខរបួស ព្រោះវាអាចបណ្តាលឲ្យស្បែករមាស់ចំពោះករណីមនុស្សមួយចំនួន។ បញ្ឈប់ការប្រើថ្នាំលាបសម្លាប់មេរោគប្រសិនបើមានបញ្ហារមាស់ស្បែក។
ប្រការទី១០៖ ហាមបកស្បែកដែលរបួសពីព្រោះវាអាចបណ្តាលឲ្យមានស្លាកស្នាម ក្រជាសះស្បើយ និង បង្កើនអត្រានៃការឆ្លងមេរោគ។
ប្រការទី១១៖ ប្រសិនបើរបួសមិនមានលក្ខណៈល្អប្រសើរក្នុងរយៈពេល១-២ថ្ងៃនោះ លោកគប្បីជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ៕